ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Tuesday, February 28, 2017

ការទទួលខុសត្រូវរដ្ឋបាល

តាមទំហំនៃសកម្មភាពរបស់ខ្លួន     រដ្ឋបាលពិតជាអាចបង្កការខូចខាតដល់បុគ្គល    ជនរងគ្រោះត្រូវទទួលបានការសងការខូចខាត     ប៉ុន្តែសកម្មភាពនៃសេវាសាធារណៈមិនត្រូវធ្វើឲ្យពិការដោយវិធានតឹងរឹងខ្លាំងពេកនោះទេ។ លើសពីនេះទៅទៀតរដ្ឋបាលជានីតិបុគ្គលអាចធ្វើឲ្យសកម្មភាព តែតាមរយៈរូបវ័ន្តបុគ្គល ប៉ុណ្ណោះដែលជាភ្នាក់ងារសាធារណៈ។ ត្រូវកំនត់ថាតើរដ្ឋបាល ឬភ្នាក់ងាររដ្ឋបាលដែលជាអ្នកទទួលបន្ទុកជាស្ថាពរពីការទទួលខុសត្រូវនៃការខូចខាតដែលបង្កឡើង។
            នៅក្រមរដ្ឋបាលបារាំង បានឈានទៅបង្កើត      ទ្រឹស្តីមួយនៃការទទួលខុសត្រូវរបស់បុគ្គលសាធារណៈឯករាជ្យពីបុគ្គលដែលទាញចេញពីក្រមរដ្ឋប្បវេណីហើយអះអាងបញ្ជាក់ពីស្វ័យភាពនៃនីតិរដ្ឋបាលនៃការ  ទទួលខុសត្រូវក្រៅកិច្ចសន្យា។
            ក្នុងរយៈកាលដ៏យូរមកហើយគឺ គោលការណ៍នៃការមិនទទួលខុសត្រូវរបស់បុគ្គលសាធារណៈ។ ជាបណ្តើរៗបានខិតខំប្រឹងប្រែងដាក់សកម្មភាពនៃ    ​  សេវាសាធារណៈឲ្យនៅក្រោមវិធាននៃការទទួលខុសត្រូវរដ្ឋបាល។ តាមធម្មតាការទទួលខុសត្រូវនេះត្រូវធ្វើផ្អែកលើកំហុស។    ប៉ុន្តែការទទួលខុសត្រូវនេះក៏ផ្អែកលើភាពគ្មានកំហុសផងដែរក្នុងគោលដៅការពារជនរងគ្រោះ។ដូចគ្នានេះគឺជាសីលធ៌ម និងការការពារដ៏ប្រសើរនៃជនរងគ្រោះដែលបានជំរុញចៅក្រមដាក់បន្ទុកនៃការជួសជុលដល់សមូហភាពសាធារណៈជាជាងទៅលើភ្នាក់ងារដែលចោទប្រកាន់។
            ដូច្នេះដើម្បីឲ្យមានសំនងទៅលើការខូចខាតនោះ យើងត្រូវសិក្សាលំអិតទៅលើគោលការណ៍ និង លក្ខខណ្ឌនៃការទទួលខុសត្រូវរដ្ឋបាល ក៏ដូចជាប្រភេទនៃកំហុស រួមទាំងការសងការខូចខាតផងដែរ។ លើសពីនេះទៅទៀតយើង   នឹងធ្វើការបង្ហាញអំពីអង្គការដ៏ទៃទៀតដែរត្រូវមានការទទួលខុសត្រូវដែរ  នៅពេល
ដែលអង្គការនោះបានបង្កពន្យសកម្មដល់ជនរងគ្រោះ។យើងនឹងបង្ហាញចំនុចទាំងនេះដូចខាងក្រោម៖
I . គោលការណ៍ និង លក្ខខណ្ឌនៃការទទួលខុសត្រូវរដ្ឋបាល
          . គោលការណ៍នៃការទទួលខុលត្រូវរដ្ឋបាល
          .​ប្រភពនៃគោលការណ៍
          ចំពោះគោលការណ៍នៃការទទួលខុសត្រូវរដ្ឋបាលគឺមានប្រភពចេញពី ក្រមរដ្ឋប្បវេណីឆ្នាំ   1804  ត្រង់មាត្រា 1382 ដែលចែងជាគំនិតថា    អំពើទាំងឡាយរបស់ជនណាម្នាក់ដែលបណ្តាល ឲ្យខូចខាតដល់អ្នកដ៏ទៃ ជននោះត្រូវជួសជុលការខូចខាតនោះ។
            នៅពាក់កណ្តាលនៃសតវត្សទី ​19  ប្រទេសបារាំងបានប្រកាន់ទស្សទានមួយថារដ្ឋមិនគួរ ទទួលខុសត្រូវអ្វីឡើយ លើអំពើរបស់ខ្លួនចំពោះរាស្រ្តប្រជា ព្រោះរដ្ឋជាអ្នកតំនាងអធិបតេយ្យជាតិ     ដូច្នេះមិនអាចស្ថិតក្រោមអំណាចណាមួយឡើយ។ រដ្ឋមិនអាចបន្ទាបខ្លួនស្មើរាស្រ្តប្រជា    ដើម្បីសងការខូចខាតដែលរដ្ឋបានបង្កឡើងនោះទេ។ ស្តេច គឺជារដ្ឋ ពោលគឺគ្មានអ្នកណាធំជាងរដ្ឋ​ គ្មានអ្នកណាធំជាងស្តេចឡើយ។
            កាលសម័យនោះគេមិនចាត់ទុកសមូហភាពវិមជ្ឈការ ដូចជាឃុំ ខេត្ត ថា ជាបុគ្គលនីតិសាធារណៈដែលមានបុព្វសិទ្ធិពិសេសដូចរដ្ឋទេ    ព្រោះគេយល់ថាសមូហភាពវិមជ្ឈការមិនមែនតំណាងឲ្យអធិបតេយ្យ របស់រដ្ឋឡើយ។ ដោយហេតុនេះការទទួលខុសត្រូវរបស់សមូហភាពវិមជ្ឈការ ត្រូវតែស្ថិតនៅក្រោមនីតិសាមញ្ញ ពោលគឺនីតិរដ្ឋប្បវេណី។
            បើយើងក្រលេកមើលប្រទេសកម្ពុជាវិញឃើញថារដ្ឋត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ដែលអាចបណ្តាលឲ្យមានការខូចខាតដល់បុគ្គល។       ការទទួលខុសត្រូវនេះត្រូវបានធានាដោយអត្ថបទច្បាប់។ ដូចរដ្ឋធម្មនុញ្ញបានចែងថា៖ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងបរិហារ    ប្តឹងតវ៉ាឬប្តឹងទាមទារសំណងជួសជុលការខូចខាតដែលបណ្តាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋរបស់អង្គការសង្គមនិង របស់បុគ្គលិក ឬអង្គការទាំងនោះ   ការដោះស្រាយបណ្តឹងតវ៉ា  និង  សំណងការជួសជុលការខូចខាតជាសម្ថកិច្ចតុលាការ។[1]    គ្រប់ករណីទាំងអស់រាស្រ្តប្រជាមានសិទ្ធិពេញលេញក្នុងការប្តឹងទាស់នឹងរាល់សេចក្តីសំរេចរដ្ឋបាលអនិយ័ត។ហើយអំនាចដែលគ្របដណ្តប់ទៅលើរឿងក្តីរដ្ឋបាលទាំងអស់នោះគឺអំណាចតុលាការ។[2]    ដូច្នេះគ្រប់រឿងក្តីទាំងអស់មិនថារឿងក្តីរដ្ឋបាលទេគឺមានតែអំណាចតុលាការតែមួយគត់ជាអ្នកដោះស្រាយ។
