សេចក្តីផ្តើម
ជាទូទៅការបើក
និងបិទសហគ្រាស ឬគ្រឹះស្ថានមួយមិនមែនជាការងាយស្រួលនោះទេ ។ ការបើកសហគ្រាសត្រូវមានការទទួលស្គាល់ពីក្រសួងទទួលបន្ទុក
ឬក្រសួងអាណាព្យាបាល ចំណែកឯការបិទសហគ្រាសវិញក៏ត្រូវតែជូនដំណឹងអំពីការបិទនេះផងដែរបើយោងតាមនីតិវិធីច្បាប់
។ សហគ្រាស គ្រឹះស្ថានគឺជាផ្នែកមួយនៃផលិតកម្ម
ហើយការផលិតទៀតសោតត្រូវការប្រើប្រាស់គ្រឿងយន្ត និងកម្មករនិយោជិតជាច្រើន ចំណែកនិយោជកជាអ្នកដែលមានអធិនភាពចំពោះកម្មករនិយោជិតរបស់ខ្លួនតាមច្បាប់ការងារកម្ពុជាឆ្នាំ
១៩៩៧ ។ យោងតាមច្បាប់រូបវ័ន្តបុគ្គល ឬនីតិបុគ្គលជាសាធារណៈ
ឬឯកជនទាំងអស់នឹងទុកជានិយោជកដែលបង្កើតសហគ្រាសតាមន័យនៃច្បាប់នេះ
លុះត្រាតែបុគ្គលទាំងនោះមានប្រើកម្មករ និងនិយោជិតម្នាក់ ឬច្រើននាក់
ទោះបីមិនជាប់លាប់ក៏ដោយ លើសពីនេះសហគ្រាសនីមួយៗ អាចមានគ្រិះស្ថានច្រើន
ហើយគ្រិះស្ថាននីមួយៗ នោះអាចប្រើមនុស្សមួយក្រុមធ្វើការរួមគ្នាក្នុងកន្លែងណាមួយជាក់លាក់
ដូចជារោងចក្រ រោងជាង ការដ្ឋាន...ក្រោមការគ្រប់គ្រង និងដឹកនាំរបស់និយោជក ។ ដូច្នោះក្នុងនាមនិយោជកសហគ្រាសមួយ
ថាតើត្រូវមានកាតព្វកិច្ចយ៉ាងដូចម្តេចចំពោះសហគ្រាស ក៏ដូចជាកម្មករនិយោជិតរបស់ខ្លួន ។
ម៉្យាងវិញទៀត ថាតើសហគ្រាសមានកាតព្វកិច្ចទទួលខុសត្រូវដូចម្តេចដើម្បីដំណើការរបស់សហគ្រាសល្អប្រសើរ
និងមានភាពត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជាធរមាន ។ លើសពីនេះទៅទៀតក្រៅពីកាតព្វកិច្ចតាមផ្លូវច្បាប់
ថាតើសហគ្រាសត្រូវមានកាតព្វកិច្ចយ៉ាងដូចម្តេចដែរ ចំពោះការទទួលខុសត្រូវរបស់ម្ចាស់សហគ្រាស(និយោជក)ចំពោះអនាម័យ
និងសន្តិសុខរបស់កម្មករនិយោជិត ។
ដូចនេះគប្បីស្វែងយល់នូវការបកស្រាយយ៉ាងលំអិតដូចខាងក្រោមនេះ៖
ផ្នែកទី១ កាតព្វកិច្ចរបស់សហគ្រាស
ជំពូកទី១ និយមន័យនៃសហគ្រាស
សហគ្រាស
គឺជាគ្រឹះស្ថាន ឬអង្គការជារបស់រាជការ ឬរបស់ឯកជនសម្រាប់ទទួលធ្វើការធំៗ
ដូចជា ស្ថាបនាស្ពាន ស្ថាបនាថ្នល់ជាដើម
ឧទាហរណ៍ៈសហគ្រាសទទួលធ្វើស្ពាន ប្រគល់មុខសំណង់នោះទៅឲ្យសហគ្រាស ។ ចំណែកពាក្យសហគ្រិនគឺជាម្ចាស់សហគ្រាស
ឬជនអ្នកកាន់កាប់សហគ្រាស ។[1]
ជំពូកទី២ កាតព្វកិច្ចរបស់សហគ្រាស
កថាខណ្ឌទី១ ការចុះបញ្ជីការរបស់សហគ្រាស
នៅក្នុងប្រទេសជាច្រើន
មុននឹងបុគ្គលណាម្នាក់ ឬក្រុមហ៊ុនមួយអាចបើកអាជីវកម្មបាន ពួកគេត្រូវជួលកម្មករនិយោជិត
ហើយដំណើរការអាជីវកម្មបុគ្គល ឬក្រុមហ៊ុននោះ ត្រូវចុះបញ្ជីការជាមួយរដ្ឋាភិបាល ។ ជាញឹកញាប់
ក្រុមហ៊ុនអាចត្រូវចុះបញ្ជីការជាមួយការិយាល័យជាច្រើនសំរាប់គោលបំណងខុសៗពីគ្នា ។ ឧទាហរណ៍ ក្រុមហ៊ុនអាចត្រូវចុះបញ្ជីការិយាល័យពន្ធដារ
ដើម្បីឲ្យការិយាល័យនេះបំពេញភារកិច្ចរបស់ខ្លួនដើម្បីអនុវត្ត និងដាក់ឲ្យអនុវត្តច្បាប់ស្ដីពីពន្ធដារ
។ ជាញឹកញាប់ក្រុមហ៊ុនត្រូវចុះបញ្ជីការជាមួយអាជ្ញាធរក្រុងដើម្បីធានាថា ក្រុមហ៊ុនទាំងនេះដំណើរការទៅនឹងកន្លែងសំរាប់អាជីវកម្ម
ដោយមានអាជ្ញាប័ណ្ណអាជីវកម្មត្រឹមត្រូវ ។
នៅកម្ពុជា ក្រុមហ៊ុនត្រូវចុះបញ្ជីការជាមួយក្រសួងទទួលបន្ទុកវិស័យការងារ
។ ដើម្បីអោយក្រសួងទទួលបន្ទុកវិស័យការងារអាចបំពេញភារកិច្ចរបស់ខ្លួន ដើម្បីអនុវត្ត
នឹងដាក់អោយអនុវត្តច្បាប់ការងារ វាជាការចាំបាច់សម្រាប់ក្រសួងទទួលបន្ទុកវិស័យការងារអាចមានលទ្ធភាពកំណត់លើសហគ្រាសទាំងអស់ដែលគ្រប់គ្រងដោយច្បាប់ការងារ
។ ក្រសួងទទួលបន្ទុកវិស័យការងារ ត្រូវការស្គាល់សហគ្រាសអ្នកណា ស្ថិតនៅកន្លែងណា
ធ្វើអាជីវកម្មអ្វី តើកម្មករនិយោជិតរបស់គេជាអ្នកណា។
និយោជកទាំងអស់ដែលគ្រប់គ្រងដោយច្បាប់ការងារតម្រូវឲ្យធ្វើ
និងបញ្ជូនទៅក្រសួងទទួលបន្ទុកវិស័យការងារនូវសេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស
។ ជាទូទៅនិយោជកត្រូវចុះបញ្ជីការជាមួយក្រសួងទទួលបន្ទុកវិស័យការងារ
មុនពេលផ្ដើមដំណើរការ ប៉ុន្តែមានករណីលើកលែងចំពោះនិយោជកសហគ្រាសតូចៗខ្លះ ។ សហគ្រាសណាមួយដែលជួលកម្មករនិយោជិតតិចជាងប្រាំបីនាក់
ហើយដែលសហគ្រាសនោះ មិនបានប្រើប្រាស់គ្រឿងចក្រក្នុងមុខជំនួញរបស់ខ្លួនទេនោះ អាចផ្ញើរសេចក្ដីជូនដំណឹងបើកសហគ្រាសជូនក្រសួងទទួលបន្ទុកវិស័យការងារក្នុងរយះពេលសាមសិប(៣០)ថ្ងៃក្រោយបើកសហគ្រាស
។ សហគ្រាសឯទៀតទាំងអស់ត្រូវផ្ញើរសេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាសរបស់ខ្លួនទៅក្រសួងទទួលបន្ទុកវិស័យការងារ
មុនបើកសហគ្រាស ។
និយោជកទាំងអស់ដែលត្រូវបានអនុវត្តច្បាប់ការងារនេះ
ត្រូវធ្វើសេចក្ដីប្រកាសជូនដំណឹងទៅក្រសួងទទួលបន្ទុកវិស័យការងារនៅពេលបើកសហគ្រាសគ្រឹះស្ថាន
។ សេចក្ដីប្រកាសជូនដំណឹង នេះហៅថាសេចក្ដីប្រកាសជូនដំណឹងបើកគ្រឹះស្ថាន
ដែលត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងដាក់ជូនក្រសួងទទួលបន្ទុកវិស័យការងារនៅមុនពេលបើកសហគ្រាសគ្រឹះស្ថានជាស្ថាពរ
។
និយោជកដែលបានប្រើកម្មករនិយោជិតធ្វើការជាប់លាប់តិចជាងប្រាំបីនាក់
ហើយគ្មានប្រើប្រាស់គ្រឿងយន្ដ ត្រូវធ្វើសេចក្ដីប្រការជូនដំណឹងនេះទៅក្រសួងទទួលបន្ទុកវិស័យការងារ
ក្នុងរយះពេលសាមសិប បន្ទាប់ពីថ្ងៃបើកសហគ្រាសគ្រឹះស្ថានជាស្ថាពរ ។
[2]
សហគ្រាសនីមួយៗ ក៏ត្រូវបញ្ជូនសេចក្ដីប្រកាសជូនដំណឹងបិទសហគ្រាសទៅក្រសួងទទួលបន្ទុកវិស័យការងារ
ក្នុងពេលសាមសិបថ្ងៃក្រោយពីពេលបិទសហគ្រាសរបស់ខ្លួន ។ [3]
ក្រសួងទទួលបន្ទុកវិស័យការងារមានការទទួលខុសត្រូវក្នុងការធ្វើបទបញ្ជា
ដើម្បីបញ្ជាក់ពីនីតិវិធីតម្រូវឲ្យមាន និងខ្លឹមសារនៃសេចក្ដីប្រកាសជូនដំណឹងបើក
និងបិទសហគ្រាស ។ នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ១៩៩៧ ក្រសួងទទួលបន្ទុកវិស័យការងារបានចេញប្រកាសលេខ
១៤៧-៩៧ ស្ដីពី “សេចក្ដីប្រកាសជូនដំណឹងបើក និងបិទសហគ្រាសគ្រឹះស្ថាន” ។
ប្រកាសលេខ ១៤៧-៩៧ តម្រូវឲ្យសហគ្រាសធ្វើកិច្ចការបីយ៉ាងនៅពេលបើកសហគ្រាសគឺ
១-ដាក់ជូនពិនិត្យជាមុននូវគម្រោងផែនទីសំណងផ្សេងៗ
ដូចជារោងចក្រ រោងជាង ឬការិយាល័យនីមួយៗ ។ សហគ្រាសត្រូវដាក់ជូនពិនិត្យនៅនាយកដ្ឋានពេទ្យការងារនូវផែនទីរួមរបស់សហគ្រាស
ដោយមានទាំងប្រព័ន្ធការពារអគ្គីភ័យ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតអាចផឹកបាន
ប្រព័ន្ធបញ្ជេញទឹកសំអុយ ឃ្លាំងទុកផលិតផលដែលមានគ្រោះថ្នាក់ កន្លែងដាក់សំរាម
