ស្រាវជ្រាវដោយ : លោក សាត សុខណា ជាអតីតនិសិ្សតនីតិសាស្ត្រសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំសិក្សា ២០១២-២០១៥ សូមរក្សាសិទ្ធិក្នុងការចំលងផ្នែកណាមួយនៃអត្ថបទនេះ។ ទូរស័ព្ទទំនាក់ទំនង ៖ ០១៥៥០៨៨៤២ អ៊ីម៉ែល ៖sath.sokna@yahoo.com / sathsokna9999@gmail.com។
Researched by Mr. Sath Sokna, a former law student of Royal University of Law and Economics Academic year 2012-2015 All Rights Reserve/No any part copy of my assignment. Phone: 015508842 Email: sath.sokna@yahoo.com / sathsokna9999@gmail.com.
ការទទួលខុសត្រូវចំពោះកិច្ចសន្យា
សេចក្តីផ្តើម
នៅក្នុងជីវភាពប្រចាំថ្ងៃគេសង្កេតឃើញថា
កិច្ចសន្យាត្រូវបានគេបង្កើតឡើង ដែលពេលខ្លះភាគីនៃកិច្ចសន្យានោះមិនដឹងខ្លួនផងក៏មាន
។ មូលហេតុនេះដោយសារតែការយល់ដឹងអំពីការបង្កើតកិច្ចសន្យានូវមានកម្រិតនៅឡើយរបស់ពួកគាត់
។ ការយល់ដឹងអំពីការបង្កើតកិច្ចសន្យានូវមានកម្រិតនេះហើយជាហេតុធ្វើឲ្យភាគីមិនដឹងថាខ្លួនមានកាតព្វកិច្ចអ្វីខ្លះចំពោះកិច្ចសន្យាដែលខ្លួនបានបង្កើតនោះ
ហើយត្រូវទទួលខុសត្រូវយ៉ាងដូចម្តេច ឬកម្រិតណា និងទទួលទណ្ឌកម្មយ៉ាងណានោះទេ ។ លើសពីនេះពេលខ្លះពួកគាត់មិនដឹងថាតើការបង្កើតកិច្ចសន្យាបែបណាទើបមានសុពលភាព
ឬថាតើមានលក្ខខណ្ឌអ្វីខ្លះក្នុងការបង្កើតកិច្ចសន្យាដែលមានអានុភាពចាប់បង្ខំឲ្យភាគីអនុវត្តកាតព្វកិច្ចរបស់ខ្លួន
(I) ។
ម្យ៉ាវិញទៀតបន្ទាប់ពីបង្កើតកិច្ចសន្យាហើយថាតើភាគីត្រូវអនុវត្តយ៉ាងណាដើម្បីរលត់នូវការទទួលខុសត្រូវ
ឬកាតព្វកិច្ចរបស់ខ្លួន ។ ក្នុងដំណាក់កាលអនុវត្តកិច្ចសន្យា
ភាគីទាំងសងខាងត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួនរៀងៗ
ខ្លួនដោយសុច្ចរិត និងស្មោះត្រង់ស្របតាមខ្លឹមសារនៃកិច្ចសន្យា ហើយកាលណាគូភាគីបានបំពេញកាតព្វកិច្ចចប់សព្វគ្រប់នោះធ្វើអោយកាតព្វកិច្ចត្រូវបានរលត់
។ ប្រសិនបើភាគីម្ខាងមិនបានអនុវត្តកាតប្វកិច្ចទេភាគីនោះ ត្រូវទទួលខុសត្រូវចំពោះភាគីម្ខាងទៀតហើយការទទួលខុសត្រូវមានពីរប្រភេទគឺ
ការទទួលខុសត្រូវក្នុងកិច្ចសន្យា (II) និង ការទទួលខុសត្រូវក្រៅកិច្ចសន្យា
(III) ។
I. សញ្ញាណទូទៅនៃកិច្ចសន្យា និង
កាតព្វកិច្ច
ក.និយមន័យ
កិច្ចសន្យា គឺជាកិរិយាដែលបុគ្គលពីរនាក់
ឬច្រើននាក់មានឆន្ទៈត្រូវគ្នាព្រមបង្កើត កែប្រែ
ឬរំលត់នូវកាតព្វកិច្ច ។ ការបង្ហាញឆន្ទៈ គឺជាការបង្ហាញឆន្ទៈរបស់ភាគីដែលមានបំណងបង្កើតអានុភាពគតិយុត្ត
។
កាតព្វកិច្ច គឺជាទំនាក់ទំនងគតិយុត្តដែលចងបុគ្គលពីរនាក់ ដោយឲ្យបុគ្គលម្នាក់ដែលបានកំណត់មានករណីកិច្ចមួយចំនួនចំពោះបុគ្គលម្នាក់ទៀត
។ បុគ្គលដែលមានករណីយកិច្ចហៅថា កូនបំណុល រីឯបុគ្គលដែលទទួលផលប្រយោជន៍ពីករណីយកិច្ចនោះ
ម្ចាស់បំណុល ។
ហើយកាតព្វកិច្ចនេះកើតចេញពីប្រភពពីរយ៉ាងគឺៈកាតព្វកិច្ចកើតចេញពីឆន្ទៈរបស់គូរភាគី
និង កាតព្វកិច្ចកើតពីការកំណត់ដោយច្បាប់ ។
ខ.កិច្ចសន្យា
១. ចំណាត់ថ្នាក់នៃកិច្ចសន្យា
១.១. កិច្ចសន្យាដែលយកតម្លៃថ្នូរ
ភាគីទាំងពីរ
មានកាតព្វកិច្ចផ្តល់នូវកម្រៃទៅវិញទៅមក ដែលមានតម្លៃស្មើគ្នា។ ឧទាហរណ៍
កិច្ចសន្យាលក់ទិញ
ភាគីអ្នកលក់មានកាតព្វកិច្ចប្រគល់វត្ថុ
រីឯអ្នកទិញមានកាតព្វកិច្ចប្រគល់ប្រាក់ ។
១.២. កិច្ចសន្យាដែលមិនយកតម្លៃថ្នូរ
នៅក្នុងកិច្ចសន្យានេះ
មានតែភាគីម្ខាងទេផ្តល់នូវកម្រៃ ចំណែកភាគីម្ខាងទៀតមិនមានកាតព្វកិច្ច ឬមានបន្ទុកដែលមិនសមមូលឧទាហរណ៍
ប្រទានកម្ម ។ ទាក់ទងនឹងកិច្ចសន្យាដែលមិនយកតម្លៃថ្នូរ នៅក្នុងករណីប្រទានកម្ម
គឺវាមានលក្ខណៈបន្ធូរបន្ថយចំពោះកាតព្វកិច្ចរបស់ទាយក ។
១.៣. កិច្ចសន្យាទ្វេភាគី
កិច្ចសន្យាទ្វេភាគី
គឺភាគីទាំងពីរមានកាតព្វកិច្ចអនុវត្តកិច្ចសន្យាដែលមានតម្លៃសមមូលគ្នា ។
១.៤. កិច្ចសន្យាឯកតោភាគី
កិច្ចសន្យាឯកតោភាគី
គឺមានតែភាគីម្ខាង មានកាតព្វកិច្ច ចំណែកឯភាគីម្ខាងទៀតមិនមានកាតព្វកិច្ច
ឬគ្រាន់តែមានបន្ទុក តែមានតម្លៃមិនសមមូល ។
ប្រសិនបើភាគីម្ខាងទៀតមានបន្ទុកប៉ុន្តែមានតម្លៃមិនសមមូលក្រមរដ្ឋប្បវេណី បានចែងនូវមាត្រាស្រដៀងគ្នាទៅនឹងកិច្ចសន្យាទ្វេភាគីដែរ
ដូចជា ការទទួលខុសត្រូវក្នុងការធានារបស់អ្នកលក់ ការតវ៉ាអនុវត្តព្រមគ្នា ការរំលាយកិច្ចសន្យា[1]
។
១.៥. កិច្ចសន្យាមានឈ្មោះ
កិច្ចសន្យាមានឈ្មោះគឺជាកិច្ចសន្យានីមួយៗ
ដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណី ។ ឧទាហរណ៍
កិច្ចសន្យាលក់ទិញ កិច្ចសន្យាម៉ៅការ កិច្ចសន្យាជួល
កិច្ចសន្យាផ្ទេរសិទ្ធិលើវត្ថុកិច្ចសន្យាប្រើវត្ថុ កិច្ចសន្យាផ្គត់ផ្គង់សេវា ជាអាទិ៍
។
១.៦. កិច្ចសន្យាគ្មានឈ្មោះ
កិច្ចសន្យាគ្មានឈ្មោះ
គឺជាដែលមិនមានចែងនៅក្នុងក្រមរដ្ឋប្បវេណី ។
កិច្ចសន្យាប្រភេទនេះត្រូវបានបង្កើតឡើងដោយកិច្ចសន្យាជាច្រើនរួមបញ្ជូលគ្នាតែមួយ
ដូចជាការរួមបញ្ចូលគ្នានៃកិច្ចសន្យាមានឈ្មោះ និងកិច្ចសន្យាគ្មានឈ្មោះ ឬ
កិច្ចសន្យាគ្មានឈ្មោះ និង កិច្ចសន្យាគ្មានឈ្មោះ ។
១.៧. កិច្ចសន្យាត្រឹមការព្រមព្រៀង
យោងតាមមាត្រា
៣៣៦ កថាខណ្ឌទី ១ ជាទូទៅកិច្ចសន្យាមួយមានសុពលភាព គឺនៅពេលសំណើ និងស្វីការត្រូវគ្នា
។
១.៨. កិច្ចសន្យាអាស្រ័យលើការប្រគល់វត្ថុ
កិច្ចសន្យានេះ
មានសុពលភាពនៅពេលប្រគល់វត្ថុ ឧទាហរណ៍ កិច្ចសន្យាខ្ចីប្រើ [2]
។
១.៩. កិច្ចសន្យាជាលក្ខណៈទម្រង់
កិច្ចសន្យាជាលក្ខណៈទម្រង់នេះសំដៅលើកិច្ចសន្យាដែលមានសុពលភាព
ដោយផ្អែកលើទម្រង់ជាក់លាក់ជាកំណត់ ។ ឧទាហរណ៍ ការផ្ទេរលទ្ធកម្មនៃកម្មសិទ្ធិ
តាមកិច្ចសន្យាមានសុពលភាពលុះត្រាតែធ្វើជាលិខិតយថាភូត[3]
។
១.១០. កិច្ចសន្យាអនុវត្តម្តង
កិច្ចសន្យាអនុវត្តម្តង
គឺជាកិច្ចសន្យាដែលអនុវត្តតែម្តង គឺត្រូវបានបញ្ចប់តែម្តង ។
ឧទាហរណ៍កិច្ចសន្យាទិញលក់
ត្រូវបានបញ្ចប់ជាទូទៅនៅពេលដែលអ្នកលក់ប្រគល់ទំនិញ រីឯអ្នកទិញប្រគល់ប្រាក់ ។