. វិវត្តន៍នៃទស្សនាទាន
          ប៉ុន្តែទស្សនាទានខាងលើបានវិវត្តន៍បន្តិចម្តងៗរហូតដល់ឆ្នាំ  1873   ទើបគេមានគំនិតថ្មីថារដ្ឋគួរតែមានការទទួលខុសត្រូវក្នុងវិស័យគ្រប់គ្រងរដ្ឋបាល កាលបើខ្លួនធ្វើខុស។គំនិតថ្មីនេះមិនបានចេញមកតាមរយៈច្បាប់ទេ  គឺចេញតាមយុត្តិសាស្រ្តក្នុងរឿងក្តីប្លង់កូ (Blanco)   រឿងក្តីនេះគឺថា  កូនស្រីតូចរបស់ប្លង់កូមានឈ្មោះថា អាញែស ប្លង់កូ  (Agnes Blanco)     បានត្រូវកូនទូអយស្ម័យានរបស់កម្មន្តសាលធ្វើថ្នាំជក់បុកដួលហើយមានរបួស។កម្មន្តសាលនោះជារបស់រដ្ឋប្លង់កូដែលជាឪពុកកុមារនោះ       ក៏ប្តឹងទៅតុលាការស៊ីវិលសូមឲ្យរដ្ឋទទួលខុសត្រូវផ្នែករដ្ឋប្បវេណី    ​ តាមមាត្រានៃក្រមរដ្ឋប្បវេណីដោយហេតុកម្មការរបស់កម្មន្តសាលជាអ្នកធ្វើឲ្យមានគ្រោះថ្នាក់នេះ    ប៉ុន្តែអភិបាលខេត្តដែលតំណាងឲ្យខេត្តនេះ ជំទាស់អំពីសមត្ថកិច្ចរបស់តុលាការស៊ីវិល ហើយរឿងក្តីនេះក៏បានឡើងដល់សាលាជំរះសមត្ថកិច្ច (Tribunal des Conflits) ស្នងការរដ្ឋាភិបាលមួយឈ្មោះ ដាវិត (David) នៃសាលាជំរះសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា៖
            ­ ការទទួលខុសត្រូវ  គួរតែជាបន្ទុករបស់រដ្ឋចំពោះការខូចខាតរបស់អ្នកដ៏ទៃ   ដែលបណ្តាលមកពីទង្វើរបស់អ្នកបំពេញកិច្ចការសាធារណៈឲ្យរដ្ឋពោលគឺមិនអាចស្ថិតនៅក្រោមគោលការណ៍នៃក្ររដ្ឋប្បវេណី ដែលសម្រាប់តែរឿងក្តីរវាងឯកជន និង ឯកជនទេ។
            ­ ការទទួលខុសត្រូវនេះរដ្ឋការមិនមែនទូទៅនិងមិនមែនដាច់ខាតនោះទេ     ពាក្យថាមិនមែនទូទៅមានន័យថាមិនមែនគ្រប់តែករណីទាំងអស់នោះទេឯមិនមែនដាច់ខាតមានន័យថាមិនមែន   ត្រូវតែធ្វើសំណងសម្រាប់គ្រប់តែរឿងឡើយពោលគឺរដ្ឋអាចទទួលខុសត្រូវតែក្នុងលក្ខណៈពិសេសមួយចំនួនតូចតែប៉ុណ្ណោះ។
            ­ការទទួលខុសត្រូវនេះ ត្រូវស្ថិតក្រោមវិធានពិសេសដែលប្រែប្រួលទៅតាមតំរូវការនៃសេវា និងភាពចាំបាច់ដែលត្រូវសម្របសម្រួលរវាងសិទ្ធិរបស់រដ្ឋ និងសិទ្ធិរបស់ឯកជន។
            ដោយហេតុនេះគឺមានតែរដ្ឋបាលតុលាការមួយប៉ុណ្ណោះដែលមានសមត្ថកិច្ចជំនុំជំរះរឿងក្តីនេះ។
            ករណីដែលបានលើកឡើងខាងលើនេះ    គឺជាយុត្តិសាស្រ្តដំបូង  ក្នុងនីតិរដ្ឋបាលបារាំងដែលប្រកាន់យកគោលការណ៍ថ្មី     ដោយតម្រូវឲ្យរដ្ឋទទួលខុសត្រូវហើយទទួលខុសត្រូវតាម       វិធានពិសេសដែលប្លែកពីនីតិរដ្ឋប្បវេណីព្រោះមានកាតព្វកិច្ចបំរើសេវាសាធារណៈដែលជាប្រយោជន៍ទូទៅ។
            ក្នុងរឿងក្តីនេះ អ្នកច្បាប់ក៏បានរកឃើញគោលការណ៍ទូទៅនៃនីតិមួយទៀតគឺ  ’  គោលការណ៍សមភាពរវាងពលរដ្ឋចំពោះបន្ទុកសាធារណៈ  គោលការណ៍នេះធានាសមភាពពលរដ្ឋក្នុងការទទួលផលប្រយោជ៍ពី រដ្ឋ
 ក៏ដូចការរងការខូចខាតដោយអំពើរបស់រដ្ឋពោល  គឺធានាមិនឲ្យអ្នករងគ្រោះខាតបង់នៅពេលដែល   អ្នកផ្សេងទៀតចំនេញ     មិនបានខាតបង់អ្វីនោះដែលនាំឲ្យបាត់សមភាព។  ដូច្នេះដើម្បីឲ្យស្មើភាព ក៏ដូចជាយុត្តិធ៌ម  គឺគេត្រូវគិតគូរយ៉ាងណាឲ្យមានការជួសជុលសំនងខូចខាតដែលបណ្តាលមកពីអំពើរបស់រដ្ឋការឲ្យបានសមរម្យ។
. លក្ខខណ្ឌនៃការទទួលខុសត្រូវរដ្ឋបាល
គោលការណ៏សម្រាប់នីតិរដ្ឋបាលក៏ដូចជានីតិរដ្ឋប្បវេណីដែរការទទួលខុសត្រូវ   លើសំណងអាចធ្វើទៅបានលុះត្រាតែមានលក្ខខណ្ឌគ្រប់គ្រាន់ដូចជាត្រូវមានការខូចខាតពិតប្រាកដ មានអ្នកបង្កឲ្យមានការខូចខាត និងមានអំពើដែលជាហេតុបង្កឲ្យមាន ការខូចខាត។
          . ត្រូវមានការខូចខាតពិតប្រាកដ
             µ ការខូចខាតពិតប្រាកដ ត្រូវតែមានលក្ខណៈជា៖
­ ការខូចខាតជាក់សែ្តងៈ  ជាការខូចខាតដែលមាន​​ ក្នុងបច្ចុប្បន្នឬជាការខូចខាតដែល ច្បាស់ជានឹងកើតមានក្នុងពេលអនាគតយ៉ាងប្រាកដ  (​ -​ ការខូចសុខភាពនៃជនរងគ្រោះ   ដែលវេជ្ជបណ្ខិតបានពិនិត្យឃើញថាប្រាកដជាពិការនាពេលអនាគត) តាមន័យនេះគឺមិនមែនជា ការខូចខាតជាយហេតុ​  ​ ឬជាការស្មានដោយគ្មានមូលដ្ឋាននោះទេ     ដូច្នេះការខូចខាតជាយថាហេតុ គឺមិនស្ថិតក្នុងលក្ខខណ្ឌនៃការទទួលខុសត្រូវឡើយ។