និងកាកសំណល់របស់រោងចក្រ ។
២-សំណុំលិខិតនៃសេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស យកតាមគំរូក្នុងឧមសម្ព័ន្ធទី
១ នៃប្រកាសលេខ ១៤៧-៩៧ ។ នៅក្នុងគំរូសេចក្ដីជូនដំណឹងបើកនោះរួមមានៈ
នាមរបស់សហគ្រាស នាម
និងសញ្ជាតិម្ចាស់ ឬនាយក
អាស័យដ្ធានសហគ្រាស
យុត្តាធិការសហគ្រាស
ប្រភេទសកម្មភាពសហគ្រាស
ចំនួនកម្មករនិយោជិត បុរស
និងប្រភេទការងារដែលគេបំពេញ (ដូចជានាក់ត្រួតពិនិត្យបុគ្គលិកការិយាល័យកម្មករជំនាញ
។ល។
ចំនួនកម្មករនិយោជិតស្រី្ភភេទ
និងប្រភេទការងារដែលគេបំពេញ(ដូចជានាក់ត្រួតពិនិត្យបុគ្គលិកការិយាល័យ កម្មករជំនាញ
។ល។
ចំនួនកម្មករនិយោជិតជាកុមារមានអាយុចន្លោះ
១៦ដល់១៨ ឆ្នាំ ។
ពត៌មានអំពីការងារដែលកម្មករនិយោជិតជាស្រ្តី
និងកុមារធ្វើនៅពេលយប់ ។
ប្រភេទម៉ាស៊ីន
និងវត្ថុធាតុដើមដែលប្រកបដោយគ្រោះថ្នាក់ ដែលប្រើក្នុងសហគ្រាស ។
ការឈប់សំរាកប្រចាំសប្ដាហ៍ ។
ប្រកាសលេខ ១៤៧-៩៧ នេះត្រូវទុកជានារាករណ៍ តាមប្រកាស ២៨៨ សកបយ ដែលចុះថ្ងៃ ៥ ខែវិច្ឆកា
ឆ្នាំ ២០០១។
៣-សំណុំលិខិតនៃសេចក្ដីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិក យកតាមគំរូឧបសម្ព័ន្ធទី ២ នៃប្រកាសលេខ ១៤៧-៩៧ ។ សេចក្តីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិក មានរាយបញ្ជីកម្មករនយោជិកទៅតាមប្រភេទការងារដែលគេធ្វើ
(អ្នកត្រួតពិនិត្យនយោជិត ការិយាល័យកម្មករមានជំនាញខ្ពស់ កម្មករមានជំនាញមធ្យម ។ ល។
លើសពីនេះទៀតត្រូវរួមបញ្ចូលទាំងពត៌មានខាងក្រោមនេះសម្រាប់កម្មករនយោជិកម្នាក់ៗ៖
ឈ្មោះពេញ
ភេទ
ថ្ងៃ ខែ ឆ្នាំកំណើត
លេខកាតសម្គាល់ខ្លួនរបស់កម្មករនិយោជិត
ប្រាក់ឈ្នួល
របៀបបើកប្រាក់ឈ្នួល
ការបរិច្ឆេទផ្តើមធ្វើការ
តួនាទី
កម្រឹតការសិក្សា និងជំនាញ
ក្រសួងទទួលខុសត្រូវក្នុងការធ្វើប្រកាស
ដើម្បីបញ្ជាក់ពីនីតិវិធីដែលតម្រូវឲ្យមាន និងខ្លឹមសារនៃសេចក្តីប្រកាសជូនដំណឹងបើក
និងបិទសហគ្រាស ។ [4]
នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០០១ ក្រសួងបាននចេញប្រកាសលេខ ២២៨-២០០១ ស្តីពី “សេចក្តីប្រកាសជូនដំណឹងបើក និងបិទសហគ្រឹះស្ថាន” ។ ប្រកាសនេះចែងជាពីទម្រង់បែបបទ
២ ដែលត្រូវដាក់ឲ្យក្រសួង ពិនិត្យដើម្បីបើកសហគ្រាស ។
ទម្រង់បែបបទមួយទាក់ទងទៅនឹងសហគ្រាសផ្ទាល់ និងមួយទៀតទាក់ទងនឹងបុគ្គលិកដែលធ្វើការនៅទីនេះ
។
ប្រកាសនេះបានចែងផងដែរថា
សហគ្រាសត្រូវបន្តជូនដំណឹងទៅក្រសួងការងារពីការផ្លាស់ប្តូរ ទាក់ទងទៅនឹងទីកន្លែងសកម្មភាព
ឬម្ចាស់កម្មសិទ្ធិ ។
ដូចនេះនិយោជកទាំងអស់
ដែលត្រូវអនុវត្តច្បាប់ការងារនេះត្រូវធ្វើសេចក្តីប្រកាសជូនដំណឹងទៅក្រសួងទទួលបន្ទុកវិស័យការងារនៅពេលបើកសហគ្រាសគ្រឹះស្ថាន
។ សេចក្តីប្រកាសជូនដំណឹងនេះហៅថាសេចក្តី ប្រកាសជូនដំណឹងបើកសហគ្រាសគ្រឹះស្ថាន
ដែលត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ និងដាក់ជូនក្រសួងទទួលបន្ទុកវិស័យការងារនៅមុនពេលបើកសហគ្រាសគ្រឹះស្ថានជាស្ថាពរ
។ និយោជក ដែលមានប្រើកម្មករនិយោជិកធ្វើការជាប់លាប់តិចជាងប្រាំបីនាក់ហើយគ្មានប្រើប្រាស់គ្រឿងយន្តត្រូវធ្វើសេចក្តីប្រកាសជូនដំណឹងនេះទៅក្រសួងទទួលបន្ទុកវិស័យការងារក្នុងរយៈពេលសាមសិបថ្ងៃបន្ទាប់ពីថ្ងៃបើកសហគ្រាសគ្រឹះស្ថានជាស្ថាពរ
។ ចំពោះការបិទសហគ្រាសនិយោជក ត្រូវធ្វើសេចក្តីប្រកាសជូនដំណឹងទៅក្រសួងទទួលបន្ទុកវិស័យការងារដែរក្នុងរយៈពេលសាមសិបថ្ងៃបន្ទាប់ពីបិទសហគ្រាសនោះ
។ ប្រកាសក្រសួងទទួលបន្ទុកវិស័យការងារកំណត់អំពីបែបបទ និងនិតិវិធីនៃការធ្វើសេចក្តីប្រកាសជូនដំណឹងបើក
និងបិទសហគ្រាសតាមករណីនីមួយៗ ។ និយោជកត្រូវបើកឲ្យមាន
និងរក្សាទុកឲ្យបានត្រឹមត្រូវនូវសៀវភៅបញ្ជីនោះនឹងមានចែងក្នុងប្រកាសក្រសួងទទួលបន្ទុកវិស័យការងារ
។
កថាខណ្ឌទី២ សៀវភៅបញ្ជីប្រចាំគ្រិះស្ថាន
ក្រៅពីការចុះបញ្ជីការជាមួយក្រសួងទទួលបន្ទុកវិស័យការងារ
សហគ្រាសនីមួយៗក៏ត្រូវរក្សាទុកសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន ដូចមានចែងក្នុងមាត្រា ២០
ផងដែរ ។
និយោជកត្រូវបើកឲ្យមាន និងរក្សាទុកឲ្យបានត្រឹមត្រូវនូវសៀវភៅបញ្ជីប្រចាំគ្រឹះស្ថានមួយដែលអធិការការងារបានចុះលេខរៀង
និងចុះហត្ថលេខាសង្ខេប។គំរូនៃសៀវភៅបញ្ជីនោះ និងមានចែងក្នុងប្រកាសក្រសួងទទួលបន្ទុកវិស័យការងារ
។ [5]
នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ១៩៩៧
ក្រសួងទទួលបន្ទុកវិស័យការងារបានចេញប្រកាសលេខ ៩២-៩៧
ស្ដីពី “សៀវភៅបញ្ជីប្រចាំគ្រឹស្ថាន”។ឧបសម្ព័នក្នុងប្រកាសលេខ ៩២-៩៧ មានគំរូក្របខាងក្រៅ សំរាប់សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន ដោយមានសំគាល់ពត៌មានដូចជា
ឈ្មោះ និងអាស័យដ្ធានរបស់គ្រឹះស្ថាន និងប្រភេទសកម្មភាពអាជីវកម្មដែលធ្វើ ។ ទំព័រគំរូនៃសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន
គឺជាទំព័រទំនេរដោយមានកន្លែងសំរាប់អធិការការងារចុះហត្ថលេខា ។
មាត្រា ២០ មិនបានបញ្ជាក់គោលបំណងជាក់លាក់នៃសៀវភៅបញ្ជីប្រចាំគ្រឹះស្ថានទេ
ប៉ុន្តែមាត្រា ២៣៦ យើងបានឃើញថា បញ្ជីកាជាកន្លែងសំរាប់អធិការការងាររក្សាទុកកំណត់ត្រានិងកំណត់សំគាល់អំពីអនាម័យ
សន្តិសុខ និងអធិការលក្ខខ័ណ្ឌការងារក្នុងគ្រឹះស្ថាន ។
ការចុះទៅធ្វើការនៅតាមគ្រឹះស្ថាន និងការត្រួតពិនិត្យការអនុវត្តបទបញ្ញត្តិច្បាប់
និងបទបញ្ជាទាក់ទងនិងអនាម័យ លក្ខខ័ណ្ឌការងារ
និងសន្តិសុខការងារត្រូវធ្វើដោយអធិការការងារ និងអភិបាលការងារ ។ អធិការពេទ្យការងារនិងនាក់ជំនាញខាងសន្តិសុខការងារត្រូវសហការគ្នាបំពេញបេសកកម្មនេះ
។
ក្រោយពេលត្រួតពិនិត្យ
បើសង្កេតឃើញមានការខុសឆ្គង
អធិការការងារត្រូវដាក់កំហិតដល់នាយកគ្រឹះស្ថានដោយបញ្ជាក់ច្បាស់នូវចំនុចដែលមិនត្រូវតាមបទបញ្ជានៃជំពូក
៨ របស់ច្បាប់ការងារ និងប្រកាសអនុវត្តជំពូកនេះ ។ [6]
មាត្រា ២៣៦ ការដាក់កំហិតត្រូវធ្វើជាលាយលក្ខណ៍អក្សរ
ទោះលើសៀវភៅបញ្ជីប្រចាំគ្រឹះស្ថានក្ដីដោយសំបុត្រអនុសិដ្ធដែលមានសេចក្ដីបញ្ជាក់ទទួលក្ដី
ឬដោយលិខិតជូនផ្ទាល់ដៃ ដែលមានចុះហត្ថលេខាថាបានទទួលហើយក្ដី ។ ការដាក់កំហិតនេះត្រូវមានការចុះកាលបរិច្ឆេទហើយ
ចុះហត្ថលេខាដែលមានបញ្ជាក់បទល្មើសនិងគ្រោះថ្នាក់ទាំងនោះដែលត្រូវតែលុបបំបាត់ ។ [7]
