ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Wednesday, March 1, 2017

សលាកបត្រ នីតិព្រហ្មទណ្ឌ

​                   សលាកបត្រទី ១               
ចំណាត់ថ្នាក់នៃបទល្មើស
ក. និយមន័យ
v  បទល្មើស គឺជាអំពើដែលប្រឆាំងនឹងរដ្ឋ ឬបុគ្គលដែលបង្កគ្រោះថ្នាក់ដល់សង្គម ឬជាអំពើដែលប្រឆាំងនឹងច្បាប់ជាធរមាន ដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌ ។
v  អំពើល្មើសខាងវិន័យ គឺជាបទល្មើសមួយ បង្កឲ្យប៉ះពាល់ផលប្រយោជន៍ ក្រុមណាមួយនៅក្នុងសង្គម ឬជាអំពើដែលប្រពឹត្តខុសទៅនឹង កំហុសរដ្ឋបាល ឬបទបញ្ជាផ្ទៃក្នុងណាមួយ ហើយដែលត្រូវទទួលខុសត្រូវទៅតាមបទបញ្ញត្តិដែលមានចែងក្នុងបទបញ្ញត្តិផ្នែកវិន័យនោះ ហើយវាគ្មានទណ្ឌកម្មព្រហ្មទណ្ឌទេ ។
v  អំពើល្មើសខាងរដ្ឋប្បវេណី គឺជាអំពើប៉ះពាល់ដល់អ្នកដទៃ ឬធ្វើឲ្យខូចខាតទ្រព្យអ្នកដទៃ ឬជាទណ្ឌកម្មដែលផ្តល់ផលប្រយោជន៍ដល់ជនរងគ្រោះ ។ ទណ្ឌកម្មគឺជាប្រាក់សំណងជម្ងឺចិត្តដល់ជនរងគ្រោះ ។
v  បទល្មើសស្មុគ្រស្មាញ គឺជាបទល្មើសដែលសម្រេចនៃការប្រព្រឹត្តច្រើនមានលក្ខណះខុសគ្នាដោយធាតុអត្តនោម័តបានកើតទ្បើង ។
v  បទល្មើសភ្លាមៗ  គឺជាបទល្មើសមួយប្រភេទគ្មានការអូសបន្លាយ “ការពន្យាពេល”  មានន័យថាបទល្មើសដែលមានប្រតិបត្តិការក្នុងរយៈពេលដ៏ខ្លីបំផុត​ ។ បទល្មើសភ្លាមៗដូចជា ការសម្លាប់ ឬលួច វាកើតហើយចប់ភ្លាមៗ ។
v  បទល្មើសបន្តរៀងហូរហែ គឺជាបទល្មើសដែលសំដែងឡើងដោយអំពើនៃការប្រព្រឹត្តបទល្មើស អាចអូសបន្លាយក្នុងកាលដោយភាពស្ថិតនៅយូរនៃឆន្ទៈប្រព្រឹត្តបទល្មើសរបស់ចារី  មានន័យថាវាសំដែងនៅត្រង់អំពើប្រព្រឹត្តរបស់ធាតុសត្យានុម័តបានប្រព្រឹត្តក្នុងរយៈពេលយូរ ។  ឧទាហរណ៍ៈ បទចាប់ជំរិតមនុស្សទារប្រាក់ បទល្មើសជួញដូរគ្រឿងញៀន ...។
v  អាយុកាលនៃបទល្មើស គឺរយះពេលដែលច្បាប់បានកំណត់ពីបទល្មើស ។ មានន័យថានៅពេលផុតអាជ្ញាយុកាល បទល្មើសនោះមិនមែនជាបទល្មើសទៀតឡើយ ហើយជនល្មើសក៏លែងត្រូវបានគេចោទប្រកាន់ទៀតដែរ ។
v  អាជ្ញាយុកាលនៃទោស គឺរយះពេលមួយដែលកំណត់ដោយច្បាប់អំពីទោស ។ មានន័យថានៅពេលផុតអាជ្ញាយុកាលនៃការអនុវត្តទោសលែងអនុវត្ត ។
ខ. ចូរគូសចម្លើយដែលត្រឹមត្រូវ៖
          ១. ឃាតកម្មជាៈ
·      បទល្មើសភា្លមៗ
·      បទល្មើសបន្តរៀងហូរហែ
·      បទល្មើសអចិន្ត្រៃយ៍
២. ការទទួលផលចោរកម្មជាៈ
·      បទល្មើសភា្លមៗ
·      បទល្មើសបន្តរៀងហូរហែ
·      បទល្មើសអចិន្ត្រៃយ៍
៣. ការឃុំខ្លួនមនុស្សខុសច្បាប់ជាៈ
·      បទល្មើសភា្លមៗ
·      បទល្មើសបន្តរៀងហូរហែ
·      បទល្មើសអូសបន្លាយ
៤. តាមសេចក្តីព្រាងក្រមរដ្ឋប្បវេណីថ្មី ការកំហែងយលកជាអំពើដែលប្រព្រឹត្ត ដោយហិង្សា កំហែងគំរាមថានឹងប្រើហិង្សា ឬការបង្ខិតបង្ខំដើម្បីទទួលបាននូវហត្ថលេខា ការសន្យា ... ។ បទល្មើសនេះជាៈ
·      បទល្មើសភា្លមៗ
·      បទល្មើសយោធា
·      បទល្មើសសាមញ្ញ
៥. គេធ្វើចំណាត់ថ្នាក់នៃបទល្មើសព្រោះៈ
·      ដើម្បីងាយស្រួលសិក្សា
·      បទល្មើសនៅក្នុងចំណោមចំណាត់ថ្នាក់នីមួយៗមានរបបគតិយុត្តខុសប្លែកគ្នា
·      ជាទំនៀមទម្លាប់របស់ប្រទេសកម្ពុជា
៦. ឃាតកម្មជាបទល្មើសដោយអចេតនាក្នុងករណីដែលៈ
·      ចារីខឹងជនរងគ្រោះខ្លាំងពេក​ ក៏យកកាំភ្លើងបាញ់សម្លាប់ជនរងគ្រោះ
·      ចារីមិនគោរពច្បាប់ចរាចរបណ្តាលឲ្យយាន្តយន្តខ្លួនទៅប៉ះជនរងគ្រោះ រហូតដល់បាត់បង់ជីវិត
·      ចារីមានគម្រោងសម្លាប់ជនរងគ្រោះជាមុន
៧. បទល្មើសទម្រង់ ឬបទល្មើសរូបភាពជាៈ
·      បទល្មើសដែលមានធាតុផ្សំតែពីរប៉ុណ្ណោះ គឺធាតុនីត្យានុគោល និងសត្យានុម័ត