­ ការខូចខាតក្នុងករណីពិសេសៈ​  មានន័យថា  មិនត្រឹមតែជាការប៉ះពាល់ធម្មតា ចំពោះមនុស្សជាទូទៅគ្រប់គ្នាទាំងអស់ទេពោលគឺវាជាការខូចខាតប្លែកពីធម្មតាដែលប៉ះពាល់ដល់   គោលការណ៍សមភាពចំពោះបន្ទុកសាធារណៈ​។​ឧ-សម្ភារៈប្រើប្រាស់សម្រាប់ដំណើរការសេវា  សាធារណៈតាមធម្មតាត្រូវតែមានខ្នាតបចេ្ចកទេសរបស់វាដែលអាចឲ្យគេប៉ាន់ដឹងជាមុនថា ការរអាក់រអួលផ្នែកបច្ចេកទេសអាចបង្កឲ្យមានការខូចខាតទំហំប៉ុណ្ណា។ ក្នុងករណីទំហំនេះឡើងហួសកំរិតធម្មតានៃខ្នាតបចេ្ចកទេសនោះហើយគឺជាការប្លែកពីធម្មតាដែលអាចជាវត្ថុនៃការស្នើសុំឲ្យមានការទទួលខុសត្រូវពីរដ្ឋ ។ រាជការមិនទទួលខុសត្រូវចំពោះករណីប៉ះពាល់ ធម្មតាឡើយ។
­ ការខូចខាតក្នុងស្ថានភាពដែលច្បាប់ការពារៈ ករណីនេះ ឧទាហរណ៏ ដូចជាការដែលអាជ្ញាធររដ្ឋបាលសម្រេចរុះរើរបងផ្ទះពលរដ្ឋណាម្មាក់។ កាលបើមានបណ្តឹងទាមទារ  សំណងខូចខាតពីពលរដ្ឋនោះចៅក្រមតែងពិនិត្យមើលថាតើចៅក្រមនឹងចាត់ទុកជាស្ថាមភាពដែលលច្បាប់មិនការពារហើយអាជ្ញាធរក៏ពុំទទួលខុសត្រូវអ្វីឡើយក្នុងការរុះរើរបងផ្ទះនោះ។ យ៉ាងណាមិញបើការសាងសង់របងថែទាំងលយចូលក្នុងដីរដ្ឋទៀតអាជ្ញាធរអាចប្តឹងទារសំណងដែលជាសោហ៊ុយនៃការរុះរើរបងពីពលរដ្ឋនោះ។
µµ ការខូចខាតសម្ភារៈ និងការខូចខាតផ្លូវកាយ
មុននេះចៅក្រមរដ្ឋបាលបារាំង     កំណត់ការទទួលខុសត្រូវក្នុងការជួសជុលការខូចខាត    តែចំពោះផ្លូវកាយនិងសម្ភារៈប៉ុណ្ណោះពោលគឺ កាលបើមានការបង្ករបួសស្នាមលើរូបរាងកាយមនុស្សឬមានការខាតបង់ទ្រព្យសម្បត្តិប្រាក់កាសជាដើម។ឯសំណងខាងផ្លូវចិត្តគឺពុំមានការគិតគូរឡើយព្រោះចៅក្រមយល់ថាការខូចខាតខាងផ្លូវចិត្តមិនអាចមើលឃើញហេតុនេះក៏មិនអាចគិតជាប្រាក់បានដែរ។
µµ ការខូចខាតផ្លូវចិត្ត
ក្រោមមកទើបចៅក្រមទទួលស្គាល់បណ្តើរៗមូលដ្ឋានដែលអាច វាយតមៃ្លបានអំពើសំណងការខូចខាតផ្លូវចិត្តមានដូចជា៖
    ការខូចខាតដែលបណ្តាលឲ្យបាត់បង់ការងារ មុខរបរចិញ្ចឹមជីវិត។
    ការឈឺចាប់ផ្លូវចិត្តដែលបណ្តាលមកពីការបាត់បង់កិត្តិយសផ្ទាល់ខ្លួន។
    ការបាត់បង់សិទិ្ធក្នុងការទទួលបានសមាជិកភាពអ្វីមួយ។
    សេចក្តីទុក្ខព្រួយដែលបណ្តាលមកពីមរណភាពនៃក្រុមគ្រួសារ សាច់ញាតិជិត ដិត
រហូតមកដល់ឆ្នាំ1961CEបានសម្រេចទទួលស្គាល់ឲ្យមានសំណងជាប្រាក់ដល់ព្យសនកម្ម​   ខាងផ្លូវចិត្តដែលកើតមកពីសេចក្តីទុក្ខព្រួយទោះបី    ពុំមានការខូចខាតខាងផ្លូវកាយឬផ្លូវសម្ភារៈក៏ដោយ ។ [3]  ព្រួយ​ គឺ ជាការខូចខាតដែលអាចសងជាប្រាក់បានទោះបីសំណងជាប្រាក់មិនអាចលុបលាង ទុក្ខព្រួយដែលបណ្តាលមកពីការបាត់បង់អ្នកជិតដិតក្នុងគ្រួសារក៏ដោយក៏វាប្រសើរជាងការដែលបានផ្តល់ប្រាក់សំណងដែរ។   យ៉ាងណាមិញការផ្តល់ប្រាក់សំណងគឺមិនមែនជាការ​​​     ទិញលក់ទឹកភែ្នកឬមិនមែនសម្រាប់ទូទាត់ដើម្បីឲ្យសមមូលគ្នាជាមួយ តម្លៃអ្វីមួយនោះទេតែវាជាការជួសជុលឬសម្រាប់ខាងផ្លូវចិត្ត ក៏ដូចជាបន្ថយនូវអារម្មណ៏ក្រៀមក្រំប៉ុណ្ណោះ។
ដូច្នេះដើម្បីជាមូលដ្ឋានសម្រាប់វាយតម្លៃសំណងចៅក្រមតែងតែ     ផ្អែកលើឯកសារនិងហេតុផលពាក់ព័ន្ធនានាដើម្បីធ្វើការថ្លឹងថ្លែងពិចារណារកធាតុពិតនៃការខូចខាត។
. ការខូចខាតត្រូវភ្ជាប់ទៅនឹងបុគ្គលសាធារណៈ
.. ករណីមិនសងការខូចខាត
លក្ខខណ្ឌក្នុងការទទួលសងការខូចខាត  គឺលុះណា    តែគេអាចភ្ជាប់ការខូចខាតនោះ ទៅនឹងនីតិបុគ្គលសាធារណៈមួយជាកំណត់។ហេតុនេះហើយទើបមានករណីខ្លះដែលរាជការមិនធ្វើសំណងទេដូចជា៖
​ ការខូចខាតដែលមិនផ្ទាល់ពីរាជការ។ឧ-​សហគ្រាសមួយទទួលពីរាជការនូវការងារសាងសង់សំណង់អ្វីមួយ បើមានអ្នករងគ្រោះណាម្នាក់ដោយសារការសាងសង់នេះ    អ្នកនោះត្រូវប្តឹងទារសំណងពីសហគ្រាសដែលជាអ្នកទទួលខុសត្រូវពោល  គឺ    មិនមែនជាការបង្កការខូចខាតដោយផ្ទាល់ពីរាជការទេ។
    ការខូចខាតដែលបង្កដោយជនរងគ្រោះទាំងស្រុង
    ការខូចខាតដែលបណ្តាលមកពីករណីប្រធានសក្តិ
    ការខូចខាតដែលបណ្តាលមកពីកងទ័ពបរទេសដែលមកបោះទីតាំងស្នាក់នៅ ក្នុងប្រទេស
    ហួសអាជ្ញាយុកាលនៃបណ្តឹងទារសំណងខូចខាត
.. ត្រូវរកឃើញបុគ្គលសាធារណៈ
            ជាធម្មតាការបង្កឲ្យមានការខូចខាតអាចជា កំហុសផ្ទាល់របស់បុគ្គលមន្រ្តីរាជការ   ឬក៏អាចជាកំហុសរបស់ក្រសួង ។ ក៏មានករណីខ្លះទៀតដែលការខូចខាតអាចជាបណ្តាលមកពី ភ្នាក់ងារសាធារណៈ​ច្រើនគ្នាហើយម្នាក់ៗតំណាងឲ្យបុគ្គលសាធារណៈផ្សេងៗគ្នា         ហើយក៏មានករណីដែលមនុស្សម្នាក់អាចតំណាងឲ្យបុគ្គលសាធារណៈដល់ទៅពីរថែមទៀតជាក់ស្តែងដូចជាមេឃុំឬចៅសង្កាត់ជាដើម។