មាត្រា២នៃប្រកាសលេខ៩២-៩៧ ក៏មានពត៌មានខ្លះៗ អំពីគោលបំណងនៃសៀវភៅបញ្ជីប្រចាំគ្រឹះស្ថានផងដែរ ។
និយោជក ឬតំណាងត្រូវជូនសៀវភៅបញ្ជីនេះទៅអធិការការងារ
ឬអភិបាលការងារត្រួតពិនិត្យ និងធ្វើការសង្កេត
ឬការដាក់កំហិតផ្សេងៗនៅរាល់ពេលចុះត្រួតពិនិត្យ ។ [8]
យោងតាមមាត្រា ៣ នៃប្រកាសលេខ ៩២-៩៧ សៀវភៅបញ្ជីណាដែលបានប្រើប្រាស់គ្រប់ទំព័រទាំងអស់ ហើយនិយោជកត្រូវថែរក្សាទុកអោយក្នុងរយះពេលមួយឆ្នាំ
។
ប្រកាសនេះត្រូវបានចាត់ទុកជានារាករណ៍
ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០០១ ដោយប្រកាសស្ដីពី សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន លេខ ២៦៨-០១ សកបយ ។ យោងតាមមាត្រា ៣ នៃប្រកាស ២៦៨-០១ សកបយ
រយះពេលថែរក្សាបញ្ជីណាដែលប្រើប្រាស់គ្រប់ទំព័រទាំងអស់ ត្រូវផ្លាស់ប្ដូរ ពី ១ឆ្នាំ ទៅ
៣ឆ្នាំវិញ ។
កថាខណ្ឌទី៣ សេចក្តីជូនដំណឹងការផ្លាស់ប្តូរបុគ្គលិក
បន្ថែមលើពត៌មាន
អំពីសហគ្រាសធ្វើអាជីវកម្មនៅកម្ពុជា ច្បាប់ការងារតម្រូវឲ្យទទួលបន្ទុកវិស័យការងារ រក្សាទុកកំណត់ត្រាស្តីពីការទទួលឲ្យធ្វើការ
និងបញ្ឈប់កម្មករនិយោជិកទាំងអស់ ។
នៅរាល់ពេលដែលទទួលឲ្យធ្វើការ
ឬបញ្ឈប់កម្មករនិយោជិកណាម្នាក់
នយោជកត្រូវធ្វើសេចក្តីប្រកាសជូនដំណឹងទៅក្រសួងទទួលបន្ទុកវិស័យការងារ ។
សេចក្តីជូនដំណឹងនេះ ត្រូវតែធ្វើជាលាយលក្ខអក្សរក្នុងរយៈពេល
១៥ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃទទួលឲ្យធ្វើការ ឬបញ្ឈប់លែងឲ្យធ្វើការ ។
សេចក្តីប្រកាសជូនដំណឹងនៃទទួលឲ្យធ្វើការ
និងការបញ្ឈប់កម្មករនិយោជិកពីការងារ មិនតម្រូវឲ្យធ្វើចំពោះកម្មករនិយោជិក
បណ្តោះអាសន្នដែលត្រូវជួលសម្រាប់៖
v ការងារម្តងម្កាលដែលមានថេរៈវេលាតិចជាង
៣០ថ្ងៃជាប់គ្នា ឬ
v ការងារធ្វើឈប់
ធ្វើឈប់ ដែលមានថេរៈវេលាពិតប្រាកដសម្រាប់ការងារនេះ មិនលើសពីបីខែក្នុងរយៈពេល
១២ខែបន្តបន្ទាប់គ្នា ។
សេចក្តីជូនដំណឹងនេះត្រូវធ្វើជាលាយលក្ខអក្សរ
ក្នុងរយៈពេល ១៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលឲ្យធ្វើការ ឬបញ្ឈប់ពីការងារ លើកលែងតែសហគ្រាសខាងកសិកម្មរយៈពេលដល់ទៅ៣០ថ្ងៃ
។ [9]
ច្បាប់ការងារមិនបានចែងអំពីអ្វីដែលជាពត៌មាន
ដែលសហគ្រាសត្រូវរួមបញ្ចូលក្នុងសេចក្តីជូនដំណឹងអំពីការផ្លាស់ប្តូរបុគ្គលិក
ដែលតម្រូវដោយមាត្រា ២១ ទេ ។ ឧបសម្ព័ន្ធទី ២នៃប្រកាសលេខ ១៤៧-៩៧ ជា“សេចក្តីប្រកាសជូនដំណឹងអំពីបុគ្គលិក” ។ ប៉ុន្តែឧបសម្ព័ន្ធទី២ជាផ្នែកមួយនៃ“សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស
ដែលតម្រូវដោយមាត្រា ១៧” ។ គ្មានការចង្អុលបង្ហាញណាមួយដែលថា ឧបសម្ព័ន្ធទី ២
មានបំណងសម្រាប់គោលបំណងបន្ថែមនៃការជូនដំណឹងដល់ក្រសួងទទួលបន្ទុកទទួលការងារ
ស្តីពីការទទួលឲ្យធ្វើការ និងបញ្ឈប់កម្មករនិយោជិកពីការងារនោះទេ ។
ដូចនេះនៅរាល់ពេលដែលទទួលឲ្យធ្វើការ
ឬបញ្ឈប់កម្មករនិយោជិកណាម្នាក់
និយោជកត្រូវធ្វើសេចក្តីប្រកាសជូនដំណឹងទៅក្រសួងទទួលបន្ទុកវិស័យការងារ ។
សេចក្តីប្រកាសជូនដំណឹងនេះ
ត្រូវតែធ្វើជាលាយល័ក្ខណ៍អក្សរក្នុងរយៈពេលដប់ប្រាំថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃទទួលឲ្យធ្វើការ
ឬបញ្ឈប់លែងឲ្យធ្វើការ ។ រយៈពេល នេះត្រូវកំណត់ឲ្យដល់សាមសិបថ្ងៃចំពោះសហគ្រាសកសិកម្ម ។
សេចក្តីប្រកាសជូនដំណឹងអំពីការទទួលឲ្យធ្វើការបញ្ឈប់កម្មករនិយោជិកខាងលើនេះមិនអនុវត្តចំពោះ៖
ការងារម្តងម្កាលដែលមានថេរវេលាជាប់គ្នាចំនួនតិចជាងសាមសិបថ្ងៃ
។
ការងារធ្វើឈប់ធ្វើឈប់ដែលថេរវេលាពិតប្រាកដសំរាប់ការងារនេះមិនលើសពីបីខែក្នុងរយៈពេលដប់ពីរខែបន្តបន្ទាប់គ្នា
។
កថាខណ្ឌទី៤ សៀវភៅការងារ
សេចក្តីត្រូវការបំផុតនៅក្នុងជំពូកទី
២ នៃច្បាប់ការងារ គឺជាសេចក្តីតម្រូវការសម្រាប់និយោជក ។ តម្រូវការនៅក្នុងច្បាប់ការងារដែលកម្មករនិយោជិតត្រូវមានសៀវភៅការងារ
ដែលផលប៉ះពាល់ទាំងនិយោជក ទាំងកម្មករនិយោជិត ។
ជនដែលមានសញ្ជាតិខ្មែរធ្វើការយកឈ្មួលពីនិយជកណាមួយ
ត្រូវតែមានសៀវភៅការងារ ។
សៀវភៅការងារជាកំណត់ត្រានៃប្រវត្តិការងារបុគ្គលម្នាក់ៗ
។ គោលបំណងដែលបានពោលមកនៃសៀវភៅការងារ គឺដើម្បីបញ្ជាក់អត្តសញ្ញាណរបស់កម្មករនិយោជិត
ហើយសម្រាប់បញ្ជាក់ការងារនីមួយៗ ដែលធ្វើដើម្បីបញ្ជាក់ប្រភេទការងារប្រាក់ឈ្នួល
និងរបៀបបើកប្រាក់ឈ្នួល ហើយពេលទទួលឲ្យធ្វើការ និងពេលបញ្ឈប់បុគ្គលណាម្នាក់ពីការងារ ។
វាជាការខុសច្បាប់ចំពោះនិយោជកដាក់ចូលក្នុងសៀវភៅការងារនូវការវាយតម្លៃកម្មករនិយោជិត ។
វាក៏ជាការខុសច្បាប់ចំពោះអ្នកណាម្នាក់យកសៀវភៅការងារទៅប្រើប្រាស់ដើម្បីគោលបំណងផ្សេងៗជាជាងការបញ្ជាក់អំពីពត៌មានដែលមានចែងក្នុងច្បាប់
។
កាលណាបាត់សៀវភៅការងារ
ត្រូវតែប្ដឹងទៅអធិការការងារ ហើយត្រូវអាចចេញទុតិយតាក្នុងលក្ខខ័ណ្ឌដូចគ្នាក្នុងការចេញសៀវភៅការងារដែរ
។
កម្មករនិយោជិតទទួលខុសត្រូវក្នុងការរកសៀវភៅការងារពីអធិការការងារ
។ កម្មករនិយោជិតត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
ហើយនិងវិញ្ញាប័ត្រមុខរបរដែលចេញអោយដោយនិយោជក ហើយត្រូវបង់ជូនថវិការជាតិនូវអាករដែលមានអត្រា
និងរបៀបទទួលប្រាក់ដូចមានកំណត់ក្នុងប្រកាសរួមនៃក្រសួងហិរញ្ញវត្ថុ
និងក្រសួងទទួលបន្ទុកវិស័យការងារ ។
នៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ១៩៩៣
ក្រសួងសង្គមកិច្ចការងារ និងអតីតយុទ្ធជន និងក្រសួងហិរញ្ញវត្ថុបានចេញប្រកាសរួមមួយលេខ
៧៩-៩៣ ដែលកំណត់ប្រាក់ចំនួន ១៥០០រៀលសំរាប់សៀវភៅការងារសម្រាប់កម្មករនិយោជិតមានសញ្ជាតិខ្មែរ
។ ប្រកាសរួមលេខ ៧៩-៩៣ ត្រូវបានដាក់ចេញដើម្បីអនុវត្តច្បាប់ការងារឆ្នាំ
១៩៩២ ដែលបានតម្រូវការចាំបាច់សំរាប់សៀវភៅការងារ ។ នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ១៩៩៧ ក្រសួងទទួលបន្ទុក វិស័យការងារបានចេញសេចក្ដីជូនដំណឹងលេខ ១៣-៩៧ ដែលបញ្ជាក់តម្លៃចំនួន ១៥០០ រៀលគត់ ។
ប្រកាសនេះត្រូវទុកជានារាករណ៍ដោយប្រកាសលេខ៥៦សកបយ នាថ្ងៃទី២០-០៣-២០០១ដែលនៅតែរក្សាអត្រានេះដដែល ហើយអាករនេះត្រូវបានកំណត់ឲ្យបង់តែម្ដងគត់
។
និយោជកក៏មានការទទួលខុសត្រូវខ្លះចំពោះសៀវភៅការងារដែរ
។ ទីមួយ និយោជកមិនអនុញ្ញាតអោយទទួលបុគ្គលណាម្នាក់ជាកម្មករនិយោជិតទេ
លុះត្រាតែបុគ្គលនោះមានសៀវភៅការងារ ។