·      បទល្មើសទាក់ទងនឹងរូបភាពរបស់ជនរងគ្រោះ
·      បទល្មើសដែលបានសម្រេច ទោះជាមិនមានលទ្ធផលដែលចារីចង់បានក៏ដោយ
៨. អាយុកាលនៃបទល្មើសត្រូវចាប់ផ្តើមរាប់ពីថ្ងៃប្រព្រឹត្តបទល្មើសសម្រាប់ៈ
·      បទល្មើសភា្លមៗ
·      បទល្មើសបន្តរៀងហូរហែ
·      បទល្មើសអចិន្ត្រៃយ៍
៩. បទល្មើសស្មុគ្រស្មាញខុសពីបទបទល្មើសធម្មតាត្រង់ៈ
·      បទល្មើសស្មុគ្រស្មាញមានធាតុផ្សំច្រើន ឯបទល្មើសធម្មតាមានធាតុផ្សំតិច
·      បទល្មើសធម្មតាផ្សំឡើងដោយធាតុសម្ភារៈតែមួយ ឯបទល្មើសស្មុគ្រស្មាញវិញផ្សំឡើងដោយធាតុសម្ភារៈពីរ ឬច្រើន
·      អាយុកាលនៃបទល្មើសស្មុគ្រស្មាញវែងជាងអាយុកាលនៃបទល្មើសធម្មតា
១០. អំពើអកម្មអាចជាធាតុផ្សំនៃបទល្មើសកាលបើៈ
·      ច្បាប់បានចែង
·      ទោះជាគ្មានច្បាប់ចែងក៏ដោយ ប៉ុន្តែអំពើអកម្មនោះជាអំពើមិនល្អ
·      ច្បាប់កំណត់ជាកាតព្វកិច្ចរបស់ចារី តែចារីពុំព្រមអនុវត្តកាតព្វកិច្ចនោះ ។ ឧទាហរណ៍ៈ ចារីរឹងទទឹងពុំព្រមចូលតាមដីកាកោះហៅរបស់តុលាការ ។
១១. អំពើរបស់មេធាវីម្នាក់ក្នុងការប្រកាសផ្សាយជាឯកត្តជននូវវិជ្ជាជីវៈរបស់ខ្លួនជាៈ
·      ជាបទល្មើសព្រហ្មទណ្ឌ
·      ជាអំពើល្មើសផ្នែកវិន័យរបស់មេធាវី
·      ជាអំពើល្មើសផ្នែករដ្ឋប្បវេណី
·      ជាអំពើល្មើសផ្នែករដ្ឋប្បវេណីផង និងផ្នែកវិន័យផង
គ. កំណត់ពីប្រភេទនៃបទល្មើសដោយផ្អែកលើចំណាត់ថ្នាក់នៃបទល្មើស៖
          ១. ការកំហែងយក ជាអំពើដែលប្រព្រឹត្តដោយហិង្សា កំហែងគំរាមថានឹងប្រើហិង្សា ឬការបង្ខិតបង្ខំដើម្បីទទួលបាននូវហត្ថលេខា ការសន្យា ។ ល ។
          នេះ គឺជាបទល្មើសថ្នាក់មជ្ឈឹមដែលអាចត្រូវបានគេចោទពីបទកំហែងយក យោងតាមមាត្រា៣៤៣ និង៣៦៤ត្រូវផ្តន្ទាទោសដាក់ពន្ធាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល  ទៅ ១០លានរៀល ។
          ២.បុគ្គលណាដែលធ្វើប្រតិបត្តិការ ស្វែងរុករកធនធានរ៉ែ ដោយគ្មានអាជ្ញាប័ណ្ណ ធនធានរ៉ែ ត្រូវពិន័យជាប្រាក់ចំនួនពី ៥០០ ០០០ រៀល ទៅ ១ ០០០ ០០០ រៀល
នេះ គឺជាបទល្មើសថ្នាក់លហុ ដែលអាចត្រូវបានគេចោទពីបទរំលោភលើអាជ្ញាប័ណ្ណ យោងតាមមាត្រា​ ៣៣ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០០ ០០០  រៀល  ទៅ  ១ ០០០ ០០០ រៀល ។
          ៣.ហាមឃាត់ដាច់ខាតរាល់ការឃោសនា ឬការផ្សព្វផ្សាយពាណិជ្ជកម្មដែលអះអាងពីការព្យាបាល ព្រមទាំងវិធីបង្ការមេរោគអេដស៍ ជម្ងឺអេដស៍ ដែលផ្ទុយនឹងវិធានការនានារបស់អាជ្ញប្រយុទ្ធនឹងជម្ងឺអេដស៍ និងគោលការណ៍បច្ចេកទេសវេជ្ជសាស្រ្ត ។
នេះ គឺជាបទល្មើសថ្នាក់មជ្ឈឹមដែលអាចត្រូវបានគេចោទពីបទបង្កឲ្យមានកាន់ភាន់ច្រឡំអំពីជម្ងឺអេដស៍ យោងតាមមាត្រា៤៨ នៃច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលមេរោគអេងស៍ ជម្ងឺអេដស៍ ត្រូវផ្តន្ទាទោសដាក់ពន្ធាគារពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី៥០០ ០០០  រៀល  ទៅ  ១០ ០០០ ០០០ រៀល ។
          ៤.ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០០ ០០០ រៀលទៅ ២០ ០០០ ០០០រៀល និង.ឬ    ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំចំពោះជនទាំងឡាយណាដែលធ្វើតាម ឬក្លែងបន្លំតាមប្រៃសណីយ៍ ឬផលិតផលប្រៃសណីយ៍ផ្សេងទៀត ។
នេះ គឺជាបទល្មើសថ្នាក់មជ្ឈឹមដែលអាចត្រូវបានគេចោទពីបទក្លែងបន្លំចំពោះទូរគមន៍ យោងតាមមាត្រា៤៩ ត្រូវផ្តន្ទាទោសដាក់ពន្ធាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥០០ ០០០  រៀល  ទៅ  ២០ ០០០ ០០០ រៀល ។

សលាកបត្រទី ២
