ផ្នែកទី ១ ទំនាក់ទំនងគតិយុត្តរវាង ឪពុកម្តាយ និង កូន
ដើម្បីកំណត់អោយសង្គមមួយ មានសណ្តាប់ធ្នាប់ របៀបរៀបរយ សារធារណៈជាចាំបាច់ត្រូវប្រើច្បាប់ ឆ្លងតាមការអនុវត្តន៍របស់អាជ្ញាធរមានសមត្ថកិច្ច ។ ច្បាប់បានកំណត់អំពីគោលដៅ និងបញ្ជាក់យ៉ាងច្បាស់នូវមុខសញ្ញាដែលត្រូវអនុវត្ត ។
នៅក្នុងនីតិរដ្ឋប្បវេណីមានមុខសញ្ញាសំរាប់សំរបសំរួលនៅក្នុងគ្រួសារ គឺច្បាប់អាពាហ៍ពិពាហ៍ និង គ្រួសារធ្វើការកំណត់អំពីទំនាក់ទំនងរវាងបុគ្គល និងបុគ្គល រវាងបុគ្គល និងទ្រព្យសម្បត្តិ ។
ទំនាក់ទំនងគតិយុត្តរវាងឪពុកម្តាយ និង កូនអាស្រ័យទៅតាមសមគ្គសង្វាសមានលក្ខណៈស្របច្បាប់ ឬ ក៏អាស្រ័យទៅតាមសមគ្គសង្វាសមិនស្របច្បាប់ (អនីតិសង្វាស, ការផិតក្បត់, ទាស់មុខស្មន់) ។
I- ទំនាក់ទំនងគតិយុត្តរវាង ឪពុកម្តាយ និង កូន
ចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ជាសម្ព័ន្ធមេត្រី រវាងបុរស និងនារី ក្នុងការកសាងគ្រួសារ ពីព្រោះបុរស និង នារី ជាអ្នកផ្តល់កំណើតកូនដែលជាមនុស្សថ្មីម្នាក់ទៀតនៅក្នុងសង្គម ។
កំណើតគឺជាគតិយុត្តិការណ៍ ពីព្រោះកំណើតគឺជាព្រឹត្តិការណ៍ ឬ ហេតុការណ៍ដែលបង្កើតអោយ មានអនុភាពគតិយុត្ត ។
កំណើតបានផ្តល់ជាទារកមានជីវិត ។
តាមការសិក្សាអំពីអត្រានុកូលដ្ឋានមាននៅក្នុងផ្នែកទី ៣ នៃមេរៀនទីមួយស្តីពីបុគ្គលៈ ទារកដែលកើតមកត្រូវចុះបញ្ជីកំណើត លិខិតកំណើត ត្រូវមានចុះឈ្មោះ (នាម និងគោត្តនាម) អាយុ មុខរបរ និងទីលំនៅរបស់អ្នករាយការណ៍ ថ្ងៃ ម៉ោង និងទីកន្លែងដែលផ្តល់កំណើត ភេទ និងឈ្មោះ របស់ទារក ។
តាមក្រមរដ្ឋប្បវេណី ២០០៧ មាត្រា ៩៨៥ ឪពុក ឬ ម្តាយ ត្រូវសុំចុះកំណើតរបស់កូន នៅសាលាឃុំសង្កាត់នៃលំនៅរបស់ឪពុក ឬ ម្តាយ ក្នុងអំឡុងពេល ៣០ថ្ងៃ គិតពីថ្ងៃដែលកូននោះកើត ។ ទារកដែលកើតមកមានជីវិត និងទារកដែលកើតមកអាចរស់បាន គឺជារូបវន្តបុគ្គលដែលមាន បុគ្គលភាពគតិយុត្ត គឺធ្វើអោយមានចំណងបុត្តភាពរវាងឪពុកម្តាយ ។
បុត្តភាពមានពីរៈ
-បុត្តភាពមានខាន់ស្លា
-បុត្តភាពឥតខាន់ស្លា
១-បុត្តភាពមានខាន់ស្លា