ទីពីរ មាត្រា ៣៧ តម្រូវអោយនិយោជកធ្វើការកំណត់សំគាល់ក្នុងសៀវភៅការងារ
ពេលនិយោជកទទួលអោយធ្វើការ និងពេលបញ្ឈប់កម្មករនិយោជិតណាម្នាក់
ក៏ដូចជាកំណត់សំគាល់លើចំនួនប្រាក់ឈ្នួលរបស់កម្មករនិយោជិត និងការតំឡើងប្រាក់ឈ្នួល ។
កថាខ័ណ្ឌទីពីរនៃមាត្រា ៣៧ ចែងថា “ការកត់ត្រាដោយនិយោជកខាងលើនេះ ត្រូវតែយកទៅសុំចុះទិដ្ធាការអំពីអធិការការងារ
ក្នុងរយះពេលប្រាំពីរថ្ងៃពេញ ក្រោយពីថ្ងៃចូល ឬឈប់ធ្វើការ” ។
វាមិនច្បាស់លាស់ថាតើនិយោជក ឬកម្មករនិយោជិតដែលតម្រូវអោយបង្ហាញកំណត់ហេតុនេះទៅអធិការការងារនោះ
។ លើសពីនេះទៀត តម្រូវអោយបង្ហាញកំណត់ហេតុទៅអធិការការងារ ហាក់ដូចជាកាតព្វកិច្ចបន្ថែមលើមាត្រា
២១ ដែលតម្រូវអោយនិយោជកធ្វើសេចក្ដីប្រកាសជូនដំណឹងអំពីការផ្លាស់ប្ដូរបុគ្គលិកទៅ
អធិការការងារក្នុងរយះពេល ១៥ ថ្ងៃនៃការផ្លាស់ប្ដូរនោះ ។
សរុបមកជនដែលមានសញ្ជាតិ្តខ្មែរធ្វើការយកឈ្នួលពីនិយោជកណាមួយ
ត្រូវតែមានសៀវភៅការងារ ។ ជនណាក៏ដោយ មិនអាចប្រើប្រាស់កម្មករនិយោជិកដែលមិនប្រតិបត្តិតាមបទប្បញ្ញត្តិនៃកថាខ័ណ្ឌខាងលើនេះបានទេ
។ ចំពោះកម្មករដែលធ្វើការយកឈ្នួលតាមរដូវក្នុងចំការអាចមានសៀវភៅការងារ ឬគ្មានក៏បាន ។
សៀវភៅការងារសំរាប់សំគាល់អត្តសញ្ញាណសាមីខ្លួន ។
ប្រភេទការងារដែលជននេះបានចុះកិច្ចសន្យាបន្តៗ មកទៀត ។
មិនត្រូវយកសៀវភៅការងាររបស់កម្មករនិយោជិកទៅប្រើប្រាស់ខុសពីគោលដៅនៃការបង្កើតសៀវភៅនេះទេ
។ កាលណាកម្មករនិយោជិកឈប់ធ្វើការឲ្យនិយោជក
និយោជកនោះមិនត្រូវចារមូលវិចារអី្វលើសៀវភៅការងារនេះទេ ។
សៀវភៅការងារនេះធ្វើដោយអធិការការងារនិងចេញឲ្យតាមសេចក្តីសុំរបស់កម្មករនិយោជិកដែលបង្ហាញលិខិតអត្តសញ្ញាណប័ណ្ណដែលអាជ្ញាធរមានសមត្ថកិច្ចចេញឲ្យហើយនឹងវិញ្ញាបនប័ត្រមុខរបរ
ដែលនិយោជកខ្លួនចេញឲ្យ ។ ការចេញសៀវភៅការងារត្រូវបង់ជូនថវិការជាតិនូវអាករដែលមានអត្រា
និងរបៀបទទួលប្រាក់ដូចមានកំណត់ក្នុងប្រកាសរួមនៃក្រសួងហិរញ្ញវត្ថុ
និងក្រសួងទទួលបន្ទុកវិស័យការងារ ។ ការទទួល ឬបញ្ឈប់កម្មករនិយោជិក ប្រាក់ឈ្នួល
និងការតម្លើងប្រាក់ឈ្នួលត្រូវកត់ត្រាក្នុងសៀវភៅការងាររបស់សាមីខ្លួន ។
ការកត់ត្រាដោយនិយោជកខាងលើនេះ ត្រូវតែយកទៅសុំចុះទិដ្ឋាការ អំពីអធិការការងារក្នុងរយៈពេលប្រាំពីរថ្ងៃពេញក្រោយពីថ្ងៃចូល
ឬឈប់ធ្វើការ ។ ការបាត់សៀវភៅការងារ ត្រូវតែប្តឹងទៅអធិការដ្ឋានការងារ ។
ទុតិយតាអាចនឹងចេញឲ្យបានក្នុងល័ក្ខខ័ណ្ឌដូចគ្នានឹងការចេញសៀវភៅការងារដែរ ។
កថាខណ្ឌទី៥ សៀវភៅបើកប្រាក់
សៀវភៅបើកប្រាក់
ជាសៀវភៅមួយសម្រាប់កត់ត្រាបញ្ជីនៃកម្មករនិយោជិតដែលមានសិទ្ធិទទួលប្រាក់ឈ្នួល និងអត្ថប្រយោជន៍ទៀត
និងចំនួនប្រាក់ដែលបានបើក ។ មាត្រា ៣៩ នៃច្បាប់ការងារ តម្រូវឲ្យនិយោជកគ្រប់រូបរក្សាទុកដោយទៀងទាត់ជាដរាប
នូវសៀវភៅបើកទឹកប្រាក់ក្នុងការរិយាល័យបេឡា ឬទីចាត់ការនៃសហគ្រាស ។
មានតម្រូវការជាច្រើនសំរាប់ថែរក្សាសៀវភៅបើកប្រាក់នេះ ។
១- មុននឹងយកទៅប្រើសៀវភៅបើកប្រាក់ត្រូវមានចុះលេខគ្រប់ទំព័រ
និងចុះហត្ថលេខាសង្ខេបដោយអធិការការងារ ។
២-
អធិការការងារអាចទារកសៀវភៅនេះនៅគ្រប់ពេលវេលា ។
៣-
កាលណាប្រើសៀវភៅនេះគ្រប់ទំព័រអស់ និយោជកត្រូវយកទុកថែរក្សាអោយគង់ក្នុងរយះបីឆ្នាំ ។
មាត្រា ៣៩ តម្រូវអោយក្រសួងទទួលបន្ទុកវិស័យការងារ
ដើម្បីកំណត់គំរូនៃសៀវភៅបើកប្រាក់នេះ ។
ទោះជាយ៉ាងណាក៏ដោយសហគ្រាសណាចង់ធ្វើសៀវភៅបើកប្រាក់តាមរបៀបផ្សេងពីនេះ
ប៉ុន្តែមានចុះពត៌មាន និងបែបបទត្រួតពិនិត្យដូចគ្នានោះ អាចធ្វើពាក្យសុំទៅអធិការដ្ធានការងារបាន
។
សៀវភៅបើកប្រាក់ត្រូវកត់ត្រាពត៌មាន :
១-ស្ដីពីកម្មករនិយោជិតម្នាក់ៗ និង
២-ពត៌មានដែលទាក់ទងនឹងការងារ
ដែលបានធ្វើអំពីប្រាក់ឈ្នួល និងការឈប់សំរាករបស់កម្មករនិយោជិតម្នាក់ៗ ។ [12]
នៅថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ១៩៩៧ ក្រសួងទទួលបន្ទុកវិស័យការងារបានចេញប្រកាសលេខ
៩៣-៩៧ ស្ដីពី “ឧបសម្ព័ន្ធទី ១ នៃប្រកាសលេខ ៩៣-៩៧ ជាទំព័រគំរូនៃបែបបទសៀវភៅបើកប្រាក់ដែលក្រសួងទទួលបន្ទុកវិស័យការងារបានយល់ព្រមអោយប្រើ
។ នៅក្នុងការអនុវត្តន៍ ក្រសួងទទួលបន្ទុកវិស័យការងារបានរៀបចំថតចម្លង
សៀវភៅបើកប្រាក់ដែលនិយោជកបានទទួល (សម្រាប់ការបង់ថ្លៃ) នៅពេលគេចុះបញ្ជីការជាមួយក្រសួងទទួលបន្ទុកវិស័យការងារ
។ ប្រកាសនេះត្រូវចាត់ទុកជានិរាករណ៍នៅថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០០១ដោយប្រកាសលេខ ២៦៩
សកបយ ។
សរុបមកនិយោជកដែលមានរៀបរាប់ក្នុងមាត្រា១៧
ត្រូវកាន់ដោយទៀងទាត់ជាដរាបនូវសៀវភៅបើកប្រាក់មួយដែលមានគំរូ
និងកំណត់ដោយប្រកាសក្រសួងទទួលបន្ទុកវិស័យការងារ ។
មុននឹងយកទៅប្រើសៀវភៅបើកប្រាក់ត្រូវមានចុះលេខគ្រប់ទំព័រ និងចុះហត្ថលេខាសងេ្ខបដោយអធិការការងារ
។ សៀវភៅបើកប្រាក់នេះត្រូវទុកនៅក្នុងការិយាល័យបេឡា ឬទីចាត់ការនៃសហគ្រាសដើម្បីនឹងបានងាយស្រួលក្នុងការត្រួត ពិនិត្យ ។ កាលណាប្រើសៀវភៅនេះគ្រប់ទំព័រអស់
និយោជកត្រូវទុកថែរក្សាឲ្យគង់ ក្នុងរយៈបីឆ្នាំ ។ អធិការការងារអាចទាររកសៀវភៅនេះនៅគ្រប់ពេលវេលា
។
សៀវភៅបើកប្រាក់ត្រូវមានកត់ត្រា៖
ក-ពត៌មានស្តីពីកម្មករនិយោជិកម្នាក់ៗនៅក្នុងសហគ្រាស
។
ខ-លក្ខណៈសំគាល់អំពីការងារដែលបានធ្វើ
អំពីប្រាក់ឈ្នួលហើយនិងការឈប់សំរាក ។
សហគ្រាសណាដែលចង់ធ្វើសៀវភៅបើកប្រាក់តាមរបៀបផ្សេងពីនេះ
ប៉ុន្តែមានចុះពត៌មាន និងបែបត្រួតពិនិត្យដូចគ្នានោះអាចធ្វើពាក្យសុំទៅអធិការដ្ឋានការងារបាន
។
កថាខណ្ឌទី៦ បទបញ្ជាផ្ទៃក្នុង
យោងតាមមាត្រា
២២ នៃច្បាប់ការងារ ឆ្នាំ ១៩៩៧ និយោជកដែលមានកម្មករនិយោជិត ៥នាក់
ឬច្រើនជាងនេះត្រូវតែមានបទបញ្ជាផ្ទៃក្នុង ។ កម្មករនិយោជិត
និងនិយោជកត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងនេះ។
ចំណុចទី
១ មាតិកានៃបទបញ្ជាផ្ទៃក្នុង
អត្ថបទជាភាសាខ្មែរ
និងអត្ថបទបកប្រែជាភាសាអង់គ្លេសគឺមិនច្បាស់លាស់ទេ ។
ពង្រាងជាភាសាបារាំងគឺមានលក្ខណៈច្បាស់ជាង ហើយត្រូវបានបកប្រែដូចតទៅ ៖
បទបញ្ជាផ្ទៃក្នុង សម្រាប់សហគ្រាស
ឬគ្រឹះស្ថានត្រូវតែអនុវត្តតាមបទប្បញ្ញត្តិទូទៅនៃច្បាប់ការងារ និងអនុសញ្ញារួមពាក់ព័ន្ធនឹងផ្នែក
និងសកម្មភាពរបស់សហគ្រាស គ្រឹះស្ថានរួមមានបទប្បញ្ញត្តិដែលទាក់ទងទៅនឹង៖
v ការជួលឲ្យធ្វើការ
v ការគិត
