ជំពូកទី១
ជនដែលមានសិទ្ធិទាមទារឲ្យធ្វើបដិទានសន្តតិកម្មតាមច្បាប់
១.១.និយមន័យ
បដិទាន គឺជាការស្តារឡើងវិញនូវស្ថានភាពដើម
ឬការប្រគល់ត្រឡប់វិញ។ ឧទាហរណ៍៖ ការបង្វិលសងវត្ថុដែលកូនបំណុលបានប្រគល់ ឬសងប្រាក់ ដែលកូនបំណុលបានបង់
ឬបង្វិលសងវត្ថុដែលម្ចាស់បំណុលកំពុងប្រើប្រាស់ ឬថែរក្សាគ្រប់គ្រងទៅកូនបំណុលវិញ
ឬការបង្វិលសងវិញនូវទ្រព្យមត៌កដែលង្នកដែលគ្មានសិទ្ធិខាងសន្តតិកម្មបានទទួលជាដើម[1]។
សន្តតិកម្ម គឺជាការផ្ទេរនូវសិទ្ធ និងករណីរកិច្ចរបស់មរតកជនអោយទៅជនណាម្នាក់ឬច្រើននាក់តាមឆន្ទៈ
ឬតាមច្បាប់[2]។ វាគឺជាវិធានមួយ ក្នុងចំណោមវិធានជាច្រើនអំពីលទ្ធកម្មនៃកម្មសិទ្ធ។
វិធាននេះមានលក្ខណៈពិសេស វាកើតចេញពីទំនាក់ទំនងរវាងបុគ្គល ដែលបានទទួលមរណៈភាព ហើយបានបន្សល់ទុក្ខនូវទ្រព្យសម្បត្តិរបស់ខ្លួន
និងបុគ្គលដែលបានទទួលនូវទ្រព្យរបស់មតកជនដែលបន្សល់ទុក្ខ។ ដូច្នេះយើងអាចកំណត់និយមន័យបានថា
សន្តតិកម្ម គឺជាការផ្ទេរនូវបេតិកភ័ណ្ឌ នៃបុគ្គលណាម្នាក់ដែលស្លាប់ ទៅឲ្យជនណាម្នាក់ ឬច្រើននាក់ដែលហៅថាទាយាទ
ឬសន្តតិជន។សន្តតិជន គឺជាជនដែលទទួលបន្តនូវសិទ្ធិ
និងករណីយកិច្ចរបស់មតកជនតាមរយៈសន្តតិកម្ម[3]។
ជារួមមកការទាមទារឲ្យធ្វើបដិទានសន្តតិកម្ម
គឺជាការទាមទាររបស់សន្តតិជនឲ្យធ្វើបដិទានសន្តតិកម្ម ដែលខ្លួនត្រូវបានដកហូតសិទ្ធិសន្តតិកម្ម។
ម៉្យាងទៀតក្នុងករណីដែលជាសហសន្តតិជនដែលមានសន្តតិជនស្របច្បាប់ច្រើននាក់
ប្រសិនបើសន្តតិជនផ្សេងទៀតមិនទាន់បានពិភាក្សាបែងចែកមត៌កនៅឡើយទេ
ការដកហូតសិទ្ធិសន្តតិកម្មនោះ មិនទាន់កើតឡើងនៅឡើយទេ ដូច្នេះករណីនេះ
សន្តតិជនមិនទទួលនូវការកម្រិតដោយបញ្ញត្តិនេះទេ
ហើយអាចស្នើសុំឲ្យសហសន្តតិជនផ្សេងទៀតធ្វើការពិភាក្សាបែងចែកមត៌ក នៅពេលណាក៏បានដែរ។
ដូចនេះ មានតែសន្តតិជនតាមច្បាប់កំណត់ដែលខ្លួនត្រូវបានដកហូតសិទ្ធិសន្តតិកម្មដោយអយុត្តិធម៌
មានសិទ្ធិទាមទារឲ្យធ្វើបដិទានសន្តតិកម្មដើម្បីទទួលបដិទាននៃមត៌កទាំងអស់ ឬមួយភាគបាន[4]។