កូនមានខាន់ស្លា គឺជាកូនដែលកើតពីឪពុកម្តាយបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ហើយកូនគឺជាគភ៌ដែលមានក្នុងរយៈពេលដែលឪពុកម្តាយមានចំណងអាពាហ៍ពិពាហ៍ គឺជាកូនដែលកើត ១៨០ថ្ងៃ យ៉ាងតិចក្រោយថ្ងៃរៀបអាពាហ៍ពិពាហ៍ ។
បើទារកដែលប្រសូត្រនោះមានម្តាយរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ឈ្មោះ និងនាមត្រកូល ដែលឪពុកបានដាក់អោយកូននោះសន្មតថា ជាកូនមានខាន់ស្លា និងជាទាយាទស្នងកេរ្តិ៍មរតកទៅថ្ងៃ អានាគត ។
យោងតាមមាត្រា ៨២. ៨៣. ៨៤ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារបានកំណត់ទៅតាមធម្មជាតិនៃការផ្តល់កំណើតមនុស្ស ព្រោះថាទារកអាចនឹងមានកំណើត ហើយនឹងអាចរស់រានមានជីវិតបានក្រោយពេលដែលឆ្លងកាត់គភ៌ ក្នុងរយៈពេល ១៨០ថ្ងៃ រៀបអាពាហ៍ពិពាហ៍ ។
ដូច្នេះប្រសិនបើមានទារកប្រសូត្រក្នុងថេរវេលាតិចជាង ១៨០ថ្ងៃ ពុំអាចចាត់ទុកកូននោះថាជាកូនរបស់ប្តីនៃម្តាយបានទេ ។
បុរសដែលជាប្តីរបស់ម្តាយនៃកូននោះ អាចប្តឹងបដិសេធបិតុភាពថា ខ្លួនមិនមែនជាឪពុករបស់កូននោះបានដោយ មិនចាំបាច់បង្ហាញភស្តុតាងថា ខ្លួនមិនមែនជាឪពុកទេ ។
ប៉ុន្តែផ្ទុយទៅវិញគេ នឹងកំណត់បានថាជាកូនរបស់ប្តីនៃម្តាយបានប្រសិនបើមានភស្តុតាងបង្ហាញច្បាស់លាស់ថាបុរសជាប្តីនេះ បានដឹងថាប្រពន្ធរបស់ខ្លួនមានផ្ទៃពោះតាំងពីមុនថ្ងៃរៀបអាពាហ៍ពិពាហ៍ ឬ ក៏ព្រមទទួលស្គាល់ថាខ្លួនជាឪពុករបស់ក្មេងនោះ ហើយទៅប្តឹងមន្រ្តីអត្រានុកូលដ្ឋាន ដើម្បី ចុះក្នុងសៀវភៅបញ្ជីកំណើតដោយយកនាមត្រកូលរបស់ខ្លួនជាឪពុក ។
ករណីមួយទៀត កូននឹងចាត់ទុកថាជាកូនមានខាន់ស្លាបានគឺ កូនដែលប្រសូត្រក្នុងរយៈពេល ៣០០ថ្ងៃ ពីផ្ទៃម្តាយ គិតពីថ្ងៃដាច់ចំណងអាពាហ៍ពិពាហ៍ដោយសារមូលហេតុៈ
-ប្តីស្លាប់
-មោឃភាពអាពាហ៍ពិពាហ៍
-លែងលះ
ការកំណត់ថេរវេលា ៣០០ថ្ងៃ សំរាប់ការប្រសូត្របុត្រដែលមានមូលហេតុទាំងបីខាងលើ គឺចង់បញ្ជាក់អំពីចំណងបុត្តភាពដល់មាននៅក្នុងថេរវេលានោះគឺ ជាទំនាក់ទំនងគតិយុត្តរវាងកូន និង ឪពុក ព្រោះកំណើតទារក នឹងអាចមាននៅក្រោយពេលដែលព្រឹត្តិការណ៍ទាំងបីខាងលើបានកើតឡើង រួចហើយ ។