និងការបើកប្រាក់ឈ្នួល និងកម្រៃបន្ទាប់បន្សំ
v តាវកាលិកជាវត្ថុ
v ពេលម៉ោងធ្វើការ
v ពេលសម្រាក
និងការឈប់សម្រាក
v ការឲ្យដំណឹងមុន
v វិធានការសន្តិសុខ
និងអនាម័យកម្មករនិយោជិត
v កាតព្វកិច្ចកម្មករនិយោជិត
v ទណ្ឌកម្មដែលអាចតម្រូវទៅលើកម្មករនិយោជិត
និង
v បទប្បញ្ញត្តិបន្ថែមទៀតតម្រូវឲ្យមានដោយអធិការការងារដែលមាននៅក្នុងបទបញ្ជា
និងនៅក្នុងច្បាប់បច្ចុប្បន្ន ។ [13]
បទប្បញ្ញត្តិជាច្រើននៃច្បាប់ការងារ គឺជាមូលដ្ឋានគ្រិះអប្បបរមាហើយនៅក្រោមច្បាប់កាងារ
កម្មករនិយោជិតមានសិទ្ធិ ចុះអនុសញ្ញារួមជាមួយនិយោជក ។ បទបញ្ជាផ្ទៃក្នុងទាំងអស់
មិនអាចគៀបសង្កត់ ឬកំណត់សិទ្ធិរបស់កម្មករនយោជិត ដែលធានាដោយច្បាប់ បទបញ្ជា
ឬអនុសញ្ញារួមឡើយ ។ [14]
និយោជកមានសេរីភាព ក្នុងការធ្វើឲ្យមូលដ្ឋានគ្រិះអប្បបរមានេះ មានប្រយោជន៍ដល់កម្មករនិយោជិតច្រើនជាង
ប៉ុន្តែមូលដ្ឋានគ្រិះអប្បបរមាគឺមិនអាចបន្ថយបានទេ ។
ចំណុចទី២
នីតិវិធីសម្រាប់អនុម័តបទបញ្ជាផ្ទៃក្នុង
បទបញ្ជាផ្ទៃក្នុងត្រូវតែរៀបចំធ្វើក្នុងរយៈពេលបីខែ
ក្រោយពេលបើកសហគ្រាស ។ ទោះយ៉ាងណាមាត្រា ២៤
បានចែងថានាយកសហគ្រាសត្រូវពិគ្រោះជាមួយតំណាងកម្មករនិយោជិតជាមុនសិន ។
បទបញ្ជាផ្ទៃក្នុងនេះមុននឹងដាក់ឲ្យប្រើត្រូវតែទទួលទិដ្ឋាការពីអធិការការងារជាមុន
។[15]
អធិការការងារត្រូវចុះទិដ្ឋការលើបទបញ្ជាផ្ទៃក្នុង ក្នុងរយៈពេល ៦០ថ្ងៃ ។ ប៉ុន្តែច្បាប់ការងារមិនបានចែងថា
នឹងមានអ្វីកើតឡើងប្រសិនបើអធិការការងារ មិនបានចុះទិដ្ឋាការលើបទបញ្ជាផ្ទៃក្នុង
ក្នុងអំឡុងពេលនោះទេ ។
ចំណុចទី៣ បទប្បញ្ញត្តិស្តីពីការដាក់ទោសវិន័យនៅក្នុងបទបញ្ជាផ្ទៃក្នុង
កម្មករនិយោជិតអាចត្រូវបានព្យួរការងារសម្រាប់មូលហេតុស្របច្បាប់មួយចំនួន
ស្របទៅតាមបទបញ្ជាផ្ទៃក្នុង ។[16]
មានទង្វើជាច្រើនទៀតដែលអាចចាត់ចូលជាកំហុសធ្ងន់ក្រៅពីអ្វីដែលមានចែងនៅក្នុងមាត្រា
៨៣ ទង្វើទាំងនេះអាចមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុង
។[17]
ទោះយ៉ាងណា និយោជកមិនអាចប្រើប្រាស់បទបញ្ជាផ្ទៃក្នុងដោយចេតនាដើម្បីឈានទៅរកវិធានការដាក់ទោសវិន័យកម្មករនិយោជិតឡើយ
។[18]
ប្រសិនបើនិយោជិតរំលោភបទបញ្ជាផ្ទៃក្នុង
និយោជកមានសិទ្ធិដាក់ទោសវិន័យ ។ ផ្នែកដែលចែងពីបទបញ្ជាផ្ទៃក្នុង នៅក្នុងច្បាប់ការងារ
មានបញ្ញត្តិការពារកម្មករនិយោជិតពីការអនុវត្តដោយរំលោភនូវអំណាចដាក់ទោសវិន័យ ។
មាត្រាទាំងនេះចែងថា៖
v និយោជកត្រូវចាត់វិធានការដាក់ទោសវិន័យដល់កម្មករនិយោជិតក្នុងរយៈពេល
១៥ថ្ងៃ (និងប្រសិនបើចង់បញ្ឈប់ត្រូវចាត់វិធានការក្នុងរយៈពេល ៧ថ្ងៃ)
បន្ទាប់ពីពេលដែលនិយោជកខ្លួនឯង ឬតំណាងណាម្នាក់របស់និយោជកបានដឹង ពីកំហុសនោះ ។[19]
v ទោសវិន័យត្រូវតែជាសមាមាត្រស្របទៅនឹងទម្ងន់នៃកំហុស
។ អធិការការងារ មាននីតិសម្បទារក្នុងការត្រួតពិនិត្យ ភាពសមាមាត្រនេះ ។[20]
v និយោជកមិនត្រូវធ្វើការពិន័យជាប្រាក់
ឬដាក់ទោសវិន័យទ្វេរមួយជាពីរចំពោះកំហុសដដែលៗតែមួយ ។ ការពិន័យជាប្រាក់មានន័យថា
វិធានការទាំងឡាយដែលនាំឲ្យមានការកាត់បន្ថយប្រាក់ឈ្នួលរបស់កម្មករនិយោជិកដែលត្រូវទទួលបានជាធម្មតាដោយការបំពេញការងារនេះ
។[21]
ចំណុចទី
៤ បទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានតូចៗ
សហគ្រាស ឬគ្រឹះស្ថានតូចៗដែលបានប្រើកម្មករនិយោជិតជាង៨នាក់មិនចាំបាច់ធ្វើបទបញ្ជាផ្ទៃក្នុងទេ
។ ប្រសិនបើសហគ្រាស ឬគ្រឹះស្ថានតូចៗមិនបានធ្វើបទបញ្ជាផ្ទៃក្នុងទេ
និយោជកអាចដាក់ទោសវិន័យ រួមទាំងការព្រមានផ្ទាល់មាត់ ក្នុងការព្យួរការងាររហូតដល់ទៅ ៦ថ្ងៃ
ឬការបញ្ឈប់កម្មករនិយោជិតដោយមាន ឬការគ្មានការឲ្យដំណឹងជាមុន ។
ទោះជាយ៉ាងណាក៏ដោយការដាក់ទោសវិន័យត្រូវតែផ្អែកទៅតាមទំហំនៃទោសកំហុសរបស់សាមីខ្លួន ។[22]
ដូចនេះនិយោជកនៃសហគ្រាស ឬគ្រឹះស្ថាន
ដែលមានចែងក្នុងមាត្រា១៧ ហើយដែលមានកម្មករ និយោជិកយ៉ាងតិចប្រាំបីនាក់
ត្រូវតែរៀបចំឲ្យមានបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាសមួយជាដរាប ។ បទបញ្ជាផ្ទៃក្នុងអនុវត្តបទប្បញ្ញតិ្តទូទៅនៃច្បាប់នេះតាមប្រភេទសហគ្រាស
គ្រឹះស្ថាន នឹងអនុសញ្ញារួមនៃការងារ ដែលស្តីអំពីផ្នែកសកម្មភាពនៃសហគ្រាស ។
ពោលមកនេះជាអាទិ៍គឺបទប្បញ្ញតិ្តទាក់ទង និងល័ក្ខខ័ណ្ឌទទួលធ្វើការការគិតនិងការបើកប្រាក់ឈ្នួល
និងកំរៃបន្ទាប់បន្សំតាវកាលិកជាវត្ថុពេលម៉ោងធ្វើ ពេលសំរាក
និងការឈប់សំរាកការឲ្យដំណឹងមុនវិធានការអនាម័យនិងសន្តិសុខកម្មករនិយោជិត
កាតព្វកិច្ចកម្មករនិយោជិត និងទណ្ឌកម្មករដែលនឹងអាចតម្រូវលើកម្មករនិយោជិត ។
បទបញ្ជាផ្ទៃក្នុងត្រូវតែរៀបចំដោយនាយកសហគ្រាស គ្រឹះស្ថាន
ក្រោយពីបានពិគ្រោះនិងតំណាងកម្មករនិយោជិកក្នុងរយៈពេលបីខែបន្ទាប់ថ្ងៃបើកសហគ្រាស
ឬរយៈពេលបីខែក្រោយពីការប្រកាសឲ្យប្រើច្បាប់នេះ ប្រសិនបើសហគ្រាសកើតរួចមកហើយ ។ បទបញ្ជាផ្ទៃក្នុងនេះ
មិននឹងដាក់ឲ្យប្រើត្រូវតែបានទទួលទិដ្ឋការអំពីអធិការការងារជាមុន ។ ទិដ្ឋាការនេះត្រូវចេញឲ្យមិនលើសពីរយៈពេលហុកសិបថ្ងៃ
។ ប្រកាសទាំងឡាយនៃបទបញ្ជាផ្ទៃក្នុង ត្រូវចាត់ជាមោឃៈដោយចេញច្បាប់ក្នុងករណីដែលប្រការទាំងឡាយនៃបទបញ្ជាក្នុងនោះអាចនឹងលុបចោល
ឬកំរិតសិទ្ធិរបស់កម្មករនិយោជិកដែលសិទិ្ធទាំងនោះមានចែងក្នុងច្បាប់
និងបទបញ្ជាទាំងឡាយមានជាធរមាន ឬមានចែងក្នុងអនុសញ្ញា ឬកិច្ចព្រមព្រៀងរួម ដែលអនុវត្តនៅក្នុងគ្រឹះស្ថាន
។ អធិការការងារត្រូវតែបង្ខំឲ្យដាក់បញ្ចូលក្នុងបទបញ្ជាផ្ទៃក្នុង
នូវបទប្បញ្ញតិ្តទាំងឡាយដែលត្រូវតែអនុវត្តដោយផ្អែកទៅលើច្បាប់
និងបទបញ្ជាទាំងឡាយជាធរមាន ។ និយោជកមិនអាចដាក់ទោសវិន័យដល់កម្មករនិយោជិកណាម្នាក់ដែលមានកំហុស
ដែលនិយោជកខ្លួនឯង ឬតំណាងណាម្នាក់របស់និយោជកបានដឹងអំពីកំហុសនោះ ក្នុង រយៈពេលលើសពីដប់ប្រាំថ្ងៃ ។ កាលបើកម្មករនិយោជិកមានធ្ងន់
ហើយនិយោជកមិនបានចាត់វិធានការបញ្ឈប់ក្នុងរយៈពេលប្រាំពីរថ្ងៃ ចាប់ពីថ្ងៃដែលខ្លួនបានទទួលដំណឹងអំពីកំហុសធ្ងន់នេះ
និយោជកត្រូវបានទុកជាការបោះបង់សិទិ្ធនោះចោលហើយ ។ ទោសវិន័យ ត្រូវតែជាសមាមាត្រស្របទៅនឹងទំងន់នៃកំហុស
។ អធិការការងារមាននីតិសម្បទាក្នុងការត្រួតពិនិត្យភាពសមាមាត្រនេះ ។
និយោជកមិនត្រួវធ្វើការពិន័យជាប្រាក់ ឬដាក់ទោស
វិន័យទេ្វមួយជាពីរចំពោះកំហុសដដែលៗ តែមួយ ។ ការពិន័យជាប្រាក់មានន័យថា