គោលការណ៏នីត្យានុគោល
ក.​ និយមន័យ
v  លិខិតតុបករណ៍អន្តជាតិ គឺជាលិខិតផ្លូវការមានន័យថាភាគីចុះហត្ថលេខាយល់ព្រមអំពីសន្ធិសញ្ញាអ្វីមួយ ត្រូវមានកាតព្វកិច្ចគោរពរាល់មាត្រាទាំងឡាយដែលបានចែង ។
v  កតិកាសញ្ញា គឺជាកិច្ចព្រមព្រៀងជាផ្លូវការដែលធ្វើទ្បើងរវាងរដ្ឋ នឹងរដ្ឋ ឬរវាងរដ្ឋាភិបាលជាមួយនឹងរដ្ឋាភិបាលដើម្បីជួយគ្នាទៅវិញទៅមក ។
v  សន្ធិសញ្ញា គឺជាកិច្ចព្រមព្រៀងមួយ ដែលមានចរិកជាកិច្ចសន្យាដែលធ្វើទ្បើងរវាងរដ្ឋ និងរដ្ឋ  ឬរវាងរដ្ឋ នឹងអង្គការអន្តរជាតិ  ឬរវាងអង្គការអន្តរជាតិ នឹងអង្គការអន្តរជាតិ  ដែលរដ្ឋ នឹងអង្គការអន្តរជាតិ ទាំងនេះជាអ្នកសម្រេចហើយមានសិទ្ធិអំណាចចុះហត្ថលេខាលើសន្ធិសញ្ញានោះ។
v  ប្រតិសកម្ម គឺជាលក្ខណះគុណសម្បត្តិនៃបទដ្ឋានគតិយុត្ត មានអនុភាពថយក្រោយ ។    ឧទារហណ៏ៈ          ក្រមអន្តរកាលមានស្ថានទម្ងន់ទោសតូចជាងក្រមថ្មីមានស្ថានទម្ងន់ទោសធំជាង ដូច្នេះប្រតិសកម្មគេអនុវត្តក្រមចាស់វិញ ។
v  អញ្ញាត្រកម្ម  គឺជាច្បាប់ដែលបានបញ្ញាតិមានលក្ខណៈស្រាលជាងត្រូវអនុវត្តភ្លាម ប៉ុន្តែលុះត្រាតែសាលក្រមពុំទាន់ចូលជាស្ថាពរ បើចូលជាស្ថាពរត្រូវអនុវត្ត ។
ខ. គោលការណ៏នីត្យានុគោលនៃបទល្មើស និងទោស
នីត្យានុគោល គឺសំដៅទៅលើច្បាប់ ឬ ក្រម ដែលបានបញ្ញាត្តិ ឬ ចែងគ្រប់បទល្មើស និងទោសដើម្បីកំណត់ពីបទល្មើស និងទោស ។ ហើយដើម្បីកំណត់បាននោះយើងត្រូវយល់ថា អ្វីទៅទោស អ្វីទៅបទល្មើស ?
ü  បទល្មើស គឺជាការបង្ករហេតុគ្រោះថ្នាក់ដល់សង្គមដែលច្បាប់ព្រហ្មទណ្ឌបានបញ្ញតិថាជាបទលើ្មស ឬអំពើដែលត្រូវផ្តន្ទាទោសដោយច្បាប់ព្រហ្មទណ្ឌហើយជាកំហុសផ្ទាល់របស់ចារី ។
ü  ទោស គឺជាកំហុសដែលមកពីការប្រព្រឹត្តបទល្មើសហើយត្រូវច្បាប់ដាក់ទោស (ដាក់ពន្ធនាគារ ឬពិន័យជាប្រាក់) ឬជាទណ្ឌកម្មដែលត្រូវផ្តន្ទាទោសទៅលើជនល្មើសដោយសារតែការប្រព្រឹត្តបទល្មើសណាមួយ ។ ទោសមានបីប្រភេទធំៗ គឺ មូលទោស ទោសជំនួស និងទោសបន្ថែម ។
ដូចនេះយើងអាចលើកទ្បើងបាន ២ចំណុចដើម្បីអោយកាន់តែច្បាស់គឺ
១. នីត្យានុគោលនៃបទល្មើស គឺសំដៅទៅលើច្បាប់ព្រហ្មទណ្ឌកំណត់ពីបទល្មើស ហើយបទល្មើសនោះមានដូចជា( បទលហុ បទមជ្ឈិម បទឧក្រឹដ្ឋ)  ។
២. នីត្យានុគោលនៃទោស គឺសំដៅទៅលើច្បាប់ព្រហ្មទណ្ឌកំណត់ពីទោសហើយទោសត្រូវបានកំណត់ ទៅតាមបទល្មើសដូចជាទោស (លហុ មជ្ឈិម ឧក្រឹដ្ឋ) ។
ច្បាប់ គឺជាកត្តាចំបាច់បំផុតនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ។ នេះគឺជាមូលដ្ឋាននៃគោលការណ៍នីត្យានុគោលភាពដែលត្រូវបានបង្កើតឡើង ដើម្បីការពារសិទ្ធសេរីភាពរបស់បុគ្គលក្នុងការប្រព្រឹត្តអំពើផ្សេងៗ ។ មាត្រា៣ នៃក្រមព្រហ្មទណ្ឌបានចែងថាៈ “មានតែអំពើដែលបង្កើតជាបទល្មើស នៅពេលដែលអំពើមានចែងក្នុងបញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្តន្ទាទោសព្រហ្មទណ្ឌបាន ។ មានតែទោសដែលមានចែងក្នុងបញ្ញត្តិព្រហ្មទណ្ឌធរមានទេ នៅពេលដែលបទល្មើសត្រូវបានប្រព្រឹត្តប៉ុណ្ណោះ ទើបអាចប្រកាសបាន” ។ក្រៅពីនេះទៅទៀតគោលការណ៍នីត្យានុគោលភាព ក៏ត្រូវបានទទួលស្គាល់ដោយលិខិតតូបករណ៍អន្តរជាតិដែលមានតម្លៃជារដ្ឋធម្មនុញ្ញ តាមមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាផងដែរ ។ មាត្រា១៥ កថាខណ្ឌ១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធពលរដ្ឋ និងសិទ្ធនយោបាយបានលើកឡើងថាៈ “គ្មានជនណាម្នាក់ត្រូវជាប់ទោសពីបទព្រហ្មទណ្ឌឡើយចំពោះអំពើ ឬការធ្វេសប្រហេសណាមួយដែលពុំមែនជាបទល្មើសព្រហ្មទណ្ឌ មាននៅក្រោមច្បាប់ជាតិ ឬច្បាប់អន្តរជាតិនៅខណៈពេលដែលអំពើនោះបានប្រព្រឹត្ត ។
