សេចក្តីផ្តើម
នៅក្នុងសង្គមជាតិនីមួយៗ
មនុស្សតែងតែមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកតាមរយៈទំនាក់ទំនងជាអ្នកជិតខាងនឹងគ្នា
ជាញាតិ ជាគ្រួសារ ជាមិត្តរាប់អានគ្នាប្រៀបដូចបងប្អួនជាដើម។
ទំនាក់ទំនងនេះហើយទើបបានជាបុគ្គលមួយចំនួនធំបានឲ្យតម្លៃវាថាសំខាន់ មិនអាចខ្វះបានរហូតដល់ពេលខ្លះពួកគេចែករំលែកការលំបាកចំពោះគ្នាទៅវិញទៅមក។
ដល់ដំណាក់កាលនេះ បុគ្គលដែលមានចិត្តសប្បុរសតែងតែផ្ទេរនូវសិទ្ធិនៃទ្រព្យសម្បត្តិ
ឬការធ្វើប្រទានកម្មរបស់ខ្លួន ដើម្បីជួយដល់អ្នកដែលខ្លួនអាណិត ស្រឡាញ់ និងចាត់ទុកថាពួកគេគេតែទទួលនូវការឲ្យទាំងនេះពីខ្លួន។
ហេតុនេះហើយទើបច្បាប់កម្ពុជាមួយចំនួនបានលើកឡើងអំពីសញ្ញាណនៃការឲ្យ ឬប្រទានកម្ម
ជាអាទិ៍នៅក្នុងច្បាប់ភូមិបាលឆ្នាំ ២០០១ បានកំណត់និយមន័យថា ប្រទានកម្ម
គឺជាកិច្ចសន្យាដែលជនម្នាក់ហៅថាអ្នកឲ្យ
ឬទាយកផ្ទេរនូវកម្មសិទ្ធិនៃទ្រព្យរបស់ខ្លួនឲ្យទៅជនម្នាក់ទៀតហៅថា អ្នកទទួល
ឬបដិគ្គាហកដែលព្រមទួលយកទ្រព្យនោះ។ ចំណែកឯក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧
បានកំណត់និយមន័យនៃប្រទានកម្ម គឺសំដៅទៅលើកិច្ចសន្យាមួយ ដែលត្រូវមានអានុភាព
ដោយភាគីម្ខាងបង្ហាញឆន្ទៈផ្តល់ទៅឲ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិដោយមិនយកថ្លៃហើយភាគីមកខាងទៀតយល់ព្រមទទួល។
ដូចនេះបន្ទាប់ពីបានលើកឡើងខាងលើនេះហើយ ថាតើប្រទានកម្មមានលក្ខណៈយ៉ាងដូចម្តេច មានលក្ខខណ្ឌយ៉ាងណាខ្លះទើបបង្កើតវាបាន
អាចធ្វើវាឡើងតាមរបៀបណាខ្លះ ហើយវាមានអានុភាពយ៉ាងដូចម្តេច។
ដើម្បីឆ្លើយតបទៅនឹងការលើកឡើងខាងលើគប្បីធ្វើការបកស្រាយទៅតាមលំដាប់លំដោយដូចតទៅ៖
ជំពូកទី១
សញ្ញាណទូទៅនៃប្រទានកម្ម
១.
សញ្ញាណទូទៅ
២. លក្ខខណ្ឌ
ជំពូកទី
២ ការបង្កើត និងការលុបចោលប្រទានកម្ម
១. ការបង្កើតប្រទានកម្ម
២.ការលុបចោល
និងអានុភាពនៃការលុបចោលប្រទានកម្ម
ជំពូកទី១
សញ្ញាណទូទៅនៃប្រទានកម្ម
១. សញ្ញាណទូទៅ
១.១. និយមន័យ
ក. ប្រទានកម្ម
ប្រទានកម្ម
គឺសំដៅទៅលើកិច្ចសន្យាមួយ ដែលត្រូវមានអានុភាព ដោយភាគីម្ខាងបង្ហាញឆន្ទៈផ្តល់ទៅឲ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិដោយមិនយកថ្លៃហើយភាគីមកខាងទៀតយល់ព្រមទទួល[1]។
ប្រទានកម្ម គឺជាកិច្ចសន្យាដែលជនម្នាក់ហៅថាអ្នកឲ្យ ឬទាយកផ្ទេរនូវកម្មសិទ្ធិនៃទ្រព្យរបស់ខ្លួនឲ្យទៅជនម្នាក់ទៀតហៅថា
អ្នកទទួល ឬបដិគ្គាហកដែលព្រមទួលយកទ្រព្យនោះ[2]។
ប្រទានកម្ម
ឬ ការឲ្យ គឺជាកិច្ចសន្យាមួយដែលជនម្នាក់ហៅថា អ្នកឲ្យ ឬទាយក ឲ្យនូវវត្ថុអ្វីមួយដាច់ឥតរើរុសទៅជនម្នាក់ទៀតហៅថាបដិគ្គាហកដែលព្រមយកវត្ថុនោះ[3]។ ប្រទានកម្ម
គឺជាប្រាក់ ឬជាចលនៈវត្ថុនោះ មិនមានរូបមន្តយ៉ាងណាៗ ប្រទានកម្មនេះ គឺជាអំណោយ ជំនូន
ឬបណ្ណាការ ដែលអ្នកឲ្យប្រគល់ខ្លួនឯង ឬឲ្យគេប្រគល់ក្នុងនាមខ្លួនទៅអ្នកទទួល [….] [4]។
ខ. ប្រទានកម្មទ្រព្យសម្បត្តិ
ប្រទានកម្មទ្រព្យសម្បត្តិ
មានន័យថាគឺជាការបង្កើតនូវទ្រព្យសម្បត្តិរបស់បដិគ្គាហក តែបានបន្ថយនូវទ្រព្យសម្បត្តិរបស់ទាយកវិញ។
ហេតុដូច្នេះការទទួលកាតព្វកិច្ចរបស់ភាគីម្ខាងទៀត(អ្នកទទួល) ដោយឲ្យភាគីនោះរួចផុតពីការតព្វកិច្ចនេះ
ក៏ជាប្រទានកម្មផងដែរ[5]។
១.២. លក្ខណៈនៃប្រទានកម្ម
ក. កិច្ចសន្យាមិនយកតម្លៃថ្នូរ
ប្រទានកម្ម
គឺជាកិច្ចសន្យាមួយប្រភេទ ដែលឧទាហរណ៍ដូចជា៖ភាគីម្ខាងបានផ្តល់ ទូរស័ព្ទរបស់ខ្លួនទៅឲ្យភាគីម្ខាងទៀត
ដោយមិនទាមទារតាវកាលិកតប។ នេះមានន័យថាប្រទានកម្ម គឺជាកិច្ចសន្យាមិនយកតម្លៃថ្នូរ។
ខ. កិច្ចសន្យាឯកតោភាគី
ប្រទានកម្ម
គឺកិច្ចសន្យាឯកតោភាគី ពីព្រោះមានតែទាយក ទទួលនូវកាតព្វកិច្ចតែឯកឯងលើការប្រគលនូវវត្ថុនៃប្រទានកម្មទៅឲ្យបដិគ្គាហក។
ចំណែកឯបដិគ្គាហក មិនបំពេញកាតព្វកិច្ចតបទៅវិញទេ
គឺគ្រាន់តែបង្ហាញនូវឆន្ទៈយល់ព្រមទទួលនូវកម្មវត្ថុនៃប្រទានកម្មប៉ុណ្ណោះ។
ចំណាំ៖ បញ្ញត្តិនៃកិច្ចសន្យាលក់
មិនត្រូវយកមកអនុវត្ត
បញ្ញត្តិទាក់ទងនឹងកិច្ចសន្យាលក់ទិញ
មិនត្រូវយកមកអនុវត្តដូចគ្នាទេ ព្រោះប្រទានកម្ម គឺជាកិច្ចសន្យាដែលមិនយកតម្លៃថ្នូរ
មិនមែនជាកិច្ចសន្យាដែលយកតម្លៃថ្នូរនោះទេ។
២. លក្ខខណ្ឌ
២.១.