១.១១. កិច្ចសន្យាអនុវត្តបន្តបន្ទាប់
កិច្ចសន្យាអនុវត្តបន្តបន្ទាប់
គឺជាកិច្ចសន្យាដែលអនុវត្តកាតព្វកិច្ច ត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលវែង មានន័យថាយើងអាចពន្លាការអនុវត្តបាន
។ ឧទាហរណ៍ កិច្ចសន្យាជួល
កិច្ចសន្យាអាណត្តិ គឺជាកិច្ចសន្យាបន្តបន្ទាប់ ។
២.ការបង្កើតកិច្ចសន្យា
កិច្ចសន្យាមានអានុភាពដោយសារសំណើរ និងស្វីការត្រូវគ្នា[4]
។ ទន្ទឹមនឹងនេះ កិច្ចសន្យាបានបង្កើតឡើងនៅពេលដែលដំណឹងអំពីស្វីការ
បានមកដល់អ្នកស្នើ [5] ។
២.១.សំណើ
សំណើ គឺជាការបង្ហាញឆន្ទៈជាឯកតោភាគី
ដើម្បីសុំបង្កើតកិច្ចសន្យាដែលភ្ជាប់មកជាមួយនូវចំណងគតិយុត្តក្នុងករណីដែលភាគីម្ខាងទៀតបានផ្តល់ស្វីការតបចំពោះសំណើនោះ
។ សំណើអាចធ្វើឡើងដោយមានកំណត់អំលុងពេល ឬគ្មានកំណត់ អំឡុងពេលសម្រាប់ស្វីការបាន ។
អានុភាពនៃសំណើត្រូវកើតឡើងនៅពេលដែលសំណើនោះបានដល់ភាគីម្ខាងទៀត ។
ប៉ុន្តែអានុភាពត្រូវបាត់ បង់ទៅវិញនៅពេលដែលដំណឹងអំពីការដកសំណើវិញបានដល់ភាគីម្យ៉ាងទៀត
ក្នុងពេលជាមួយគ្នានិងពេលសំណើដល់ ឬដល់មុនពេលសំណើដល់ ។
សំណើដែលមានកំណត់អំឡុងពេលសម្រាប់ស្វីការ ត្រូវបាត់បង់អានុភាពដោយស្វ័យប្រវត្តិ
បើអ្នកស្នើមិនទទួលដំណឹងអំពីស្វីការក្នុងរយៈពេលកំណត់នោះ នៅពេលដែលផុតអំឡុងពេលសម្រាប់ស្វីការ
ឬពេលអ្នកស្នើបានទទួលដំណឹងបដិសេធសំណើពីភាគីម្ខាងទៀតក្នុងអំឡុងពេលសម្រាប់ស្វីការ
សំណើនោះក៏គ្មានអានុភាពដែរ ។
ចំពោះសំណើមិនកំណត់អំឡុងពេលសម្រាប់ស្វីការ ត្រូវបាត់បង់អានុភាពនៅពេលដែល គួភាគីទទួលសំណើមិនបានយល់ព្រមភ្លាមៗ
ក្នុងស្ថានភាពដែលគូរភាគីកំពុងនិយាយគ្នាហើយអាច ឆ្លើយតបភ្លាមៗបាន ។
អ្នកស្នើមិនអាចដកសំណើវិញ ក្នុងអំឡុងពេលសមរម្យបានទេ
ប្រសិនបើ គូភាគីធ្វើសំណើដែលមិននិយាយគ្នា
។ លុះត្រាតែអ្នកស្នើជូនដំណឹងអំពីការដកវិញបានទៅដល់ ភាគីម្ខាងទៀតមុន ពេលភាគីនោះជូនដំណឹងអំពីស្វីការទើបការដកសំណើនោះមានអានុភាព
។ កិច្ចសន្យាត្រូវបានកើតឡើងនៅពេលដែលអ្នកទទួលសំណើរយល់ព្រមចំពោះអ្នកស្នើ ។
២.២.ស្វីការ
ស្វីការ គឺជាការបង្ហាញឆន្ទៈយល់ព្រមរបស់អ្នកទទួលសំណើដល់អ្នកស្នើ ។ នៅពេលដែល
ស្វីការបានដល់អ្នកស្នើស្វីការនោះត្រូវមានអានុភាពហើយការជូនដំណឹងអំពីការដកស្វីការវិញមានលក្ខណៈដូចសំណើដែរ
។ បើស្វីការបានដាក់លក្ខណខណ្ឌ ឬកែប្រែសារធាតុផ្សេងៗ នៃសំណើ ស្វីការនោះក្លាយជាសំណើថ្មី ។ ប៉ុន្តែបើលក្ខណខណ្ឌ ឬការកែប្រែនោះមិនធ្វើឲ្យមានការកែប្រែសារធាតុរបស់សំណើទេ
ស្វីការនោះមានសុពលភាពក្នុងករណីដែលអ្នកស្នើមិនបានតវ៉ាភ្លាមៗ ។
៣.សុពលភាពនៃកិច្ចសន្យា
កិច្ចសន្យាដែលចាត់ទុកថាត្រឹមត្រូវតាមគតិច្បាប់
លុះត្រាតែភាគីទាំងសងខាងគោរពនូវ លក្ខខណ្ឌគ្រិះ
និងលក្ខខណ្ឌទម្រង់នៅក្នុងដំណាក់កាលបង្កើតកិច្ចសន្យានោះ ។
៣.១.លក្ខខណ្ឌគ្រីះ
កិច្ចសន្យាមានសុពលភាពនៅពេលដែលគូភាគីបានបំពេញលក្ខខណ្ឌដូចខាងក្រោម៖
ការព្រមព្រៀង
គឺជាឆន្ទៈរបស់គូភាគីក្នុងការបង្កើតកិច្ចសន្យាដោយពិតប្រាកដ និង
ដោយសេរីគ្មានការគំរាមគំហែង ឆបោកឬក្លែងបន្លំពីភាគីណាឡើយ ។
សមត្ថភាព
គឺជាលក្ខណៈសម្បត្តិរបស់បុគ្គលម្នាក់ៗ ដែលអាចក្លាយជាម្ចាស់សិទ្ធិ
និង កាតព្វកិច្ចដែលអាចវិនិច្ឆ័យបាន អំពីលទ្ធផលនៃសកម្មភាពរបស់ខ្លួនដែលអាចធ្វើឲ្យ
សកម្មភាពរបស់ខ្លួនមានអានុភាពតាមផ្លូវច្បាប់ ។
កម្មវត្ថុ
គឺជាខ្លឹមសារសំខាន់នៃកិច្ចសន្យាដែលកម្មវត្ថុនោះត្រូវតែជាក់លាក់ ដែលអាចធ្វើទៅបាន ឬបំពេញបាន និង ស្របច្បាប់ មិនប៉ះពាល់ដល់របៀបរៀបរយសាធារណៈ ឬទំនៀមទំលាប់ល្អរបស់ប្រពៃណី ។
ការបង្ហាញឆន្ទៈដោយមិនពិតប្រាកដ
និងដោយសេរីត្រូវវៀរចាកនូវវិការៈក្នុងការបង្ហាញឆន្ទៈដូចជា៖ ការភ័ន្តច្រឡំ ការឆបោក
ការគំរាមកំហែង ការបង្ហាញការមិនពិត ឬការកេងចំណេញហួសហេតុ ។
អ្នកបង្ហាញឆន្ទៈអាចលុបចោលកិច្ចសន្យាបានដោយហេតុថា
មានការបង្ហាញឆន្ទៈនោះមានវិការៈ ក្នុងករណីដូចខាងក្រោម៖
ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការភ័ន្តច្រឡំ
។
ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការឆបោក
ឬការគំរាមកំហែង ឬការបង្ហាញការមិន ពិតរបស់ភាគីម្ខាងទៀត ។
ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយអំពើឆ្លៀតឪកាសដោយមានគោលបំណងកេងចំណេញហួសហេតុ ។[6]
៣.២.លក្ខខណ្ឌទម្រង់
កិច្ចសន្យាមានអានុភាពទៅបានលុះត្រាតែ មានភាគីនៃកិច្ចសន្យាធ្វើឡើងជាលាយលក្ខណ៍អក្សរក្រោមទម្រង់ជាលិខិតយថាភូត
។
កិច្ចសន្យាដែលភាគីម្ខាងទទួលករណីកិច្ចធ្វើអនុប្បទាននូវកម្មសិទ្ធិអចលន
វត្ថុ ឬករណីកិច្ចធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើអចលនវត្ថុនិងមានអានុភាពលុះត្រាតែបានធ្វើលិខិតយថាភូត
។ [7]
៤.ការអនុវត្តកិច្ចសន្យា
កូនបំណុលត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយសុចរិត និងស្មោះត្រង់ឲ្យស្របទៅតាមខ្លឹម
សារនៃកិច្ចសន្យា ។ នៅពេលភាគីបានបំពេញកាតព្វកិច្ចរួចរាល់ហើយ
បណ្តាលអោយកាតព្វកិច្ចនោះរលត់ ។
ករណីយកិច្ចរបស់កូនបំណុលក្នុងការអនុវត្តកាតព្វកិច្ច៖
១.កូនបំណុលត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួនអោយស្របទៅតាមខ្លឹមសារនៃកិច្ចសន្យា
និងគោលការណ៍នៃភាពសុចរិត និងភាពស្មោះត្រង់ ។
២.ការអនុវត្តកាតព្វកិច្ចរបស់ខ្លួនអោយស្របទៅតាមខ្លឹមសារនៃកិច្ចសន្យា
និងគោលការណ៍នៃភាពសុចរិត និងភាពស្មោះត្រង់ ត្រូវចាត់ទុកជាការសងដែលនាំឲ្យ
កាតព្វកិច្ចរលត់ ។[8]
ប្រសិនបើកូនបំណុលមិនព្រមអនុវត្តកាតព្វកិច្ចដោយស្ម័គ្រចិត្តទេ
ម្ចាស់បំណុលអាចប្តឹងទៅ តុលាការដើម្បីទាមទាឲ្យអនុវត្ត ។ ប៉ុន្តែបើគូភាគីបានស្រុះស្រួលគ្នាថាមិនទាមទារឲ្យអនុវត្តតាមផ្លូវតុលាការទេ
ម្ចាស់បំណុលមិនអាចប្តឹងតុលាការបានឡើយ ។
សិទ្ធិរបស់ម្ចាស់បំណុលក្នុងការទាមទារឲ្យកូនបំណុលអនុវត្តកាតព្វកិច្ចដូចជា៖
១.