១.២.សន្តតិជនតាមច្បាប់កំណត់
នៅពេលបុគ្គលណាម្នាក់ស្លាប់ដោយឥតបានធ្វើបណ្តាំ
គេត្រូវស្វែងរកថាបុគ្គលណាខ្លះ ដែលមានសិទ្ធិឡើងទទួលមត៌ករបស់ខ្មោច។
បុគ្គលដែលមានសិទ្ធ គឺជាបុគ្គលទាំងឡាយណា ដែលជាញាតិរបស់មត៌កជន។ ញាតិរបស់មត៌កជន
សំដៅលើញាតិលោហិត ពោលគឺមិនមែនញាតិពន្ធទេ។
កូនរបស់មតកជន
ត្រូវក្លាយជាសន្តតិជន ដែលមានលំដាប់ទី១។ កូនរបស់មតកជន មានន័យថាកូនដែលមានបុត្តភាពត្រូវបានទទួលស្គាល់តាមផ្លូវច្បាប់។
ដូច្នេះចំពោះកូនក្រៅអាពាហ៏ ពិពាហ៏ ទោះបីជាមានទំនាក់ទំនងបិតុភាពបង្កើតក៏ដោយ
ប្រសិនបើទំនាក់ទំនងនោះមិនត្រូវបានទទួលស្គាល់ទេ បុត្តភាពតាមផ្លូវច្បាប់ក៏មិនអាចទទួលស្គាល់បានដែរ។
ដូច្នេះ កូននោះមិនអាចក្លាយជាសន្តតិជនរបស់មតកជនបានទេ។ កូនរបស់មតកជន
ទោះបីជាកូនបង្កើតក្តី ឬកូនសុំក្តីត្រូវមានចំណែកមរតកស្មើៗគ្នា។
បើមតកជនពុំមានបច្ឆាញាតិផ្ទាល់ដែលត្រូវក្លាយជាសន្តតិជនទេ
បុព្វញាតិផ្ទាល់របស់មតកជននោះ ត្រូវក្លាយជាសន្តតិជន ។
ប៉ុន្តែរវាងបុគ្គលដែលមានថ្នាក់ញាតិខុសគ្នា ត្រូវយកបុព្វញាតិដែលនៅជិតជាងជាមុន ។
ប្រសិនបើបុព្វញាតិផ្ទាល់ដែលត្រូវក្លាយជាសន្តតិជន មានចំនួនច្រើននាក់
បុព្វញាតិផ្ទាល់នីមួយៗ ត្រូវទទួលចំណែកមត៌កស្មើៗគ្នា ។
បើមតកជនពុំមានទាំងបច្ឆាញាតិផ្ទាល់
ទាំងបុព្វញាតិផ្ទាល់ដែលត្រូវក្លាយជាសន្តតិជនទេ បងប្អូនបង្កើតរបស់មតកជននោះ
ត្រូវក្លាយជាសន្តតិជន ។ ប៉ុន្តែក្នុងករណីដែលមានបងប្អូនបង្កើតច្រើននាក់
បងប្អូនបង្កើតម្នាក់ៗ ត្រូវបានចំណែកមត៌កភាគស្មើៗគ្នា ។
ក៏ប៉ុន្តែចំពោះបងប្អូនបង្កើតដែលមានឪពុក ឬម្តាយផ្សេងគ្នា
ត្រូវបានទទួលពាក់កណ្តាលនៃចំណែករបស់បងប្អូនបង្កើតដែលមានឪពុកម្តាយទាំងសងខាងដូចគ្នា ។
១.២.៤.សន្តតិកម្មរបស់សហព័ទ្ធ
សហព័ទ្ធរបស់មតកជន ត្រូវក្លាយជាសន្តតិជនជានិច្ច ទោះបីជាមាន
ឬគ្មានសន្តតិជនផ្សេងទៀតក៏ដោយ ។ ក៏ប៉ុន្តែ ក្នុងករណីដែលជននោះជាអភ័ព្វបុគ្គល
ឬជាបុគ្គលដែលត្រូវផ្តាច់ពីសន្តតិកម្ម ជននោះមិនអាចទទួលសន្តតិកម្មបានឡើយ