ដូចនេះគោលការណ៏នីត្យានុគោលនៃបទល្មើស និងទោសត្រូវបានបង្កើតឡើងដើម្បីការពារសិទ្ធសេរីភាពក្នុងការប្រព្រឹត្តអំពើផ្សេងៗរបស់បុគ្គល ដែលពាក់ព័ន្ធនឹងលទ្ធភាពនៃការទទួលខុសត្រូវចំពោះបញ្ញត្តិទាំងឡាយរបស់ក្រមព្រហ្មទណ្ឌអំពីបទល្មើស និងទោស ។
សាលាកបត្រទី  ៣
ធាតុសត្យានុម័តនៃបទល្មើស
១.​​​​ និយមន័យ
v  ការវាយតម្លៃកំណត់បទល្មើស គឺជាការកំណត់ថាជាបទល្មើសមានធាតុផ្សំ ៣ សត្យានុម័ត អត្តនោម័ត នីត្យានុគោល ។
v  ការបកស្រាយច្បាប់ គឺជាការបកស្រាយច្បាប់ព្រហ្មទណ្ឌ នូវអត្ថបទនៃលិខិតបទដ្ឋានគតិយុត្តិដើម្បីធានាដល់ការយល់ដឹង និងអនុវត្តជំនួនដល់ការអនុវត្ត ។
v  អំពើជាសម្ភារៈ គឺជាអំពើប្រព្រឹត្តដែលប្រើ វត្ថុ អាវុធ សម្ភារះផ្សេងៗជំនួយដល់ការប្រព្រឹត្ត ។
v  ចារី គឺជាជនដែលប្រព្រឹត្តបទល្មើស​ ដែលត្រូវចោទប្រកាន់ដោយព្រះរាជអាជ្ញា ឬជាបុគ្គល ដែលបានប្រព្រឹត្តបទល្មើស ដែលត្រូវបានចោទប្រកាន់ដោយផ្ទាល់ទោះបីជាបទល្មើសបានសម្រេចផល ឬគ្រាន់តែជាការប៉ុនប៉ងក៏ដោយ ។
v  អនុវត្តច្បាប់ព្រហ្មទណ្ឌតាមដែនដី គឺរាល់បទល្មើសទាំងអស់ដែលបានបញ្ញតិក្នុងក្រមព្រហ្មទណ្ឌ ហើយមានអនុភាពទូទាំងព្រះរាជាណាច្រកកម្ពុជា ។
v  អនុវត្តច្បាប់ព្រហ្មទណ្ឌតាមសញ្ញាតិ គឺរាល់ជនដែលមានសញ្ញាតិណា គឺច្បាប់ប្រទេសនោះមកអនុវត្ត ទោះនៅទីណាក៏ដោយ។
                                                                          សលាកបត្រទី ៤           
ការប៉ុនប៉ង
ក. ការផ្តល់និយមន័យនៃពាក្យដូចខាងក្រោម
v  ការចាប់ផ្តើមប្រព្រឹត្ត គឺសំដៅលើការចាប់ផ្តើមប្រព្រឹត្តឬចាប់ផ្តើមអនុវត្តបទល្មើសមានន័យថាចារីផ្តើមប្រព្រឹត្តអំពើដែលខ្លួនមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើស ។
v  អំពើត្រៀមរៀបចំ           គឺជាការត្រៀមបម្រុងដែលពុំមានគោលបំណងដោយផ្ទាល់ ដើម្បីប្រព្រឹត្តបទល្មើសហើយវាមិនមែនជាការចាប់ផ្តើមអនុវត្តបទល្មើសទេ មានន័យថាបន្ទាប់ពីចារីបានសម្រេចចិត្តយ៉ាងមុតមាំថានឹងប្រព្រឹត្តបទល្មើស ចារីនឹងធ្វើការត្រៀមរៀបចំនូវសម្ភារៈ ឬមមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ។
v  បទល្មើសរូបភាព          គឺជាបទល្មើសផ្ទុយពីបទល្មើសសម្ភារៈ បទល្មើសរូបភាពអាចត្រូវ ផ្តន្ទាទោសបានដោយមិនអាស្រ័យទៅលើលទ្ធផលបទល្មើសឡើយ ពោលគឺ បទល្មើសបានសម្រេចទោះជាលទ្ធផលដែលជនល្មើសចង់បានមិនបានសម្រេចក៏ដោយ ។
v   ឆន្ទៈ គឺជាបំណង ឬចេតនារបស់ចារី ក្នុងការប្រព្រឹត្តអំពើល្មើសណាមួយហើយក្នុងផ្លូវចិត្ត ឬចេតនារបស់ចារីចង់ឱ្យអំពើនោះសម្រេចតាមគោលបំណងរបស់ខ្លួន មានន័យថាវាជាធាតុអត្តនោម័តរបស់ចារីការប្រព្រឹត្តបទល្មើស ។
v  បរាជ័យនៃអំពើល្មើស៖ គឺជាអំពើល្មើសកំពុងចាប់ផ្តើមប្រព្រឹត្ត ហើយហៀបតែនឹងសម្រេចផល  ប៉ុន្តែត្រូវអាក់ខានទៅវិញ ដោយមូលហេតុមកពីភាពឆ្គាំឆ្គងរបស់ចារី ។
ឧទាហរណ៍ៈ យកកាំភ្លើងទៅបាញ់ តែមិនត្រូវជនរងគ្រោះ បែរជាទៅប៉ះដើមឈើទៅវិញ ។
ខ. ដំណោះស្រាយករណីសិក្សា
          កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០០៩ សុផាតបានឈ្លោះទាស់ទែងគ្នាយ៉ាងខ្លាំងជាមួយនឹងប្រពន្ធឈ្មោះ សំបូរ ដោយសារតែការប្រច័ណ្ឌនឹងប្រពន្ធដោយ សុផាត ចោទប្រកាន់ថា ប្រពន្ធផិតក្បត់ចិត្តរបស់ខ្លួន ។ លុះយប់ឡើង សុផាត បានដាក់កូនកាំបិតនៅនឹងខ្លួន ហើយ ត្រឡប់មកផ្ទះវិញសួរប្រពន្ធពីទឹកចិត្តរបស់នាង ថានៅស្រឡាញ់រូបខ្លួន ឬអត់ ។ សំបូរ ជាប្រពន្ធបានឆ្លើយតបវិញថា”​ បើយើងអស់និស្ស័យនឹងគ្នា គួរតែបែកគ្នាទៅ ! ពុំចាំបាច់រស់នៅជាមួយគ្នានាំតែពិបាកទេ !“ ។ ឮសម្តីប្រពន្ធនិយាយយ៉ាងដូច្នេះ សុផាត ខឹងខ្លាំងណាស់ ក៏យកកាំបិតដែលលាក់ទុកនៅនឹងខ្លួនទៅចាក់ ប្រពន្ធចំដើមទ្រូងចំនួនពីរកាំបិតចំ ពោះចំនួនពីរកាំបិត​និងចំដៃចំនួន ៦កាំបិត ។ បន្ទាប់ពីឃើញប្រពន្ធរបស់ខ្លួនដេកដួលនៅក្នុងថ្លុកឈាម ក៏មានការភ័យខ្លាចយ៉ាងខ្លាំងហើយក៏រត់ចេញទៅ ។ ចំណែកឯ  សំបូរវិញត្រូវបានអ្នកជិតខាងជួយសង្គ្រោះយកទៅមន្ទីពេទ្យ ក៏រួចផុតពីសេចក្តីស្លាប់ ។