ម្ចាស់បំណុលអាចទាមទារអោយកូនបំណុលអនុវត្តកាត្វកិច្ចតាមផ្លូវតុលាការ ។
២. ទោះបីជាម្ចាស់បំណុល អាចទាមទារអោយកូនបំណុលអនុវត្តកាត្វកិច្ចតាមផ្លូវតុលាការក៏ដោយម្ចាស់បំណុលមិនអាចទាមទារអោយអនុវត្តតាមផ្លូវតុលាការបានឡើយក្នុងករណីមានការព្រមព្រៀងរវាងភាគីនៃកិច្ចសន្យាថាមិនទាមទារអោយអនុវត្តតាមផ្លូវតុលាការ
។
៣.ទោះបីជាមានការកម្រិតនូវសិទ្ធិទាមទារ
ឲ្យអនុវត្តតាមផ្លូវតុលាការដោយសារមានករណីខាងលើនេះក៏ដោយ
ប្រសិនបើកូនបំណុលបានអនុវត្តកាតព្វកិច្ចដោយស្ម័គ្រចិត្តហើយ ម្ចាស់បំណុលអាចទទួល និង
រក្សាទុកនូវតាវលិកនេះ ដោយចាត់ទុកថាជាការសងបាន ។ [9]
ចំពោះកិច្ចសន្យាអញ្ញមញ្ញ ភាគីដែលត្រូបអនុវត្តកាតព្វកិច្ចមុនមានសិទ្ធិមិនអនុវត្តកាតព្វកិច្ច
របស់ខ្លួន បើមានការបារម្មណ៍ថាភាគីម្ខាងទៀតប្រាកដជាមិនអនុវត្តទេ ។
ប៉ុន្តែបើភាគីនោះបានដាក់ប្រតិភោគ ឬមានវិធានការផ្សេងៗទៀត ដើម្បីរំលត់ក្តីបារម្មណ៍នោះហើយបញ្ញត្តិនេះ
មិនអនុវត្តទេ ។
គ. កាតព្វកិច្ច
១. ប្រភពនៃកាតព្វកិច្ច
កាតព្វកិច្ចកើតឡើងដោយសារ
៖
កិច្ចសន្យា[10]
សកម្មភាពឯកតោភាគី[11]
អំពើអនីត្យានុកូល[12]
សេចក្តីចម្រើនឥតហេតុ[13]
ការគ្រប់គ្រង់ដោយឈឺឆ្អាល[14]
បញ្ញត្តិនៃច្បាប់
កាតព្វកិច្ចដែលកើតឡើងដោយកិច្ចសន្យា និងដោយសកម្មភាពឯកតោភាគី
គឺជាកាតព្វកិច្ចដែលកើតឡើងដោយឆន្ទៈរបស់ភាគី ។ ចំណែកឯកាតព្វកិច្ចដែលកើតឡើងដោយអំពើអនីត្យានុកូល ដោយបញ្ញត្តិនៃច្បាប់ សេចក្តីចម្រើនឥតហេតុ និងការគ្រប់គ្រង់ដោយឈឺឆ្អាល
គឺជាកាតព្វកិច្ចដែលកំណត់ដោយច្បាប់ ។
កាតព្វកិច្ចអាចកើតឡើងហើយក៏អាចរលត់ទៅវិញដែរ ។ មាត្រា ៤៣៣
នៃក្រមរដ្ឋប្បវេណីបានបញ្ញត្តិអំពីមូលហេតុនៃរលត់កាតព្វកិច្ច ។
២. ប្រភេទនៃកាតព្វកិច្ច
២.១. ប្រភេទកាតព្វកិច្ចតាមកម្មវត្ថុ និងគោលបំណង
កាតព្វកិច្ចតាមកម្មវត្ថុ និងគោលបំណងមាន៖
កាតព្វកិច្ចផ្ទេរ
៖ គឺជាការទាមទារឲ្យកូនបំណុលប្រគល់នូវកម្មវត្ថុនៃកិច្ចសន្យា ។
កាតព្វកិច្ចធ្វើ
៖ គឺជាការប្រព្រឹត្តនៅក្នុងអំពើមួយវិជ្ជមាន ឬតាវលិកមួយ ។
កាតព្វកិច្ចមិនធ្វើ
៖ គឺជាការទាមទារឲ្យបំពេញសកម្មភាពអវិជ្ជមាន ឬវាធ្វើឲ្យមានអុប្បវាទមួយ ។
កាតព្វកិច្ចមធ្យោបាយ
៖ គឺជាកាតព្វកិច្ចមិនខ្វល់ពីលទ្ធផលនៃកាតព្វកិច្ច
ឬមានន័យថាកូនបំណុលត្រូវទទួលបានតែការងារ ដែលមានមធ្យោបាយប្រសើរបំផុតប្រព្រឹត្តឡើងដោយប្រុងប្រយ័ត្ន
និងយកចិត្តទុកដាក់ខ្ពស់ដែលជាក់ស្តែងទទួលបានលទ្ធផល ។
កាតព្វកិច្ចលទ្ធផល
៖គឺជាកាតព្វកិច្ចដែលមិនខ្វល់ពីមធ្យោបាយនៃកាតប្វកិច្ច
ឬកាតព្វកិច្ចត្រូវកំណត់ឲ្យប្រកដប្រជា កូនបំណុលត្រូវឲ្យមានលទ្ធផលមួយច្បាស់លាស់ ។
កាតព្វកិច្ចអនិយ័ត
៖ គឺជាកាតព្វកិច្ចដែលផ្តល់ឲ្យកូនបំណុលនូវលទ្ធផលក្នុងការជ្រើសរើសកាតព្វកិច្ចតែមួយ
ឬច្រើនក្នុងចំណោមការផ្តល់កម្មវត្ថុនៃកិច្ចសន្យាច្រើនប្រភេទ ។
២.២. ប្រភេទនៃកាតព្វកិច្ចតាមប្រធាន
កាតព្វកិច្ចតាមប្រធានមាន៖
កាតព្វកិច្ចឯកតោភាគី
៖ គឺជាសកម្មភាពដែលបង្កើត កែប្រែ ឬរំលត់នូវកាតព្វកិច្ច
ដោយបង្ហាញឆន្ទៈនៃការចាត់ចែងទ្រព្យដោយភាគីម្ខាង ឬដោយអនុវត្តសិទ្ធិដែលទទួលតាមកិច្ចសន្យា
ឬតាមបញ្ញាត្តិច្បាប់ ។
កាតព្វកិច្ចទ្វេភាគី
៖ គឺជាសកម្មភាពដែលបង្កើត កែប្រែ
ឬរំលត់នូវកាតព្វកិច្ច ដោយបង្ហាញ ឆន្ទៈព្រមព្រៀងគ្នាជាទ្វេភាគី (កិច្ចសន្យាលក់ទិញ...)។
កាតព្វកិច្ចពហុភាគី
៖គឺជាសកម្មភាពដែលបង្កើត កែប្រែ ឬរំលត់នូវកាតព្វកិច្ច ដោយបង្ហាញ
ឆន្ទៈព្រមព្រៀងគ្នាជាពហុភាគី (កិច្ចសន្យាបញ្ជាំ ហ៊ីប៉ូតែក...) ។
៣. មូលហេតុនៃការរលត់កាតព្វកិច្ច
កាតព្វកិច្ចត្រូវបានរលត់ដោយមានមូលហេតុដូចខាងក្រោម៖
ការសង
ការទូទាត់ ការលើកលែង នវកម្ម ឬព្យាកុលភាព
អលទ្ធភាពក្នុងការអនុវត្តកាតព្វកិច្ចដោយគ្មានកំហុសរបស់កូនបំណុល
ការបំពេញលក្ខខណ្ឌនៃការរំលាយកិច្ចសន្យា
ឬការរំលាយកិច្ចសន្យា
ការផុតអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល
ការអនុវត្តសិទ្ធិលុបចោល
។ [15]
II. ការទទួលខុសត្រូវក្នុងកិច្ចសន្យា
ក.ទណ្ឌកម្មចំពោះការមិនគោរពលក្ខខណ្ឌ
១.មោឃភាព
មោឃភាព គឺជាទណ្ឌកម្មសម្រាប់អនុវត្តទៅលើខ្លឹមសារនៃកិច្ចសន្យាទាំងឡាយណាដែលផ្ទុយនិងបញ្ញតិ្តច្បាប់
ឬអនុវត្តដោយបង្ខំ ឬផ្ទុយនិងសណ្តាប់ធ្នាប់ជាសាធារណៈនិងទំនៀមទំលាប់ល្អរបស់សង្គមទោះបីជាភាគីនៃកិច្ចសន្យានោះបានបង្ហាញឆន្ទៈដោយគ្មានវិការៈក៏ដោយ
។ មោឃភាពចំពោះកិច្ចសន្យានេះបុគ្គលណាក៏អាចប្តឹងអំពីមោឃភាពបានដែរ ហើយមោឃភាពនេះមានអានុភាពប្រតិសកម្ម
ក្នុងករណីដែលសកម្មភាពត្រូវចាត់ទុកថាមោឃៈ ដោយសារសកម្មភាពនោះផ្ទុយនឹងទម្រង់ដែលត្រូបានទាមទារឲ្យមាន
ដោយក្រមរដ្ឋប្បវេណី ឬច្បាប់ផ្សេងទៀត ។
មោឃភាព គឺជាទណ្ឌកម្មដែលប្រកាសដោយចៅក្រមលុបបំបាត់ចោលជាប្រតិសកម្មនូវលិខិតគតិយុត្ត
មិនបានបំពេញនូវលក្ខខណ្ឌដែលច្បាប់បានកំណត់
ឬសកម្មភាពណាមួយដែលផ្ទុយទៅនឹងនីតិវិធីច្បាប់ ។ [16]
ទោះបីជាភាគីនៃកិច្ចសន្យាបានធ្វើការបង្ហាញឆន្ទៈដោយគ្មាន
វិការៈក៏ដោយក៏កិច្ចសន្យានោះចាត់ទុកជាមោឃៈ ក្នុងករណីដូចខាងក្រោម៖
អត្ថន័យនៃកិច្ចសន្យានោះ ផ្ទុយនិងបញ្ញត្តិដែលអនុវត្តដោយបង្ខំណាមួយ ។
អត្ថន័យនៃកិច្ចសន្យានោះ
ផ្ទុយនិងសណ្តាប់ធ្នាប់ជាសាធារណៈនិងទំនៀមទំលាប់ល្អរបស់សង្គម ។[17]
ទន្ទឹមនឹងនេះ ក្រមរដ្ឋប្បវេណីបានបញ្ញត្តិថាកិច្ចសន្យា
ដោយផ្អែកលើការបង្ហាញឆន្ទៈមិនពិត ដែលត្រូវបានធ្វើឡើងដោយមានការឃុបឃិតជាមួយភាគីម្ខាងទៀតត្រូវចាត់ទុកជាមោឃៈ
។ [18]
១.១. បុគ្គលដែលអះអាងពីមោឃភាព
គោលបំណងនៃមោឃភាព គឺដើម្បីឲ្យកិច្ចសន្យា
ឬសកម្មភាពឯកតោភាគី(អច្ច័យទាន...)ដែលផ្ទុយនឹងបញ្ញត្តិអនុវត្តដោយបង្ខំ
ឬសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ ។ ដូច្នោះជនណាក៏អាចអះអាងពីមោឃភាពនៃសកម្មភាពនោះបានគ្រប់ពេល
។ មោឃភាពមិនបាត់បង់អានុភាព ដោយសារការកន្លងផុតនៃពេលវេលាឡើយ ។
១.២. អានុភាព
សកម្មភាពដែលចាត់ទុកជាមោឃៈ
មិនមានអានុភាពតាំងពីដំបូងចាប់ពីធ្វើសកម្មភាព ។ ប្រសិនបើភាគីបានអនុវត្តកាតព្វកិច្ច
ដោយផ្អែកលើកិច្ចសន្យាដែលចាត់ទុកជាមោឃៈ ជាទូទៅភាគីមា្ខងទៀតត្រូវសងតាវលិកនោះមកវិញ
ដោយផ្អែកលើសេចក្តីចម្រើនឥតហេតុ ។
ប៉ុន្តែនៅក្នុងករណីដែលការទាមទាររបស់បុគ្គលដែលត្រូវបានខូចប្រយោជន៍ចំពោះបុគ្គលដែលទទួលបានប្រយោជន៍នោះ
ផ្ទុយនឹងរបៀបរៀបរយសាធារណៈ ឬទំនៀបទំលាប់ល្អ
ឬច្បាប់ដែលទាក់ទងនឹងសណ្តាប់ធ្នាប់សារធារណៈ ការទាមទារឲ្យសងនោះ
ពុំត្រូវបានអនុញ្ញាតឡើយ ។ [19]
២.ការលុបចោល
ការលុបចោល គឺជាទណ្ឌកម្មអនុវត្តលើកិច្ចសន្យាដែលបានបង្កើតឡើងធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍របស់គូភាគី
។ មូលហេតុដែលអាចប្តឹងសុំលុបចោលនេះបានគឺ៖ មានវិការៈក្នុង ការបង្ហាញឆន្ទៈ និងអសម្ថភាពរបស់គូភាគី
។ អ្នកដែលមានសិទ្ធិប្តឹងលុបចោលមានដូចតទៅ៖
គូភាគីនៃកិច្ចសន្យា
អ្នកតំណាងដែលច្បាប់កំណត់
សន្តតិជនរបស់គូភាគី
ហិតូបត្ថម្ភកៈ
។
២.១.
ជនដែលអាចលុបចោលបាន
នៅក្នុងករណីដែលមានវិការៈនៃការបង្ហាញឆន្ទៈ
នៅក្នុងករណីដែលមានវិការៈនៃការបង្ហាញឆន្ទៈ ជនដែលបានបង្ហាញឆន្ទៈដោយមានវិការៈ
ឬអ្នកតំណាងដែលច្បាប់បានកំណត់របស់ជននោះ អាចលុបចោលកិច្ចសន្យាបាន ។
ទន្ទឹមនឹងនេះសន្តតិជន ដែលបានបង្ហាញឆន្ទៈ ឬជនដែលទទួលបន្តថានៈនៅក្នុងកិច្ចសន្យាពីអ្នកដែលបង្ហាញ ឆន្ទៈ ក៏អាចលុបចោលបានដែរ ។ [20]
នៅក្នុងករណីដែលសកម្មភាពត្រូវបានធ្វើឡើងដោយមូលហេតុគ្នានសមត្ថភាព
ឬត្រូវបានកម្រិតសមត្ថភាព
នៅក្នុងករណីដែលសកម្មភាពត្រូវបានធ្វើឡើងដោយមូលហេតុគ្នានសមត្ថភាព
ឬត្រូវបានគេកម្រិតសមត្ថភាពនោះ សាមីជន អ្នកតំណាងដែលច្បាប់បានកំណត់
ឬហិតូបត្ថម្ភកៈរបស់ជននោះ ឬសន្តតិជន ឬអច្ច័យលាភីសកលរបស់សាមីជននោះ អាចលុបចោលបាន ។
ការលុបចោលដែលធ្វើឡើងដោយជនគ្នានសមត្ថភាព ឬត្រូវបានគេកម្រិតសមត្ថភាព
មិនត្រូវបានគេចាត់ទុកថាជា សកម្មភាពដែលអាចលុបចោលបាននោះទេ ពីព្រោះជាទូទៅ ការបដិសេដនូវអានុភាពនៃសកម្មភាពត្រូវបានគេចាត់ទុកថាជា
ការការពារនូវជននោះដែរ ។ [21]
២.២. អានុភាព
សកម្មភាពដែលអាចលុបចោលបាន
មានសុពលភាពរហូតដល់ពេលអ្នកដែលមានសិទ្ធិលុបចោល លុបចោលនូវសកម្មភាពនោះ ។
ប្រសិនបើអ្នកដែលមានសិទ្ធិលុបចោល បានលុបចោលនូវសកម្មភាពដែលអាចលុបចោលបាន សកម្មភាពនោះ
ត្រូវបានចាត់ទុកជាមោឃតាំងពីដំបូង ។ [22]
ការលុបចោល គឺជាសកម្មភាពឯកតោភាគី ។
ដូច្នេះ ការលុបចោលត្រូវមានអានុភាព
នៅពេលការជូនដំណឹងពីការលុបចោលនោះបានដល់ភាគីម្ខាងទៀត ។ [23]
ខ.
វិការៈក្នុងការបង្ហាញឆន្ទៈ
វិការៈ
គឺជាការប្រែប្រួលចាកពីភាពប្រក្រតី ។ [24]
វិការៈក្នុងការបង្ហាញឆន្ទៈ
គឺជាការបង្ហាញឆន្ទៈដែលខុសពីភាពប្រក្រតីបណ្តាលឲ្យកិច្ចសន្យាអាចត្រូវបាន
ភាគីណាមួយ ឬគូភាគីមានសិទ្ធិលុបចោល ឬអាចលុបចោលបានបាន
ដោយហេតុថាការបង្ហាញឆន្ទៈមានវិការៈ ។
វិការៈក្នុងការបង្ហាញឆន្ទៈ ស្តែងឡើងក្នុងករណីខាងក្រោម ៖
ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការភាន់ច្រឡំ
។
ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការឆបោក
ឬការគម្រាមកំហែង ឬការបង្ហាញការមិនពិតរបស់ភាគីម្ខាងទៀត ។
ការបង្ហាញឆន្ទៈ
ត្រូវបានធ្វើឡើងដោយអំពើឆ្លៀតឪកាសដោយមានគោលបំណងកេងយកចំណេញហួសហេតុ ។
១.ការភាន់ច្រឡំ
ការភាន់ច្រឡំ មានន័យថានៅក្នុងករណីដែលអ្នកបង្ហាញឆន្ទៈបានធ្វើការបង្ហាញឆន្ទៈដែលមានលក្ខណៈខុសគ្នាទៅនឹងឆន្ទៈពិតរបស់ខ្លួន
ហើយគេក៏មិនបានដឹងអំពីភាពខុសគ្នានេះ នៅពេលដែលគេធ្វើការបង្ហាញឆន្ទៈឡើយ ។
១.១. ការភាន់ច្រឡំអំពីចំណុចសំខាន់ៗនៃកិច្ចសន្យា
កិច្ចសន្យាដែលបានបង្កើតឡើងហើយអាចលុបចោលបាន
ប្រសិនបើកិច្ចសន្យានោះ ត្រូវបានធ្វើឡើងដោយភាគីម្ខាង
មានការភាន់ច្រឡំទៅលើចំណុចសំខាន់ៗនៃកិច្ចសន្យា
និងខណៈដែលភាគីម្ខាងទៀតបានសិ្ថតក្នុងស្ថានភាពដែលអាចដឹងបានអំពីការភាន់ច្រឡំនេះ ។ [25]
១.២. ការភាន់ច្រឡំទៅលើចំណុចនៃកិច្ចសន្យា ដែលភាគីយល់ឃើញថាសំខាន់
កិច្ចសន្យាដែលបានបង្កើតឡើងហើយអាចលុបចោលបាន
ប្រសិនបើកិច្ចសន្យានោះ មានការភាន់ច្រឡំទៅលើចំណុចនៃកិច្ចសន្យា
ដែលភាគីយល់ឃើញថាសំខាន់ ឬចំណុចដែលខ្លួនយល់ឃើញថាសំខាន់ក្នុងការបង្កើតកិច្ចសន្យា
ខណៈដែលភាគីម្ខាងទៀតបានសិ្ថតក្នុងស្ថានភាពដែលអាចដឹងបានអំពីការភាន់ច្រឡំនេះ
និងការភាន់ច្រឡំរបស់អ្នកបង្ហាញឆន្ទៈ ។ [26]
១.៣. ការភាន់ច្រឡំដោយភាគីទាំងសងខាង
នៅក្នុងករណីនសការភាន់ច្រឡំដោយភាគីទាំងសងខាង
អ្នកបង្ហាញឆន្ទៈអាចលុបចោលកិច្ចសន្យាបានទោះបីជាភាគីម្ខាងទៀត
មិនបានដឹងអំពីការភាន់ច្រឡំនេះក៏ដោយ ។ នៅក្នុងការណីនេះគូភាគីទាំងសងខាងមានការភាន់ច្រឡំដូច្នេះ
ភាពចាំបាច់នៅក្នុងការការពារភាគីម្ខាងទៀត គឺមានកម្រឹតទាប
ដែលខុសពីករណីដែលមានតែភាគីម្ខាងមានការភាន់ច្រឡំ ។
ដូច្នេះវាមិនមានភាពចាំបាច់ក្នុងការពិចារណាទៅលើលទ្ធភាពក្នុងការដឹងរបស់ភាគីម្ខាងទៀតទេ
។ [27]
២.ការឆបោក
ការបង្ហាញឆន្ទៈដោការឆបោក មានន័យថាបុគ្គលណាម្នាក់ ឬតតិយជនបានធ្វើឲ្យអ្នកបង្ហាញឆន្ទៈមានការភាន់ច្រឡំដោយសារមធ្យោបាយឆបោក
ហើយអ្នកបង្ហាញឆន្ទៈ បានបង្ហាញឆន្ទៈរបស់ខ្លួន ដោយខុសពីឆន្ទៈពិតប្រាកដរបស់ខ្លួន
និងមិនបានដឹងពីភាពខុសគ្នានេះ នៅពេលដែលគាត់ធ្វើការបង្ហាញឆន្ទៈ ។
លក្ខខណ្ឌដើម្បីកំណត់ថាវាការឆបោកនោះ គឺមិនមានចែងក្នុងក្រមរដ្ឋប្បវេណីច្បាស់លាស់