ទោះបីជាសហព័ទ្ធរបស់មតកជនក៏ដោយ[8] ។
ក្នុងករណីដែលសហព័ទ្ធរបស់មតកជន និងបុគ្គលផ្សេងទៀតក្រៅពីសហព័ទ្ធ
ត្រូវក្លាយជាសន្តតិជន ចំណែកមតករបស់សន្តតិជន
នឹងត្រូវបានបែងចែកតាមការកំណត់ដូចខាងក្រោម[9] ៖
បើសហព័ទ្ធ និងបច្ឆាញាតិផ្ទាល់របស់មតកជននោះ ជាសន្តតិជន
សហព័ទ្ធ និងកូននីមួយៗ នឹងត្រូវទទួលចំណែកមតកស្មើគ្នា។
បើសហព័ទ្ធ និងឪពុកម្តាយរបស់មតកជន ជាសន្តតិជន
ចំណែកមតករបស់សហព័ទ្ធត្រូវជាមួយភាគបី ឯចំណែកមត៌កឪពុកម្តាយត្រូវជាពីរភាគបី។
ប៉ុន្តែបើឪពុក ឬម្តាយ របស់មតកជនតែម្នាក់នៅរស់ ឪពុក ឬម្តាយនោះ និងសហព័ទ្ធត្រូវបានចំណែកមត៌កស្មើគ្នា។
បើសហព័ទ្ធ និងបុព្វញាតិផ្ទាល់ក្រៅពីឪពុកម្តាយរបស់មតកជន
ឬបងប្អូនបង្កើតរបស់មតកជន ឬអ្នកទទួលសន្តតិកម្មជំនួសបុគ្គលទាំងនោះ ជាសន្តតិជន
ចំណែកមត៌ករបស់សហព័ទ្ធត្រូវជាមួយភាគពីរ ឯចំណែកមត៌ករបស់បុព្វញាតិផ្ទាល់ក្រៅពីឪពុកម្តាយរបស់មតកជន
ឬបងប្អូនបង្កើតរបស់មតកជន ឬអ្នកទទួលសន្តតិកម្មជំនួសនោះត្រូវជាមួយភាគពីរ ។
ចំណងអាពាហ៍ពិពាហ៍នៅមានសុពលនាថ្ងៃចាប់ផ្តើមបើកសន្តតិកម្ម
ក្នុងករណីនេះប្រសិន បើអាពាហ៍ពិពាហ៍បានកើតឡើងក្រោយថ្ងៃមរណៈភាពនោះមិនអាចក្លាយជាសន្តតិជនបានឡើយ។
ក៏ដូចគ្នាផងដែរ
សហព័ទ្ធនៅរស់ក៏មិនអាចទទួលបានគុណភាពជាទាយាទក្នុងករណីលែងលះកំពុងដំណើរការស្របគ្នាជាមួយនឹងមរណៈភាពរបស់មត៌កជន។
ពុំមែនជាអភ័ព្វបុគ្គល ឬមិនស្ថិតក្នុងស្ថានភាពបំបែកលំនៅសង្វាសមានន័យថា
សហព័ទ្ធបំបែកលំនៅសង្វាស មិនចាត់ចូលជាអ្នកមានសិទ្ធិស្នងមត៌កបានឡើយ ។
v មានតែជនដែលមានជិវិតរស់នៅ មានសមត្ថភាព
និងមិនទាន់កាត់កាល់ថាជាអភ័ព្វជនបុគ្គលទេ នាពេលចាប់ផ្តើមសន្តតិកម្ម ។
v ទារកដែលនៅក្នុងគ៌ភនៅឡើយ
បើកើតក្នុងរវាង៣០០ថ្ងៃគិតតាំងពីថ្ងៃដែលខ្មោចនោះស្លាប់ហើយនៅរស់
អាចទទួលសន្តតិកម្មបាន[12]។
ជំពូកទី២
ការទាមទារឲ្យធ្វើបដិទានសន្តតិកម្ម
២.១.គោលបំណង
និងអត្ថន័យនៃការទាមទារឲ្យធ្វើបដិទានសន្តតិកម្ម
២.១.១.គោលបំណង
សន្តតិជនដែលត្រូវបានដកហូតសិទ្ធិសន្តតិកម្ម