ដូច្នេះបុត្តភាពមានខាន់ស្លា ត្រូវអោយមានលក្ខខណ្ឌគ្រប់គ្រាន់ ដូចមានចែងនៅក្នុងមាត្រា ៨២ នៃច្បាប់អាពាហ៍ពិពាហ៍ និង គ្រួសារដែលជាភស្តុតាងយ៉ាងជាក់ច្បាស់បញ្ចាក់ថា ប្តីនៃម្តាយពិតជាឪពុករបស់កូននោះ។ ក្រៅពីករណីទាំងនេះប្តីនៃម្តាយរបស់កូននោះអាចធ្វើការប្តឹងបដិសេធបិតុភាព ។
១-១-ការប្តឹងបដិសេធបិតុភាព
ដើម្បីបដិសេធបិតុភាព បុរសដែលជាប្តីមានសិទ្ធិប្តឹងពីម្តាយ និងកូននៅចំពោះមុខតុលាការខាងលំនៅនៃម្តាយក្នុងរយៈពេល ០២ខែ គិតពីថ្ងៃដែលខ្លួនបានដឹងពីកំណើតនៃកូននោះនៅចំពោះមុខតុលាការខាងលំនៅស្ត្រីជាម្តាយ ។
បុរសជាប្តីត្រូវលើកបង្ហាញភស្តុតាងទៅតុលាការ ក្នុងរយៈពេលដែលប្រពន្ធខ្លួនមានគភ៌ ខ្លួនមានវិបត្តិខាងរូបកាយ ដូចមានបញ្ជាក់នៅក្នុងមាត្រា ៨៦ នៃច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ ។
ប្រសិនបើបុរសជាប្តីនោះស្លាប់ បាត់ខ្លួន ឬ ឆ្កួតលីលា ទាយាទខាងប្តីអាចប្តឹងបដិសេធកូននោះជួសបាន ឬ ទាយាទខាងប្តីនឹងអាចបន្តការប្តឹងបដិសេធកូននោះបាន ប្រសិនបើប្តីនោះបាន ប្តឹងបដិសេធរួចហើយ ហើយស្លាប់ ឬ ឆ្កួតលីលា ។
១-២-នីតិវិធី
បើតុលាការពិនិត្យអង្កេតឃើញថា មានសំអាង និងភស្តុតាងច្បាស់លាស់បណ្តឹងបដិសេធ បិតុភាពនោះត្រូវចាត់ទុកថាត្រឹមត្រូវ ។
ក្នុងសាលក្រមសំរេចរបស់តុលាការ ត្រូវបង្គាប់អោយលុបឈ្មោះប្តីដកត្រកូលឪពុកចេញពី បញ្ជីសំបុត្រកំណើតរបស់កូន ដោយយកត្រកូលម្តាយដាក់ជំនួសវិញ ។
តុលាការត្រូវបញ្ជូនសាលក្រមនេះ ទៅអោយមន្ត្រីអត្រានុកូលដ្ឋានដែលបានធ្វើសំបុត្រកំណើតរបស់កូន ដើម្បីអោយបានចំលងដាក់ក្នុងបញ្ជីសំបុត្រកំណើតហើយចុះនិទ្ទេសនៅរឹមទំព័រនៃសំបុត្រ កំណើតដែលត្រូវកែនោះ ។
២-បុត្តភាពឥតខាន់ស្លា
បុត្តភាពឥតខាន់ស្លា មានទំនាក់ទំនងទៅនឹងការរួមរស់របស់បុរស និងស្ត្រីក្នុងសភាពមិនស្របច្បាប់ដូចជាៈ
-អនីតិសង្វាស
-ការផិតក្បត់
-ទាស់មុខស្មន់
២-១-ការចុះសំបុត្រកំណើតកូនឥតខាន់ស្លា
នៅពេលចុះសំបុត្រកំណើតរបស់កូនឥតខាន់ស្លា បើឪពុកម្តាយគ្មានចំណងអាពាហ៍ពិពាហ៍ បានឆ្លើយទទួលស្គាល់កូននោះដោយជាក់លាក់ទាំងពីរនាក់ នៅចំពោះមន្ត្រីអត្រានុកូលដ្ឋាន ថាកូនដែលកើតមកនោះជាកូនរបស់ខ្លួន ច្បាប់បានចាត់ទុកថាឪពុកម្តាយនេះជាឪពុកម្តាយរបស់កូនដែលកើតមកនោះ ។