ប៉ុន្តែយើងអាចកំណត់បាននូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម ៖
ភាគីម្ខាងទៀត
ឬតតិយជនមានគោលបំណងឆបោក
សកម្មភាពឆបោកនោះ
ត្រូវបានទទួលស្គាល់ថាខុសច្បាប់
អ្នកបង្ហាញឆន្ទៈ
បានភាន់ច្រឡំដោយសារសកម្មភាពឆបោក
អ្នកបង្ហាញឆន្ទៈ
បានបង្ហាញឆន្ទៈដោយមានវិការៈ ដោយសារតែការកាន់ច្រឡំនោះ
គោលបំណងឆបោក
សំដៅលើភាគីម្ខាងទៀត ឬតតិយជនមានគោលបំណងធ្វើឲ្យអ្នកបង្ហាញឆន្ទៈមានការភាន់ច្រឡំ
និងបង្ហាញឆន្ទៈដោយមានវិការៈដោយសារតែការភាន់ច្រឡំនោះ ។ “
គោលបំណងធ្វើឲ្យអ្នកបង្ហាញឆន្ទៈមានការភាន់ច្រឡំ” មានន័យថាភាគីម្ខាងទៀត
ឬ តតិជនបានដឹងថាសកម្មភាពរបស់ខ្លួនគឺជាសកម្មភាពឆបោក
និងអ្នកបង្ហាញឆន្ទៈនឹងមានការភាន់ច្រឡំដោយសារសកម្មភាពឆបោករបស់ខ្លួន ។
ទន្ទឹមនឹងនេះគោលបំណងធ្វើឲ្យអ្នកបង្ហាញឆន្ទៈបង្ហាញឆន្ទៈដោយវិការៈដោយការភាន់ច្រឡំគឺចាំបាច់តម្រូវឲ្យមាន
។
ភាពខុសច្បាប់មានន័យថា
សកម្មភាពឆបោករបស់ភាគីម្ខាងទៀត ឬតតិយជនត្រូវតែជាសកម្មភាពផ្ទុយច្បាប់
និងមិនអាចទទួលយកបានក្នុងសង្គម ។ ទន្ទឹមនឹងនេះសកម្មភាពទាំងនោះត្រូវបានចាត់ទុកថា
ខុសច្បាប់ មិនត្រឹមតែក្នុងករណីដែលបង្ហាញពត៌មិនពិតនោះទេ គឺថែមទាំងលាក់ពត៌មាន
ឬក៏រក្សាភាពស្ងមស្ងាត់ក្នុងករណីដែលជននោះមានកាតព្វកិច្ចបង្ហាញពត៌មានជាដើម ។
ដើម្បីចាត់ទុកជាការឆបោក គឺតម្រូវឲ្យមាន អ្នកបង្ហាញឆន្ទៈ
មានការភាន់ច្រឡំ ដោយសារសកម្មភាពឆបោករបស់ភាគីម្ខាងទៀត ឬ តតិយជន ។ ដូចនេះ
នៅពេលករណីនៃការឆបោក ភាពចាំបាច់ក្នុងការការពារអ្នកបង្ហាញឆន្ទៈ
គឺខ្ពស់ជាងករណីនៃការភាន់ច្រឡំ ។ ដូច្នេះ ទោះបីជាភាគីម្ខាងទៀត បានធ្វើសកម្មភាពដោយសុចរិតទាក់ទងនឹងការឆបោក
ឬក៏ក្រមរដ្ឋប្បវេណី អនុញ្ញាតឲ្យលុបចោលកិច្ចសន្យានោះបាន។
វាតម្រូវឲ្យមានទំនាក់ទំនងហេតុ
និង ផល រវាងសកម្មភាពឆបោករបស់ភាគីម្ខាង ឬរបស់តតិយជន និងការបង្ហាញឆន្ទៈ
របស់អ្នកបង្ហាញឆន្ទៈ ។
មានអានុភាពមួយចំនួន
នៅពេលដែលអ្នកបង្ហាញឆន្ទៈ បានបង្ហាញឆន្ទៈ ដោយសារការឆបោករបស់ភាគីម្ខាងទៀត ឬ របស់
តតិយជន ។
១. អ្នកបង្ហាញឆន្ទៈដោយមានការឆបោក អាចលុបចោលកិច្ចសន្យាបាន
ដោយសំអាងថាការបង្ហាញឆន្ទៈរបស់ខ្លួនមាវិការៈ
។ [28]
២. ផ្ទុយទៅវិញអ្នកបង្ហាញឆន្ទៈ
មិនអាចអះអាងពីការលុបចោលដោយសំអាងថា ការបង្ហាញឆន្ទៈរបស់ខ្លួនមានវិការៈបានទេ
ប្រសិនបើតតិយជន បានធ្វើសកម្មភាពដោយសុចរិត និងគ្មានកំហុស ។
៣. ការគំរាមគំហែង
ការបង្ហាញឆន្ទៈដោយមានការគំរាមគំហែង
សំដៅទៅលើការណីដែលអ្នកបង្ហាញឆន្ទៈបានបង្ហាញឆន្ទៈរបស់ខ្លួនដែលផ្ទុយនឹងគោលបំណងរបស់ខ្លួនដែលបង្កឡើងនូវភាពភ័យខ្លាចពីភាគីម្ខាងទៀត
ឬតតិយជន ។
លក្ខខណ្ឌនៃការគំរាមកំហែង គឺមានដូចខាងក្រោម៖
ភាគីម្ខាងទៀត
ឬតតិយជនមានគោលបំណងធ្វើឲ្យអ្នកបង្ហាញឆន្ទៈ
ធ្វើការបង្ហាញឆន្ទៈរបស់ខ្លួនដោយមានការភ័យខ្លាច ។
សកម្មភាពបង្ខំ
ត្រូវបានទទួលស្គាល់ថាខុសច្បាប់ ។
សកម្មភាពបង្ខំ
ធ្វើឲ្យអ្នកបង្ហាញឆន្ទៈខ្លាច ។
អ្នកបង្ហាញឆន្ទៈ
បានបង្ហាញឆន្ទៈរបស់ខ្លួនដោយសារការភ័យខ្លាចនោះ ។
បុគ្គលដែលបានបង្ហាញឆន្ទៈរបស់ខ្លួនដោយសារការគំរាមគំហែងនោះអាចលុបចោលកិច្ចសន្យាបាន
។[29]
ផ្ទុយទៅវិញ
វាមិនមានបញ្ញត្តិច្បាប់ណាដើម្បីការពារតតិយជន
ទោះបីជាតតិយជនបានបង្កើតទំនាក់ទំនងក្នុងកិច្ចសន្យាដោយផ្អែកលើកិច្ចសន្យាដែលអាចត្រូវបានគេលុបចោលនោះ។
ដូច្នេះអ្នកបង្ហាញឆន្ទៈអាចអះអាងពីអានុភាពនៃការលុបចោលចំពោះតតិយជនបាន
ទោះបីជាតតិយជននោះជាជនសុចរិតក៏ដោយ ។
មូលហេតុដែលមិនមានបញ្ញត្តិសំរាប់ការពារតតិយជនទាក់នឹងការគំរាមកំហែង
គឺថាអ្នកបង្ហាញឆន្ទៈ បានបង្ហាញឆន្ទៈរបស់ខ្លួនដោយគ្មានការភាន់ច្រឡំ
ដែលមានលក្ខណៈខុសគ្មាពីការភាន់ច្រឡំ ឬការឆបោក
ដូច្នេះអ្នកបង្ហាញឆន្ទៈត្រូវបានគេការពារច្រើនជាងនៅក្នុងការណីនៃការឆបោក
ឬការភាន់ច្រឡំ ។
៤. ព័ត៌មានមិនពិត
ព័ត៌មានមិនពិតសំដៅលើករណីដែលហេតុដែលត្រូវបានលើកឡើងដោយភាគី
ដែលជាមូលដ្ឋាននៅក្នុងការបង្កើតកិច្ចសន្យាគឺខុសពីការពិត ។ ទន្ទឹមនិងនេះ ប្រសិនបើ
អ្នកបង្ហាញឆន្ទៈ បានដឹងថាហេតុនោះ មិនមែនចាការពិតនោះខ្លួន នឹងមិនបង្ហាញឆន្ទៈទេ ។
នៅក្នុងករណីនៃព័ត៌មានមិនពិត
គេតម្រូវឲ្យភាគីម្ខាងទៀតមិនបានដឹងចាហេតុដែលគាត់បានលើកឡើងនោះមិនមែនជាការពិត ។
ប្រសិនបើគាត់បានដឹងថាហេតុនោះខុសពីការពិត ត្រូវបានគេចាត់ទុកថាជាការឆបោក ។
លក្ខខណ្ឌនៃព័ត៌មានមិនពិតមានដូចខាងក្រោម ៖
ហេតុដែលភាគីម្ខាង
បានលើកឡើងដែលជាមូលដ្ឋាននៅក្នុងការបង្កើតកិច្ចសន្យា គឺខុសពីការពិត
ប្រសិនបើ
អ្នកបង្ហាញឆន្ទៈបានដឹងថាហេតុនោះ មិនមែនជាការពិតខ្លួននឹងមិនបង្ហាញឆន្ទៈទេ
ភាគីម្ខាងទៀតមិនបានដឹងថាហរតុដែលខ្លួនបានបង្ហាញនោះ
មិនមេនជាការពិត ។
៥. ការរំលោភបំពានលើស្ថានភាព
ការរំលោភបំពានលើស្ថានភាពសំដៅលើកេណីដែលភាគីបានធ្វើការចុះកិច្ចសន្យាដោយឆ្លាតឪកាស
ដែលភាគីម្ខាងទៀតកំពុងជួបប្រទះនូវការលំបាកខាងផ្នែកសេដ្ឋកិច្ច ឬសង្គម
ឬបានប្រើមិនត្រឹមត្រូវនូវស្ថានភាពផ្សេងទៀត ដែលភាគីម្ខាងទៀតមិនអាចប្រឆាំងតតបបានទេ ។
នោក្នុងករណីនេះ
ភាគីដែលបានរំលោភបំពានលើស្ថានភាពមិនត្រូបានកេចាត់ទុកថាបានគំរាមគំហែងឡើយ
ព្រោះគាត់មិនបានប្រើវិធានការបង្ខំ ។
ក៏ប៉ុន្តែដើម្បីបង្កើតជាការរំលោភបំពានលើស្ថានភាព វាមានភាពចាំបាច់ដែលភាគីម្ខាងទៀត
ឆ្លៀតឪកាស នៃស្ថានភាពទន់ខ្សោយ របស់អ្នកបង្ហាញឆន្ទៈ ។
លក្ខខណ្ឌនៃការរំលោភបំពានលើស្ថានភាពមានដូចខាងក្រោម ៖
អ្នកបង្ហាញឆន្ទៈស្ថិតនៅក្នុងស្ថានភាព
ដែលមានការលំបាកក្នុងការបដិសេដចំពោះការទាមទាររបស់
ភាគីម្ខាងទៀត ព្រោះភាគីម្ខាងទៀត បានប្រើអំណាចផ្នែកសេដ្ឋកិច្ច
ឬឋានៈក្នុងសង្គមជាដើម ដែលមានលក្ខណៈខ្ពស់ជាង
ភាគីម្ខាងទៀតបានប្រើឋានៈរបស់ខ្លួន
ដើម្បីទទួលបានប្រយោជន៍មិនត្រឹមត្រូវ
អ្នកបង្ហាញឆន្ទៈ
បានបង្ហាញឆន្ទៈរបស់ខ្លួន ព្រោះគាត់មិនអាចបដិសេដការទាមទាររបស់ភាគីម្ខាងទៀត
ដោយសារឋានៈរបស់ខ្លួនទាបជាង ។
៦. អំពើកេងចំណេញហួសហេតុ
អំពើកេងចំណេញហួសហេតុសំដៅលើករនីដែលភាគីម្ខាង
បានធ្វើកិច្ចសន្យាដោយឆ្លៀតឪកាសដែលភាគីម្ខាងទៀតកំពុងជួបប្រទះការលំបាក់ផ្នែកសេដ្ឋកិច្ច
ឬ ភាពល្ងង់ខ្លៅ ឬការខ្វះការពិសោធន៍ហើយបានកេងចំនេញយ៉ាងសន្ធឹកសន្ធាប់ពីកិច្ចសន្យានេះ
។
កោលបំណងនៃបញ្ញត្តិនេះ គឺដើម្បីការពារភាគីម្ខាងនៃកិច្ចសន្យា
ដុចជាអ្នកប្រើប្រាស់ពីអ្នកផលិតនូវផលិតផលយ៉ាងសន្ធឹកសន្ធាប់
ដែលប៉ុនប៉ងកេងយកចំនេញយ៉ាងសន្ថឹកសន្ធាប់ ដោយឆ្លៀតឪកាស នូវភាពល្ងង់ខ្លៅ
ឬខ្វះបទពិសោធន៍របស់អ្នកប្រើប្រាស់ ។
លក្ខខណ្ឌនៃអំពើកេងចំណេញហួសហេតុមានដូចខាងក្រោម ៖
អ្នកបង្ហាញឆន្ទៈ
ស្ថិតក្នុងស្ថនភាពការលំបាកផ្នែកសេដ្ឋកិច្ច ឬ ភាពល្ងង់ខ្លៅ ឬការខ្វះការពិសោធន៍
ភាគីម្ខាងទៀត
បានធ្វើកិច្ចសន្យាដោយឆ្លៀតឪកាស ដែលភាគីម្ខាងទៀត
កំពុងជួបប្រទះការលំបាកផ្នែកសេដ្ឋកិច្ច ឬ ភាពល្ងង់ខ្លៅ ឬការខ្វះការពិសោធន៍
ភាគីម្ខាងទៀត
បានកេងយកចំនេញយ៉ាងសន្ថឹកសន្ធាប់ពីកិច្ចសន្យា ។
គ.ការសង្រ្គោះចំពោះការបំពានលើកាតព្វកិច្ច
[30]
បើភាគីនៃកិច្ចសន្យាមិនបានបំពេញកាតព្វកិច្ចទៅតាមខ្លឹមសារនៃកិច្ចសន្យាទេចាត់ទុកថាមិនបានអនុវត្តកាតព្វកិច្ច
។ ការមិនអនុវត្តកាតព្វកិច្ចស្តែងឡើងក្នុងករណីដូចខាងក្រោម៖
កូនបំណុលមិនអាចអនុវត្តកាតព្វកិច្ចឲ្យទាន់ពេលកំណត់ត្រូវអនុវត្តដោយសារយឺតយ៉ាវក្នុងការអនុវត្ត
អលទ្ធភាពក្នុងការអនុវត្ត
កូនបំណុលមិនបានអនុវត្តកាតព្វកិច្ចឲ្យពេញលេញតាមខ្លឹមសារនៃកិច្ចសន្យា
។
ករណីផ្សេងទៀតដែលគ្មានការអនុវត្តតាមខ្លឹមសារនៃកិច្ចសន្យា
។ [31]
ប្រសិនបើមានករណីណាមួយដូចខាងលើនេះ ភាគីនីមួយៗអាចទាមទារឲ្យអនុវត្តកាតព្វកិច្ចដោយបង្ខំ
ទាមទារសំណងខូចខាត ឬរំលាយកិច្ចសន្យានោះបាន ។
១.ការអនុវត្តដោយបង្ខំ
ក្នុងករណីដែលកូនបំណុលមិនអនុវត្តកាតព្វកិច្ចទៅតាមខ្លឹមសារ នៃកាតព្វកិច្ចដោយស្ម័គ្រ
ចិត្តទេ ម្ចាស់បំណុលអាចប្តឹងទៅតុលាការដើម្បីបង្ខំអោយអនុវត្ត
ឬប្តឹងទាមទារសំណងខូចខាត ជំនួសការអនុវត្តនោះ ឬទាមទារជាមួយគ្នាក្នុងទំហំស្របគ្នា ។
២.ការរំលាយកិច្ចសន្យា
ភាគីនៃកិច្ចសន្យាអញ្ញមញ្ញអាចរំលាយកិច្ចសន្យាភ្លាមៗបាន
បើភាគីម្ខាងបំពានកិច្ចសន្យាធ្ងន់ធ្ងរដែលបណ្តាលពីការមិនអនុវត្តកាតព្វកិច្ច ។ ករណីដែលភាគីម្ខាងមិនអាចសម្រេចគោលបំណងនៃកិច្ចសន្យាបានដោយសារការបំពានរបស់គូភាគីម្ខាងទៀតនោះជាការបំពានយ៉ាងធ្ងន់ធ្ងរ
។ ត្រូវចាត់ទុកជាការបំពានកិច្ចសន្យាធ្ងន់ធ្ងរក្នុងករណីដូចជា៖
ភាគីម្ខាងមិនព្រមអនុវត្តកាតព្វកិច្ចទោះបីជាមានការដាស់តឿន
និងកំណត់រយៈពេលសមរម្យហើយនៅតែមិនអនុវត្ត ឬភាគីមិនអនុវត្តកាតព្វកិច្ចតាមកាលកំណត់ធ្វើអោយគោលបំណងនៃកិច្ចសន្យាបរាជ័យ
។
ភាគីមិនអាចផ្តល់តាវការលិកចម្បងរបស់ខ្លួនបាន
ឬជឿជាក់ថានឹងមិនអាចអនុវត្តកាតព្វកិច្ចនាអនាគត ។
បើមានករណីដូចខាងលើគូភាគីរំលាយកិច្ចសន្យាដោយបញ្ហាញឆន្ទៈចំពោះគូភាគីម្ខាងទៀត
ក្រៅតុលាការបាន ហើយការរំលាយនេះមិនអាចដកវិញបានទេ ។ គូភាគីមិនអាចរំលាយកិច្ចសន្យា និងទាមទារបដិទានបានទេ
បើអំឡុងពេល៥ឆ្នាំកន្លងហួសគិតចាប់ពីពេលមិនអនុវត្តកាតព្វកិច្ច ។
៣.សំណងនៃការខូចខាត
ម្ចាស់បំណុលអាចទារសំណងការខូចខាត ដែលកើតចេញពីការមិនអនុវត្តកាតព្វកិច្ចបាន
ទោះបីជាកូនបំណុលអោយ អ្នកដទៃជួយអនុវត្តក៏ដោយ ។
ប៉ុន្តែបើកូនបំណុលមានសំអាងថាគ្មានកំហុសក្នុងការមិនអនុវត្តកាតព្វកិច្ចទេ
នោះត្រូវរួចផុតពីសំណង ។ ម្ចាស់បំណុលអាចទាមទារនូវសំណងនៃផលប្រយោជន៍ដែលទទួលបានពីកិច្ចសន្យា
និងរាល់ចំណាយលើ ឬបន្ទុកដែលបង្កើតឡើងដោយសារការមិនអនុវត្តកាតព្វកិច្ចហើយក៏ទាមទារសំណងខូចខាតខាងផ្លូវចិត្ត
ទៅតុលាការបង្គាប់អោយកូនបំណុលជួសជុលបានដែរ ។
ចំណែកកូនបំណុលត្រូវជួសជុលទៅតាមទំហំនៃព្យសនកម្មដូចជា៖
ការខាតបង់របស់ម្ចាស់បំណុលកើតពីការមិនអនុវត្តកាតព្វកិច្ច ឬការខាតបង់ដែលអាចព្យាករណ៍ថានិងកើតឡើង
ឬផលប្រយោជន៍ដែលខ្លួនទទួលបានពីចេតនាទុច្ចរិតនោះ ។ ប៉ុន្តែបើតាមការមិនអនុវត្តតាមកាតព្វកិច្ច
ឬមានការខូចខាតផ្នែកខ្លះម្ចាស់បំណុលជាអ្នកបង្កឡើង តុលាការអាចបន្ថយចំនួននៃសំណងការខូចខាតនោះបាន
។ តុលាការមិនអាចបន្លែមឬបន្ថយចំនួននៃសំណងបានទេ បើគូភាគីបានធ្វើការសន្យាពិសេស
លុះត្រាតែចំនួនទឹកប្រាក់ដែលបានសន្យាច្រើន ឬតិចពេកបើធៀបទៅនឹង
ព្យសនកម្ម ។
III. ការទទួលខុសត្រូវក្រៅកិច្ចសន្យា
ក.ការទទួលខុសត្រូវដោយអំពើអនីត្យានុកូល
អំពើអនីត្យានុកូល គឺជាអំពើដែលផ្ទុយនិងច្បាប់
ផ្ទុយសីលធម៌ល្អរបស់សង្គមដែលប្រព្រឹត្តដោយបុគ្គលម្នាក់ ឬមួយក្រុម
ហើយធ្វើប៉ះពាល់ដល់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ បូរណភាពរូបរាងកាយ
ឬខូចខាតប្រយោជន៍អ្នកដទៃ ។ បុគ្គលដែលបង្កការខូចខាត
ត្រូវសងការខូចខាតដោយសាមគ្គីភាព ឬទៅតាមភាគដែលខ្លួនបានបង្កនោះ បើអាចបញ្ជាក់បានអំពីភាគនៃការខូចខាតដែលខ្លួនបានបង្ក
។
ប៉ុន្តែបើបុគ្គលដែលមានអាយុក្រោម១៤ឆ្នាំ
ឬបុគ្គលដែលស្ថិតក្នុងស្ថានភាពមិនអាចយល់ដឹង និងវិនច្ឆ័យបានអំពីការទទួលខុសត្រូវចំពោះអំពើររបស់ខ្លួនដែលបានប្រព្រិត្តនោះ
ដោយសារមានវិបត្តិផ្នែកបញ្ញាស្មារតី ឬមូលហេតុផ្សេងទៀត បុគ្គលនោះមិនទទួលខុសត្រូវសំណងខូចខាតដោយអំពើអនីត្យានុកូលឡើយ
។
ខ.ការទទួលខុសត្រូវលើអំពើផ្ទាល់ខ្លួន
នីតិជនដែលបានប្រព្រឹត្តកំហុសបង្កឲ្យមានគ្រោះថ្នាក់ការខូខាត ឬបាត់បង់ផលប្រយោជន៍របស់អ្នកដទៃ