            ចំពោះករណីទាំងអស់នេះគឺចៅក្រមតែងតែវែកញែកអំពីហេតុផលដើម្បីរិះរក    កំហុសរបស់នីតិបុគ្គលសាធារណៈហើយកាលបើរកឃើញកំហុសធ្លាក់   លើភាគីខាងណាមួយឬច្រើនចៅក្រមនឹងសម្រេច ឲ្យខាងនោះទទួលខុសត្រូវចេញសំណង។
គ . អំពើ ឬហេតុការណ៏ដែលបណ្តាលអោយមានការខូចខាត
ការទទួលខុសត្រូវរដ្ឋបាលអាចនឹងធ្វើទៅកើត​​   ល្គឹកណាដែលគេត្រូវរកឲ្យឃើញនូវអំពើឬការណ៍ដែលបង្កឲ្យមានការខូចខាតពោលគឺ   ត្រូវតែជាអំពើឬការណ៏ដែលបង្កដោយរដ្ឋការហើយត្រូវតែជាការណ៍ដែលស្ថិតក្នុងការទទួលខុសត្រូវរបស់រដ្ឋការទៀត។
II . កំហុស និង សំនងការខូចខាត
          . កំហុស និង ការទទួលខុសត្រូវ
            កំហុស  គឺ  ជាការប្រព្រឹត្តខុសទៅលើភាគីម្ខាងទៀតដែលអាចបណ្តាលឲ្យមានព្យសនកម្ម        គ្មានព្យសនកម្ម។នៅទីនេះកំហុសចង់សំដៅទៅលើកំហុសរបស់ក្រសួង  កំហុសបុគ្គលផ្ទាល់ខ្លួនឬអាចជាកំហុសត្រួតគ្នា។   ដើម្បីសិក្សាអំពីបីចំនុចខាងលើនេះឲ្យបានលំអិតទៀតនោះយើងនឹងបង្ហាញជាបន្តបន្ទាប់ដូចខាងក្រោម។
. កំហុសក្រសួង
            កំហុសក្រសួងគឺជាកំហុសដែលកើតចេញពីការខ្វះចន្លោះនៃដំណើការជាធម្មតារបស់ក្រសួងដើម្បីគោលដៅបំពេញសេវាសាធារណៈ    ។កំហុសនេះអាចជាអំពើរបស់ភ្នាក់ងារមួយរូបឬច្រើនរូបដែលគេមិនអាចទម្លាក់កំហុសទៅលើអ្នកណាម្នាក់បាន គេអាចចាត់ទុកកំហុសក្រសួង កាលបើសេវាសាធារណៈ  ដំណើរការទៅមិនប្រក្រតីដោយមិនបាច់គិតថាវាជាកំហុសរបស់ភ្នាក់ងារឡើយព្រោះករណី    នេះគេប្រដូចទៅនឹងកំហុសអនាមិកដែរ។
            ដូច្នេះការខ្វះចន្លោះរបស់ក្រសួង  និង ការដែលខុសពីបទដ្ឋាននៃដំណើរការប្រក្រតីរបស់ក្រសួង ត្រូវចាត់ជាកំហុសរបស់ក្រសួង។    ក្នុងការស្វែងរកកំហុសរបស់ក្រសួងចៅក្រមពឹងផ្អែកទៅលើបចេ្ចទេសនៃ    បទដ្ឋានដើម្បីវែកញែកឲ្យឃើញអំពីដំណើរការប្រក្រតី ឫមិនប្រក្រតីនៃក្រសួងនោះ។   បទដ្ឋាននេះគឺជារង្វាស់នៃកំហុសក្រសួងដែលស្ថិតនៅលើចៅក្រមនៃរឿក្តីនីមួយៗ    ​ ជាអ្នកវាយតម្លៃទៅតាមការយល់ឃើញរបស់ខ្លួន និងយោលទៅតាមកាលៈទេសៈធម្មតា  យោលទៅទាមទីកន្លែឬ មធ្យោបាយបំរើសេវាក៏ដូចជាយោលតាម  ភាពលំបាកក្នុងការអនុវត្តសេវាជាដើម។ ករណីជាក់ស្តែងនៃកំហុសក្រសួងមានដូចជា៖
            ­ ករណីអនីត្យានុកូលភាពនៃរដ្ឋបាលកិច្ចៈ ការចេញរដ្ឋបាលកិច្ចនានាដូចជាអនុក្រឹត្យ ប្រកាស ដីកា ឫសេចក្តីសម្រេចផ្សេងៗដែលអនីត្យានុកូល អាចនឹងបណ្តាលឲ្យមានការទទួលខុសត្រូវបាន។    អនីត្យានុកូភាពទាំងអស់ពិតមែនតែជាកំហុសក៏ដោយប៉ុន្តែមិនមែននាំឲ្យមានការទទួលខុសត្រូវរបស់រដ្ឋទាំងអស់នោះទេ ​  ពោលទាល់តែកំហុសនោះបណ្តាលឲ្យមានព្យសនកម្មធួនល្មមផងដែរ។
            ­  ករណីខ្វះចន្លោះក្នុងការរៀបចំរបស់ក្រសួងៈ​  ​      ការរៀបចំមិនបានត្រឹមត្រូវនូវសេវាសាធារណៈគឺបណ្តាលឲ្យមានការទទួលខុសត្រូវរដ្ឋការ។ ឧទាហរណ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​. ការខូចខាតដែលបណ្តាលពីអគ្គីភ័យយ៉ាងធ្ងន់ធ្ងរ ដោយហេតុក្រុមពន្លត់អគ្គីភ័យប្រើនូវសម្ភារៈមិនល្អ  ហើយដែលខ្វះការបណ្តុះបណ្តាលឲ្យបានត្រឹមត្រូវផង។
            ­ករណីខ្វះចន្លោះក្នុងដំណើរការក្រសួងៈ   ករណីនេះអាចជាការផ្តល់ព័ត៌មាន ដែលខុសឆ្គងដោយរដ្ឋការទៅតាមប្រព័ន្ធផ្សព្វផ្សាយនានា នេះជាហេតុដែលធ្វើឲ្យរដ្ឋបាលប្រព្រឹត្តនូវកំហុស។
            ­ ករណីយឺតយ៉ាវនៃដំណើរការរបស់ក្រសួងៈ      គឺចង់សំដៅទៅលើការប្រតិបត្តិការងាររបស់ភ្នាក់ងារសាធារណៈមានការយឺតយ៉ាវនោះបានបង្កើតឲ្យមានព្យសនកម្មឡើងដែលវាជាកំហុសរបស់ក្រសួង។ ឧទាហរណ៍.   ការយឺតយ៉ាវក្នុងការជួសជុលប្រាសាទបុរាណដែលបណ្តាលឲ្យប្រាសាទនោះស្រុតចុះ។
            ­ ករណីអវត្តមាននៃដំណើរការរបស់ក្រសួងៈ     គឺចង់សំដៅលើភាពចន្លោះប្រហោងនៅក្នុងវិស័យណាមួយដែលបណ្តាលមកពីភ្នាក់ងារសេវាសាធារណៈបំពេញការងារមិនបានម៉ត់ចត់។ឧទាហរណ៍. មុខវិជ្ជាចាំបាច់មួយមិនត្រួវបានបង្រៀននៅក្នុងវិទ្យាល័យមួយ។
­ ករណីអំពើប្រព្រឹត្តជាបទល្មើសព្រហ្មទណ្ឌដែលជាកំហុសផ្ទាល់របស់ភា្នក់ងារសាធារណៈសោះ តែជួនកាលបែរជាកំហុសរបស់ក្រសួងទៅវិញ។
            . កំហុសផ្ទាល់ខ្លួន
            កំហុសផ្ទាល់ខ្លួននៃភ្នាក់ងារសាធារណៈ គឺជាកំហុសដែលមិនជាប់ទាក់ទងនឹងមុខងាររបស់ខ្លួន ហើយដែលអាចកាត់ផ្តាច់ចេញពីក្រសួង។កំហុសផ្ទាល់ខ្លួនអាចស្តែងឡើងតាមករណីដូចជា៖