ប៉ុន្តែប្រសិនបើមានឪពុក ឬ មានតែម្តាយឆ្លើយទទួលស្គាល់តែម្នាក់ឯងទេ កូននោះត្រូវចាត់ទុកជាកូនរបស់កូនអ្នកដែលបានឆ្លើយទទួលស្គាល់តែម្នាក់ឯងប៉ុណ្ណោះ ហើយកូននោះត្រូវដាក់ឈ្មោះដោយយកត្រកូលអ្នកដែលបានទទួលស្គាល់ ។
ឪពុក ឬ ម្តាយដែលបានប្តឹងចុះកំណើតកូន បើឪពុក ឬ ម្តាយណាដែលមិនទាន់ទទួលស្គាល់កូន ឪពុក ឬ ម្តាយនោះអាចប្តឹងសុំទទួលស្គាល់កូនជាក្រោយបាន ។
២-២-កូនឥតខាន់ស្លាអាចទៅជាកូនមានខាន់ស្លា
កូនឥតខាន់ស្លាដែលឪពុកម្តាយបានទទួលស្គាល់នឹងទៅជាកូនមានខាន់ស្លាបាន បើក្រោយពីកំណើតរបស់កូននោះ ឪពុកម្តាយរបស់កូននោះបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា ។
ការទទួលស្គាល់កូនអាចធ្វើនៅមុនពេលចុះសំបុត្រអាពាហ៍ពិពាហ៍ ឬ ធ្វើដំណាលគ្នានឹងពេលចុះសំបុត្រអាពាហ៍ពិពាហ៍ ឬ ក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍ក៏បាន ។
នៅក្នុងការចុះបញ្ជីកំណើតមន្ត្រីអត្រានុកូលដ្ឋានត្រូវបញ្ជាក់ក្នុងសៀវភៅកំណើតថា ជាកូនឥតខាន់ស្លា ប៉ុន្តែនៅលើសេចក្តីចំលងសំបុត្រកំណើតកូននោះមិនត្រូវសរសេរដាក់ថាកូនឥតខាន់ស្លាទេ ពីព្រោះវានាំអោយមានផលវិបាកទៅលើបញ្ហា កិត្តិយស និងសតិអារម្មណ៍របស់ក្មេងទៅថ្ងៃអនាគត ។
២-៣-ការស្វែងរកបិតុភាព ឬ មាតុភាពនៃកូនឥតខាន់ស្លា
ក្នុងករណីកូនឥតខាន់ស្លា ពុំមានលិខិតបញ្ជាក់ទទួលស្គាល់ដោយស្ម័គ្រចិត្តទេនោះ តុលាការអាចតំរូវអោយឪពុក ឬ ម្តាយទទួលស្គាល់កូននោះបាន ។ កូនឥតខាន់ស្លាដែលឪពុក ឬ ម្តាយមិនបានទទួលស្គាល់មានសិទ្ធិប្តឹងអោយតុលាការរកឪពុក ឬ ម្តាយអោយខ្លួនបាន ។
A-បណ្តឹង
ក្នុងរយៈពេល ២ ឆ្នាំ គិតពីថ្ងៃដែលកូនឥតខាន់ស្លាមាននីតិភាព កូននោះអាចប្តឹងសុំអោយតុលាការអាចតំរូវអោយឪពុក ឬ ម្តាយទទួលស្គាល់ជាកូន ។ បើកូនឥតខាន់ស្លាឋិតក្នុងអនីតិភាពនៅឡើយ អ្នកអាណាព្យាបាលរបស់កូននោះមានសិទ្ធិប្តឹងជួសសុំអោយតុលាការ រកមាតុភាពងោយកូននោះ (មាត្រា ៩៧) ។ (មាត្រា ១០១) ក្នុងពេលដែលកូនឥតខាន់ស្លានៅក្នុងអនីតិភាពនៅឡើយ ម្តាយ ឬ អ្នកអាណាព្យាបាលនៃកូននោះអាចប្តឹងសុំអោយរកបិតុភាពបាន ។
B-ការបង្ហាញភស្តុតាង
ភស្តុតាងអាចបង្ហាញបានតាមគ្រប់មធ្យោបាយ ។