          ចូរកំណត់បទល្មើសដែលប្រព្រឹត្តដោយ សុផាត ដោយផ្តល់អំណះអំណាងតាមច្បាប់ ។
ដំណោះស្រាយ
          សុផាតបានឈ្លោះទាស់ទែងគ្នាយ៉ាងខ្លាំងជាមួយនឹងប្រពន្ធឈ្មោះ សំបូរ ដោយសារតែការប្រច័ណ្ឌថាប្រពន្ធផិតក្បត់ចិត្តរបស់ខ្លួន ។ លុះយប់ឡើង សុផាត បានដាក់កូនកាំបិតនៅនឹងខ្លួន ហើយសួរប្រពន្ធពីទឹកចិត្តរបស់ប្រពន្ធថានៅស្រឡាញ់រូបខ្លួន ឬអត់ ។ ពេលនោះប្រពន្ធបានឆ្លើយតបវិញថា”​ បើយើងអស់និស្ស័យនឹងគ្នា គួរតែបែកគ្នាទៅ  ពុំចាំបាច់រស់នៅជាមួយគ្នានាំតែពិបាកទេ “ ។ បន្ទាប់មកគាត់ក៏យកកាំបិតដែលលាក់ទុកនៅនឹងខ្លួនទៅចាក់ ប្រពន្ធចំដើមទ្រូងចំនួនពីរកាំបិត ចាក់ចំ ពោះចំនួនពីរកាំបិត​ និងចំដៃចំនួន ៦កាំបិត ។
          ដូចនេះបញ្ហាគតិយុត្តមួយបានចោទឡើងតើបទល្មើសអ្វីដែលប្រព្រឹត្តដោយសុផាតទៅលើសំបូរជាប្រពន្ធ?
          យោងតាមមាត្រា ២២២ នៃច្បាប់ព្រហ្មទណ្ឌឆ្នាំ ២០០៩ បានចែងថា”អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ ទៅ ១០.០០០.០០០ រៀល កាលបើអំពើហិង្សានេះត្រូវបានប្រព្រឹត្តដោយសហព័ទ្ធឬ ដោយអនីតិសង្វាសជន ។”
យោងតាមមាត្រា ២១៨ នៃច្បាប់ព្រហ្មទណ្ឌឆ្នាំ ២០០៩ បានចែងថា” អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ ទៅ ១០.០០០.០០០ រៀល កាលបើអំពើហិង្សានេះត្រូវបានប្រព្រឹត្ត៖
១. ដោយមានការគិតទុកជាមុន ។
២. ដោយប្រើអាវុធ ឬ គំរៀមគំហែងនឹងអាវុធ ។
៣. ដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត ។”
មាត្រាខាងលើនេះមានន័យថាអំពើហិង្សាដោយចេតនាត្រូវធ្វើឡើងក្នុងការប្រព្រឹត្តដូចជា៖
១. ដោយមានការគិតទុកជាមុន
២. ដោយប្រើអាវុធ ឬ គំរៀមគំហែងនឹងអាវុធ ។
៣. ដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត ។
៤. ត្រូវបានប្រព្រឹត្តដោយសហព័ទ្ធឬ ដោយអនីតិសង្វាសជន ។
          យោងតាមអង្គហេតុសុផាតបានដាក់កូនកាំបិតនៅនឹងខ្លួន ជាការគិតទុកជាមុនក្នុងបំណងប្រព្រឹត្តបទល្មើសចំពោះសហព័ទ្ធរបស់គាត់គឺ អ្នកស្រី សំបូរ ។ ដោយគាត់បានចាក់ប្រពន្ធរបស់គាត់ចំដើមទ្រូងចំនួនពីរកាំបិត ចាក់ចំ ពោះចំនួនពីរកាំបិត​ និងចំដៃចំនួន ៦កាំបិត ។ដូចនេះបើយោងតាមអង្គហេតុ និងអង្គច្បាប់ សុផាត អាចត្រូវបានគេចោទប្រកាន់ពីបទហិង្សាដោយចេតនាដោយមានការគិតទុកជាមុន ។
សលាកបត្រទី ៥ 
ការសមគំនិត
ក. ការផ្តល់និយមន័យខាងក្រោម
v  បទល្មើសរួម        គឺជាបទល្មើសដែលប្រព្រឹត្តដោយបុគ្គលច្រើននាក់ ទោះជាបុគ្គលទាំងនោះបានព្រមព្រៀងគ្នាជាមុនរួចហើយ ឬក៏មិនបានព្រមព្រៀងគ្នាជាមុនក៏ដោយ ។
v  សហចារី ត្រូវចាត់ទុកជាសហចារី កាលណាមានបុគ្គលច្រើននាក់ បានព្រមព្រៀងប្រព្រឹត្តបទល្មើសរួមគ្នាដោយផ្ទាល់ ត្រូវចាត់ទុកជាសហចារីផងដែរ កាលណាមានបុគ្គលច្រើននាក់ បានព្រមព្រៀងប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ ឬ បទមជ្ឍឹមដោយផ្ទាល់ក្នុងករណីដែលច្បាប់បានចែងទុក  ។