លក្ខខណ្ឌទូទៅនៃកិច្ចសន្យា
ក.ការបង្កើតកិច្ចសន្យា
កិច្ចសន្យាមានអានុភាពដោយសារសំណើរ
និងស្វីការត្រូវគ្នា[6]។
ទន្ទឹមនឹងនេះ កិច្ចសន្យាបានបង្កើតឡើងនៅពេលដែលដំណឹងអំពីស្វីការ បានមកដល់អ្នកស្នើ [7]។
ក.១.សំណើ
សំណើ គឺជាការបង្ហាញឆន្ទៈជាឯកតោភាគី
ដើម្បីសុំបង្កើតកិច្ចសន្យាដែលភ្ជាប់មកជាមួយនូវចំណងគតិយុត្តក្នុងករណីដែលភាគីម្ខាងទៀតបានផ្តល់ស្វីការតបចំពោះសំណើនោះ។
សំណើអាចធ្វើឡើងដោយមានកំណត់អំឡុងពេល ឬគ្មានកំណត់អំឡុងពេលសម្រាប់ស្វីការបាន។
អានុភាពនៃសំណើត្រូវកើតឡើងនៅពេលដែលសំណើនោះបានដល់ភាគីម្ខាងទៀត។
ប៉ុន្តែអានុភាពត្រូវបាត់
បង់ទៅវិញនៅពេលដែលដំណឹងអំពីការដកសំណើវិញបានដល់ភាគីម្យ៉ាងទៀត ក្នុងពេលជាមួយគ្នានិងពេលសំណើដល់
ឬដល់មុនពេលសំណើដល់។
សំណើដែលមានកំណត់អំឡុងពេលសម្រាប់ស្វីការ ត្រូវបាត់បង់អានុភាពដោយស្វ័យប្រវត្តិ
បើអ្នកស្នើមិនទទួលដំណឹងអំពីស្វីការក្នុងរយៈពេលកំណត់នោះ នៅពេលដែលផុតអំឡុងពេលសម្រាប់ស្វីការ
ឬពេលអ្នកស្នើបានទទួលដំណឹងបដិសេធសំណើពីភាគីម្ខាងទៀតក្នុងអំឡុងពេលសម្រាប់ស្វីការ
សំណើនោះក៏គ្មានអានុភាពដែរ។
ចំពោះសំណើមិនកំណត់អំឡុងពេលសម្រាប់ស្វីការ
ត្រូវបាត់បង់អានុភាពនៅពេលដែលគួភាគីទទួលសំណើមិនបានយល់ព្រមភ្លាមៗ ក្នុងស្ថានភាពដែលគូរភាគីកំពុងនិយាយគ្នាហើយអាចឆ្លើយតបភ្លាមៗបាន។
អ្នកស្នើមិនអាចដកសំណើវិញ ក្នុងអំឡុងពេលសមរម្យបានទេ
ប្រសិនបើ គូភាគីធ្វើសំណើដែលមិននិយាយគ្នា។ លុះត្រាតែអ្នកស្នើជូនដំណឹងអំពីការដកវិញបានទៅដល់
ភាគីម្ខាងទៀតមុនពេលភាគីនោះជូនដំណឹងអំពីស្វីការទើបការដកសំណើនោះមានអានុភាព។
កិច្ចសន្យាត្រូវបានកើតឡើងនៅពេលដែលអ្នកទទួលសំណើរយល់ព្រមចំពោះអ្នកស្នើ។
ក.២.ស្វីការ
ស្វីការ គឺជាការបង្ហាញឆន្ទៈយល់ព្រមរបស់អ្នកទទួលសំណើដល់អ្នកស្នើ។ នៅពេលដែល ស្វីការបានដល់អ្នកស្នើស្វីការនោះ ត្រូវមានអានុភាពហើយការជូនដំណឹងអំពីការដកស្វីការវិញមាន លក្ខណៈដូចសំណើដែរ។
បើស្វីការបានដាក់លក្ខណខណ្ឌ ឬកែប្រែសារធាតុផ្សេងៗ
នៃសំណើ ស្វីការនោះក្លាយជាសំណើថ្មី។
ប៉ុន្តែបើលក្ខណខណ្ឌ ឬការកែប្រែនោះមិនធ្វើឲ្យមានការកែប្រែសារធាតុរបស់សំណើទេ
ស្វីការនោះមានសុពលភាពក្នុងករណីដែលអ្នកស្នើមិនបានតវ៉ាភ្លាមៗ។
ខ.សុពលភាពនៃកិច្ចសន្យា
កិច្ចសន្យាដែលចាត់ទុកថាត្រឹមត្រូវតាមគតិច្បាប់
លុះត្រាតែភាគីទាំងសងខាងគោរពនូវលក្ខខណ្ឌគ្រឹះ និងលក្ខខណ្ឌទម្រង់នៅក្នុងដំណាក់កាលបង្កើតកិច្ចសន្យានោះ។
ខ.១.លក្ខខណ្ឌគ្រឹះ
កិច្ចសន្យាមានសុពលភាពនៅពេលដែលគូភាគីបានបំពេញលក្ខខណ្ឌដូចខាងក្រោម៖
Ø
ការព្រមព្រៀង
គឺជាឆន្ទៈរបស់គូភាគីក្នុងការបង្កើតកិច្ចសន្យាដោយពិតប្រាកដ និង
ដោយសេរីគ្មានការគំរាមកំហែង ឆបោកឬក្លែងបន្លំពីភាគីណាឡើយ។ ការព្រមព្រៀង ៖
-
មិនត្រូវមានវិការៈ
ការបន្លំចេញពីភាគីម្ខាងដែលជាអ្នកលក់
ឬអ្នកជួលដែលបន្លំទៅលើសារពើពន្ធនៃវត្ថុ
ការភាន់ច្រឡំអាចចេញពីអ្នកលក់
ឬអ្នកទិញដែលរួចមានការភាន់ច្រឡំទៅលើបុគ្គល ឬសារធាតុនៃវត្ថុ
ហឹង្សា
ត្រូវកើតឡើងចំពោះគូភាគី ហើយចែកជា ២ ប្រភេទគឺរូបកាយ និងផ្លូវចិត្ត។
ការប្រើហឹង្សា
ចំពោះអនីតិជន ដែលមិនមែនជាគូភាគីមិនត្រូវរាប់បញ្ចូលនោះទេ។
Ø
សមត្ថភាព
គឺជាលក្ខណៈសម្បត្តិរបស់បុគ្គលម្នាក់ៗ