មានភស្តុតាងថានារីនោះជាម្តាយ
-នារីនោះបានបង្កើតកូនពិតប្រាកដមែន
-អត្តសញ្ញាណរបស់កូន ដែលនារីនោះបានបង្កើត និងអត្តសញ្ញាណរបស់កូនដែលប្តឹងទាមទាររកមាតុភាពមិនខុសគ្នា ។
-មានភស្តុតាងបង្ហាញថាបុរសនោះជាឪពុក
-បុរសនោះបានពង្រត់ ឬ រំលោភនារីម្តាយត្រូវគ្នានឹងសម័យដែលនារីនោះមានគភ៌ ។
-បុរសនោះប្រើឧបាយកលបោកបញ្ឆោតរំលោភអំណាច ឬ ដោយការសន្យាថានឹងរៀបអាពាហ៍ពិពាហ៍នោះ ។
-បុរស និងនារីរួមរស់ជាអនីតិសង្វាសក្នុងសម័យនារីមានគភ៌
-បុរសនោះបានផ្គត់ផ្គង់ចូលរួមការបីបាច់ថែរក្សា និង អប់រំកូននោះក្នុងឋានៈខ្លួនជាឪពុក ។
C-សេចក្តីសំរេចរបស់តុលាការ
-សាលក្រមកាត់សេចក្តីអោយទទួលស្គាល់កូនឥតខាន់ស្លាមានអានុភាពដូចគ្នានឹងលិខិតដែល ទទួលស្គាល់កូនដោយស្ម័គ្រចិត្តដែរ ។
-កូនឥតខាន់ស្លាត្រូវយកត្រកូលរបស់ឪពុក ឬ ម្តាយដែលទទួលស្គាល់ខ្លួន ប្រសិនបើឪពុក និងម្តាយទទួលស្គាល់កូននោះត្រូវយកត្រកូលរបស់ឪពុក ។
-បើតុលាការតំរូវអោយឪពុក ឬ ម្តាយទទួលស្គាល់កូននោះត្រូវយកត្រកូលរបស់អ្នកដែលតុលាការតំរួវអោយទទួលស្គាល់ ។
-បើតុលាការតំរូវអោយឪពុក និង ម្តាយទាំងពីរនាក់ទទួលស្គាល់កូននោះ ត្រូវយកត្រកូលរបស់ឪពុក ។
-មាត្រា ១០៥ ៖ កូនឥតខាន់ស្លាដែលត្រូវបានទទួលស្គាល់មានករណីយកិច្ច និងមានសិទ្ធិដូចគ្នានឹងកូនមានខាន់ស្លាដែរ ។
-ឪពុក ឬ ម្តាយត្រូវផ្តល់អាហារកាតព្វកិច្ចអោយកូនជាដរាប តាមសមាមាត្រនៃធនធានរបស់ឪពុក ឬ ម្តាយនោះ ។
-អាហារកាតព្វកិច្ចនេះ ត្រូវផ្តល់អោយកូនតាមការកំណត់នៃសាលក្រមរហូតដល់កូននោះមាន នីតិភាព ។
-ឪពុក ឬ ម្តាយអាចត្រូវអោយរួចពីកាតព្វកិច្ចនេះបាន បើខ្លួនព្រមទទួលយកកូន ។
-ឪពុកអាចនឹងបង្ខំអោយសងសោហ៊ុយសំរាលកូន និងប្រាក់ចំណាយចិញ្ចឹមបីបាច់រក្សាកូន និងប្រាក់ចំណាយចិញ្ចឹមបីបាច់រក្សាកូនតាំងពីថ្ងៃដែលកូននោះកើតមកទៅម្តាយនៃកូននោះបាន ។
-កំណត់ដៃមួយច្បាប់នៃសាលក្រមស្ថាពរ ស្តីពីការទទួលស្គាល់កូនឥតខាន់ស្លា ត្រូវផ្ញើទៅមន្ត្រីអត្រានុកូលដ្ឋាននៃទីកន្លែងដែលកូននោះកើត ដើម្បីចុះនិទ្ទេសន៍នេះនៅរឹមទំព័រសំបុត្រកំណើត ។
៣-កូនចិញ្ចឹម