v  បទល្មើសត្រួតគ្នា គឺមានបទល្មើសត្រួតគ្នាកើតឡើង កាលបើបទល្មើសមួយត្រូវបានប្រព្រឹត្តដោយបុគលម្នាក់ មុនពេលដែលបុគ្គលនេះត្រូវបានផ្តន្ទាទោសជាស្ថាពរចំពោះបទល្មើសមួយផ្សេងទៀត​ ឬជាបទល្មើសច្រើនប្រព្រឹត្តក្នុងពេលតែមួយ ឬ ពេលខុសគ្នាដោយចារីដដែលមុនពេលការផ្តន្ទាទោសជាស្ថាពរ ។ ឧទាហរណ៍ បុរស ង សម្លាប់មនុស្ស    លួចទ្រព្រព្យសម្បត្តិគេ   និងចាប់លោភសេពសន្ថវៈ ។
v  ការញុះញង់        គឺជាការបង្កឱ្យជនម្នាក់ប្រព្រឹត្តបទល្មើស ។ ការញុះញង់អាចត្រូវផ្តន្ទាទោសកាលបើអំពើនោះត្រូបានប្រព្រឹត្ត ៖
o   ដោយសំដីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅទីសាធារណៈ ឬនៅក្នុងពេលប្រជុំជាសាធារណៈ ។
o   ដោយសំណេរ ឬគំនូរ តាមប្រភេទណាក៏ដោយដែលត្រូវផ្សព្វផ្សាយនៅក្នុងចំណោមសាធារណៈជន ឬតាំងឱ្យសាធារណៈជនមើល ។
o   ដោយគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍សម្រាប់សាធារណៈជន ។
v  ការសម្រួល​ ​គឺជាការសម្រួលដល់ការប្រព្រឹត្តបទល្មើស ជាកត្តាមួយដែលធ្វើឲ្យអ្នកប្រព្រឹត្តបទល្មើសកាន់តែមានភាពងាយស្រួលក្នុងការសម្រេចនូវបំណងទុច្ចរិតរបស់ខ្លួន ។​ ឧទាហរណ៍ ការចាំមើលផ្លូវឱ្យចោរចូលលួច  ការធ្វើឱ្យមានទំនាក់ទំនងរវាងស្ត្រីដែលមានបំណងរំលូតកូនខុសច្បាប់​​  និងជនដែលអាចធ្វើការរំលូតកូនខុសច្បាប់ ។
v  ការផ្តល់មធ្យោបាយ គឺសំដៅដល់ការផ្តល់មធ្យោបាយប្រព្រឹត្តបទល្មើសមានច្រើនយ៉ាងដូចជាការផ្តល់អាវុធ ផ្តល់ឧបករណ៍ ឬ មធ្យោបាយផ្សេងៗទៀតដែលយកមកប្រើប្រាស់ ដើម្បីបំពេញសកម្មភាពល្មើស ដោយដឹងច្បាស់ថាឧបករណ៍ទាំងនោះនឹងត្រូវយកទៅប្រើប្រាស់ក្នុងគោលដៅប្រព្រឹត្តបទល្មើស ។
ខ. ដំណោះស្រាយករណីសិក្សា
          សំខាន់ ជាជាងជួសជុលម៉ូតូ បានទទួលជួសជុលម៉ូតូរបស់ឈ្មោះ ធីតា ក្នុងតម្លៃ​ ៣០ ដុល្លាអាមេរិក ។ នៅពេលដែលសំខាន់កំពុងតែជួសជុលម៉ូតូ ស្រាប់តែ សំភី ជាប្រពន្ធរបស់ សំខាន់ បានមកដល់ ដើម្បីទារប្រាក់ ពីសំខាន់យកទៅ ទិញថ្នាំពេទ្យឱ្យកូន ដៃលកំពុងតែសម្រាកនៅមន្ទីរពេទ្យ ។ សំខាន់ បានប្រាប់ប្រពន្ធថា ខ្លួពុំមានប្រាក់នៅនឹងខ្លួនទេ ព្រោះប្រាក់ខែទើបតែបើកថ្មីៗនេះយកទៅព្យាបាលកូនអស់ហើយ ។ សំភីស្រែកយំ ចំពោះមុខប្តី ហើយនិយាយថា “ដើម្បីកូនយើង បងត្រូវតែធ្វើអ្វីម្យ៉ាងទៅ ! ទោះបីជាអំពើខុសច្បាប់ក៏ដោយ បើពុំដូច្នេះទេ កូនយើងនឹងស្លាប់ជាក់ជាមិនខាន” និយាយហើយ សំភី ក៏ដើរចេញទៅបាត់ ។ ឮសម្តីរបស់ប្រពន្ធ យ៉ាងដូច្នេះ សំខាន់ ក៏ដាច់ចិត្តយកម៉ូតូរបស់ធីតា ទៅលក់បានប្រាក់ ៥០០ ដុល្លាអាមេរិកយកទៅឱ្យប្រពន្ធ ដោយនិយាយប្រាប់ប្រពន្ធពីអំពើល្មើសរបស់ខ្លួន ។ សំភី មិននិយាយស្តីអ្វីទាំងអស់ ហើយក៏យកប្រាក់នេះទៅចាយវាយសម្រាប់ព្យាបាលកូន ។
          ចូរកំណត់ទបល្មើសដែលប្រព្រឹត្តដោយ សំខាន់ និង សំភី ដោយផ្តល់អំណះអំណាងតាមច្បាប់ ។
ដំណោះស្រាយ
          សំខាន់ ជាជាងជួសជុលម៉ូតូ បានទទួលជួសជុលម៉ូតូរបស់ឈ្មោះ ធីតា ក្នុងតម្លៃ​ ៣០ ដុល្លាអាមេរិក ។ សំភី ជាប្រពន្ធរបស់ សំខាន់ ស្រាប់តែមកទារប្រាក់ពីប្តីថាយកទៅ ទិញថ្នាំពេទ្យឱ្យកូន ដៃលកំពុងតែសម្រាកនៅមន្ទីរពេទ្យ ។ បន្ទាប់មក សំភីស្រែកយំ ចំពោះមុខប្តី ហើយនិយាយថា “ដើម្បីកូនយើង បងត្រូវតែធ្វើអ្វីម្យ៉ាងទៅ ! ទោះបីជាអំពើខុសច្បាប់ក៏ដោយ បើពុំដូច្នេះទេ កូនយើងនឹងស្លាប់ជាក់ជាមិនខាន” ។ ក្រោយមក សំខាន់ ក៏ដាច់ចិត្តយកម៉ូតូរបស់ធីតា ទៅលក់បានប្រាក់ ៥០០ ដុល្លាអាមេរិកយកទៅឱ្យប្រពន្ធ និងប្រាប់អំពើខុសនេះផង ហើយសំភី មិននិយាយស្តីអ្វីទាំងអស់ ហើយក៏យកប្រាក់នេះដោយគ្មានប្រតិកម្មអ្វីទាំងអស់ ។
          ដូចនេះបញ្ហាគតិយុត្តមួយបានចោទឡើង តើបទល្មើសអ្វីដែលប្រព្រឹត្តដោយសំខាន់ និង សំភី?