            ­ កំហុសដែលប្រព្រឹត្តនៅក្រៅក្រសួង ក្នុងនាមជាបុគ្គល
            ­ កំហុសដែលប្រព្រឹត្តនៅក្នុងកន្លែងធ្វើការមែន តែភ្នាក់ងារប្រព្រឹត្តតាមខ្លួនចង់ដូចជាអំពើទាស់ទែងវាយតប់គ្នា អំពើគុំគួនសងសឹក ឫជំរិតពីភ្ញៀវជាដើម។
            ­កំហុសដែលបានប្រព្រឹត្តក្នុងពេញបំពេញមុខងារ[4]គឺជាកំហុសផ្ទាល់ខ្លួនរបស់ភ្នាក់ងាររដ្ឋការ។     ដូច្នេះភ្នាក់ងារដែលបំពេញសេវាសាធារណៈនោះគឺត្រូវមានការទទួលខុសត្រូវផងដែរទៅតាមទណ្ឌកម្មខាងវិន័យ[5]  ដែលត្រូវបានសម្រេចដោយអជ្ញាធរមានសមត្ថកិច្ច។
            . កំហុសត្រួតគ្នា
            កំហុសត្រួតគ្នា  គឺជាកំហុសពីរជាន់ពោលគឺជាកំហុសផ្ទាល់ខ្លួន   នៃភ្នាក់ងាររដ្ឋការផងនិងកំហុសរបស់ក្រសួងផង។
            ក្នុងរឿងយុត្តិសាស្រ្តមួយ គឺករណីរឿងក្តី Anguet គឺសរំលេចអំពីទ្រឹស្តីនេះ។ បុរសឈ្មោះ Anguet​​​​​​​​ បានចូលទៅការិយាល័យប្រៃសណីយ៍មួយនៅវេលាម៉ោង8និង30នាទីល្ងាច  ដើម្បីបើកប្រាក់តាមអណ្ណត្តិមួយ។  ដល់ពេលគាត់ត្រូវចេញមកវិញ     ច្រកទ្វារសម្រាប់សាធារណៈជនត្រូវបិទជាប់មុនម៉ោងធ្វើការពីរបីនាទីហើយតាមដៃចង្អុលរបស់ភ្នាក់ងារដែលធ្វើការនៅទីនោះ គាត់ក៏ដើរឆ្លងកាត់កន្លែងសម្រាប់ពួកបុគ្គលិក ដើម្បីសំដៅ ទៅទ្វារមួយទៀត។ភ្នាក់ងារប្រៃសណីយ៍ពីរនាក់ដែលកំពុងធ្វើការនៅកន្លែងនោះឃើញ Anguet  ដូចជាមិនប្រញាប់
ប្រញាល់ចេញសោះដោយនឹកគឹតថាគាត់ជាចោរទៅវិញហើយបានច្រាន    Anguet យ៉ាងខ្លាំងចេញទៅក្រៅទៅ
ដល់ថ្នល់ដែលបណ្តាលឲ្យគាត់បាក់ជើងមួយ។[6]  យោងតាមករណីនេះក្នុងពេញបច្ចុប្បន្នគឺជាកំហុសត្រួតគ្នាដែលមានម្ខាងជាភាគីក្រសួង(ក្រសួងប្រៃសណីយ៍)និងម្ខាងទៀតជាភ្នាក់ងាររដ្ឋ។ដូច្នេះជនរងគ្រោះអាចប្តឹងឲ្យសងការខូចខាតទាំងស្រុងដោយអាចប្តឹងទាមទារភាគីណាមួយក៏បានដែលអាចមានលទ្ធភាពសង។
          . ការទទួលខុសត្រូវដោយឥតកំហុស
          នេះគឺជាសមធ៌មដែលត្រូវជួសជុលព្យសនកម្មទទួលរងដោយជនម្នាក់ទោះ  ជាក្នុងករណីដែលការទទួលខុសត្រូវពិបាកនឹងដាក់បន្ទុកក៏ដោយ។  ​ប្រព័ន្ធនៃការជួសជុលនេះដើរតួនាទីបន្ទាប់បន្សំប៉ុណ្ណោះ  ព្រោះវាគ្រាន់តជាសមធ៌មទេ   ការទាមទារជាកំហុសនៅតែជាមូលដ្ឋានគ្រឹះ   ​ នៃការទទួលខុសត្រូវរបស់បុគ្គលសាធារណៈ ។ជារឿងធម្មតាទេ ដែលជាបុគ្គលដែលទាញផលល្អពីអត្ថិភាព  នៃសេវាទទួលរងផលអាក្រក់ពីសេវា  កាលណាផលអាក្រក់នោះមិនហួសហេតុ។
            ការទទួលខុសត្រូវទាំងគ្មានកំហុសនឹងកើតមានឡើងក្នុងស្ថានភាពពីរ៖ រដ្ឋបាលបណ្តោយឲ្យបុគ្គលទទួលរងហានិភ័យមួយរដ្ឋបាល     ទម្លាក់បន្ទុកហួសហេតុទៅលើប្រជាពលរដ្ឋមួយចំនួនបើប្រៀបធៀបទៅនឹងសមាគមជាតិទទួលរង។[7]
            . ការទទួលកំហុសដោយហានិភ័យ
            ក្នុងការបំពេញបេសកម្មរបស់ខ្លួន    រាជការរមែងតែងតែបង្កើតឲ្យមានហានិភ័យដល់ជនជំពូកណាមួយមិនខាន។ ប៉ុន្តែគាត់អាចប្តឹងទាមទារសំនងការខូចខាតដែលបណ្តាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ  របស់អង្គការសង្គមនិងរបស់បុគ្គលិកនៃអង្គការទាំងនោះ។[8]     យោងតាមមាត្រានេះប្រជាពលរដ្ឋមានសិទ្ធិប្តឹងឲ្យមានការទទួលខុសត្រូវនូវរាល់ទង្វើខុសច្បាប់របស់រដ្ឋឬភ្នាក់ងាររដ្ឋ។ ប៉ុន្តែអំពើស្របច្បាប់ក៏អាចបង្កឲ្យមានហានិភ័យដែរ ដែលទាមទារឲ្យមានការទទួលខុសត្រូវផងដែរ។
            ការទទួលកំហុសដោយហានិភ័យត្រូវបានកត់សម្គាល់តាមបីករណីដូចខាងក្រោម៖
­ គ្រោះថ្នាក់ការងារៈជាកាតព្វកិច្ចរដ្ឋត្រូវជួសជុលការខូចខាតដែលបណ្តាលមកពីគ្រោះថ្នាក់     ​ការងារដោយផ្អែកទាំងស្រុងទៅលើហានិភ័យដែលរដ្ឋបានបង្កើត។
            ­ ការខូចខាតបណ្តាលមកពីវត្ថុដែលមានគ្រោះថ្នាក់ៈការងារសាធារណការធំៗ      ដែលមានគ្រោះថ្នាក់ដូចជាការដាក់បង្គោលភ្លើងអគ្គីសនី ការប្រើគ្រឿងផ្ទុះ ឬការប្រើអាវុធដោយកម្លាំងប៉ូលីសជាដើម។   នេះក៏ត្រូវមានការទទួលខុសត្រូវរដ្ឋបាលដែរ។
            ­ ការខូចខាតបណ្តាលមកពីសកម្មភាព​​​ ឬបច្ចេកទេសមានគ្រោះថ្នាក់ៈ សកម្មភាពទាំងនេះ   មានដូចជាការដុតបំផ្លាញអាគារចាស់ៗចោល    ដែលបណ្តាលឲ្យមានអគ្គីសភ័យដល់ផ្ទះអ្នកជិតខាង     ការអនុញ្ញាតឲ្យមនុស្សឆ្គួតចេញពីពេទ្យសម្រាប់ជាការសាកល្បងដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដល់តតីជន    ឬការវះកាត់នៅក្នុងមន្ទីរពេទ្យដែបណ្តាលឲ្យមានគ្រោះថ្នាក់​​​​​ យុត្តិសាស្រ្តក៏តម្រូវឲ្យមានការទទួលខុសត្រូវរដ្ឋបាលផងដែរ បើទោះបីជាគ្មានកំហុសក៏ដោយ។