ដែលអាចក្លាយជាម្ចាស់សិទ្ធិ និង កាតព្វកិច្ចដែលអាចវិនិច្ឆ័យបាន
អំពីលទ្ធផលនៃសកម្មភាពរបស់ខ្លួនដែលអាចធ្វើឲ្យ សកម្មភាពរបស់ខ្លួនមានអានុភាពតាមផ្លូវច្បាប់។
គោលការណ៍
៖ កិច្ចសន្យាត្រូវធ្វើឡើងដោយនីតិជន ដែលគ្មានវិបល្លាសស្មារតី
(មានន័យថាមានបញ្ហាខួរក្បាល)និងធ្វើឱ្យកិច្ចសន្យានោះមានសុពលភាព។ ផ្ទុយទៅវិញ
បើសិនកិច្ចសន្យានោះធ្វើឡើងដោយអនីតិជន ឬជនមានវិបល្លាសស្មារតី
កិច្ចសន្យានឹងគ្មានសុពលភាព។
អញ្ញត្តកម្ម៖
អនីតិជន ដែលបានចុះកិច្ចព្រមព្រាងហើយ ប្រសិនបើមានការយល់ព្រម ឬការអនុញ្ញាតពីឪពុក
ម្តាយ ឬអាណាព្យាបាល កិច្ចសន្យានោះ នឹងមានសុពលភាពឡើងវិញ។
ករណីដែលអនីតិជនមានអត្ថាធិនភាព
គឺមានសិទ្ធិ និងកាតព្វកិច្ចដូចនីតិជនដែរ ដែលអាចចុះកិច្ចសន្យាហើយធ្វើឲ្យកិច្ចសន្យានោះមានសុពលភាព
ដោយមិនចាំបាច់មានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាលនោះទេ។
Ø
កម្មវត្ថុ
គឺជាខ្លឹមសារសំខាន់នៃកិច្ចសន្យាដែលកម្មវត្ថុនោះត្រូវតែជាក់លាក់ ដែលអាចធ្វើទៅបាន ឬបំពេញបាន និងស្របច្បាប់ មិនប៉ះពាល់ដល់របៀបរៀបរយសាធារណៈ ឬទំនៀមទំលាប់ល្អរបស់ប្រពៃណី។
ករណីកិច្ចសន្យាមានសុពលភាព ប្រសិនបើភាគីណាមួយមិនបានបំពេញតាវកាលិក ឬកាតព្វកិច្ចដែលមានចែងក្នុងកិច្ចសន្យាភាគីផ្សេងៗ
ទៀតអាចប្រើប្រាស់យន្តការតុលាការ ដើម្បីសុំរំលាយកិច្ចសន្យា
ឬប្តឹងសុំរឹបអូសទ្រព្យសម្បត្តិយកមកលក់ឡៃឡុង ក្នុងករណីដែលភាគីនោះគ្មានប្រាក់សង
ឬប្តឹងដាក់ពន្ធនាគារបង្ខំលើរូបកាយ ប្រសិនភាគីនោះមិនព្រមអនុវត្តកាតព្វកិច្ចទៀត។
ការបង្ហាញឆន្ទៈដោយមិនពិតប្រាកដ
និងដោយសេរីត្រូវវៀរចាកនូវវិការៈក្នុងការបង្ហាញឆន្ទៈដូចជា៖ ការភាន់ច្រឡំ ការឆបោក
ការគំរាមកំហែង ការបង្ហាញការមិនពិត
ឬការកេងចំណេញហួសហេតុ។ អ្នកបង្ហាញឆន្ទៈអាចលុបចោលកិច្ចសន្យាបានដោយហេតុថា
មានការបង្ហាញឆន្ទៈនោះ មានវិការៈ ក្នុងករណីដូចខាងក្រោម៖
o
ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការភាន់ច្រឡំ។
o
ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការឆបោក
ឬការគំរាមកំហែង ឬការបង្ហាញការមិន ពិតរបស់ភាគីម្ខាងទៀត។
o ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយអំពើឆ្លៀតឱកាសដោយមានគោលបំណងកេងចំណេញហួសហេតុ[8]។
ខ.២.លក្ខខណ្ឌទម្រង់
កិច្ចសន្យាមានអានុភាពទៅបានលុះត្រាតែ
មានភាគីនៃកិច្ចសន្យាធ្វើឡើងជាលាយលក្ខណ៍អក្សរក្រោមទម្រង់ជាលិខិតយថាភូត។
កិច្ចសន្យាដែលភាគីម្ខាងទទួលករណីកិច្ចធ្វើអនុប្បទាននូវកម្មសិទ្ធិអចលនវត្ថុ
ឬករណីយកិច្ចធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើអចលនវត្ថុ និងមានអានុភាពលុះត្រាតែបានធ្វើលិខិតយថាភូត[9]។
ធ្វើឡើងដោយផ្ទាល់មាត់ ៖
-
យោងលើក្រឹត្យច្បាប់លេខ
៣៨ តំលៃ តិចជាង ៥០០០ រៀល
-
ភស្តុតាងគ្មានសុវត្ថិភាពគតិយុត្ត
ធ្វើឡើងដោយលាយល័ក្ខណ៍អក្សរ៖
លិខិតធម្មតា
-
មិនទាមទារឱ្យមានការប្រថាប់ត្រាទេ
-
មានត្រឹមតែស្នាមមេដៃគូភាគី
និងសាក្សី
លិខិតយថាភូត ត្រូវការប្រថាប់ត្រាពីអាជ្ញាធរមានសមត្ថកិច្ច។ ឧទាហរណ៍ ៖ ត្រាមេឃុំ ត្រាមន្រ្តីសុរិយោដី
ត្រាមន្រ្តីសាការី។
លិខិតយថាភូត
មានតំលៃគតិយុត្តិ ឬសុវត្ថិភាពគតិយុត្តិខ្ពស់ជាង លិខិតលាយល័ក្ខអក្សរធម្មតា
និងធ្វើឡើងដោយផ្ទាល់មាត់។
២.២.