          យោងតាមមាត្រា ៣៩១ នៃច្បាប់ព្រហ្មទណ្ឌឆ្នាំ ២០០៩ បានចែងថា “អំពើរំលោភលើទំនុកចិត្ត គឺជាអំពើគៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយនាំឱ្យខូចប្រយោជន៍អ្នកដទៃប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេបានប្រគល់ឱ្យបុគ្គលនោះ បានយល់ព្រមដែលមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនេះទៅធ្វើការប្រើប្រាស់ជាកំណត់ ។
          យោងតាមមាត្រា ២៨ នៃច្បាប់ព្រហ្មទណ្ឌឆ្នាំ ២០០៩ បានចែងថា “ ត្រូវចាត់ទុកជាអ្នកផ្តើមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈឹមចំពោះបុគ្គលណាដែល៖
          ១. ជម្រុញឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈឹមនោះតាមការណែនាំ ឬបញ្ជា
២. បង្កឱ្យមានបទឧក្រិដ្ឋ ឬបទមជ្ឈឹមនោះដោយផ្តល់អណោយដោយការសន្យា ឬការគំរាមគំហែង ការញុះញង់ ការលួងលោម ឬក៏ដោយការរំលោភអាជ្ញា ឬអំណាចរបស់ខ្លួន ។ អ្នកផ្តើមគំនិតនឹងត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈឹមនោះ ត្រូវបានសម្រេច ឬបានប៉ុនប៉ង ។ អ្នកផ្តើមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈឹមត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ” ។
          យោងតាមមាត្រា ២៦ នៃច្បាប់ព្រហ្មទណ្ឌឆ្នាំ ២០០៩ បានចែងថា “ ត្រូវចាត់ទុកជាសហចារី កាលណាមានបុគ្គលច្រើននាក់ បានព្រមព្រៀងប្រព្រឹត្តបទល្មើសរួមគ្នាដោយផ្ទាល់ ។ ត្រូវចាត់ទុកជាសហចារីផងដែរ កាលណាមានបុគ្គលច្រើននាក់ បានព្រមព្រៀងប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ ឬ បទមជ្ឍឹមដោយផ្ទាល់ក្នុងករណីដែលច្បាប់បានចែងទុក” ។
          យោងតាមមាត្រា ៣៩២ នៃច្បាប់ព្រហ្មទណ្ឌឆ្នាំ ២០០៩ បានចែងថា “  អំពើរំលោភលើទំនុកចិត្តត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦​ ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី មួយលានរៀល ទៅ ប្រាំមួយលានរៀល” ។
          មាត្រាខាងលើនេះមានន័យថា អំពើរំលោភលើទំនុកចិត្ត គឺជាអំពើគៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយនាំឱ្យខូចប្រយោជន៍អ្នកដទៃ ដោយអ្នកប្រព្រឹត្តត្រូវមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនេះទៅធ្វើការប្រើប្រាស់ជាកំណត់ ឬជាការយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិជារបស់ខ្លួនទៅប្រើប្រាស់ ឬចាត់ចែង ឬលក់បំបាត់នាំឱ្យខូចប្រយោជន៍អ្នកដទៃ ដោយអ្នកប្រព្រឹត្តត្រូវតែសងគេវិញជាកំហិតដើម្បីប្រើប្រាស់ជាធម្មតា ។
យោងតាមអង្គហេតុ សំខាន់ ជាជាងជួសជុលម៉ូតូ បានទទួលជួសជុលម៉ូតូរបស់ឈ្មោះ ធីតា ក្នុងតម្លៃ​ ៣០ ដុល្លាអាមេរិក ។ ដោយសារតែកូនឈឺសុភីជាប្រពន្ធក៏មកទារប្រាក់ពីប្តីដើម្បីព្យាលបាលជម្ងឺកូនដែលកំពុងសម្រាក់នៅមន្ទីពេទ្យ ។ ក្រោយមក សំខាន់ ក៏ដាច់ចិត្តយកម៉ូតូរបស់ធីតា ទៅលក់បានប្រាក់ ៥០០ ដុល្លាអាមេរិកយកទៅឱ្យប្រពន្ធ និងប្រាប់អំពើខុសនេះផង ហើយសំភី មិននិយាយស្តីអ្វីទាំងអស់ ហើយក៏យកប្រាក់នេះដោយគ្មានប្រតិកម្មអ្វីទាំងអស់ ។ អង្គហេតុនេះមានន័យថាដោយសារតែការទាល់ច្រកគ្នានលុយដើម្បីព្យាលបាលជម្ងឺកូន និងដោយសារតែការណែនាំ ការលោងលោមរបស់ប្រពន្ធ ។ សំខាន់ ក៏ដាច់ចិត្តយកម៉ូតូរបស់ធីតា ដែលជាអតិថិជន ទៅលក់បានប្រាក់ ៥០០ ដុល្លាអាមេរិកហើយយកទៅឱ្យប្រពន្ធ និងប្រាប់អំពើខុសនេះផង ហើយសំភីក៏យកប្រាក់នេះដោយគ្មានប្រតិកម្មអ្វីទាំងអស់ ។