            . ការទទួលខុសត្រូវក្រៅហានិភ័យ
            ការទទួលខុសត្រូវក្រៅហានិភ័យ  គឺជាការទទួលខុសត្រូវដែលមិនយោលលើកំហុសនិងលើហានិភ័យ។ ជាក់ស្តែងមានករណីដូចជា៖
            ­ ករណីខូចខាតបណ្តាលពីការងារសាធារណៈការដែលគ្មានគ្រោះថ្នាក់ៈ ការខូចខាតដែលបណ្តាល  មកពីករណីនេះមានដូចជា ការសាងសង់ថ្នល់សម្រាប់រថយន្តដែលនៅកៀកនឹងលំនៅឋានរបស់ ប្រជាពលរដ្ឋហើយដែលធ្វើឲ្យខូចប្រយោជន៍របស់ពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃនោះ រដ្ឋចាំបាច់ត្រូវតែសងការខូចខាតនោះ។
            ­ ករណីមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការៈ       រដ្ឋមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការតាមសេចក្តីស្នើសុំពីភាគីឈ្នះ ក្តីទេកាលបើអនុវត្តទៅនាំឲ្យមានចលាចលប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ សាធារណៈ។ ករណីនេះ EC សម្រេចឲ្យរដ្ឋចេញសងការខូចខាតនេះ។
            ­ ករណីរដ្ឋចេញវិធានការសេដ្ឋកិច្ច    សង្គមកិច្ចៈ     ករណីនេះដាក់វិធានការបង្ខំទៅលើសហគ្រាសឯកជនក្នុងគោលដៅប្រយោជន៍សាធារណៈដូចជាការមិនអនុញ្ញាតឲ្យសហគ្រាសមួយបណ្តេញកម្មករមួយ ចំនួនចេញក្នុងគោលដៅចៀសវាងវិបត្តិសង្គមទោះ     បីដឹងងថាសហគ្រាសនោះមានការខាតបង់យ៉ាងណាក៏ដោយ។ ដូច្នេះរដ្ឋចេញត្រូវសងការខូចខាតនោះ។
            យើងឃើញថាទោះជាយ៉ាងណាក៏ដោយរដ្ឋនៅតែមានកាតព្វកិច្ចទទួលខុសត្រូវនូវ   រាល់ព្យសនកម្មនានាដែលបានកើតឡើងប្រៀបដូចឪពុកម្ដាយមានកាតព្វកិច្ចចំពោះកូនដែរ ជាគោលការណ៍នៃគំនិតយុត្តិធ៌មភាគីរង
គ្រោះត្រូវតែទទួលបាននូវសំនងសមស្របតបវិញ។
            . ការទទួលខុសត្រូវត្រួតគ្នា
            ការទទួលខុសត្រូវត្រួតគ្នា   ដែលកើតឡើងដោយសារកំហុសផ្ទាល់ខ្លួនភ្នាក់        ​ ងារសាធារណៈដែលប្រព្រឹត្តឡើងដោយសារប្រដាប់សំភារៈមធ្យោបាយ ឬប្រើអំណាចសាធារណៈដែលអង្គការរដ្ឋប្រគល់ឲ្យខ្លួន នោះរដ្ឋក៏ត្រូវមានចំនែកក្នុងការទទួលខុសត្រូវដែរ។
            ករណីដែលប្រើសំភារៈមធ្យោបាយរបស់រដ្ឋការតាមយុត្តិសាស្រ្តមានដូចជាៈ    យោធិនយករថយន្តរបស់អង្គភាពបើកក្រៅម៉ោងធ្វើការ  ហើយបានបង្កគ្រោះថ្នាក់  ដោយអចេតនារហូតដល់ស្លាប់មនុស្ស    ឬអាចជាករណី ភ្នាក់ងារនគរបាលប្រើអាវុធខ្លីរបស់ក្រសួងដែលមានបទបញ្ជាហាមមិនឲ្យដាក់តាមខ្លួន។   ករណីខាងលើកំហុសផ្ទាល់ខ្លួនរបស់ភ្នាក់ងាររដ្ឋអាចក្លាយទៅជាអំពើដែលនាំឲ្យមានការទទួលខុសត្រូវរដ្ឋបាលដែរហើយក្រសួងក៏មានការទទួលខុសត្រូវផងដែរលើកលែងតែភ្នាក់ងាររដ្ឋដែលបំពេញការងារនោះបានប្រព្រឹត្តអំពើល្មើសដោយចេតនា។
            ដូចក្នុងករណីកំហុសត្រួតគ្នាដែរ  ការទទួលខុសត្រូវត្រួតគ្នានេះបើកកាសឲ្យជនរងគ្រោះអាចប្តឹង ទាមទារសំនងទាំងស្រុងពីរដ្ឋ ឬពីសមូហភាពវិមជ្ឈការ។ បន្ទាប់ពីសងជនរងគ្រោះរួចរាល់ហើយរដ្ឋ ឬពីសមូហភាព
វិមជ្ឈការអាចធ្វើបណ្តឹងចំនែកនៃសំនងពីភ្នាក់ងារដែមានកំហុសផ្ទាល់ខ្លួននោះបាន។   ប្រសិនបើកំហុសផ្ទាល់ខ្លួនប្រព្រឹត្តដោយភ្នាក់ងារច្រើនគ្នា នោះម្នាក់ៗត្រូវចេញសងទៅរដ្ឋឬសមូហភាព   វិមជ្ឈការតាមចំនែកនៃការទទួលខុសត្រូវរៀងៗខ្លួន។
. សំណងការខូចខាត
            . ការគណនាសំណង
            ការសងការខូចខាតអាចសងជាប្រាក់  ជាវត្ថុ  ជានិមិត្តរូប។       ប៉ុន្តែយើងឃើញថានៅប្រទេសបារាំងបានជ្រើសយកការសងជាប្រាក់យកមកអនុវត្តលើគ្រប់ករណីនាំការខូចខាត។
ដូច្នេះដើម្បីគណនាសំណង គេបែងចែករវាងការខូចខាតវត្ថុ និងការខូចខាតខាងរូបរាងកាយ ។
            ­ ការខូចខាតវត្ថុៈ បើខូចខាតវត្ថុចៅក្រមតម្រូវឲ្យសងតម្លៃដែលបាន  ធ្វើការជួសជុលវត្ថុនោះ ព្រោះជាធម្មតាអ្នករងគ្រោះតែងតែធ្វើការជួសជុលក្រោយពេលទទួលរងការខូចខាតរួច ។  ប៉ុន្តែបើសិនមាន ការយឺតយ៉ាវក្នុងការសង ចៅក្រមក៏អាចគិតពិន័យទៅតាមជាក់ស្តែង ។
            ­ ការខូចខាតខាងរូបរាងកាយៈ ការខូចខាតខាងរូបរាងកាយមនុស្ស គឺចៅក្រមតម្រូវឲ្យសង គិតចាប់ពីថ្ងៃចេញសាលក្រម ឬសាលដីកា ។
            . ការគិតតម្លៃសំណង