អាចទាមទារឲ្យធ្វើបដិទានសន្តតិកម្មដើម្បីទទួលបដិទាននៃមត៌កទាំងអស់ ឬមួយភាគបាន[13]។
២.១.២.អត្ថន័យ
សន្តតិជនអាចទាមទារចំពោះជនដែលបានទទួលមត៌ក
តាមសិទ្ធិសន្តតិកម្មដែលពុំត្រូវបានទៅជននោះ ឲ្យប្រគល់មកវិញនូវទ្រព្យដែលបានទទួលនោះ។ ទ្រព្យដែលភាគីម្ខាងទៀតនៃការទាមទារឲ្យធ្វើបដិទានសន្តតិកម្មបានទទួលតាមកិច្ចសន្យាដែលយកមត៌កធ្វើជាកម្មវត្ថុ
ក៏ត្រូវក្លាយជាកម្មវត្ថុនៃការទាមទារឲ្យធ្វើបដិទាននូវសន្តតិកម្មផងដែរ[14]។
ឧទាហរណ៍៖ជនដែលមិនមែនជាកូនពិតប្រាកដរបស់មតកជនសោះ តែក្នុងសំបុត្រកំណើតសរសេរខុសថា
ជននោះជាកូនរបស់មតកជន ហើយជននោះបានទទួលលទ្ធកម្មនូវមត៌ក
តាមរយៈសិទ្ធិសន្តតិកម្មដែលតាមពិតខ្លួនគ្មានសោះ។ ក្នុងករណីនេះសន្តតិជនពិតប្រាកដអាចធ្វើការទាមទារឲ្យជននោះប្រគល់នូវមត៌កនោះមកវិញបាន។
ដូចករណីនេះដែរ ក្នុងករណីដែលជនមិនមែនជាសន្តតិជនពិតប្រាកដបានទទួលលទ្ធកម្មនូវទ្រព្យសម្បត្តិដោយសន្តតិកម្មជនដែលជាសន្តតិជនពិតប្រាកដអាចធ្វើការទាមទារឲ្យជននោះប្រគល់នូវទ្រព្យសម្បត្តិដែលជននោះបានទទួលទាំងអស់មកវិញបាន។
ក្រៅពីនេះមានករណីដែលសន្តតិជនបានទទួលសន្តតិកម្មលើសនូវចំណែកមត៌ករបស់ខ្លួន។ ឧទាហរណ៍៖
ពេលនៅរស់ មតកជនបានទទួលស្គាល់បុគ្គលណាម្នាក់ជាកូនរបស់ខ្លួន ក៏ប៉ុន្តែ ដោយសារតែគ្រួសាររបស់មតកជនមិនបានដឹង
ហើយមិនបានទាកទងនឹងជននោះទេ ដូច្នេះហើយសហព័ទ្ធ និងកូនរបស់មតកជននោះ បានជឿជាក់ថា
សន្តតិជនមានតែសាមីខ្លួនប៉ុណ្ណោះ ហើយបានធ្វើលទ្ធកម្មនូវមត៌ករៀងៗខ្លួនដោយបែងចែករួចហើយ។
ក្នុងករណីនេះជនដែលត្រូវបានគេទទួលស្គាល់ថាជាកូន ត្រូវបានគេបំពាននូវចំណែកមត៌ករបស់ខ្លួន
ដូច្នេះជននោះអាចទាមទារឲ្យធ្វើបដិទានសន្តតិកម្មបាន។
២.២.ខ្លឹមសារនៃករណីយកិច្ចប្រគល់វិញ
ភាគីម្ខាងទៀតនៃការទាមទារឲ្យធ្វើបដិទានសន្តតិកម្ម
ត្រូវប្រគល់មត៌កមកឲ្យសន្តតិជនដែលបានទាមទារវិញ។ បើភាគីម្ខាងទៀតសុចរិត
ជននោះមានសិទ្ធិរក្សាទុកនូវផល និងការប្រាក់ដែលបានទទួល សិទ្ធិទាមទារឲ្យសងវិញនូវសោហ៊ុយដែលបានបង្កើនតម្លៃចំពោះទ្រព្យនោះ