លក្ខខណ្ឌនៃកិច្ចសន្យាប្រទានកម្ម
ប្រទានកម្ម
គឺជាកិច្ចសន្យាដែលតម្រូឲ្យមានការព្រមព្រៀងរវាងទាយក និងបដិគ្គាហក
ហើយសន្យាប្រទានកម្មនេះ
អាចត្រូវបានបង្កើតឡើងដោយគ្រាន់តែមានការព្រមព្រៀងរវាងគូភាគីប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅក្នុងករណីនៃកិច្ចសន្យាប្រទានកម្មអចលនវត្ថុ
វានឹងមានអានុភាព លុះត្រាតែបានធ្វើលិខិតយថាភូត[10] ឬប្រទានកម្មអចលនវត្ថុមិនអាចត្រូវបានជំទាស់ពីតតិយជនបាន
លុះត្រាតែប្រទានកម្មនោះត្រូវបានធ្វើជាលាយលក្ខណ៍អក្សរតាមទម្រង់ លិខិតយថាភូត
ហើយត្រូវបានចុះបញ្ជីនៅអង្គភាពសុរិយោដី[11]។
ដូចនេះយើងអាចសន្និដ្ឋានបានថាកិច្ចសន្យាប្រទានកម្មត្រូវបានគេបង្កើតឡើងដោយគោរពទៅតាមលក្ខខណ្ឌគ្រឹះ
និងទម្រង់ដូចកិច្ចសន្យាធម្មតាដែរ។
ជំពូកទី ២
ការបង្កើត និងការលុបចោលប្រទានកម្ម
១. ការបង្កើតប្រទានកម្ម
១.១. ការផ្ទេរកម្មសិទ្ធិ
ការផ្ទេរកម្មសិទ្ធិនៃកម្មវត្ថុ ដែលជាកម្មវត្ថុ នៅក្នុងកិច្ចសន្យាប្រទានកម្ម ត្រូវអនុលោមតាមគោលការណ៍ទូទៅដែលកំណត់ដូចខាងក្រោម៖
-
ការបង្កើត ការផ្ទេរ និង ការកែប្រែនូវសិទ្ធិប្រក្សត្រ ដោយការព្រមព្រៀង ការបង្កើត ការផ្ទេរ និងការកែប្រែនូវសិទ្ធប្រក្សត្រ ត្រូវមានអនុភាពតាមការព្រមព្រៀងរវាងភាគី[12]។
-
ល័ក្ខខ័ណ្ឌតាំងនៃការបង្កើត ការផ្ទេរ និងការកែប្រែនូវសិទ្ធិប្រក្សត្រ[13]
១. ការបង្កើត ការផ្ទេរ និងការកែប្រែនូវសិទ្ធិប្រក្សត្រលើអចលនវត្ថុ ក្រៅពីសិទ្ធិកាន់កាប់ សិទ្ធិឃាត់ទុក សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ មិនអាចតតាំងនឹងតតិយជនបានឡើយ បើពុំបានចុះបញ្ជីសិទ្ធិនោះ តាមបញ្ញត្តិនៃច្បាប់ ឬបទដ្ឋានដ្ឋានគតិយុត្តផ្សេង ដែលទាក់ទងនឹងការចុះបញ្ជី។
២.អនុប្បទាននូវសិទ្ធិប្រត្សត្រលើចលនវត្ថុទៅបុគ្គលណាមួយមិនអាចតតាំងនឹងតតិយជនបានឡើយ បើពុំបានផ្ទេរការកាន់កាប់ចលនវត្ថុទៅបុគ្គលនោះទេ។
-
ល័ក្ខខ័ណ្ឌដើម្បីបង្កើតអានុភាពនៃការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុដោយ ការព្រមព្រៀង ទោះបីមានបញ្ញត្តិនៃមាត្រា ១៣៣ (ការបង្កើត ការផ្ទេរ និង ការកែប្រែនូវសិទ្ធិប្រក្សត្រ ដោយការព្រមព្រៀង) និងមាត្រា ១៣៤ (ល័ក្ខខ័ណ្ឌតតាំងនៃការបង្កើត ការផ្ទេរ និងការកែប្រែនូវសិទ្ធិប្រក្សត្រ) នៃក្រមនេះ ក៏ដោយ ការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុដោយការព្រមព្រៀងមិនមានអានុភាព បើមិនបានចុះបញ្ជីដោយយោងតាមបញ្ញត្តិនៃច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងទៀត ស្ដីពីការចុះបញ្ជី[14]។
-
កម្មសិទ្ធលើអចលនវត្ថុ អាចត្រូវបានធ្វើលទ្ធកម្ម ដោយកិច្ចសន្យា សន្តតិកម្ម និងហេតុដែលបានកំណត់នៅក្នុងផ្នែកទី ៤ (លទ្ធកម្មនៃកម្មសិទ្ធ)នេះ ព្រមទាំងតាមបញ្ញត្តិនៃក្រមនេះ ឬច្បាប់ផ្សេង។ មាត្រានេះបង្ហាញអំពីមូលហេតុនៃលទ្ធកម្មនៃកម្មសិទ្ធលើអចលនវត្ថុ ហើយបញ្ជាក់ថា ផ្នែកនេះចែងអំពីមូលហេតុនៃលទ្ធកម្មនៃកម្មសិទ្ធិក្រៅពី ដោយកិច្ចសន្យា ឬដោយសន្តតិកម្ម[15]។ ឧទាហរណ៍ៈ មាត្រាដែលពាក់ព័ន្ធច្បាប់ភូមិបាលរបស់កម្ពុជាមាត្រា៦៣។
-
កម្មសិទ្ធិលើចលនវត្ថុ អាចត្រូវបានធ្វើលទ្ធកម្ម ដោយកិច្ចសន្យា សន្តតិកម្ម និងហេតុដែលបានកំណត់នៅក្នុងផ្នែកទី ៤ (លទ្ធកម្មនៃកម្មសិទ្ធ)នេះ ព្រមទាំងតាមបញ្ញត្តិនៃក្រមនេះ ឬច្បាប់ផ្សេង។ មាត្រា ១៦០ ចែងអំពីលទ្ធកម្មសិទ្ធិលើអចលនវត្ថុ រីឯមាត្រានេះវិញ បានពន្យល់អំពីមូលហេតុនៃលទ្ធកម្មសិទ្ធិលើចលនវត្ថុ ហើយបញ្ញាក់ថា កថាភាគនេះបញ្ញត្តអំពីមូលហេតុនៃលទ្ធកម្មសិទ្ធិដោយក្រៅពីកិច្ចសន្យា ឬសន្តតិកម្ម[16]។
១.២.