            ការគិតតម្លៃសំណងគឺចៅក្រមតែងគណនាឲ្យសងលើគ្រប់ប្រភេទខូចខាត ប៉ុន្តែ    មិនឲ្យលើសពីថ្លៃខូចខាតទេ។មានករណីរឿងក្ដីខ្លះចៅក្រមមិនអាចគណនាការខូចខាតបានព្រោះដោយខ្វះទិន្នន័យក៏តម្រូវឲ្យជនរងគ្រោះ   និង  រដ្ឋការស្រុះស្រួលគ្នាលើតម្លៃនៃការខូចខាតហើយបើមិន ត្រូវគ្នានោះជនរងគ្រោះអាច តវ៉ាមកឲ្យតុលាការដោះស្រាយវិញ។ករណីនេះ គេត្រូវរង់ចាំសេចក្ដីសម្រេចរបស់តុលាការដែលត្រូវប្រើរយៈពេលយូរអាចច្រើនឆ្នាំក៏មាន   បើសិនតុលាការពុំមានចែងលក្ខខណ្ឌក្នុងសេចក្ដីសម្រេចរបស់រដ្ឋការនឹងត្រូវពិន័យតាមចំនួនថ្ងៃដែលយឺតយ៉ាវទេនោះ។ ផ្ទុយទៅវិញបើសិនជាស្រុះស្រួលតាមការកំណត់សំណងរបស់រដ្ឋការ  នោះជនរងគ្រោះនឹងមានការងាយស្រួលក្នុងការបើកប្រាក់ ហើយបើកបានឆាប់រហ័សផង ។
III . ការទទួលខុសត្រូវរដ្ឋបាលនៃអង្គការរដ្ឋដទៃទៀត
            ការទទួលខុសត្រូវរបស់អង្គការរដ្ឋមិនមែនមានតែក្នុងក្របខណ្ឌនៃអំពើរបស់អង្គការនីតិប្រតិបត្តិប៉ុណ្ណោះទេ  តែនៅមានក្នុងអំពើរបស់អង្គការនីតិបញ្ញត្តិ និងអង្គការតុលាការផងដែរ។ លើសពីនេះរដ្ឋក៏នៅមានការទទួលខុសត្រូវក្នុងករណីផ្សេងៗទៀត ។
. ការទទួលខុសត្រូវដោយអំពើរបស់អង្គការនីតិបញ្ញត្តិ
            នេះ គឺ ជាប្រភេទនៃការទទួលខុសត្រូវរបស់រដ្ឋការចំពោះការខូចខាតនានាដែលបង្កឡើងដោយ  ​អង្គការរដ្ឋបាលរបស់សភា។ដោយហេតុថាអង្គការរដ្ឋបាលរបស់សភាក៏មានសកម្មភាពរដ្ឋបាលដែរនោះ វិធានដែលត្រូវយកមកដោះស្រាយក្នុងរឿងនេះគឺវិធាននៃនីតិរដ្ឋបាលដូចករណីរដ្ឋការដែរឯតុលាការដែល  មានសមត្ថកិច្ចក៏មិនខុសគ្នាដែរ ។
            តែក៏នៅមានការទទួលខុសត្រូវមួយទៀតរបស់រដ្ឋ គឺការទទួលខុសត្រូវដែលបង្កឡើងដោយច្បាប់ ពោលគឺច្បាប់សភា។ជាធម្មតាច្បាប់ចែងឲ្យរដ្ឋចេញសំណងនៃការខូចខាតចំពោះជនរងគ្រោះ។ ប៉ុន្តែបើច្បាប់ខ្លួនឯងបានបង្កឲ្យមានការខូចខាតវិញតើមានគោលការណ៍អ្វីយកមកសំអាង    ​​  បើចៅក្រមក៏ស្ថិតនៅក្រោមច្បាប់ដែរនោះ។ ឯក្រុមប្រឹក្សាធម្មនុញ្ញវិញ ជាគោលការណ៍គ្រាន់តែត្រួតពិនិត្យលើធម្មនុញ្ញភាពនៃច្បាប់ប៉ុណ្ណោះ ពោលគឺពុំអាចតម្រូវឲ្យរដ្ឋសងបានឡើយ ។
            ទោះយ៉ាងនេះក៏ដោយការទទួលខុសត្រូវរបស់រដ្ឋដែលបង្កឡើងដោយច្បាប់​  គឺជាករណីអញ្ញត្រកម្ម មួយដែរ។  នេះគឺអញ្ញត្រកម្មយុត្តិសាស្រ្តដែលគេសង្កេតឃើញ   តាមរយៈសាលដីកាចំនួនពីររបស់តុលាការកំពូលរដ្ឋបាល ។
            ក្នុងការវិនិច្ឆ័យលើរឿងក្ដីទាំងពីរបានធ្វើការសម្រេចដោយផ្អែកទៅលើការបកស្រាយឆន្ទៈនៃអ្នកអនុម័តច្បាប់(សភា)និងផ្អែកទៅលើ គោលការណ៍សមភាពរវាងពលរដ្ឋចំពោះបន្ទុកសាធារណៈ      ក៏អនុវត្តទ្រឹស្តីយុត្តិសាស្រ្តថ្មីនេះផងដែរលើករណីទាក់ទងនឹងសន្ធិសញ្ញាអន្តរជាតិណាដែលបង្កការខូចខាតដល់ប្រជាពលរដ្ឋ ។
  . ការទទួលខុសត្រូវដោយអំពើរបស់អង្គការយុត្តាធិការ  និ ការទទួលខុស
ត្រូវក្នុងករណីផ្សេងៗទៀត
. ការទទួលខុសត្រូវដោយអំពើរបស់អង្គការយុត្តាធិការ
            ការខូចខាតដែលបង្កឡើងដោយអំពើរបស់អង្គការយុត្តាធិការគឺការប្រព្រឹត្តទៅនៃដំណើរការយុត្តិធម៌របស់តុលាការ គិតចាប់ពីដំណាក់កាលដំបូងនៃនីតិវិធី រហូតដល់ដំណាក់កាលចេញសេចក្តីសម្រេច (សាលក្រម ឬសាលដីកា) ។
            ច្បាប់ស្តីពីកំណែទម្រង់នីតិវិធីរដ្ឋប្បវេណី (០៥​ ​ កក្កដា ១៩៧២)ទទួលស្គាល់នូងការទទួលខុស ត្រូវរបស់រដ្ឋការចំពោះការខូចខាតដែលបណ្តាលពីដំណើរការតុលាការ។ក៏បានយកគោលការណ៍ច្បាប់នេះ   អនុវត្តទៅលើតុលាការរដ្ឋបាលដែរ ។
            ដើម្បីកំណត់ចំណែកនៃការទទួលខុសត្រូវចៅក្រមតែងធ្វើការថ្លឹងថ្លែងរវាងកំហុសផ្ទាល់ខ្លួន និង  កំហុសក្រសួង។បើជាកំហុសផ្ទាល់ខ្លួនក៏គេតម្រូវឲ្យរដ្ឋជាអ្នកចេញសងមុនរួចទើបប្តឹងទារចំណែកសំណជាក្រោយទៅលើសាមីចៅក្រម ឬភ្នាក់ងារនគរបាលយុត្តិធម៌ដែលមានកំហុស ។
            ការទទួលខុសត្រូវរបស់រដ្ឋលើកំហុសក្រសួងគឺមានតែក្នុងករណីកំហុសធ្ងន់ឬកំហុសពីបទ   យុត្តិនិសេធប៉ុណ្ណោះ ។
​. ការទទួលខុសត្រូវក្នុងករណីផ្សេងៗទៀត
            ការទទួលខុសត្រូវក្នុងករណីផ្សេងៗទៀតនេះ គឺមានករណីខ្លះដូចជាៈ
      រដ្ឋទទួលខុសត្រូវក្រោមនីតិឯកជន    ចំពោះការខូចខាតដែលកើតឡើងក្នុងកិច្ចការគ្រប់គ្រង  វិស័យ
ឯកជនរបស់រដ្ឋឬ  ​  ក្នុងសកម្មភាពពាណិជ្ជកម្មនិងឧស្សាហកម្មរបស់រដ្ឋ  ។ ច្បាប់ច្រើនតកំណត់ឲ្យរដ្ឋទទួលខុសត្រូវ ។