វិធានការទាំងឡាយ ដែលនាំឲ្យមានការកាត់បន្ថយប្រាក់ឈ្នួលរបស់កម្មករនិយោជិក
ដែលត្រូវទទួលបានជាធម្មតាដោយការបំពេញការងារនេះ ។ បទបញ្ជាផ្ទៃក្នុង
ត្រូវតែផ្សព្វផ្សាយ និងបិទនៅទីណាមួយដ៏សមរម្យ
អាចចូលទៅមើលបានដោយងាយក្នុងកនែ្លងធ្វើការហើយនិងនៅមានត់ទ្វារបន្ទប់សំរាប់ទទួលយកកម្មករឲ្យធ្វើការ
។ បទបញ្ជាផ្ទៃក្នុងនេះ ត្រូវតែរក្សាទុកដាក់ឲ្យបានល្អអានច្បាស់ជាដរាប ។
ការកែប្រែគ្រប់យ៉ាងនៃបទបញ្ជាផ្ទៃក្នុងត្រូវតែធ្វើតាមបទប្បញ្ញតិ្តស្តីពីសហគ្រាសគ្រឹះស្ថាននេះ
។ នៅក្នុងសហគ្រាស
ឬគ្រឹះស្ថានទាំងឡាយណាដែលមានប្រើកម្មករនិយោជិកតិចជាងប្រាំបីនាក់ហើយដែលគ្មានបទបញ្ជាផ្ទៃក្នុង
និយោជកអាចធ្វើការព្រមានការសី្តបន្ទោសការព្យួរការងារដោយគ្មានប្រាក់ឈ្មួលដែលមានរយៈពេលមិនលើសពីប្រាំមួយថ្ងៃ
ឬការបញ្ឈប់កម្មករនិយោជិកដោយមាន ឬគ្មានការជូនដំណឹងជាមុន
ដោយផ្អែកតាមទំងន់នៃកំហុសរបស់សាមីខ្លួន ។
កថាខណ្ឌទី៧ អាគារូបដ្ឋាន
អាគារូបដ្ឋាន គឺគ្រឹះស្ថានដែលនិយោជកលក់ដោយផ្ទាល់ខ្លួន
ឬដោយមានអ្នកជំនួសនូវគ្រឿងឧបភោគផ្សេងៗទៅឲ្យកម្មករនិយោជិក
ឬគ្រួសារជនទាំងនោះដើម្បីសេចក្តីត្រូវការផ្ទាល់ខ្លួន ។
អាគារូបដ្ឋាន
នឹងអាចអនុញ្ញាតអោយបើកលក់បាន លុះត្រាតែបំពេញល័ក្ខខ័ណ្ឌបួនយ៉ាងដូចតទៅនេះ៖
១-
មិនត្រូវបង្ខំកម្មករនិយោជិកឲ្យទិញតែនៅទីនោះឡើយ។
២- មិនត្រូវឲ្យនិយោជកឬអ្នកមើលការជំនួសយកចំណេញក្នុងការលក់ទំនិញនេះកឡើយ។
៣-
គណនេយ្យសំរាប់អាគារូបដ្ឋាននីមួយៗ ត្រូវឲ្យធ្វើដាច់ដោយឡែកអំពីគណនេយ្យសហគ្រាស។
៤-
ថ្លៃគ្រឿងឧបភោគបរិភោគដែលដាក់លក់ ត្រូវបិទផ្សាយឲ្យគេឃើញច្បាស់
ការបើកអាគារូបដ្ឋានត្រូវកំណត់ដោយ
ប្រកាសក្រសួងទទួលបន្ទុកវិស័យការងារ ។ អធិការការងារត្រួតពិនិត្យ
ការប្រព្រឹត្តទៅនៃអាគារូបដ្ឋានដែលកម្មការនិយោជិកមានតំណាងជ្រើសរើសនៃសាមីកម្មករនិយោជិកចូលរួលមក្នុងការគ្រប់គ្រងផង
។
អធិការការងារអាចបង្ខំឲ្យបិទអាគារូបដ្ឋានជាបណ្តោះអាសន្នរហូតដល់មានសេចក្តីសំរេចជាស្ថាពរពីក្រសួងទទួលបន្ទុកវិស័យការងារ
។
កថាខណ្ឌទី៨ កិច្ចធានា
យោងតាមមាត្រា
៤៤ ការចុះកិច្ចសន្យាការងារ ឬការរក្សាកិច្ចសន្យាការងារ
និយោជកមិនអាចតម្រូវឲ្យមានការធានាជាប្រាក់កាស ឬជាប័ណ្ណសិទ្ធិណាមួយឡើយ
ទោះបីជាក្នុងរូបភាពបែបណាក៏ដោយ ។ និយាយម៉្យាងទៀតថា គ្មានបុគ្គលណាមួយតម្រូវឲ្យបង់ប្រាក់
ឬដាក់ធានាដើម្បីទទួលបានការងារទេ ។
ជួនកាលនិយោជកចុះកិច្ចសន្យាការងារមួយដែលក្នុងនោះកម្មករនិយោជិតយល់ព្រមឲ្យនិយោជកកាត់
ឬដកប្រាក់ឈ្នួលរបស់ខ្លួនក្នុងរយៈពេលសាកល្បងការងារ ។
ការកាត់ប្រាក់ឈ្នួលរបៀបនេះបង្កើតឲ្យមានការដាក់តម្កល់ប្រាក់ដែលនិយោជកត្រូវប្រគល់ឲ្យកម្មករវិញបន្ទាប់ពីពួកគេព្រមបន្តកិច្ចសន្យា
ក្នុងរយៈពេលអប្បបរមាមួយ ។ ក្រុមប្រឹក្សាអាជា្ញកណ្តាលបានកំណត់ថាការធ្វើរបៀបនេះ គឺរំលោភច្បាប់ការងារ
និងត្រូវចាត់ទុកជាមោឃៈភាព ។ [23]
សរុបសេចក្តីមកក្នុងការចុះកិច្ចសន្យាការងារ
ឬការរក្សាកិច្ចសន្យាការងារ និយោកមិនអាចតំរូវឲ្យមានកិច្ចធានាជាប្រាក់កាស
ឬជាប័ណ្ណសិទិ្ធណាមួយឡើង ទោះជាក្នុងរូបភាពណាក៏ដោយ ។
ផ្នែកទី២ ការទទួលខុសត្រូវរបស់ម្ចាស់សហគ្រាសចំពោះ អនាម័យ និងសន្តិសុខនៃកម្មករនិយោជិត
ជំពូកទី១ ទំនួលខុសត្រូវរបស់ម្ចាស់សហគ្រាស(សហគ្រិន)
កថាខណ្ឌទី១ លក្ខខណ្ឌទូទៅ
ដោយអនុលោមទៅតាមច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧
បានបញ្ញត្តិត្រង់ ជំពូកទី ៨ ពី “អនាម័យ និង
សន្តិសុខនៃកម្មករនិយោជិត ” ។ ត្រូវយកទៅអនុវត្តលើសហគ្រាសគ្រប់ប្រភេទ
ដែលស្ថិតនៅក្រោមច្បាប់ការងារនេះ លើកលែងតែចំពោះរោងជាង ដែលមានប្រើកម្មករនិយោជិតជាសមាជិកនៃគ្រួសារ
ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឳពុកម្តាយ ឬអាណាព្យាបាលតែប៉ុណ្ណោះ
ហើយក៏ត្រូវបានយកទៅអនុវត្តផងដែរ ចំពោះសហគ្រាស ឬរោងជាងទាំងឡាយណា
ទោះជាមានលក្ខណៈជាគ្រួសារក៏ដោយឱ្យតែមានការងារប្រព្រឹត្តទៅដោយឡចំហាយ ឬគ្រឿងយន្ត ឬអគ្គីសនី
ឬឧស្សាហកម្មនោះអាចមានគ្រោះថ្នាក់ ឬខូចសុខភាព ។
គ្រប់គ្រឹះស្ថាន
និងទីកន្លែងធ្វើការ ត្រូវរក្សាឲ្យបានស្អាត ហើយថាមានលក្ខខណ្ឌអនាម័យ
និងសភាពសុខសប្បាយជានិច្ច ឬជាទូទៅត្រូវឲ្យមានលក្ខខណ្ឌការងារជាចាំបាច់សំរាប់សុខភាពអនាម័យសុខភាពរបស់កម្មករនិយោជិត
។
កថាខណ្ឌទី២ ការទទួលខុសត្រូវរបស់និយោជក
បើតាមមាត្រា ២២៩ គឺថានិយោជកជាអ្នកធានាខុសត្រូវគ្រប់បែបយ៉ាងក្នុងការថែទាំសុខភាពរបស់កម្មករ
និយោជិត ដើម្បីឱ្យមានសុខភាពល្អជានិច្ច ។ ដូច្នេះ តើកាតព្វកិច្ចអ្វីខ្លះដែលនិយោជកត្រូវបំពេញឲ្យបាននោះ?
ចំណុចទី១ កាតព្វកិច្ចទូទៅ
ជាការពិតណាស់ ចំពោះបទបញ្ញត្តិដែលមានចែងក្នុងច្បាប់ស្តីពីការងារឆ្នាំ១៩៩៧
គឺមានលក្ខណៈ ទូលំទូលាយណាស់
ដែលធ្វើឱ្យយើងពុំអាចកំណត់ថា និយោជកមានកាតព្វកិច្ចអ្វីពិតប្រាកដ និងជាក់ស្តែងសម្រាប់ធានាអនាម័យ
និងសន្តិសុខនៅក្នុងគ្រឹះស្ថាន ឬសហគ្រាស និងកន្លែងធ្វើការរបស់ខ្លួននោះទេ ។ ដូច្នេះយើងត្រូវសិក្សាពីចំណុចនីមួយៗ
ដែលច្បាប់ស្តីពីការងារបានកំណត់ឲ្យនិយោជកត្រូវអនុវត្តតាមនោះ ។
ចំណុចទី២ ការបំភ្លឺ និង សូរសំលេង
និយោជកត្រូវរៀបចំឲ្យអគាររោងជាង ទីកន្លែងធ្វើការមានពន្លឺធម្មជាតិ
និងពន្លឺសិប្បនិម្មិត ដ៏សមស្រប ពោលគឺធ្វើយ៉ាងណា ដើម្បីឲ្យកម្មករ និយោជិត មើលឃើញច្បាស់
និងមិនរោយភ្នែក ។ ត្រូវផ្តល់ពន្លឺឲ្យបានគ្រប់គ្រាន់ និង អាស្រ័យលើប្រភេទការងារ
ដែលមិនបង្ករឲ្យមានភាពហត់នឿយនៅពេលសំឡឹងមើល និងផ្តល់លទ្ធផលមិនល្អនៅពេលអនាគត ។ ឧទាហរណ៍ៈ
ដូចជាមានបញ្ហាភ្នែកមីញ៉ូបជាដើម...។
ចំពោះឯកតាសំរាប់ធ្វើជាខ្នាតនៃពន្លឺ
គឺ លុច LUX ។ ឧទាហរណ៌កន្លែងធ្វើចរាចរទៅមកត្រូវបំភ្លឺជាមធ្យមពី ១០០ ទៅ
១៥០លុច, អាហារដ្ឋានត្រូវបំភ្លឺជាមធ្យម ២០០លុច, ចំពោះការងារច្នៃត្បូងគ្រឿងអលង្ការវិញ
ត្រូវបំភ្លឺជាមធ្យម ១៥០០លុចជាដើម ។ ចំពោះប្រព័ន្ធសៀគ្វីនៃការបំភ្លឺមានដូចជា
ខ្សែរភ្លើង ជើងចាប់អំពូល កុងតាក់ ត្រូវរៀបចំទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ
ដើម្បីជៀសវាងបញ្ហាឆក់ ឬក៏ករណីផ្ទុះសេជាដើម ។ ចំណែកឯម៉ាស៊ីនភ្លើង ត្រូវដាក់នៅឲ្យឆ្ងាយពីកន្លែងធ្វើការ
ឬអគារដទៃទៀត ដើម្បីជៀសវាងការរំខានដោយសំលេង ។
សំលេង