ជននោះត្រូវទទួលខុសត្រូវចំពោះអំពើបស់ខ្លួនដោយហេតុថាបានបង្កើតកំហុស បណ្តាលឲ្យមានព្យសនកម្ម និងមានចំណងហេតុ
និងផល។
កំហុស
គឺជាអំពើប្រព្រឹត្តដោយចេតនា ឬអចេតនា ដែលបង្កការខូចខាតដល់អ្នកដទៃ ។
កំហុសចេតនាជាអំពើបំពានដោយព្យាករទុកជាមុនថានឹងមានលទ្ធផលកើតឡើង
ហើយទទួលយកនូវលទ្ធផលនោះ ។ កំហុសអចេតនា
ជាអំពើបើតាមប្រក្រតី បុគ្គលដែលមាន ឋានៈនៃការងារ
ឬ បទពិសោធន៍ស្មើគ្នានឹងអ្នកប្រព្រឹត្ត អាចព្យាករទុកជាមុននៃលទ្ធផលក៏ដោយក៏អ្នកប្រព្រឹត្តនៅតែមិនយល់ដឹង
និងវិនិច្ឆ័យបានអំពីលទ្ធផលនោះ ដោយសារការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន
ទោះបីជាមានករណីយកិច្ចជៀសវាង ក៏នៅតែប្រព្រឹត្តបំពាន ។
ព្យសនកម្ម
គឺជាការបង្កការខូចខាតផ្នែកសម្ភារៈ រាងកាយ ផ្លូវចិត្តដល់អ្នកដទៃដែលកើត
ចេញពីកំហុសចេតនា ឬអចេតនា ។
ចំណងហេតុ
និងផល ជាទំនាក់ទំនងរវាងអំពើ និងព្យសនកម្ម ដែលបានកើតឡើង បើតាមប្រក្រតីបើគ្មានអំពើបំពានក៏គ្មានការខូចខាត
ឬលទ្ធផលកើតឡើងដែរ ។
គ.ការទទួលខុសត្រូវលើអំពើអ្នកដទៃ
១.ការទទួលខុសត្រូវរបស់អ្នកមានករណីយកិច្ចត្រួតពិនិត្យ
បុគ្គលដែលមានករណីកិច្ចត្រួតពិនិត្យ
ត្រូវសងការខូចខាតរបស់អ្នកដទៃ ដែលប្រព្រឹត្តដោយ ជនអសមត្ថភាពស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន
ដែលមានអាយុក្រោម ១៤ឆ្នាំ ។ បើការខូចខាតនោះបង្កដោយអនីតិជនអាយុចាប់ពី១៤ឆ្នាំឡើង
ទៅត្រូវសងការខូចខាតដោយសាមគ្គីជាមួយអ្នកមានករណីកិច្ចត្រួតពិនិត្យ ។
២.ការទទួលខុសត្រូវរបស់និយោជក
និយោជក ឬបុគ្គលដែលមានឋានៈត្រួតពិនិត្យជំនួសនិយោជក
ត្រូវទទួលខុសត្រូវចំពោះ សំណងខូចខាតដែលបង្កដោយនិយោជិតក្នុងការអនុវត្តកិច្ចការ ។
និយោជក ឬអ្នកត្រួតពិនិត្យ ជំនួស អាចទាមទារសំណងពីនិយោជិតទៅតាមកម្រិតនៃកំហុស ។
៣.ការទទួលខុសត្រូវរបស់នីតិបុគ្គល
នីតិបុគ្គល ត្រូវទទួលខុសត្រូវលើសំណងនៃការខូចខាតរបស់អ្នកដទៃ ដែលបង្កដោយ
សមាជិកគណៈកម្មការ ឬអ្នកតំណាងរបស់ខ្លួនក្នុងពេលអនុវត្តភារកិច្ច ។ ប៉ុន្ដែនីតិបុគ្គលអាច ទាមទារសំណងពីអ្នកទាំងនោះបាន
បើបានជួសជុលព្យសនកម្មដល់អ្នកដទៃរួចហើយ ។
៤.ការទទួលខុសត្រូវចំពោះមន្ដ្រីរាជការ
រដ្ឋ ឬស្ថាប័នសាធារណៈ ត្រូវសងការខូចខាតដល់អ្នកដទៃ
ដែលបង្កដោយមន្រ្ដីរាជការ ដោយខុសច្បាប់ ក្នុងពេលអនុ វត្តអំណាចសាធារណៈ ។ បើកម្រិតនៃការបំពានករណីយកិច្ចមានភាពធ្ងន់ធ្ងរ
រដ្ឋ ឬស្ថាប័នសាធារណៈ អាចទាមទារសំណង ពីមន្រ្ដីនោះបាន ។
៥.ការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វ
បុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវចំពោះសំណងការខូចខាត
ដែលបានកើត ឡើងដល់អ្នកដទៃបង្កដោយសត្វដែលខ្លួនកាន់កាប់ ឬគ្រប់គ្រង ។
៦.ការទទួលខុសត្រូវលើផលិតផល
របស់អ្នកផលិតវត្ថុ
បើមានវិការៈ នាំឲ្យមានគ្រោះថ្នាក់មិនសមហេតុផលក្នុងចលនវត្ថុដែលត្រូវបានផលិតបានបណ្ដាលឱ្យមានការខូចខាតដល់អ្នកដទៃ
ដោយសារវិការៈនោះ ផលិតករនៃចលនវត្ថុ ត្រូវទទួល ខុសត្រូវសំណងខូចខាត ។
បុគ្គលដែលនាំចលនវត្ថុ ចូលឬបានដាក់នាមករណ៍របស់ខ្លួននៅលើចលនវត្ថុត្រូវចាត់ទុកជាផលិតករ
។ ប៉ុន្ដែក្នុងករណីដែលមិនអាចប្រមាណនូវវិការៈ នោះបាន ដោយសារកម្រិតវិទ្យាសាស្ត្រនៃបច្ចេកទេសដែលមានក្នុងសម័យផលិត
ផលិតករត្រូវរួចផុតពីការទទួលខុសត្រូវ ។
៧.ការទទួលខុសត្រូវចំពោះវត្ថុគ្រោះថ្នាក់
កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងរថយន្ត គ្រឿងចក្រសម្រាប់ដឹកជញ្ជូន
គ្រឿងផ្ទុះ វត្ថុធាតុវិទ្យុសកម្ម វត្ថុធាតុគីមីដែលមានជាតិពុល ឬគ្រឿងដែលមានកម្រិតគ្រោះថ្នាក់ខ្ពស់ផ្សេងទៀត
ត្រូវសងការខូចខាតដល់អ្នកដទៃដែលបង្កដោយវត្ថុគ្រោះថ្នាក់ទាំងនោះ
ក្នុងនាមជាអ្នកគ្រប់គ្រង ឬ ជាកម្មសិទ្ធិករ ។ ប៉ុន្ដែមិនត្រូវយកមកអនុវត្តទេ
បើការខូចខាតនោះបណ្ដាលមកពីប្រធានសក្កិពីជនរង គ្រោះ ឬតតិយជន ឬគ្មានវិការៈក្នុងការគ្រប់គ្រងវត្ថុនោះ ។
៨.ការទទួលខុសត្រូវចំពោះសំណងជាប់នឹងដី
បើការខូចខាតដល់អ្នកដទៃ ដោយសារការសាងសង់សំណង់ដែលជាប់នឹងដី
ឬការគ្រប់ គ្រងសំណងនោះមានវិការៈ អ្នកគ្រប់គ្រង
និងកម្មសិទ្ធករត្រូវទទួលខុសត្រូវដោយសាមគ្គីភាព ។ បន្ទុករបស់កម្មសិទ្ធិករ និងអ្នកគ្រប់គ្រងត្រូវកំណត់ទៅតាមកម្រិតនៃការបង្កឱ្យមានវិការៈ
នៃការសាងសង់ និងគ្រប់គ្រង ។
ឃ.ជួសជុលព្យសនកម្ម
១.សំណងផ្នែកសម្ភារៈ
អំពើអនីត្យាកូល ដែលបណ្ដាលឱ្យមានការបែកបាក់ បាត់បង់ខូចខាតនូវវត្ថុ
ឬទ្រព្យសម្បត្តិ របស់អ្នកដទៃ ។ ជនរងគ្រោះពីអំពើនោះ អាចទាមទារនូវសំណងតម្លៃនៃវត្ថុ
ឬទ្រព្យសម្បត្តិដែល បែកបាក់ឬសោហ៊ុយជួសជុលជាអាទិ៍ ។
២.សំណងផ្នែករាងកាយ
ជនរងគ្រោះពីការបំពានរូបរាងកាយ
អាចទាមទារសំណងការខូចខាតចំពោះទ្រព្យសម្បតិ្តរួមទាំងសោហ៊ុយព្យាបាល
ប្រាក់ចំណូលដែលមិនបានទទួលនៅក្នុងពេលព្យាបាល និងប្រាក់ចំណូលនៅពេលអនាគតដោយសារផលវិបាកដែលបន្សល់ទុកក្រោយពីការព្យាបាល
។
បើអំពើអនីត្យានុកូលបណ្ដាលឱ្យបាត់បង់ដល់ជីវិតជនរងគ្រោះអាចទទួលសិទ្ធិទាមទាររាល់ការចំណាយផ្សេងៗ
ដែលបានបាត់បង់ ឬមានករណីយកិច្ចត្រូវបង់ និងប្រាក់ចំណូលដែលមិនបាន
ទទួលចាប់ពីក្រោយពេលរងគ្រោះរហូតដល់ទទួល មរណភាព ។ បុគ្គលដែលមានសិទ្ធិទទួល
អាហារកាតព្វកិច្ចដោយច្បាប់ ទំនៀមទម្លាប់ឬដោយកិច្ចសន្យាអាចទាមទារនូវទ្រព្យសម្បត្តិដែល
ខ្លួនមិនបានទទួលដោយមរណភាពរបស់ជនរងគ្រោះ សោហ៊ុយចេញជំនួសជនរងគ្រោះ និងសោ
ហ៊ុយធ្វើបុណ្យសពជាអាទិ៍។
៣.សំណងផ្នែកផ្លូវចិត្ត
ជនរងគ្រោះក៏អាចទាមទារសំណងខូចខាត
ដោយអំពើអនីត្យានុកូលដែលធ្វើឱ្យប៉ះពាល់ ដល់កិត្តិយស កេរ្ដិ៍ឈ្មោះ សតិអារម្មណ៍ ឬឲ្យចុះខ្សោយខាងបញ្ញាស្មារតី