ហើយមានសិទ្ធិទាមទារសំណងចំពោះកាតព្វកិច្ច ដែលត្រូវបានទទួលតាមរយៈសន្តតិកម្មដែលបានសងរួចហើយនោះ។
ប៉ុន្តែបើភាគីម្ខាងទៀតទុច្ចរិត ជននោះមានកាតព្វកិច្ចត្រូវប្រគល់វិញនូវផល
និងការប្រាក់ដែលបានទទួល ហើយមិនត្រឹមតែគ្មានសិទ្ធិទាមទារសំណងចំពោះកាតព្វកិច្ចដែលត្រូវបានទទួលតាមរយៈសន្តតិកម្មដែលបានសងនោះទេ
ថែមទាំងគ្មានសិទ្ធិទាមទារឲ្យសងវិញនូវសោហ៊ុយដែលបានបង្កើនតម្លៃចំពោះទ្រព្យនោះផង[15]។
២.៣.អាជ្ញាយុកាលនៃការរំលត់សិទ្ថិទាមទារឲ្យធ្វើបដិទានសន្តតិកម្ម
អាជ្ញាយុកាលនៃការរំលត់សិទ្ថិទាមទារឲ្យធ្វើបដិទានសន្តតិកម្ម
នៅក្នុងករណីដែលមត៌កត្រូវបានផ្ទេរទៅភាគីម្ខាងទៀតនៃការទាមទារឲ្យធ្វើបដិទានសន្តតិកម្ម
តាមមតកសាសន៍ ឬការបែងចែកមត៌កមានអំឡុងពេល ៥ឆ្នាំ គិតចាប់ពីពេលនោះ រីឯក្នុងករណីដែលជនតែម្នាក់បានទទួលសន្តតិកម្មក្នុងនាមជាសន្តតិជន
មានអំឡុងពេល ៥ឆ្នាំគិតចាប់ពីថ្ងៃដែលមតកជនបានទទួលមរណៈភាព[16]។
[1] សន្ទានុក្រមនៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧,លេខ
៨៣។
[2] សន្ទានុក្រមនៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧,លេខ
១៤៣។
[4] ក្រមរដ្ឋប្បវេណីឆ្នាំ២០០៧,មាត្រា
១៣០១។
[6] ក្រមរដ្ឋប្បវេណីឆ្នាំ
២០០៧, មាត្រា ១១៥៩។
[7] ក្រមរដ្ឋប្បវេណីឆ្នាំ
២០០៧, មាត្រា ១១៥៩។
[8] ក្រមរដ្ឋប្បវេណីឆ្នាំ
២០០៧, មាត្រា ១១៦១។
[9] ក្រមរដ្ឋប្បវេណីឆ្នាំ
២០០៧, មាត្រា ១១៦២។
[10] ស្រី
វណ្ណធី, នីតិបេតិកភណ្ឌ និងគ្រួសារ,បោះពុម្ភលើកទី១ ឆ្នាំ ២០១២,ទំព័រទី ១០៤។
[11] ក្រមរដ្ឋប្បវេណីឆ្នាំ២០០៧មាត្រា,១១៤៩។
[12] យោងតាមមាត្រា
៤៨៨ នៃក្រមរដ្ឋប្បវេណីសង្គមចាស់ និងមាត្រា ១៧២ នៃច្បាប់ភូមិបាលឆ្នាំ ១៩៩២។
[13] ក្រមរដ្ឋប្បវេណីឆ្នាំ២០០៧,មាត្រា
១៣០១។
[14] ក្រមរដ្ឋប្បវេណីឆ្នាំ២០០៧,មាត្រា
១៣០២។
[15] ក្រមរដ្ឋប្បវេណីឆ្នាំ២០០៧,មាត្រា
១៣០៣។
[16] ក្រមរដ្ឋប្បវេណីឆ្នាំ២០០៧,មាត្រា
១៣០៤។
No comments:
Post a Comment