ក៏ជាបញ្ហាមួយដែរដូច្នេះដោយយោងតាមអនុក្រឹត្យលេខ ៤២ អនក្រ-បកចុះថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់
និងការរំខានដោយសំលេងចំពោះរោងចក្រសហគ្រាស គ្រឹះស្ថាន រោងជាងនោះ
គឺថាបើមានសំលេងលើសពី ៨០ ដេស៊ីបែល
និយោជកត្រូវផ្តល់ឧបករណ៌ការពារត្រចៀកដល់កម្មករនិយោជិតដែលធ្វើការនៅទីនោះ ។
ចំណុចទី៣ ការលើកដាក់ទម្ងន់សមស្របតាមកំលាំង
ការលើកដាក់ទម្ងន់ សំរាប់កម្មករនិយោជិតម្នាក់ ឬច្រើននាក់
មានជាអាទិ៍ៈ ការលើក ការដឹក ការដាក់ចុះ ការរុញ ការអូសទាញ
ការរំកិលវត្ថុដែលមានទំងន់ដោយបញ្ចេញកំលាំងពលកម្មផ្ទាល់ ។ ដូច្នេះដើម្បីជៀសវាងកុំឲ្យការលើកដាក់ទម្ងន់មានគ្រោះថ្នាក់ដល់សុខភាព
កម្មករនិយោជិត ពិសេសកុំឲ្យមានការប៉ះពាល់ឆ្អឹងខ្នងនោះ
និយោជកត្រូវយកចិត្តទុកជាខ្លាំងទៅលើបញ្ហានេះ ។
និយោជកត្រូវមានកាតព្វកិច្ចទទួលខុសត្រូវដូចជាៈ
រៀបចំកញ្ចប់នីមួយៗ
កុំឲ្យទើសទែង និង មិនលើសពី ៥០Kg
រៀបចំផ្លូវឆ្លងកាត់ឲ្យបានជិតបំផុត
និងមិនបង្ករការលំបាកក្នុងការធ្វើដំណើរ
រិះរកមធ្យោបាយបច្ចេកទេសជំនួយក្នុងការលើកដាក់ទម្ងន់
ផ្តល់ការអប់រំបច្ចេកទេសដល់កម្មករនិយោជិតក្នុងការលើកទម្ងន់
។
ម្យ៉ាងវិញទៀត
ចំពោះស្រ្តីមានផ្ទៃពោះ ឬស្រ្តីទើបចូលធ្វើការឡើងវិញ បន្ទាប់ពីសំរាលកូន ក្នុងរយៈពេល
២ ខែដំបូងនោះ គឺមិនអនុញ្ញាតឲ្យលើកទម្ងន់លើសពី ៥Kgទេ។
ចំណុចទី៤ ការរៀបចំបង្គន់អនាម័យ
បញ្ហាបង្គន់អនាម័យគឺជារឿងសំខាន់មួយក្នុងការរៀបចំឱ្យមានក្នុងបរិវេណគ្រឹះស្ថានឫ
ទីកន្លែងធ្វើការឱ្យបានសមរម្យ និង ប្រកបដោយអនាម័យល្អ ហើយអស្រ័យទៅតាមចំនួនកម្មករនិយោជិតផងដែរ។
បង្គន់ទាំងអស់ ត្រូវបានទទួលបានការថែទាំសំអាត ដុសលាងយ៉ាងហោចណាស់មួយដងក្នុងមួយថ្ងៃ
ហើយមានទឹកស្អាតសំរាប់ប្រើប្រាស់ និងសាប៊ូឱ្យបានគ្រប់គ្រាន់ផងដែរ។[24]
ចំនួនកម្មករនិយោជិត
(ប្រុស-ស្រី )
|
ចំនួនបង្គន់
|
១នាក់
- ១៥នាក់
|
១
|
១៦នាក់
- ៣៥នាក់
|
២
|
៣៦នាក់
- ៥៥នាក់
|
៣
|
៥៦នាក់
- ៨០នាក់
|
៤
|
៨១នាក់
- ១១០នាក់
|
៥
|
១១១នាក់
- ១៥០នាក់
|
៦
|
១៥១នាក់
- ១០០០នាក់
|
ថែម
១ សំរាប់ ៥០នាក់
|
លើសពី
១០០០នាក់
|
ថែម
១ សំរាប់ ៧០នាក់
|
យ៉ាងណាមិញ បើតាមសេចក្តីបង្គាប់លេខ ០៣/០៣
ចុះថ្ងៃទី១១ មិថុនា ២០០៣ នោះ គឺថានិយោជកត្រូវបញ្ឈប់ការបង្ខំឲ្យកម្មករទៅដងទឹកដោយខ្លួនឯងពីអណ្តូងទឹក
ដើម្បីយកទៅប្រើប្រាស់នៅក្នុងបង្គន់ ។
ចំណុចទី៥ កៅអីអង្គុយ សំលៀកបំពាក់ការងារ
ចំពោះកៅអីអង្គុយសំរាប់ធ្វើការងារ គឺត្រូវផ្តល់ឲ្យបានសមរម្យ
សំរាប់កម្មករនិយោជិតដើម្បីប្រើប្រាស់ទៅតាមសេចក្តីត្រូវការ ។ ចំណែកឯសំលៀកបំពាក់ការងារវិញត្រូវ
ក៏ត្រូវការជាចំាបាច់ ក្នុងការធ្វើការងារដើម្បីជៀសវាងពីគ្រោះថ្នាក់ជាយថាហេតុ។
ចំណុចទី៦ ខ្យល់ចេញចូល និង កំដៅ
បញ្ហាខ្យល់ចេញចូលជារឿងសំខាន់មួយដែរ ដូច្នេះនិយោជក
ត្រូវចាត់វិធានការសំរាប់ធ្វើឲ្យខ្យល់ចេញចូលបានស្រួល
នឹងសំអាតបរិយាកាសកន្លែងធ្វើការឲ្យបានគ្រប់ពេលវេលា។
ឧទាហរណ៍ ៖ ដូចជា មានកង្ហារតាមពិដាន
កង្ហារបឺតខ្យល់...។ ចំណែកឯសីតុណ្ហភាពនៃកំដៅវិញ ត្រូវវាស់ជាប្រចាំ ធ្វើយ៉ាងណាកុំឱ្យក្តៅពេក
នឹងត្រជាក់ពេក មានការព្យាករណ៍ទុកដើម្បីត្រៀមការពារជាមុន ។ ឧទាហរណ៍ ៖ ដូចជាបើសិនជាក្តៅ
ត្រូវចាប់ផ្តើមបាញ់ ទឹកដាក់ដំបូល ដើម្បីបញ្ចុះសីតុណ្ហភាពសមស្រប រឺក៏ត្រូវមានម៉ាស៊ីនត្រជាក់អាស្រ័យទៅតាមលទ្ធភាព។
ចំណុចទី៧ ការបង្ការភាពអាសន្ន
និយោជកត្រូវរៀបចំឲ្យមានទ្វារពិសេសសំរាប់ការពារពេលអាសន្នកើតឡើងសំរាប់កម្មករនិយោជិត
ហើយមានដាក់សញ្ញាសំគាល់យ៉ាងច្បាស់ និងងាយស្រួលអាចចេញចូលបានជាមួយគ្នានេះដែរ
ត្រូវមានបំពង់ពន្លត់អគ្គីភ័យគ្រប់គ្រាន់ ហើយដាក់នៅជិតដៃកម្មករនិយោជិត ។ ម្យ៉ាងវិញទៀត
ត្រូវបំប៉នការអប់រំដល់កម្មករនិយោជិតទាក់ទងទៅនឹងភាពអាសន្នកើតឡើង ដើម្បីឲ្យពួកគេចេះការពារខ្លួនរួចផុតពីការគ្រោះថ្នាក់ផងដែរ
។
ចំណុចទី៨ អាហារដ្ឋាន
ត្រូវមានការថែទាំសំអាតបរិវេណទទួលទានអាហារ ចង្រ្កានឲ្យមានអនាម័យ
និងស្អាតជាប្រចាំ ហើយត្រូវធានាថាអាហារត្រូវបានរៀបចំត្រឹមត្រូវចំអិនបានល្អ
មានអនាម័យមានគុណភាព និងតំលៃសមរម្យ ។
ចំណុចទី៩ ការទុកដាក់សារជាតិគីមី
សារធាតុគីមី គឺជារបស់មួយដែលមានគ្រោះថ្នាក់
ដូច្នេះត្រូវស្តុកទុកនៅកន្លែងណាដែលបិទជិត ដាច់ដោយឡែកពីកន្លែងធ្វើការ និងត្រូវមានបិទផ្លាកសញ្ញាឲ្យច្បាស់លាស់
និងសរសេរបំរាមជាភាសាខ្មែរ ឬភាសាបរទេសបើសិនជាអាច ។
ចំណែកឯកន្លែងប្រើសារជាតិគីមីវិញ ត្រូវរក្សាឲ្យបាននូវកំរិតខ្យល់ចេញចូល(ដំឡើងបរិមាណអុកស៊ីសែន)។
ជំពូកទី២ វិធានការត្រួតពិនិត្យសន្តិសុខ និង
អនាម័យ
ក្រសួងទទួលបន្ទុកវិស័យការងារ និងក្រសួងពាក់ព័ន្ធ
ត្រូវរៀបចំធ្វើប្រកាសដើម្បីតាមដានត្រួតពិនិត្យការអនុវត្តអំពីសន្តិសុខ និងអនាម័យជាក់លាក់របស់កម្មករនិយោជិតម្នាក់ៗ
។ ដែលប្រកាសទាំងនោះ ត្រូវពាក់ព័ន្ធដល់៖
គុណភាពទឹកនៃទីកន្លែងធ្វើការ
ការបោសសំអាត
ឋបនភ័ណ្ឌសុខាភិបាលដែលត្រូវមានសំរាប់សេចក្តីត្រូវការរបស់បុគ្គលិក
ភេសជ្ជៈ
និងអាហារ
ការស្នាក់នៅជាយថាហេតុរបស់បុគ្គលិក
ប៉ុស្តិការងារ
និង ការរៀបចំអាសនៈធ្វើការ
វិធានការសំរាប់ធ្វើឲ្យខ្យល់ចេញចូលបានស្រួល
និង ការសំអាតបរិយាកាសកន្លែងធ្វើការ
ឧបករណ៍ការពារផ្ទាល់ខ្លួន
និង សំលៀកបំពាក់ការងារ
ពន្លឺ
និងសំលេងក្នុងកន្លែងធ្វើការ ។
ជាមួយគ្នានេះដែរ
បញ្ហាធានាសុវត្ថិភាព ក៏ត្រូវរៀបចំយ៉ាងល្អសំរាប់កម្មករនិយោជិត។ចំពោះគ្រឿងម៉ាស៊ីន
គ្រឿងយន្ត បរិធានសំរាប់ការបញ្ជូនឧបករណ៍តូចធំ និងម៉ាស៊ីនត្រូវដាក់ និងរៀបចំក្នុងលក្ខខណ្ឌប្រសើរបំផុតនៃសន្តិសុខ
។ ប្រកាសទាំងនោះ ក៏កំណត់ផងដែរនូវវិធានការសំរាប់អនុវត្តពិសេសដែលពាក់ព័ន្ធដល់៖
ហានិភ័យនៃការជ្រុះធ្លាក់វត្ថុ
ឬគ្រឿងចក្រ
ការប្តូរទីតាំងនៃវត្ថុធ្ងន់ៗ
ការការពារម៉ាស៊ីន
និង បរិធានដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់
វិធានការពារដែលត្រូវចាត់ចែងឲ្យមានក្នុងករណីធ្វើការងារក្នុងកន្លែងចង្អៀត
ឬស្ថានភាព
ការងារដាច់តែឯង
ហានិភ័យនៃការហៀរចេញវត្ថុរាវ
ប្រេងរំអិល ក្លិន
ដូច្នេះអធិការការងារ
និងអភិបាលការងារជាអ្នកត្រួតពិនិត្យលើសន្តិសុខ អនាម័យ និងសុវត្ថិភាពការងារ
ហើយអធិការពេទ្យការងារ និងអ្នកជំនាញខាងសន្តិសុខត្រូវសហការគ្នាបំពេញបេសកម្មនេះ ។