      រដ្ឋទទួលខុសត្រូវចំពោះការខូចខាតដែលបង្កឡើងដោយសិស្សានុសិស្ស ​   ដោយមូលហេតុកង្វះការឃ្លាំមើលពីសំណាក់គ្រូបង្រៀន(សាលារបស់រដ្ឋ)។​ករណីនេះ គឺ  រដ្ឋត្រូវទទួលចេញសំណងទាំងអស់ជាមុនរួចទើបប្តឹងទារចំណែកសំណងពីគ្រូបង្រៀននោះជាក្រោយយបើជាកំហុសផ្ទាល់របស់គ្រូ។ សមត្ថកិច្ចក្នុងរឿងនេះ គឺតុលាការស៊ីវិល ។
      រដ្ឋទទួលខុសត្រូវចំពោះការខូចខាតដែលបណ្តាលមកពីកង្វះការថែទាំជាប្រក្រតីដល់ថ្នល់ ស្ពាន ឬមកពីសំណង់សាធារណការ។   ​ករណីនេះគឺរដ្ឋជាអ្នកបង្ហាញភស្តុតាង     ពោលគឺមិនមែនជនរងគ្រោះជាដើមបណ្តឹងឡើយ ។ សមត្ថកិច្ចក្នុងរឿងនេះ គឺតុលាការរដ្ឋបាល ។
      រដ្ឋទទួលខុសត្រូវចំពោះការខូចខាតដែលបង្កឡើងដោយ ការបះបោររបស់ប្រជារាស្រ្ត ។ សមត្ថកិច្ចក្នុងរឿងនេះ គឺតុលាការរដ្ឋបាល ។
      រដ្ឋមិនទទួលខុសត្រូវរដ្ឋបាលចំពោះរដ្ឋាភិបាលកិច្ចបានឡើយ (ព្រោះនេះជាករណីដែលមានអភ័យឯកសិទិ្ធយុត្តាធិការ) ។
        

សន្និដ្ឋាន

យើងដឹងហើយថា ការគ្រប់គ្រងរដ្ឋបាលគឺត្រូវស្ថិតក្រោមអំណាចនីតិប្រតិបត្តិ ។  អង្គការនេះជាអ្នក
បែងចែកនូវភ្នាក់ងារសាធារណៈ   ដើម្បីបំពេញមុងងារសាធារណៈក្នុងគោលបំណងបំរើនូវផល  ប្រយោជន៍ជូនសាធារណៈជន ។ នៅក្នុងការបំពេញមុខងារនេះ  យើងឃើញថាភ្នាក់ងារសាធារណៈមិន អាចជៀសផុតពីកំហុសទេ ។តាមរយៈកំហុសរំលេចឲ្យឃើញពីឆន្ទៈដោយចេតនាឬ អចេតនា ឬ  ជាកំហុសរបស់ក្រសួង។ទោះជាយ៉ាងណាកំហុសដែលកើតឡើង  ហើយនោះត្រូវតែមានការទទួលខុសត្រូវផងដែរ    ពីភ្នាក់ងារដែលបំពេញការងារសាធារណៈនោះ ឬការទទួលខុសត្រូវរបស់ក្រសួង។ ​​​​ ការទទួលខុសត្រូវនេះចង់សំដៅកំហុសដែលកើតឡើងបានបង្កឲ្យមានព្យសនកម្ម។ ដូច្នេះត្រូវតែមានការជួសជុលព្យសនកម្មដើម្បីស្តារនូវស្ថានភាពនោះឡើងវិញ ។ ប៉ុន្តែប្រសិនមិនបង្កឲ្យមានព្យសនកម្មកើតឡើងទេ ក៏មិនមានការទទួលខុសត្រូវដែរ។ទោះបីជាមានការទទួលខុសត្រូវយ៉ាងនេះក្តី  ក៏នៅតែមានករណីលើកលែងមួយចំនួនផងដែរ ។  ករណីលើកលែងនោះមិនអាចក្លាយជា ជាកំហុសរបស់ក្រសួងឬភ្នាក់ងាររបស់ក្រសួងទេ    ដូច្នេះមិនមានការទទួលខុសត្រូវរដ្ឋបាលទេ។
            លើសពីនេះទៅទៀត   ​   យើងឃើញថាមិនត្រឹមតែមានការទទួលខុសត្រូវ     របស់អង្គការណ៍នីតិប្រតិបត្តិប៉ុនណោះទេ     ការទទួលខុសត្រូវនេះអាចជាការទទួលខុសត្រូវរបស់អង្គការនីតិប្រតិបត្តិឬអង្គការដែលមានអំនាចយុត្តាធិការដែលអាស្រ័យទៅតាមប្រធាននៃអ្នកប្រព្រឹត្តកំហុសនោះផងដែរ      មិនត្រឹមតែប៉ុនណោះទេនៅមានករណីជាច្រើនផងដែរដែលតំរូវឲ្យមានការទទួលខុសត្រូវ។ ទាំងអស់នេះជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលត្រូវតែមាន ទំនួលខុសត្រូវនូវរាល់   ទង្វើដែលខ្លួនបានប្រព្រឹត្តនោះ។ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនោះគឺចង់ធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្តៅនិងជំនឿចិត្តទៅលើរាជរដ្ឋាភិបាល ។​   នៅពេលដែលរាជរដ្ឋាភិបាលទទួលបាននូវការជឿជាក់ពីប្រជាពលរដ្ឋហើយនោះរាជរដ្ឋាភិបាលមានភាពងាយស្រួលក្នុងការ    ​អនុវត្តគោលនយោបាយរបស់ខ្លួនដើម្បីធ្វើយ៉ាងណាឲ្យប្រទេសមានការអភិវឌ្ឍ។

ឯកសារយោង

1.​ នីតិរដ្ឋធម្មនុញ្ញ ឆ្នាំ1993
2. ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ2007
3. សៀវភៅ នីតិរដ្ឋបាលទូទៅរបស់ បណ្ឌិតសាយបូរី
4. សៀវភៅ នីតិរដ្ឋបាលទូទៅរបស់ អនុបណ្ឌិតហៀង សាង            
5. សៀវភៅ នីតិរដ្ឋបាលទូទៅរបស់លោកសាស្ត្រាចារ្យ ឌឿក ពិដោរ
6. សៀវភៅ ទ្រឹស្តីរដ្ឋបាលសាធារណៈ របស់លោកសាស្ត្រាចារ្យ ឌឿក ពិដោរ
7. ឯកសារមេរៀននីតិរដ្ឋបាល របស់លោកសាស្ត្រាចារ្យ អ៊ុង ចំរើន



[1] មាត្រា39នៃរដ្ឋធម្មនុញ្ញ1993
[2] មាត្រា128នៃរដ្ឋធម្មនុញ្ញ1993
[3] នីតិរដ្ឋបាលទូទៅ បណ្ឌិត សាយ បូរី
[4] មាត្រា79នៃក្រមនីតិវិធីព្រហ្មទណ្ឌ2007នៃព្រះរាជាណាចក្រកម្ពុជា
[5] មាត្រា80នៃក្រមនីតិវិធីព្រហ្មទណ្ឌ2007នៃព្រះរាជាណាចក្រកម្ពុជា
[6] នីតិរដ្ឋបាលទូទៅ បណ្ឌិត សាយ បូរី
[7] ទំព័រ233នៃសៀវភៅនីតិរដ្ឋបាលទូទៅ អនុបណ្ឌិត ហៀងសាង
[8] នីតិរដ្ឋធម្មនុញ្ញ ឆ្នាំ1993 មាត្រា139

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម