សេចក្តីផ្តើម
នៅពេលដែលរដ្ឋថ្មី
ឬរដ្ឋាភិបាលថ្មីបានបង្កើតឡើង បញ្ហាសំខាន់ថិតត្រង់ថា តើរដ្ឋថ្មី ឬរដ្ឋាភិ បាលថ្មីនោះបានការទទួលស្គាល់ពីបណ្តាលរដ្ឋផ្សេងៗ
ឬពីសហគមន៍អន្តរជាតិយ៉ាងដូចម្តេច ។ ការកំណត់និយមន័យនៃការទទួលស្គាល់រដ្ឋ ឬរដ្ឋាភិបាល
គឺការទទួលស្គាល់ជាឆន្ទៈមួយ ដើម្បីទទួលស្គាល់រដ្ឋថ្មីមួយនោះ ឲ្យក្លាយទៅជាសមាជិកថ្មីមួយនៃសហគមន៍អន្តរជាតិ
ឬក៏ទទួលស្គាល់រដ្ឋាភិបាលថ្មីមួយឲ្យក្លាយទៅជាតំណាងរបស់រដ្ឋមួយនោះ ។
ក្នុងវិស័យនីតិអន្តរជាតិ
ការទទួលស្គាល់រដ្ឋតាមរយៈការទូត ជាសកម្មភាពផ្នែកនយោបាយជាឯកតោភាគីរបស់រដ្ឋមួយ
ហើយការទទួលស្គាល់នេះ បានផ្សារភា្ចប់ទៅនឹងរបត់នៃនយោបាយ នៅក្នុងរដ្ឋផង
និងនៅក្នុងនីតិអន្តរជាតិផង ។ ការទទួលស្គាល់រដ្ឋក្នុងវិស័យការទូតជាទូទៅ
តែងតែមានការទទួលស្គាល់តាមរយៈរដ្ឋាភិបាល ឬតាមរយៈរដ្ឋ ។
I. ការទទួលស្គាល់រដ្ឋ(Recognition
of State)
ក្នុងឋានៈជារដ្ឋអធិបតេយ្យ ដែលជាសមាជិកនៃសហគមន៍អន្តរជាតិ
រដ្ឋត្រូវតែបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ និងដោយច្បាប់អន្តរជាតិ ។
រដ្ឋដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់
ចាំបាច់ត្រូវតែមានលក្ខខណ្ឌមួយចំនួនដូចតទៅ៖
- មានការរៀបចំនយោបាយជាក់លាក់មួយ
-
មានការគ្រប់គ្រងលើដែនដីទាំងមូលហើយជាអចិន្រ្តៃយ៍
-
មានឯករាជ្យភាពពិតប្រាកដ
- មានធាតុផ្សំសំខាន់ៗ
របស់រដ្ឋដូចជាៈ ទឹកដី ប្រជាពលរដ្ឋ រដ្ឋាភិបាល និងអធិបតេយ្យភាព
ដែលសំដៅមិនស្ថិតក្រោមការត្រួតត្រារបស់រដ្ឋដទៃ[1] ។
១.
និយមន័យនិងន័យនៃពាក្យការទទួលស្គាល់រដ្ឋ(Definition
and Meaning of the term Recognition)
ក្នុងន័យទូទៅ ការទទួលស្គាល់រដ្ឋ
ដោយរដ្ឋមួយផ្សេងទៀត គឺជាការឆ្លុះបញ្ចាំងឲ្យឃើញថា រដ្ឋនោះមានសិទ្ធិ និង សមត្ថកិច្ចគ្រប់បែបយ៉ាង
ដើម្បីធ្វើទំនាក់ទំនងអន្តរជាតិតាមផ្លូវច្បាប់ជាមួយរដ្ឋ
ដែលបានទទួលស្គាល់រដ្ឋជាផ្លូវការនោះ ។
២. លក្ខខណ្ឌ និងមូលហេតុនៃការទទួលស្គាល់រដ្ឋ
(Condition and cause of Recognition)
មូលហេតុទាំងឡាយដែលធ្វើជាមូលដ្ឋានក្នុងការសម្រេចទទួលស្គាល់រដ្ឋមួយមានច្រើនករណី
ដូចជា សារៈសំខាន់ខាងវិស័យពាណិជ្ជកម្ម ទំនាក់ទំនងទៅនឹងនយោបាយក្នុងប្រទេស
ទំនាក់ទំនងជាមួយនឹងសម្ព័ន្ធមិត្តខាងយោធា ហេតុផលខាងក្នុងផ្នែកមនុស្សធម៌ និងការធ្វើទំនាក់ទំនងខាងផ្លូវការទូត
។
ការទទូលស្គាល់រដ្ឋមួយអាចដំណើរការទៅបានតាមលក្ខណៈដូចតទៅ:
· ការចាប់កំណើតនូវរដ្ឋថ្មីមួយ
(The birth of a new state)
·
ការបង្កើតនូវរដ្ឋាភិបាលថ្មីមួយ (The establishment of a new government)
· ការប្រែប្រួលខាងផ្នែកទឹកដី
(a territorial change)
ការទទួលស្គាល់ គឺជាបញ្ហាស្មុគស្មាញនៅក្នុងនីតិអន្តរជាតិ
ពីព្រោះបញ្ហាជាប់ទាក់ទងទៅនឹង វិស័យនយោបាយ ទាក់ទងទៅនឹងនីតិជាតិ និងនីតិអន្តរជាតិ ។
ករណីនៅពេលរដ្ឋថ្មីមួយបានចាប់បដិសន្ធិឡើង ឬ
នៅពេលរដ្ឋាភិបាលថ្មីមួយបានចូលកាន់តំណែង បញ្ហានេះថាតើយើងត្រូវទទួលស្គាល់ រដ្ឋថ្មី ឬ
រដ្ឋាភិបាលថ្មី ? ប៉ុន្តែនៅក្នុងនីតិអន្តរជាតិបណ្តារដ្ឋនានាត្រូវមានកាតព្វកិច្ចពីរគឺ៖
-
ការទទួលស្គាល់រដ្ឋថ្មីមួយគឺជាកាតព្វកិច្ចចាំបាច់របស់រដ្ឋមួយនៅក្នុងឋានៈជាសមាជិករបស់សហគមន៍អន្តរជាតិ។
-
ការទទួលស្គាល់រដ្ឋាភិបាលថ្មីមួយក៏ជាកាតព្វកិច្ចចាំបាច់ផងដែរ
ក្នុងឋានៈរដ្ឋាភិបាលដែលតំណាងឲ្យរដ្ឋនោះ ។
II. ទ្រឹស្តីនៃការទទួលស្គាល់រដ្ឋ
(Theories of Recognition)
មានទ្រឹស្តីពីរ
ដែលបានបង្ហាញអំពីចរិកលក្ខណៈនៃការទទួលស្គាល់់រដ្ឋគឺ៖ ទ្រឹស្តីវិធានគតិយុត្ត
និងទ្រឹស្តីបង្ហាញ[2]
។
១.
ទ្រឹស្តីវិធានគតិយុត្ត(Constitutive theories)
តាមទ្រឹស្តីនេះការទទួលស្គាល់រដ្ឋមួយ
ត្រូវស្របទៅនឹងសិទ្ធ និងកាតព្វកិច្ច ដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិ (Recognition clothes the Recognized state with rights and duties under
International Law) ។ អ្នកច្បាប់ភាគច្រើនបានចាត់ទុកថា
ទ្រឹស្តីវិធានគតិយុត្តនៃការទទួលស្គាល់រដ្ឋគឺជាគោលការណ៍ស្របទៅនឹងច្បាប់ពីព្រោះ
នៅក្នុងប្រវត្តិសាស្រ្ត អត្ថិភាពរបស់រដ្ឋនីមួយៗ
បានបង្ហាញឲ្យឃើញពីលក្ខណៈស្របទៅនឹងទ្រឹស្តីវិធានគត្តិយុត្តនេះ ។
ទ្រឹស្តីវិធានគតិយុត្តនៃការទទួលស្គាល់រដ្ឋបានបញ្ជាក់ថា
រដ្ឋមួយដែលបានទទួលស្គាល់ពីសហគមន៍អន្តរជាតិមួយ គឺក៏ដោយសារតែរដ្ឋនោះ
មានលក្ខខណ្ឌពេញលេញជារដ្ឋស្របច្បាប់ត្រឹមត្រូវ ដែលជារដ្ឋមានប្រជាពលរដ្ឋ មានទឹកដី
មានរដ្ឋាភិបាលឯករាជ្យ និងអធិបតេយ្យពិតប្រាកដ ។
តាមទ្រឹស្តីរដ្ឋ ឬរដ្ឋាភិបាលថ្មីមួយ អាចមានអាទិភាពទៅបាន
លុះត្រាតែរដ្ឋ រដ្ឋាភិបាលថ្មីនោះត្រូវបានទទួលស្គាល់ពីសហគមន៍អន្តរជាតិជាមុនសិន
ទើបរដ្ឋ ឬដ្ឋាភិបាលថ្មីនោះអាចត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិ
ឬបណ្តារដ្ឋដទៃទៀតបាន ។
២. ទ្រឹស្តីបង្ហាញ
ឬទ្រឹស្តីជាក់ស្តែង(Declaratory or Evidentiary
theory)
តាមទ្រឹស្តីបង្ហាញនេះគេបានកំណត់ និងបង្ហាញថារដ្ឋមួយអាចមានអាទិភាពទៅបាន
ទោះបីជាគ្មានការទទួលស្គាល់ពីបណ្តារដ្ឋខ្លះក៏ដោយ ហើយក៏អាចនៅបានការទទួលស្គាល់
ពីសំណាក់រដ្ឋខ្លះៗមួយចំនួនទៀត ។
ទ្រឹស្តីបង្ហាញ
ឬទ្រឹស្តីជាក់ស្តែងចង់បង្ហាញឲ្យឃើញថា ការទទួលស្គាល់រដ្ឋមិនមានឥទ្ធិពលតាមផ្លូវច្បាប់ណាមួយនោះទេ
ពីព្រោះការចាប់បដិសន្ធិនៃរដ្ឋ ឬរដ្ឋាភិបាលមួយគឺជាបញ្ហានៃការពិតជាក់ស្តែងសុទ្ធសាធ
ហើយការទទួលស្គាល់នេះគឺគ្រាន់តែជាការទទួលស្គាល់
និងដឹងឮអំពីការពិតជាក់ស្តែងតែប៉ុណ្ណោះ ។
ឧទាហរណ៍ៈ ករណីចំពោះសាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់
ដែលរដ្ឋនេះមិនបានការទទួលស្គាល់ពីសំណាក់រដ្ឋលោកខាងលិចភាគច្រើន រហូតដល់ឆ្នាំ ១៩៧៣ ។
ការបង្កើតឡើងនៃរដ្ឋ ឬរដ្ឋាភិបាលថ្មីមួយ
ក្នុងនោះទោះបីជាមានការបង្កើតរដ្ឋឡើងនោះ ដោយប្រើអំពើហឹង្សា យ៉ាងណាក៏ដោយគឺក៏មិនមែនជាការរំលោភបំពានទៅលើច្បាប់អន្តរជាតិទេ
ពីព្រោះមិនមានបញ្ញត្តិនៃច្បាប់អន្តរជាតិណាមួយត្រូវបានហាមឃាត់
មនុស្សមួយក្រុមមិនអាចធ្វើការផ្តួលរំលំ រដ្ឋាភិបាលនៃរដ្ឋរបស់ខ្លួនទេ ឬក៏ហាមឃាត់
មិនឲ្យធ្វើការបំបែករដ្ឋ ហើយបង្កើតរដ្ឋថ្មីនោះទេ ប្រសិនបើក្រុមនោះអាចមានលទ្ធភាពអាចធ្វើទៅបាន
។
ករណីនេះហើយ ដែលការបង្កើតរដ្ឋ ឬរដ្ឋាភិបាលថ្មីមួយគឺគ្រាន់តែជាបញ្ហានៃការពិតជាក់ស្តែងតែប៉ណ្ណោះ
ហើយការទទួលស្គាល់ ឬមិនទទួលស្គាល់ គឺជារឿងធម្មតា មិនមានឥទ្ធិពលទៅលើផ្លូវច្បាប់ទេ ។
ទោះបីជាយ៉ាងណាក៏ដោយ
ក៏ច្បាប់អន្តរជាតិបានអនុញ្ញាត្តឲ្យបណ្តារដ្ឋនានាប្រើប្រាស់សេរីភាពពេញលេញ
ក្នុងការសម្រេចឲ្យទទួលស្គាល់
ឬមិនឲ្យទទួលស្គាល់ជារឿយៗក៏មានបណ្តារដ្ឋមួយចំនួនបានប្រើប្រាស់ ការទទួលស្គាល់រដ្ឋ
ធ្វើជាឧបករណ៍នៃការអនុវត្តនូវគោលការណ៍នយោបាយរបស់ខ្លួន។
III. បែបបទនៃការទទួលស្គាល់រដ្ឋ(Modes of State Recognition)
ការទទួលស្គាល់រដ្ឋមានលក្ខណៈពីរបែបគឺ
ការទទួលស្គាល់រដ្ឋតាមរយៈព្រឹត្តិការណ៍ និងការទទួលស្គាល់រដ្ឋតាមរយៈផ្លូវច្បាប់ ។
១. ការទទួលស្គាល់រដ្ឋតាមរយៈព្រឹត្តិការណ៍
(De facto Recognition)
ការទទួលស្គាល់រដ្ឋតាមរយៈព្រឹត្តិការណ៍
គឺជាការទទួលស្គាល់រដ្ឋមួយទៀត ដោយសាររដ្ឋនោះមានធាតុផ្សំសំខានៗរបស់រដ្ឋ
ឬអាចនិយាយបានម៉្យាងទៀតថា ជាការទទួលស្គាល់រដ្ឋតាមរយៈនៃការធ្វើសេចក្តីប្រកាស
ឬធ្វើសេចក្តីថ្លែងការរបស់ថ្នាក់ដឹកនាំរបស់រដ្ឋណាមួយ
ដោយប្រកាសទទួលស្គាល់រដ្ឋមួយផ្សេងទៀត ។ ការប្រកាសទទួលស្គាល់រដ្ឋបែបនេះ
គឺជាការទទួលស្គាល់តាមចំណងទាក់ទងធម្មតា គឺមិនមែនជាទំនាក់ទំនងអន្តរជាតិ
តាមផ្លូវការទូតទេ ដែលគេអាចហៅថា ជាការទទួលស្គាល់រដ្ឋដោយស្ងៀមស្ងាត់
ដោយតាមរយៈព្រឹត្តិការណ៍ ។
២. ការទទួលស្គាល់រដ្ឋតាមផ្លូវច្បាប់(De jure Recognition)
ការទទួលស្គាល់រដ្ឋ ឬ
រដ្ឋាភិបាលថ្មីមួយដែលជាការទទួលស្គាល់តាមផ្លូវច្បាប់នោះ គឺជាតម្រូវឲ្យរដ្ឋ
ដែលត្រូវការទទួលស្គាល់នោះ មានលក្ខណៈពេញលេញសមស្រប ហើយជាសមាជិកសហគមន៍អន្តរជាតិណាមួយ
។ រដ្ឋដែលទទួលស្គាល់ ត្រូវធ្វើទំនាក់ទំនងការទូតជាមួយរដ្ឋនោះ
ដោយការដាក់ទូតជាមួយរដ្ឋនោះ ដោយការដាក់ទូតនៅក្នុងរដ្ឋនោះ
ការដាក់ទំនាក់ទំនងការទូតនេះ គឺជាការទទួលស្គាល់រដ្ឋ
ឬរដ្ឋាភិបាលថ្មីតាមផ្លូវច្បាប់ពេញលេញ ។
លោកសាស្ត្រាចារ្យ ស្មីត (Pro.H.A. Smith) បាននិយាយថា
បទពិសោធន៍ជាក់ស្តែងរបស់ប្រទេសអង់គ្លេសបង្ហាញឲ្យឃើញថា ការទទួលស្គាល់រដ្ឋ
ឬរដ្ឋាភិបាលថ្មីណាមួយតាមផ្លូវច្បាប់ អាចធ្វើទៅបានត្រូវស្ថិតក្នុងលក្ខខណ្ឌបីយ៉ាងគឺៈ
- លុះត្រាតែរដ្ឋ
ឬរដ្ឋាភិបាលថ្មីនោះ ធានាបានប្រកបដោយវិចារញ្ញាណ នូវស្ថេរភាព និងភាពជាអចិន្រ្តៃយ៍មួយ
។
(A reasonable assurance of stability and permanence.)
- រដ្ឋ
ឬរដ្ឋាភិបាលថ្មីនឹងបានការគាំទ្រជទូទៅពីសំណាក់ប្រជាពលរដ្ឋ ។
(The State or Government should commend the general support
of the population.)
- រដ្ឋ
ឬរដ្ឋាភិបាលថ្មីនោះអាចមានសមត្ថកិច្ចបាននូវកាតព្វកិច្ចជាអន្តរជាតិបាន ។
(Inter-national obligation)
IV. លក្ខណៈវិនិច្ឆ័យនៃការទទួលស្គាល់រដ្ឋ(Criteria of State Recognition)
រដ្ឋលេខាធិការនៃក្រសួងការបរទេសសហរដ្ឋអាមេរិក
(Secretary of State) លោក Baker បានបញ្ចេញឲ្យឃើញអំពីនយោបាយថ្មីរបស់សហរដ្ឋអាមេរិក
ស្តីពីការទទួលស្គាល់រដ្ឋ ក្នុងសន្ទរកថារបស់លោកមុនកិច្ចប្រជុំនៃសន្និសីទស្តីពី
សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងទ្វីបអឺរ៉ុប នាខែកញ្ញា ឆ្នាំ១៩៩១ ។
លោក Baker បានលើកឡើងអំពី
ការទទួលស្គាល់រដ្ឋថ្មីមួយត្រូវផ្អែកលើគោលការណ៍ ៤ ដែលសហគមន៍អឺរ៉ុបតែងតែប្រកាន់យកគឺ៖
- ប្រទេសដែលត្រូវទទួលស្គាល់
លុះត្រាតែជាប្រទេសមានសន្តិភាព និងប្រកាន់លទ្ធិប្រជាធិបតេយ្យ ស្របទៅតាមគោលការណ៍នៃសន្និសីទស្តីអំពី
សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងទ្វីបអឺរ៉ុប ។ (Determining the future of the country peacefully and
democratically , with Conference on Security and Cooperation on Europe.) ។
- គោរពនូវរាល់ព្រំដែនទាំងអស់ដែលមានរួចហើយ
រាប់ទាំងព្រំដែនខាងក្នុង និងខាងក្រៅផងដែរ ហើយការផ្លាស់ប្តូរព្រំដែន
ត្រូវតែប្រព្រឹត្តទៅតាមវិធានការសន្តិវិធិ និងតាមការសម្របសម្រួល ។ (Respect for all existing border, both internal and external
, and change to those borders only through peaceful and consensual means.) ។
- ការការពារសិទ្ធិមនុស្ស
ឈរលើមូលដ្ឋាននៃការគោរពទាំងស្រុងចំពោះបុគ្គល ហើយរួមបញ្ចូលនូវការយកចិត្តទុកដាក់
ទៅលើសមត្ថភាពរបស់ជនជាតិភាគតិច ។ (Safeguarding of human rights, based on full respect for the
individual and including equal treatment of minorities.) ។
- គោរពចំពោះនីតិអន្តរជាតិ
និងកាតព្វកិច្ចនានា ពិសេសប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ទីក្រុងហេលស៊ិនគី ។ (Respect for international Law and obligation, especially
adherence to the Helsinki Final Act.) ។
នៅក្នុងពេលដែលរដ្ឋថ្មីៗដែលស្ថិតនៅក្នុងតំបន់អឺរ៉ុបខាងកើត
ចាប់ផ្តើមកកើតឡើង សហគមន៍អឺរ៉ុបបានសម្រេចចិត្តរៀបចំជាគោលការណ៍សម្រាប់ទទួលស្គាល់រដ្ឋទាំងនោះ
ដែលមានដូចខាងក្រោម៖
- គោរពបទបញ្ញត្តិទាំងឡាយរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ
និងកាតព្វកិច្ចនានាដែលមានចែងនៅក្នុងច្បាប់នៃទីក្រុងហេលស៊ិនគី (The Helsinki Final Act.)
ជាពិសេសការគោរពនូវនីតិរដ្ឋ គោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ (respect for the provisions of the Charter of the United Nations and the commitment
subscribed to the Helsinki Final Act, especially with regard to the rule of law
democracy and human rights.) ។
- ធានានូវសិទ្ធិរបស់ជាតិពន្ធ
បណ្តាប្រទេសជាតិ និងជនជាតិភាគតិចនានាស្របទៅតាមសេចក្តីសម្រេច របស់សន្និសីទស្តីអំពី
សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងទ្វីបអឺរ៉ុប ។ (Guarantees for the rights of ethnic and nation groups and
minorities in accordance with the commitments subscribed to in the framework of
the Conference on Security and Cooperation in Europe.) ។
- គោរពនូវគោលការណ៍
មិនរំលោភបំពានទៅលើរាល់ព្រំដែនទាំងឡាយ ដែលព្រំដែនទាំងនោះ ត្រូវបានផ្លាស់ប្តូរ
ដោយវិធានការសន្តិភាព និងកិច្ចព្រមព្រៀងជាមួយគ្នា ។ (respect
for the inviolability of all frontiers with can only be change by peaceful
means and by common agreement.) ។
- ព្រមទទួលយកនូវរាល់គោលការណ៍ទាំងឡាយដែលបានលើកឡើង
ទាក់ទងទៅនឹងការកាត់បន្ថយគ្រឿងសព្វាវុធ ព្រមទាំងការមិនរីកសាយភាយអាវុធ និងជាតិផ្ទុះ
ដើម្បីសន្តិសុខ និងស្ថេរភាបក្នុងតំបន់ ។ (acceptance
of all relevant commitment with regard to disarmament and nuclear
non-proliferation as well as to security and regional stability[3].) ។
សេចក្តីសន្និដ្ឋាន
ដូចនេះយើងអាចធ្វើការសន្និដ្ឋានបានថា
ការទទួលស្គាល់រដ្ឋតាមរយៈការទូត ជាសកម្មភាពផ្នែកនយោបាយជាឯកតោភាគីរបស់រដ្ឋមួយ
ហើយការទទួលស្គាល់នេះ បានផ្សារភា្ចប់ទៅនឹងរបត់នៃនយោបាយ នៅក្នុងរដ្ឋផង
និងនៅក្នុងនីតិអន្តរជាតិផង លើសពីនេះការទទួលស្គាល់ជាឆន្ទៈមួយ
ដើម្បីទទួលស្គាល់រដ្ឋថ្មីមួយនោះ ឲ្យក្លាយទៅជាសមាជិកថ្មីមួយនៃសហគមន៍អន្តរជាតិ
ដោយយោងទៅលើនីតិអន្តរជាតិជាទំនៀមទម្លាប់ ។ រដ្ឋដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់
ចាំបាច់ត្រូវតែមានលក្ខខណ្ឌមួយចំនួនដូចតទៅ៖
- មានការរៀបចំនយោបាយជាក់លាក់មួយ
-
មានការគ្រប់គ្រងលើដែនដីទាំងមូលហើយជាអចិន្រ្តៃយ៍
-
មានឯករាជ្យភាពពិតប្រាកដ
-
មានធាតុផ្សំសំខាន់ៗ របស់រដ្ឋដូចជាៈ ទឹកដី
ប្រជាពលរដ្ឋ រដ្ឋាភិបាល និងអធិបតេយ្យភាព
ដែលសំដៅមិនស្ថិតក្រោមការត្រួតត្រារបស់រដ្ឋដទៃ[4] ។
ក្នុងន័យទូទៅ ការទទួលស្គាល់រដ្ឋ ដោយរដ្ឋមួយផ្សេងទៀត
គឺជាការឆ្លុះបញ្ចាំងឲ្យឃើញថា រដ្ឋនោះមានសិទ្ធិ និង សមត្ថកិច្ចគ្រប់បែបយ៉ាង ដើម្បីធ្វើទំនាក់ទំនងអន្តរជាតិតាមផ្លូវច្បាប់ជាមួយរដ្ឋ
ដែលបានទទួលស្គាល់រដ្ឋជាផ្លូវការនោះ ដូច្ចេះហើយ ទើបទទួលស្គាល់រដ្ឋថ្មីមួយទាមទារឲ្យរដ្ឋនោះគោរពឲ្យបាននូវគោលការណ៍នីតិអន្តរជាតិដែលមានលក្ខណៈជាទំនៀមទម្លាប់
និងលក្ខណៈវិនិច្ឆ័យមួយចំនួនទៀតដែលរដ្ឋមួយចំនួនបានលើកឡើង ជាអាទិ៍ដូចជាលក្ខណៈវិនិច្ឆ័យនៃការទទួលស្គាល់រដ្ឋដោយសហគមន៍អ៊ឺរ៉ុបបានលើកឡើងនូវគោលការណ៍មួយចំនួនដូចខាងក្រោម៖
-
គោរពបទបញ្ញត្តិទាំងឡាយរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ
និងកាតព្វកិច្ចនានា
-
ធានានូវសិទ្ធិរបស់ជាតិពន្ធ បណ្តាប្រទេសជាតិ
និងជនជាតិភាគតិចនានា
-
គោរពនូវគោលការណ៍ មិនរំលោភបំពានទៅលើរាល់ព្រំដែនទាំងឡាយ
ដែលព្រំដែនទាំងនោះ ត្រូវបានផ្លាស់ប្តូរ ដោយវិធានការសន្តិភាព
និងកិច្ចព្រមព្រៀងជាមួយគ្នា
-
ព្រមទទួលយកនូវរាល់គោលការណ៍ទាំងឡាយដែលបានលើកឡើង
ទាក់ទងទៅនឹងការកាត់បន្ថយគ្រឿងសព្វាវុធ ព្រមទាំងការមិនរីកសាយភាយអាវុធ និងជាតិផ្ទុះ
ដើម្បីសន្តិសុខ និងស្ថេរភាបក្នុងតំបន់
[2]
International Relations
2001.op.cit.p 104
[3]
International Relations
2001.op.cit.p 104
No comments:
Post a Comment