បើមានចំនុចខ្វះខាតអនាម័យ អធិការការងារ អាចសុំឲ្យធ្វើការបង់ផាកជាពិន័យ ឬដាក់កំហិត ឬបិទអាជីវកម្ម
។
កថាខណ្ឌទី១ សេវាពេទ្យការងារ
សហគ្រាស និងគ្រឹះស្ថានដែលស្ថិតនៅក្រោមអំណាចនៃច្បាប់ការងារឆ្នាំ១៩៩៧
ត្រូវរៀបចំឲ្យមានការព្យាបាលបឋមសំរាប់កម្មករនិយោជិតរបស់ខ្លួន ។[26]
ចំនួនគ្រូពេទ្យតិច ឬច្រើន គឺអាស្រ័យទៅលើចំនួននៃកម្មករនិយោជិតក្នុងរោងចក្រនីមួយៗ ដែរ
។ គ្រូពេទ្យមានតួនាទី មើលថែទាំកម្មករ ឃ្លាំមើលជាប្រចាំ ផ្តល់ដំបូន្មានផ្នែកអនាម័យ
កុំឲ្យខូចសុខភាពដោយសារតែបណ្តាលមកពីបញ្ហាការងារ ។ ហើយម្យ៉ាងទៀត សំណុំរឿង សុខភាពរបស់កម្មករនិយោជិត ដែលបុគ្គលិកពេទ្យការងារប្រមូលបាន គឺជាឯកសសារសម្ងាត់
ហើយព័ត៌មានក្នុងសំណុំរឿងនេះមិនអាចផ្តល់ឲ្យនិយោជក
សហជីព ឬតតីយជនណាមួយដើម្បីធ្វើការកត់សំគាល់លើកម្មករបានទេ
។ ចំពោះសោហ៊ុយចំណាយក្នុងការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមពេទ្យការងារ ត្រូវនៅលើបន្ទុកនិយោជក
។ ក្នុងករណី ដែលក្រុមពេទ្យមួយ បំរើសហគ្រាសច្រើននោះ សោហ៊ុយត្រូវចេញតាមសមាមាត្រនៃចំនួនកម្មករនិយោជិតក្នុងសហគ្រាសនីមួយៗ
។
កថាខណ្ឌទី២ គិលានដ្ឋាន
គិលានដ្ឋានជាអចិន្រៃ្ទយ៍
ត្រូវតែមានកាលណាប្រើកម្មករនិយោជិតធ្វើការយ៉ាងតិច
៥០ នាក់ឡើងទៅ ។ ត្រូវគ្រប់គ្រងផ្ទាល់ដោយគ្រូពេទ្យការងារ
រួមជាមួយនឹងគិលានុប្បដ្ឋាក ឬគីលានុប្បដ្ឋាយិកាម្នាក់ ឬច្រើននាក់
អាស្រ័យទៅតាមចំនួននៃកម្មករនិយោជិត ។ ប៉ុន្តែក្នុងម៉ោងធ្វើការទាំងពេលថ្ងៃ
ទាំងពេលយប់ ដាច់ខាតត្រូវមានគិលានុប្បដ្ឋាក ឬគិលានុប្បដ្ឋាយិកា យ៉ាងតិចមួយនាក់
នៅយាមប្រចាំការជានិច្ច ។ ត្រូវមានសំភារៈ វត្ថុរំរបួស និង ឱសថគ្រប់គ្រាន់សំរាប់ព្យាបាល
។
ចំពោះសហគ្រាសដែលមានសាខា ការដ្ឋានមួយ ឬច្រើន ហើយស្ថិតនៅចម្ងាយលើសពី
៧ គីឡូម៉ែតពីការដ្ឋានធំ ក៏ត្រូវមានគិលានដ្ឋានមួយប្រចាំការដូចគ្នាដែរ ។ យ៉ាងណាមិញ
បើចំនួនកម្មករនិយោជិតមានច្រើនលើសពី ២០០នាក់ នោះគិលានដ្ឋានត្រូវតែមានកន្លែងសំរាប់ឲ្យកម្មកររបួស
ឬមានជំងឺសំរាក មុននឹងបញ្ជូនទៅមន្ទីរពេទ្យ ។ ការព្យាបាលថែទាំ និងអាហារនៃអ្នកនៃរបួស
និងអ្នកជំងឺសំរាកក្នុងគិលានដ្ឋាន សហគ្រាសត្រូវនៅ ក្នុងបន្ទុកនិយោជក ។[27]
នេះគឺជាតារាងនៃចំនួនបុគ្គលិកសុខាភិបាល ដែលត្រូវឲ្យស្របទៅនឹងចំនួនបុគ្គលិកកម្មករនិយោជិត
៖
ចំនួនកម្មករនិយោជិត
ក្នុងសហគ្រាស
|
ចំនួនគិលានុប្បដ្ឋាក
ឬគិលានុប្បដ្ឋាយិកា
|
ចំនួនគ្រូពេទ្យ
|
វត្តមានអប្បបរមារបស់គ្រូពេទ្យសំរាប់មួយវេន៨ម៉ោង
|
៥០-៣០០នាក់
|
១នាក់ប្រចាំការ
|
វេជ្ជបណ្ឌិត១
ឬគ្រូពេទ្យមធ្យម១នាក់
|
២
ម៉ោង
|
៣០១-៦០០នាក់
|
១នាក់ប្រចាំការ
|
វេជ្ជបណ្ឌិត១នាក់
|
២
ម៉ោង
|
៦០១-៩០០នាក់
|
២នាក់ប្រចាំការ
|
វេជ្ជបណ្ឌិត១នាក់
|
៣
ម៉ោង
|
៩០១-១៤០០នាក់
|
២នាក់ប្រចាំការ
|
វេជ្ជបណ្ឌិត១នាក់
|
៤
ម៉ោង
|
១៤០១-២០០០នាក់
|
២នាក់ប្រចាំការ
|
វេជ្ជបណ្ឌិត១នាក់
|
៦
ម៉ោង
|
លើសពី
២០០០នាក់
|
៣នាក់ប្រចាំការ
|
វេជ្ជបណ្ឌិត១នាក់
|
៨
ម៉ោង
|
បើតាមមាត្រា២៤៥
គឺថានិយោជកចេញសោហ៊ុយលើៈ
v
ក្រុមគីមីបង្ការរោគនៅការដ្ឋានខ្លួន
ដូចជាករណីបាញ់ថ្នាំមូស ឬសំលាប់សត្វល្អិត
v
ការចាក់ថ្នាំការពារជំងឺឆ្លងទាំងឡាយ
ដូចជាការចាក់វ៉ាក់សាំងការពារ ។
សេចក្តីសន្និដ្ឋាន
727
ដូចបានធ្វើការរៀបរាប់ពីខាងលើរួចមកហើយ ដូចនេះយើងអាចសន្និដ្ឋានបានថាសហគ្រាសដើរតួរយ៉ាងសំខាន់ក្នុងការបំពេញភាពអត់ការងារធ្វើរបស់កម្មករនិយោជិតក៏ដូចជាប្រជាពលរដ្ឋកម្ពុជា
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការបើក ឬបិទសហគ្រាសនេះមិនអាចធ្វើទៅតាមអំពើចិត្តនោះឡើយ
ឬអាចនិយាយម្យ៉ាងទៀតថាសហគ្រាសត្រូវតែមានកាតព្វកិច្ចមួយចំនួនដែលច្បាប់តម្រូវឲ្យមានជាអាទិ៍ដូចជា៖
និយោជកទាំងអស់ដែលត្រូវបានអនុវត្តច្បាប់ការងារនេះ
ត្រូវធ្វើសេចក្ដីប្រកាសជូនដំណឹងទៅក្រសួងទទួលបន្ទុកវិស័យការងារនៅពេលបើកសហគ្រាសគ្រឹះស្ថាន
។
និយោជកត្រូវបើកឲ្យមាន
និងរក្សាទុកឲ្យបានត្រឹមត្រូវនូវសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន ។
និយោជកត្រូវធ្វើសេចក្តីជូនដំណឹងអំពីការផ្លាស់ប្តូរបុគ្គលិក (ការទទួលឲ្យធ្វើការ
និងបញ្ឈប់កម្មករនិយោជិកទាំងអស់) ។
និយោជកត្រូវចេញសៀវភៅការងារឲ្យកម្មករនិយោជិត ។
និយោជកដែលមានកម្មករនិយោជិត ៥នាក់
ឬច្រើនជាងនេះត្រូវតែមានបទបញ្ជាផ្ទៃក្នុង ។
និយោជកមិនអាចតម្រូវឲ្យមានការធានាជាប្រាក់កាស ឬ ជាប័ណ្ណសិទ្ធិណាមួយឡើយក្នុងការចុះកិច្ចសន្យាការងារ
ឬការរក្សាកិច្ចសន្យាការងារ ។
និយោជកត្រូវរក្សាទុកដោយទៀងទាត់ជាដរាបនូវសៀវភៅបើកទឹកប្រាក់ក្នុងការរិយាល័យបេឡា
ឬទីចាត់ការនៃសហគ្រាស ។
និងកាតព្វកិច្ចលើការទទួលខុសត្រូវមួយចំនួនទៀតដែលច្បាប់ការងារតម្រូវឲ្យធ្វើ
។
ម្យ៉ាងវិញទៀតដូចបានរៀបរាប់ពីខាងដើមរួចមកហើយចំពោះបញ្ហាសន្តិសុខ
និងអនាម័យនៅកន្លែងធ្វើការងាររបស់កម្មករនិយោជិតនោះ ហើយយើងដឹងច្បាស់ថាច្បាប់ស្តីពីការងារឆ្នាំ១៩៩៧
បានយកចិត្តទុកដាក់ជាខ្លាំង ក្នុងការគាំពារប្រកបដោយភាពឥតខ្ចោះនោះ ។ ដែលទាំងនេះ គឺជាអ្វីដែលមនុស្សគ្រប់រូបគួរទទួលបាន
។ ថ្វីត្បិតតែប្រព័ន្ធលទ្ធភាពការងារនៅតាមរោងចក្រ សហគ្រាសក្នុងប្រទេសកម្ពុជាយើងមិនទាន់មានភាពជឿនលឿន
ក៏ដូចជាការទៅតាមអនុវត្តតាមគោលការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយក្តី
ក៏យើងមានមោទនភាពជាខ្លាំង ចំពោះអ្វីដែលយើងមាននាពេលបច្ចុប្បន្ន ហើយសង្ឃឹមថានាពេលអនាគត
កម្មករនិយោជិតទាំងអស់ ពិតជាទទួលបានការគាំពារខ្ពស់ និងមានជីវិតប្រកបដោយភាពរីករាយ ។
ដោយយោងតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ចែងថា “ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន ។”
[23] សូមមើលសេចក្តីបង្គាប់អាជ្ញាកណ្តាល Loyal
Cambodia Limited ( 21/03.December 8, 2003) ពិភាក្សានៅក្នុងផ្នែក
៦.២ (ការកាត់ប្រាក់ឈ្នួល និងការរឹបអូសឃាត់ទុក) ។
[24] ប្រកាសលេខ៥២
សកបយ ចុះថ្ងៃទី១០ កុម្ភៈ ២០០០ ស្តីពី ការរៀបចំបង្គន់អនាម័យ
[25] មាត្រា២៣០
នៃច្បាប់ស្តីពីការងារឆ្នាំ១៩៩៧
[26] មាត្រា២៣៨
នៃច្បាប់ស្តីពីការងារឆ្នាំ១៩៩៧
No comments:
Post a Comment