ទម្រង់នៃប្រទានកម្ម
ប្រទានកម្មទាមទារឲ្យមានតែការព្រមព្រៀងរវាងគូភាគីតែប៉ុណ្ណោះ
ដូចនេះ ប្រទានកម្ម មិនត្រូវបានឲ្យធ្វើជាលិខិតអ្វីនោះទេ ហើយភាគច្រើនត្រូវបានធ្វើដោយផ្ទាល់មាត់។
ប្រសិនបើភាគី មិនបានធ្វើជាលិខិតទាក់ទងប្រទានកម្ម នោះភាគីណាមួយ ក៏អាចលុបចោលកិច្ចសន្យា
ដោយដកការបង្ហាញឆន្ទៈរបស់ខ្លួន[17]។
អានុភាពនៃការលុបចោល ត្រូវបង្កើតឡើងដោយឯកតោភាគី ហើយមិនចាំបាច់មានការយល់ព្រមទេ។
ឬនិយាយម្យ៉ាងទៀត ប្រសិនបើឆន្ទៈរបស់ទាយក ត្រូវបានបង្ហាញតាមរូបភាពជាលាយលក្ខណ៍អក្សរ
ការបង្ហាញឆន្ទៈរបៀបនេះ គឺជាលទ្ធផលនៃការវិនិច្ឆ័យដោយប្រុងប្រយ័ត្នរបស់ទាយក
ហើយឆន្ទៈនោះអាចត្រូវបានធ្វើការបញ្ជាក់យ៉ាងច្បាស់លាស់ តាមលិខិតជាលាយលក្ខណ៍អក្សរនោះ។
ដោយហេតុនោះ បដិគ្គាហកអាចបង្ខំឲ្យទាយកអនុវត្តនូវកិច្ចសន្យាប្រទានកម្មបាន ប្រសិន បើគូភាគីបានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។
ទោះបីជាបានធ្វើកិច្ចសន្យាប្រទានកម្មក៏ដោយ ប្រសិនបើមិនបានធ្វើជាលាយល័ក្ខណ៍អក្សរស្តីអំពីប្រទានកម្មទេ ភាគីនៃកិច្ចសន្យា អាចលុបចោលកិច្ចសន្យា ដោយដកការបង្ហាញឆន្ទៈនៃការធ្វើប្រទានកម្មវិញបាន។ ប៉ុន្តែចំពោះផ្នែកដែលបានអនុវត្តហើយ មិនអាចដកការបង្ហាញឆន្ទៈនៃការធ្វើប្រទានកម្មវិញបានឡើយ។
ដោយសារតែមានបញ្ញត្តិដែលចែងថា កិច្ចសន្យាប្រទានកម្ម ជាកិច្ចសន្យាដែលធ្វើឡើងតាមការព្រមព្រៀងតែប៉ុណ្ណោះ
ដោយមិនទាមទារនូវលិខិតយថាភូតជាអាទិ៍។ ជាធម្មតា ប្រសិនបើឆន្ទៈរបស់ទាយក ត្រូវបានបង្ហាញតាមរូបភាពជាលាយល័ក្ខណ៍អក្សរ ការបង្ហាញឆន្ទៈរបៀបនេះ គឺជាលទ្ធផលនៃការវិនិច្ឆ័យដោយប្រុងប្រយ័ត្នរបស់ទាយក ហើយឆន្ទៈនោះអាចត្រូវធ្វើការបញ្ចាក់យ៉ាងច្បាស់លាស់តាមលិខិតជាលាយល័ក្ខណ៍អក្សរនោះ។ ដោយហេតុនេះ បដិគ្គាហកអាចបង្ខំឲ្យទាយកអនុវត្តនូវប្រទានកម្មបាន។ ក៏ប៉ុន្តែចំពោះប្រទានកម្ម ដែលមិនធ្វើជាលាយល័ក្ខណ៍អក្សរ មានករណីច្រើនដែរ ដែលទាយកសន្យាធ្វើប្រទានកម្មដោយមិនបានគិតពិចារណាដោយប្រុងប្រយ័ត្ន។ ហេតុដូច្នេះមានមាត្រានេះចែងអំពីលទ្ធភាពនៃការដក។ ប្រភេទនៃកិច្ចសន្យាជាលាយល័ក្ខណ៍អក្សរ ដែលតម្រូវឱ្យធ្វើ អាស្រ័យទៅតាមការបកស្រាយនាពេលអនាគត។ តាមការបកស្រាយក្រមរដ្ឋប្បវេណីជប៉ុនវិញលិខិតទាំងឡាយ ដែលចង្អុលទៅរកឆន្ទៈនៃប្រទានកម្ម ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាលិខិត ដែលត្រូវបានយល់ឃើញថា មានគោលបំណងធ្វើប្រទានកម្ម។
ដូច្នេះជារួមទម្រង់នៃការធ្វើប្រទានកម្មគឺ ទាយកអាចមានសិទ្ធិធ្វើជាទម្រង់លាយល័ក្ខណ៍អក្សរ
ឬដោយផ្ទាល់មាត់។ គ្រាន់តែទម្រង់ជាលាយល័ក្ខណ៍អក្សរ គឺបានសម្រេចចិត្តយ៉ាងប្រុងប្រយ័ត្នមួយរបស់ទាយកនៅមុនពេលសម្រេចចិត្តធ្វើប្រទានកម្ម។
ម៉្យាងទៀតបដិគ្គាហកក៏អាចមានសិទ្ធិបង្ខំឲ្យទាយកអនុវត្តនូវប្រទានកម្ម
ដែលខ្លួនបានធ្វើនោះដែរ។ ចំណែកការធ្វើប្រទានកម្មដោយផ្ទាល់មាត់ គឺមិនទាន់អាចបញ្ជាក់ច្បាស់លាស់
អំពីការសម្រេចចិត្តយ៉ាងត្រឹមត្រូវ អំពីទាយកទេ ដូច្នេះច្បាប់បានចែងដោយ ផ្តល់ឱកាលឲ្យទាយកមានសិទ្ធិ
ដើម្បីដកនូវការបង្ហាញឆន្ទៈរបស់ខ្លួនតាមរយៈការធ្វើប្រទានកម្មនោះបាន
ក្នុងករណីដែលភាគីម្ខាងទៀតមិនទាន់បានអនុវត្តនូវប្រទានកម្មនោះនៅឡើយ។ ប៉ុន្តែប្រសិនបើផ្នែកណាមួយនៃប្រទានកម្មត្រូវបានភាគីម្ខាងទៀតបានអនុវត្តហើយ
ទាយកគឺមិនមានសិទ្ធិដកប្រទានកម្មនោះបានឡើយ ។
២.ការលុបចោល និងអានុភាពនៃការលុបចោលប្រទានកម្ម
២.១.ការលុបចោល
ការលុបចោលប្រទានកម្មដោយសារមូលហេតុ៖
ក. មិនធ្វើជាលាយល័ក្ខណ៍អក្សរ
ទោះបីជាបានធ្វើសន្យាក៏ដោយ
ប្រសិនបើមិនបានធ្វើជាលាយលក្ខណ៏អក្សរស្តីអំពីប្រទានកម្មទេភាគីនៃកិច្ចសន្យា
អាចលុបចោលកិច្ចសន្យាដោយដកការបង្ហាញឆន្ទៈនៃការធ្វើប្រទានកម្មវិញបាន
ប៉ុន្តែចំពោះផ្នែកដែលបានអនុវត្តហើយ មិនអាចដកការបង្ហាញឆន្ទៈនៃការធ្វើប្រទានកម្មវិញបានឡើយ[18]។
ខ. អំពើរំលោភទំនុកចិត្ត
ក្នុងករណីដែលបដិគ្គាហកបានធ្វើអំពើរំលោភលើទំនុកចិត្តធ្ងន់ធ្ងរចំពោះចំពោះទាយក
ទាយកអាចលុបចោលប្រទានកម្មបាន។ ម្យ៉ាងវិញទៀតចំពោះផ្នែកដែលបានអនុវត្តហើយ
ការលុបចោលប្រទានកម្មអាចធ្វើបានតែក្នុងអំឡុងពេល (ប្រាំ) ឆ្នាំ គិតចាប់ពីពេលដែលមានអំពើរំលោភលើទំនុកចិត្តធ្ងន់ធ្ងរនោះ[19]។
នេះដោយសារតែ ជាទូទៅទំនាក់ទំនងជាពិសេស
ដូចជាឪពុកម្តាយ និងកូន បងប្អូន ឬអ្នកស្គាល់គ្នាជិតស្និត។ ដោយផ្អែកទៅលើគំនិតនេះ
ទាយកអាចលុបចោលប្រទានកម្ម នៅក្នុងករណីដែលបដិគ្គាហកធ្វើអំពើរំលោភសេចក្តីទុកចិត្តធ្ងន់ធ្ងរចំពោះទាយក។
“អំពើរំលោភធ្ងន់ធ្ងរ” មានន័យថាជាសកម្មភាពអកត្តញ្ញូធ្ងន់ធ្ងរ
ដូចជាអំពើធ្វើទុក្ខបុកម្នេញ ឬមិនបានបំពេញករណីកិច្ចចិញ្ចឹមទំនុកបម្រុងឪពុក ម្តាយ
នៅពេលដែលពួកគាត់ មិនអាចរកស៊ីចិញ្ចឹមជីវិតបាន។
គ. ភាពទីទ័លក្ររបស់ទាយក
ប្រសិនបើទាយកធ្លាក់ខ្លួនក្នុងស្ថានភាពទីទ័លក្រ មិនអាចរក្សាជីវភាពរស់នៅរបស់ខ្លួនផ្ទាល់
និងបុគ្គលដែលត្រូវមានអាហារកិច្ច ក្រោយពីបានបង្ហាញឆន្ទៈធ្វើប្រទានកម្មហើយទាយកអាចលុបប្រទានកម្មបាន។
ប៉ុន្តែចំពោះផ្នែកដែលបានអនុវត្តហើយ
ការលុបចោលប្រទានកម្មអាចធ្វើបានតែក្នុងអំឡុងពេល (ប្រាំ) ឆ្នាំ គិតចាប់ពីពេលដែលបានអនុវត្ត[20]។
២.២. អានុភាពនៃការលុបចោលប្រទានកម្ម
ក. នៅក្នុងករណី មាត្រា ៥៧២
ក្នុងករណីដែលបានលុបចោលប្រទានកម្ម
ដោយសារអំពើរំលោភលើទំនុកចិត្ត និងដោយសារភាពទីទ័លក្រទាយកអាចទាមទារឲ្យសងទ្រព្យសម្បត្តិដែលបានធ្វើប្រទានកម្មនោះ
ដោយផ្អែកតាមបញ្ញត្តិស្តីពីការសងនៃសេចក្តីចម្រើនឥតហេតុបាន[21]។
ខ.
ការបន្ថយនូវការទទួលខុសត្រូវក្នុការធានា
ទាយក
ពុំមានបន្ទុកទទួលខុសត្រូវក្នុងការធានា ចំពោះវិការៈ ឬការខ្វះវត្ថុ
ឬសិទ្ធិដែលជាកម្មវត្ថុនៃប្រទានកម្មឡើយ។ ប៉ុន្តែ
បញ្ញត្តិនេះមិនត្រូវបានយកមកអនុវត្តឡើយ បើទាយកបានដឹងអំពើវិការៈ ការខ្វះនោះហើយ
តែមិនបានផ្តល់ដំណឹងទៅបដិគ្គាហក[22]។ ទាយកមិនត្រូវទទួលខុលត្រូវក្នុងការធានាចំពោះវិការៈនៃគុណភាពនៃវត្ថុ
ដែលជាកម្មវត្ថុនៃប្រទានកម្មឬ វិការៈនៃសិទ្ធិនោះឡើយ ។ ចំពោះកិច្ចសន្យាប្រទានកម្ម
ដែលជាកិច្ចសន្យាមិនយកតម្លៃថ្នូរ គឺវាខុសពីកិច្ចសន្យាលក់ទិញធម្មតា ឬកិច្ចសន្យាផ្សេងទៀតដែលយកតម្លៃថ្នូរ
ទោះបីជាវត្ថុដែលជាកម្មវត្ថុនៃប្រទានកម្មនោះ មានវិការៈនៅពេលធ្វើកិច្ចសន្យាក៏ដោយ
ក៏វាមិនសមរម្យដែរដែលដាក់បន្ទុកធ្ងន់ទៅលើទាយក បន្ថែមពីលើបន្ទុកចំពោះការប្រគល់វត្ថុទៅតាមស្ថានភាពជាក់ស្តែងរបស់វានោះ
លើកលែងតែប្រទានកម្ម ដែលមានភ្ជាប់បន្ទុកដែលភាគីម្ខាងបានធ្វើការផ្តល់នូវតាវកាលិក (កម្មវត្ថុនៃកាតព្វកិច្ច
) ហើយ។
គ.ប្រទានកម្មដោយមានកំណត់ពេល
ប្រទានកម្ម
ដែលធ្វើឡើងក្នុងគោលបំណងផ្តល់តាវកាលិកដោយមានកំណត់ពេលត្រូវបាត់បង់អានុភាព
ដោយមរណភាពរបស់ទាយក ឬបដិគ្គាហក[23]។ ប្រទានកម្មមានកំណត់ពេល
គឺជាប្រទានកម្មដែលមានលក្ខណៈបន្ត ហើយជាប្រទានកម្មដែលកំណត់ពេលចំពោះវត្ថុមួយចំនួន ឧទាហរណ៍
ប្រទានកម្មចំនួន ១០០០០០រៀល ក្នុង មួយខែសម្រាប់ចំណាយលើជីវភាពរស់នៅ។
អានុភាពនៃកិច្ចសន្យាប្រទានកម្មនេះត្រូវបានរលត់នៅពេលដែលទាយក ឬបដិគ្គាហក
បានទទួលមរណភាព លើកលែងតែគូរភាគីបានចែងពិសេសអំពីករណីនេះ ទើបប្រទានកម្មនេះមិនរលត់។
ឃ.
ប្រទានកម្មដោយមានភ្ជាប់បន្ទុក
ប្រទានកម្ម
ដែលបដិគ្គាហកមានករណីយកិច្ចត្រូវអនុវត្តការផ្តល់តាវកាលិកជាកំណត់
ដើម្បីទទួលទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃប្រទានកម្ម ត្រូវគេហៅថា
ប្រទានកម្មដែលមានភ្ជាប់បន្ទុក។ មានន័យថាបដិគ្គាហកត្រូវអនុវត្តនូវការផ្តល់តាវលិកហើយទើបទទួលបាននូវទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃប្រទានកម្ម។
v ការទទួលខុសត្រូវក្នុងការធានា
នៅក្នុងប្រទានកម្មដែលមានភ្ជាប់បន្ទុក
ទាយកត្រូវទទួលខុសត្រូវលើប្រាតិភោគដូចគ្នានឹងអ្នកលក់ផងដែរ
ត្រឹមកម្រិតនៃបន្ទុកនោះប៉ុណ្ណោះ។
v សិទ្ធិទាមទារផ្តល់តាវកាលិក
ក្នុងករណីដែលភាគីម្ខាងបានធ្វើការផ្តល់តាវកាលិក
នៅក្នុងប្រទានកម្មដែលមានភ្ជាប់បន្ទុក បុគ្គលនោះអាចទាមទារ ចំពោះភាគីម្ខាងទៀតឲ្យផ្តល់តាវកាលិកបាន។
v ការតវ៉ាដោយអនុវត្តព្រមគ្នា
នៅក្នុងប្រទានកម្មដែលមានភ្ជាប់បន្ទុក
បើគ្មានកិច្ចសន្យាពិសេសទេ លុះត្រាតែភាគីម្ខាងមិនបានធ្វើការផ្តល់តាវកាលិកទេ
ទើបភាគីម្ខាងទៀតនៃកិច្ចសន្យា អាចមិនផ្តល់តាវកាលិករបស់ខ្លួនបាន។
v សិទ្ធិរំលាយកិច្ចសន្យារបស់ទាយក
ទាយកនៃប្រទានកម្មដែលមានភ្ជាប់បន្ទុក
អាចរំលាយកិច្ចសន្យាប្រទានកម្មដែលមានភ្ជាប់បន្ទុកនោះ
តាមបញ្ញត្តិនៃការរំលាយកិច្ចសន្យាបាន
នៅក្នុងករណីដែលភាគីម្ខាងទៀតមិនបានអនុវត្តបន្ទុក។ ដូចនេះប្រទានកម្មដែលមានភ្ជាប់នូវបន្ទុក
គឺជាប្រទានកម្មដែលបដិគ្គាហក ទទួលបន្ទុកនូវករណីយកិច្ចផ្តល់តាវកាលិកជាក់លាក់មួយ។
ប៉ុន្តែដោយសារប្រទានកម្មដែលមានភ្ជាប់បន្ទុកនៅតែជាកិច្ចសន្យាដែលមិនយកតម្លៃថ្នូរ
ករណីយកិច្ចផ្តល់តាវកាលិករបស់បដិគ្គាហក ត្រូវទាយក។ នៅក្នុងប្រទានកម្មដែលមានភ្ជាប់បន្ទុក
ភាគីទាំងពីរទទួលបន្ទុកនូវករណីយកិច្ចក្នុងការផ្តល់តាវកាលិក ហេតុដូច្នេះ
បញ្ញាត្តិទាំងឡាយដែលទាក់ទងនឹងកិច្ចសន្យាអញ្ញមញ្ញ(កិច្ចសន្យាដែលមានភាគីមានបន្ទុកបំពេញកាតព្វកិច្ច
ទៅវិញទៅមក ) អាចយកមកអនុវត្តដូចគ្នាបានផងដែរ។
ង. ប្រទានកម្មដោយមូលហេតុមរណៈភាពរបស់ទាយក
ប្រទានកម្មដែលបង្កើតនូវអានុភាព
ដោយសារមរណភាពរបស់ទាយក ហៅថាប្រទានកម្មមូលហេតុមរណភាព[24]។ មានន័យថា
លុះត្រាតែទាយក បានទទួលនូវមរណភាពហើយ ទើបអានអនុវត្តនូវប្រទានកម្មនោះបាន។
ប្រទានកម្មដោយមូលហេតុមរណភាព គឺជាប្រទានកម្មដែលយកមរណភាពរបស់ទាយកមកធ្វើជាល័ក្ខខណ្ឌ
បង្កើតនូវអានុភាពតាមរយៈកិច្ចសន្យាដែលទាយកនោះបានធ្វើជាមួយបដិគ្កាហកនៅក្នុងអំឡុងពេលដែលទាយករស់នៅ។
ប្រទានកម្មដោយមូលហេតុមរណភាពគឺស្រដៀងគ្នាទៅនឹង អច្ច័យទានត្រង់ថា
មិនមានការផ្លាស់ប្តូរស្ថានភាពទ្រព្យសម្បត្តិ នៅក្នុងអំឡុងពេលដែលទាយករស់នៅ
ហើយទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់សត្តិជនត្រូវបានថយចុះនៅពេលដែលសត្តិកម្មចាប់ផ្តើម
នៅពេលដែលមតកជនទទួលមរណភាព។
សេចក្តីសន្និដ្ឋាន
ដូចនេះយើងអាចសន្និដ្ឋានបានថាប្រទានកម្ម គឺជាប្រភេទកិច្ចសន្យាដែលជនម្នាក់ហៅថាអ្នកឲ្យ
ឬទាយកផ្ទេរនូវកម្មសិទ្ធិនៃទ្រព្យសម្បត្តិរបស់ខ្លួនឲ្យទៅជនម្នាក់ទៀតហៅថាអ្នកទទួល
ឬបដិគ្គាហកដែលព្រមទួលយកទ្រព្យនោះ។ ម្យ៉ាងវិញទៀតប្រទានកម្ម
គឺជាកិច្ចសន្យាដែលតម្រូឲ្យមានការព្រមព្រៀងរវាងទាយក និងបដិគ្គាហក
ហើយសន្យាប្រទានកម្មនេះអាចត្រូវបានបង្កើតឡើងដោយគ្រាន់តែមានការព្រមព្រៀងរវាងគូភាគីប៉ុណ្ណោះ
មានន័យថាអាចធ្វើឡើងតាមរយៈលាយលក្ខណ៍អក្សរ ឬតាមរយៈផ្ទាល់មាត់ក៏បាន
ក៏ប៉ុន្តែនៅក្នុងករណីនៃកិច្ចសន្យាប្រទានកម្មអចលនវត្ថុ
វានឹងមានអានុភាពលុះត្រាតែបានធ្វើលិខិតយថាភូត ឬប្រទានកម្មអចលនវត្ថុមិនអាចត្រូវបានជំទាស់ពីតតិយជនបាន
លុះត្រាតែប្រទានកម្មនោះត្រូវបានធ្វើជាលាយលក្ខណ៍អក្សរតាមទម្រង់ លិខិតយថាភូត
ហើយត្រូវបានចុះបញ្ជីនៅអង្គភាពសុរិយោដី។ ដូចនេះយើងអាចសន្នដ្ឋានបានថាការធ្វើប្រទានកម្មតាមរយៈទម្រង់ជាលាយល័ក្ខអក្សរ
គឺជាការសម្រេចចិត្តយ៉ាងប្រុងប្រយ័ត្នមួយរបស់ទាយកនៅមុនពេលសម្រេចចិត្តធ្វើប្រទានកម្ម។
ម៉្យាងទៀតបដិគ្គាហកក៏អាចមានសិទ្ធិបង្ខំឲ្យទាយកអនុវត្តនូវប្រទានកម្ម
ដែលខ្លួនបានធ្វើនោះដែរ។ ចំណែកការធ្វើប្រទានកម្មដោយផ្ទាល់មាត់
គឺមិនទាន់អាចបញ្ជាក់ច្បាស់លាស់អំពីការសម្រេចចិត្តយ៉ាងត្រឹមត្រូវអំពីទាយកទេ។ ចំណេកឯការលុបចោលប្រទានកម្មដោយសារមូលហេតុដូចជាមិនធ្វើជាលាយលក្ខអក្សរ
អំពើរំលោភទំនុកចិត្ត ភាពទីទ័លក្ររបស់ទាយក។
ដូចនេះយើងអាចសន្និដ្ឋានជារួមបានថាកិច្ចសន្យាប្រទានកម្ម
វាមានលក្ខណៈស្រដៀងទៅនឹងកិច្ចសន្យាទូទៅផងដែរ ពោលគឺគោរពតាមលក្ខខណ្ឌគ្រិះ និងទម្រង់ដូចគ្នា។
ឧបសម្ព័ន្ធ
ច្បាប់ភូមិបាល ឆ្នាំ២០០១
ផ្នែកទី ៤ : អំពីលទ្ធកម្មដោយប្រទានកម្ម
មាត្រា
៨០ .ប្រទានកម្មគឺជាកិច្ចសន្យាដែលជនម្នាក់ហៅថាអ្នកអោយ ឬទាយកផ្ទេរនូវកម្មសិទ្ធិនៃទ្រព្យរបស់ខ្លួនឱ្យទៅជនម្នាក់ទៀតហៅថា
អ្នកទទួល ឬបដិគ្គាហកដែលព្រមទួលយកទ្រព្យនោះ។
មាត្រា
៨១ .ប្រទានកម្មអចលនវត្ថុមិនអាចត្រូវបានជំទាស់ពីតតិយជនបាន
លុះត្រាតែប្រទានកម្មនោះត្រូវបានធ្វើជាលាយលក្ខណ៍អក្សរតាមទម្រង់ លិខិតយថាភូត
ហើយត្រូវបានចុះបញ្ជីនៅអង្គភាពសុរិយោដី។
មាត្រា
៨២ .អចលនវត្ថុអាចជាកម្មវត្ថុនៃប្រទានកម្មរវាងអ្នកនៅរស់ឬ
ប្រទានកម្មដោយហេតុមរណៈឬអច្ចយទាន។ ប្រសិនបើជាប្រទានកម្មទៅវិញទៅមក ប្រតិបត្តិការនេះបង្កើតបានជាការប្ដូរ។
មាត្រា ៨៣ .រដ្ឋអាចធ្វើអំណោយជាអចលនវត្ថុចំពោះតែរូបវន្តបុគ្គលដោយហេតុផល
សង្គមកិច្ច ដើម្បីឱ្យស្នាក់នៅឬដាំដំណាំចិញ្ចឹមជីវិត។ តម្លៃអចលនវត្ថុដែលផ្ដល់ឱ្យត្រូវបានកំណត់សមស្របទៅនឹងគោលដៅណាមួយដែល
ចង់បាននិងមិនអនុញ្ញាតឱ្យកេងយកកំរៃឬធ្វើមានបានមិនស្របទៅនឹង កំរិតជីវភាពសង្គមនៃអ្នកទទួល។
ប្រទានកម្មដែលរដ្ឋបានធ្វើពីមុនមកហើយមិនអាចសើរើបានឡើយ។
ឯកសារយោង
- ក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧
- សេចក្តីពន្យល់ក្រមរដ្ឋប្បវេណីរបស់ JICA ឆ្នាំ ២០១២
- សេចក្តីកំណត់មាត្រានីមួយៗ
នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០១០
- ច្បាប់ភូមិបាល ឆ្នាំ ២០០១
- សន្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែករដ្ឋប្បវេណី និងផ្នែកនីតិវិធីរដ្ឋប្បវេណី ដែលត្រូវបានរៀបចំឡើងដោយ
គណៈកម្មការបណ្ឌិតសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះពុម្ពដោយទីស្តីការគណៈរដ្ឋមន្ត្រីនៅឆ្នាំ
២០០៧ ។
- អៀង សំណាង, នីតិកិច្ចសន្យាពិសេស៖ ភាគ១
បោះពុម្ពលើកទី១ ឆ្នាំ២០១៤។
- មេធាវី ចាត សូវីរៈ,
មេរៀននីតិកិច្ចសន្យាពិសេស ៖ បោះពុម្ពឆ្នាំ២០១៣។
[1]
មាត្រា ៥៦៩
នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ និងសន្ទានុក្រមនៃក្រមរដ្ឋប្បវេណីលេខ៩៩
[2]
មាត្រា ៨០
នៃច្បាប់ភូមិបាលឆ្នាំ២០០១
[3]
មាត្រា ១២៩៥
នៃក្រមរដ្ឋប្បវេណីសង្គមចាស់
[4]
មាត្រា ១២៩៧
នៃក្រមរដ្ឋប្បវេណីសង្គមចាស់
[5]
អៀង សំណាង,
នីតិកិច្ចសន្យាពិសេសវគ្គ ១៖បោះពុម្ភលើកទី១ ឆ្នាំ២០១៤,ទំព័រទី ២៩។
[6]
មាត្រា ៣៣៦
នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[7]
មាត្រា ៣៤០
នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[8]
មាត្រា
៣៤៥ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[9]
មាត្រា
៣៣៦ កថាខណ្ឌទី២នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[10]សូមមើលមាត្រា ៥៦៩,
មាត្រា ៣៣៦ កថាខណ្ឌទី ២ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[11]
មាត្រា ៨១
នៃច្បាប់ភូមិបាលឆ្នាំ២០០១
[12]
មាត្រា ១៣៣
នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[13]
មាត្រា ១៣៤
នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[14]
មាត្រា ១៣៥
នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[15]
មាត្រា ១៦០
នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[16]
មាត្រា ១៨៧
នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[17]
មាត្រា៥៧០
វាក្យខណ្ឌទី១នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[18]
មាត្រា៥៧០ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[19]
មាត្រា៥៧១ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[20]
មាត្រា៥៧២ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[21]
មាត្រា៥៧៣ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[22]
មាត្រា៥៧៤ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[23]
មាត្រា៥៧៥ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[24]
មាត្រា៥៧៧ កថាខណ្ឌទី១
នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
No comments:
Post a Comment