តាមការសិក្សាអំពីទំនាក់ទំនងគតិយុត្ត រវាងឪពុកម្តាយ និងកូនមានបញ្ជាក់តាមបំណងបុត្តភាព មានខាន់ស្លា បុត្តភាពឥតខាន់ស្លា និងកូនចិញ្ចឹម ឬ ស្មុំកូន ។
៣-១-ស្មុំកូន
បុរសនារីដែលបានរៀបអាពាហ៍ពិពាហ៍តាមបញ្ញត្តិច្បាប់ក្តី ឬ រួមរស់ជាមួយគ្នាពុំតាមបញ្ញាត្តិក្តី អាចជួបប្រទះនូវមនោសញ្ចេតនា សុំក្មេងមកធ្វើជាកូនចិញ្ចឹម ។
ស្មុំកូនគឺ ជាកិច្ចសន្យាដែលចងបុគ្គលពីរនាក់ ម្នាក់ហៅថាឪពុកចិញ្ចឹម ឬ ម្តាយចិញ្ចឹម ហើយម្នាក់ទៀតហៅថាកូនចិញ្ចឹមមានចំណងនឹងគ្នាជាបុត្តភាពមានខាន់ស្លា ។
តាមក្រមរដ្ឋប្បវេណី ២០០៧ បានធ្វើការបែងចែកស្មុំកូនជាពីរប្រភេទ គឺ ស្មុំកូនធម្មតា និង ស្មុំកូនពេញលេញ ។
ស្មុំកូនធម្មតា ជាកិច្ចសន្យាស្មុំកូនដែលមិននាំអោយផ្តាច់ទំនាក់ទំនងគតិយុត្តរវាងឪពុកម្តាយបង្កើត និង កូនសុំឡើយ ពោលគឺកូនសុំមានទំនាក់ទំនងទាំងឪពុកម្តាយចិញ្ចឹម និង ឪពុកម្តាយបង្កើត ។
ស្មុំកូនពេញលេញ ជាកិច្ចសន្យាស្មុំកូនដែលនាំអោយផ្តាច់ទំនាក់ទំនងគតិយុត្តរវាងឪពុកម្តាយបង្កើត និង កូនសុំ ពោលគឺកូនសុំគ្មានទំនាក់ទំនងជាមួយឪពុកម្តាយបង្កើតទេ គឺមានតែជាមួយឪពុកម្តាយចិញ្ចឹម ។
ជាគោលការណ៍កូនសុំត្រូវមានអាយុតិចជាង ៨ ឆ្នាំ និងត្រូវឆ្លងកាត់រយៈពេលសាកល្បង ៦ខែ ។
៣-២-សិទ្ធិ និងករណីយកិច្ចរបស់កូនចិញ្ចឹម
អ្នកសុំត្រូវធ្វើទំរង់បែបបទសុំកូនអោយបានត្រឹមត្រូវ ។
ក្រោយពេលដែលមានបំណងតាមបញ្ញាត្តិច្បាប់ហើយ ក្មេងនោះត្រូវក្លាយជាកូនចិញ្ចឹមនៃអ្នកសុំ និង ត្រូវផ្លាស់ពីត្រកូលមុនមកជាត្រកូលអ្នកសុំវិញ ។ កូនចិញ្ចឹមត្រូវយកត្រកូលនៃអ្នកសុំហើយមានសិទ្ធិ និងករណីយកិច្ចដូចគ្នានឹងកូនបង្កើតដែរ ។
សិទ្ធិ និងករណីយកិច្ចដូចគ្នានឹងកូនបង្កើត បានសេចក្តីថាក្មេងដែលអ្នកសុំយកមកធ្វើជាកូននោះមានចំណងបុត្តភាពមានខាន់ស្លាជាមួយនឹងអ្នកសុំ ហើយត្រូវមានសិទ្ធិ និងករណីយកិច្ចដូចកូន បង្កើតរបស់អ្នកសុំ ។
ទោះបីជាកូនចិញ្ចឹមមានឪពុក ឬ ម្តាយនៅរស់ក៏ដោយចំណងបុត្តភាពមុនជាមួយឪពុកម្តាយបង្កើតដែលត្រូវបំពេញ សិទ្ធិ និងករណីយកិច្ចជាកូនបង្កើតនោះត្រូវកាត់ផ្តាច់ចេញពុំមានជាប់ទាក់ទងជាមួយឪពុកបង្កើត ឬ ម្តាយបង្កើតទៀតទេ ។
៣-៣-លក្ខខណ្ឌនៃការសុំកូន