ដែលបានកើតឡើង ចំពោះខ្លួន ។
សិទ្ធិទាមទារសំណងនៃការខូចខាត ដោយអំពើអនីត្យានុកូលត្រូវរលត់
បើអំឡុងពេល ៣ឆ្នាំបានកន្លងហួស បន្ទាប់ពី ពេលដែលជនរងគ្រោះ ឬអ្នកតំណាងបានដឹងថា
អាចទាមទារ សំណងការខូចខាតចំពោះអ្នកប្រព្រឹត្តអំពើបំពានបាន ឬបើអំឡុងពេល
១០ឆ្នាំបានកន្លងហួស បន្ទាប់ពីអំពើ អនីត្យានុកូលបានប្រព្រឹត្ត
។
សេចក្តីសន្និដ្ឋាន
ដូចនេះយើងអាចសន្និដ្ឋានបានថាការចុះកិច្ចសន្យាមានសារសំខាន់ខ្លាំងណាស់ដើម្បីភាគីនៃកិច្ចសន្យាអនុវត្តនូវសិទ្ធិ
និងកាតព្វកិច្ចរបស់ខ្លួនរៀងៗខ្លួនទៅតាមខ្លឹមសារនៃកិច្ចសន្យាដែលបានព្រមព្រៀងគ្នា ។
លើសពីនេះការចុះកិច្ចសន្យាឲ្យមានសុពលភាពរឹតតែជារឿងសំខាន់ទៅទៀតដើម្បិជៀសវាងទំនាស់បន្ទាប់កិច្ចសន្យាបានបង្កើតឡើងហើយនោះ ឬក៏កិច្ចសន្យាត្រូវបានបង្កើតឡើងហើយបែរជាគា្មនសុពលភាពដោយសារការចុះកិច្ចសន្យានេះមិនបានបំពេញទៅនឹងក្របខណ្ឌនៃច្បាប់
ឬកិច្ចសន្យានោះមិនបានចេញពីឆន្ទៈរបស់គូភាគីចង់បាន ឬក៏មូលហេតុផ្សេងទៀតដូចជាមោឃភាព
ការលុបចោលជាដើមដែលនាំឲ្យគូរភាគីខាតបង់នូវពេលវេលា ថវិកា និងខូចប្រយោជន៍ផ្សេងៗ ទៀត ។
បន្ថែមពីនេះទៀតបន្ទាប់ពីគូភាគីចុះកិច្ចសន្យាដែលមានសុពលភាព
ដែលចាប់បង្ខំឲ្យភាគីអនុវត្តនូវសិទ្ធិ និងកាតព្វកិច្ចហើយបែរជាភាគីម្ខាងមិនចង់អនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន
ច្បាប់តម្រូវឲ្យភាគី(កូនបំណុល) មានកាតព្វកិច្ចបំពេញទៅតាមខ្លឹមសារដែលបានព្រមព្រៀង
បើមិនដូច្នេះទេ ភាគីម្ខាងទៀតមានសិទ្ធិមួយចំនួនដែលច្បាប់បានផ្តល់ឲ្យដូចជា
ការអនុវត្តដោយបង្ខំ ការរំលាយកិច្ចសន្យា និងសំណងនៃការខូចខាតជាដើម ។
ដូចនេះដើម្បីចៀសវាងការកើតឡើងនូវព្យសនកម្មណាមួយដែលេជាកំហុសក្នុងការអនុវត្តនូវកាព្វកិច្ច
គូភាគីគប្បីមានការព្រមព្រៀម កិច្ចសន្យាត្រូវធ្វើឡើងតាមទម្រង់ច្បាប់ដើម្បីមានអានុភាពចាប់បង្ខំឲ្យគូភាគីត្រូវតែអនុវត្តឲ្យខានតែបាន
ដើម្បីកំឲ្យខាតពេលវេលា បា្រកកាស និងខូចប្រយោជន៍របស់ខ្លួន ។
ឯកសារយោង
- ក្រមរដ្ឋប្បវេណឆ្នាំ ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា
- ការបកស្រាយក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា ភាគ ១ ដល់ ៦ ដោយ JICA
- ឧបសម្ព័ន្ធក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា(សន្ទានុក្រមរដ្ឋប្បវេណី)
- មេរៀននីតិកាតព្វកិច្ចរបស់សាស្ត្រចារ្យ គង់ សុភ័ក្ត្រ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- នីតិកាតព្វកិច្ច សាស្ត្រចារ្យ រស់ ស៊ីសុវណ្ណា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- វចនានុក្រតាមបទដ្ឋានគតិយុត្តខ្មែររបស់ ខ្មែរឡរ(Khmer Law)
[1] មាត្រា
៥៧៤ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧
[2]
មាត្រា៦២៦
នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧
[3]
មាត្រា៣៣៦
កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧
[4]
មាត្រា ៣៣៦
នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[5]
មាត្រា ៣៤០
នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[6]
មាត្រា ៣៤៥ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[7]
មាត្រា ៣៣៦ កថាខណ្ឌទី២នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[8]
មាត្រា៣៨៤ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[9]
មាត្រា៣៨៥ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[10]
មាត្រា ៣១១
សន្ទានុក្រម ១៥ ក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧
[11]
មាត្រា ៣១២
សន្ទានុក្រម ១៤១ ក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧
[12]
មាត្រា ៧៤២
ដល់ ៧៦៥ សន្ទានុក្រម ២០៤ ក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧
[13]
មាត្រា ៧៣៦
ដល់ ៧៤១ សន្ទានុក្រម ១៩៥ ក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧
[14]
មាត្រា ៧២៩
ដល់ ៧៣៥ ក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧
[15]
ជំពូកទី ៣ កាតព្វកិច្ច
ផ្នែកទី១ ការរលត់ការតព្វកិច្ច ទំព័រទី១ អំពីមូលហេតុនៃការរលត់ការតព្វកិច្ច នៃក្រមរដ្ឋប្បវេណី
[16]
សន្ទានុក្រម
១២៥ នៃក្រមរដ្ឋប្បវេណី
[17]
មាត្រា៣៥៤ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[18]
មាត្រា៣៥៣ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[19]
មាត្រា
៧៤១នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧
[20]
មាត្រា៣៩៥ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[21]
មាត្រា៣៩៥ កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[22]
មាត្រា៣៥៨ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[23]
មាត្រា៣៦០ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[24]
សន្ទានុក្រម
១៣៥ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧
[25]
មាត្រា
៣៤៦ កថាខណ្ឌទី ១ នៃក្រមរដ្ឋប្បវេណី ២០០៧
[26]
មាត្រា
៣៤៦ កថាខណ្ឌទី ២ នៃក្រមរដ្ឋប្បវេណី ២០០៧
[27]
មាត្រា
៣៤៦ កថាខណ្ឌទី ៣ នៃក្រមរដ្ឋប្បវេណី ២០០៧
[28]
មាត្រា ៣៤៧ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី
២០០៧
[29]
មាត្រា
៣៥០នៃក្រមរដ្ឋប្បវេណី ២០០៧
[30]
មាត្រា ៣៩១ ដល់ ៣៩៤ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[31]
មាត្រា៣៨៩ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
No comments:
Post a Comment