-អ្នកសុំកូន អាចសុំកូនបានត្រឹមពីរនាក់ប៉ុណ្ណោះ ។ ប្រសិនបើកូនដែលសុំមកនោះមានមួយណាស្លាប់គេអាចសុំម្នាក់ទៀតបាន ។
-ការសុំកូនត្រូវមានការព្រមព្រៀងពីឪពុក-ម្តាយ ឬ អាណាព្យាបាលរបស់កូនសុំនោះ ។
-ចំពោះទារកដែលគេបោះបង់ចោល ត្រូវមានការយល់ព្រមពីរដ្ឋអំណាច ឃុំ ឬ សង្កាត់ ។
-សហព័ន្ធណាមួយអាចនឹងសុំកូនយកមកចិញ្ចឹមបាន លុះត្រាតែមានការយល់ព្រមពីសហព័ន្ធរបស់ខ្លួន ។ ក្នុងករណីនេះកូនចិញ្ចឹមត្រូវចាត់ទុកជាកូនចិញ្ចឹមរបស់សហព័ទ្ធទាំងពីរនាក់ ។
-ឪពុក ឬ ម្តាយចិញ្ចឹមត្រូវមានអាយុលើសពី ២៥ ឆ្នាំ ហើយត្រូវមានអាយុច្រើនជាងកូនចិញ្ចឹមយ៉ាងតិច ២០ឆ្នាំ ។
ឪពុក ឬ ម្តាយចិញ្ចឹមអាចជាពលរដ្ឋកម្ពុជា ឬ ជនបរទេស ។
-កូនចិញ្ចឹមត្រូវមានអាយុតិចជាង ៨ ឆ្នាំ
-កិច្ចសន្យាសុំកូនត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ
ហើយបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច ជាប្រធានឃុំ ឬ ចៅសង្កាត់ខាងលំនៅនៃកូនចិញ្ចឹម កិច្ចសន្យាសុំកុននេះត្រូវចុះបញ្ជីអត្រានុកូលដ្ឋាន ។
ក្នុងករណីដែលឪពុក ឬ ម្តាយចិញ្ចឹមប្រព្រឹត្តិអំពើដែលធ្វើអោយប៉ះពាល់ ឬ ខូចខាតប្រយោជន៍របស់កូនចិញ្ចឹម កូនចិញ្ចឹម ឬ ជនទាំងឡាយរួម នឹងអង្គការផ្សេងៗមានសិទ្ធិប្តឹងទៅតុលាការ ដើម្បីប្តឹងសុំបដិសេធកិច្ចសន្យាខាងលើនេះ ។
៣-៤-សិទ្ធិ និងករណីយកិច្ចរបស់ឪពុកម្តាយ និង កូន
មាត្រា ១១៦ ច្បាប់អាពាហ៍ពិពាហ៍បានចែងថា “ឪពុកម្តាយមិនត្រូវធ្វើបាបកូនរបស់ខ្លួន កូនប្រសារ កូនចិញ្ចឹម ឬ កូនរបស់ប្តី ឬ របស់ប្រពន្ធមុនឡើយ” ។
កូនប្រុស និង កូនស្រីមានសិទ្ធិ និងករណីយកិច្ចដូចគ្នាក្នុងគ្រួសារ ។ ឪពុកម្តាយមានករណីយ កិច្ចស្រលាញ់កូនចិញ្ចឹម បីបាច់រក្សាកូន និងយកចិត្តទុកដាក់អប់រំកូន គឺបណ្តុះគំនិតកូនអោយស្រលាញ់ការរៀនសូត្រ ស្នេហា មាតុភូមិ មានស្មារតីសាមគ្គីអន្តរជាតិ ស្រឡាញ់ពលកម្ម គោរពទ្រព្យសម្បត្តិរដ្ឋ គោរពសិទ្ធិ និងទ្រព្យសម្បត្តិរបស់អ្នកដទៃ ។
កូនមានករណីយកិច្ចត្រូវស្រលាញ់ និងគោរពឪពុកម្តាយ ថែទាំរក្សា ឪពុកម្តាយ និងផ្គត់ផ្គង់សេចក្តីត្រូវការរបស់ឪពុកម្តាយ ។
No comments:
Post a Comment