          ដូចនេះយោងតាមអង្គហេតុ និងអង្គច្បាប់ខាងលើ​ សំខាន់ អាចត្រូវបានគេចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ដោយសារតែគាត់បានប្រព្រឹត្តនូវអំពើគៃបំបាត់នូវម៉ូតូរបស់អតិថិជនរបស់ខ្លួន ដោយលួចយកម៉ូតូនោះទៅលក់ដោយគ្នានការអនុញ្ញាតពីអតិថិជននោះ បានប្រាក់ ៥០០ ដុល្លាអាមេរិកយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ។ ចំណែកសំភីជាប្រពន្ធដែលបានណែនាំ និងលួងលោមប្តីឱ្យប្រព្រឹត្តបទល្មើស ក៏អាចត្រូវបានគេចោទប្រកាន់ជាអ្នកផ្តើមគំនិតក្នុងការបង្កបទរំលោភលើទំនុកចិត្ត ដោយសារអ្នកផ្តើមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈឹមត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ ហើយចារីក្នុងករណីខាងលើបានសម្រេចផលហើយ ។ សរុបមកចារីទាំងពីរនាក់ខាងលើអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦​ ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី មួយលានរៀល ទៅ ប្រាំមួយលានរៀល ។
សលាកបត្រទី ៦  
ធាតុផ្សំអត្តនោម័តនៃបទល្មើស
ក. ការផ្តល់និយមន័យដូចខាងក្រោម
v  ចេតនាទុច្ចរិត   គឺសំដៅលើបំណងក្នុងការប្រព្រឹត្តបទល្មើស ឬបំណងទុច្ចរិត ។ បំណងត្រូវតែមានទាំងបទល្មើសសកម្ម និងបទល្មើសអកម្ម ។
v  ចេតនាចេតនាទុច្ចរិតដោយចំពោះ៖ ជាកំហុសរបស់មនុស្សម្នាក់ពេលប្រព្រឹត្តអំពើបង្ករគ្រោះថ្នាក់ដល់សង្គម ជននេះបានដឹងច្បាស់ថាអំពើរបស់ខ្លួនមានចរិកគ្រោះថ្នាក់ មើលឃើញគ្រោះថ្នាក់ពិតប្រាកដនូវបច្ច័យគ្រោះថ្នាក់នៃអំពើ ហើយចង់ឱ្យបច្ច័យនោះកើតមាន ។
v  ចេតនាទុច្ចរិតដោយមិនចំពោះ៖ ជាកំហុសរបស់បុគ្គលម្នាក់ក្នុងពេលប្រព្រឹត្តបទល្មើស ជននោះបានយល់ដឹង ពីចរិកគ្រោះថ្នាក់ដល់សង្គមនៃអំពើខ្លួនដែរ តែខ្លួនពុំប៉ងប្រាថ្នាឱ្យបច្ច័យនោះកើតឡើងទេ ប៉ន្តែបណ្តែតបណ្តោយឱ្យបច្ច័យនោះកើតឡើង សម្រាប់ជនល្មើសលទ្ធផលគ្រាន់តែជាធាតុបន្ទាប់បន្សំប៉ុណ្ណោះ អំពើរបស់ខ្លួនមានគោលដៅផ្សេងទៅវិញ ។
ឧទាហរណ៍ៈ ការដុតឃ្លាំងទំនិញដោយដឹងថាមានមនុស្ស ក កំពុងតែដេកយាម៖ បទល្មើសបង្ករអគ្គីភ័យ ចេតនាទុច្ចរិតដោយចំពោះឃាតកម្មដោយចេតនា (ចេតនាទុច្ចរិតមិនចំពោះ)។
v  មូលហេតុនៃការប្រព្រឹត្តបទល្មើស៖ ជាគំនិតផ្តួចផ្តើមប្រព្រឹត្តបទល្មើស និងជាកត្តាផ្លូវចិត្តដែលជម្រុញឱ្យមនុស្សប្រព្រឹត្តបទល្មើស ។ មានកត្តាជាច្រើនដែលជាមូលហេតុនៃការប្រព្រឹត្តបទល្មើស អាស្រ័យទៅតាមករនីល្មើសនីមួយៗ ដូចជា តម្រូវការផ្នែកសម្ភារៈ គំនុំសងសឹកជាដើម ។
v  កំហុសលហុ             ៖គឺសំដៅលើការរំលោភបំពានលើបញ្ញត្តិច្បាប់ បទបញ្ជានានា ឬវិន័យសង្គមណាមួយដោយមិនគិតពិការខូចខាតឡើយបានសេចក្តីថា ឱ្យតែប្រព្រឹត្តអំពើច្បាប់ហាមឃាត់ គេសន្មត់ថាកំហុសចារីតែម្តងពោលគឺឱ្យតែមានអំពើជាសម្ភារៈគេនឹងផ្តន្ទាទោស ។
v  ចេតនាទុច្ចរិតទូទៅ   ៖ ជាឆន្ទៈក្នុងការប្រព្រឹត្តអំពើដែលខ្លួនដឹងថាច្បាប់ព្រហ្មទណ្ឌហាមឃាត់ ។ ចេតនានេះមាននៅគ្រប់បទល្មើសទាំងអស់ ។
v  ចេតនាទុច្ចរិតពិសេស៖ ជាចេតនាចង់បានឱ្យបទល្មើសដែលខ្លួនប្រព្រឹត្តបានផ្តល់នូវផលពិសេសមិនធម្មតា ។ ចេតនាទុច្ចរិតពិសេស អាចកើតចេញពីអំពើមួយទៀតដែលជនល្មើសបានគ្រងទុកជាមុន ។ ឧទាហរណ៍ៈ ការផ្សាយពត៌មានមិនពិតសំដៅបផ្លិចបផ្លាញដល់កេរិ៍្តឈ្មោះជនរងគ្រោះ ។
ខ. ធ្វើបរមាធិប្បាយ ៖ កំហុសអចេតនាក្នុងបទល្មើសព្រហ្មទណ្ឌ ។
ដំណោះស្រាយបរមាធិប្បាយ
នៅក្នុងបទល្មើសអចេតនា ធាតុផ្សំអត្តនោម័តសំដៅលើ កំហុសអចេតនា ពុំមែនបំណងប្រព្រឹត្តបទល្មើសទេ តែចារីប្រព្រឹត្តខុសវិន័យណាមួយដែលបង្កើតបានជាបទល្មើស ។ គេចែកកំហុសអចេតនាជាបីប្រភេទគឺ
១. កំហុសអចេតនាដោយធ្វេសប្រហែស ៖ កំហុសអចេតនាដោយធ្វេសប្រហែស ជាកំហុសរបស់នរណាម្នាក់ដែលបង្កឱ្យមានអន្តរាយ ដោយសារការមិនគោរពបទបញ្ជា ដោយសារការមិនប្រុងប្រយ័ត្ន ធ្វេសប្រហែសពុំមើលឃើញនូបច្ច័យជាយថាហេតុនៃអំពើរបស់ខ្លួន ។ និយាយម្យ៉ាងទៀតគឺថាចារីយល់ដឹងពីចរិតគ្រោះថ្នាក់ដល់សង្គមនៃអំពើរបស់ខ្លួនទេ។
កំហុសដោយអចេតនាដោយធ្វេសប្រហែសគួបផ្សំដោយធាតុពីរយ៉ាងគឺ ៖
·         ជនល្មើសពុំមើលឃើញជាមុននូវបច្ច័យគ្រោះថ្នាក់ដល់សង្គមនៃអំពើដែលខ្លួនបានប្រព្រឹត្ត ។
·         ជនល្មើសត្រូវមើលឃើញជាមុន ឬអាចមើលឃើញជាមុននូវបច្ច័យនៃអំពើរបស់ខ្លួន ប្រសិនបើខ្លួនបានថ្លឹងថ្លែងប៉ាន់ប្រមាណ ហ្មត់ចត់ជាមុន ។
អ្នកបើកបរម្នាក់អាចសម្លាប់អ្នកបើកបរម្នាក់ទៀតបាន ដោយសារការមិនប្រុងប្រយ័ត្នព្រោះខ្លួនមិនបានមើលផ្លាកសញ្ញាចរាចរណណ៍ ដោយសារការមិនប៉ិនប្រសប់ព្រោះបត់ចង្កូតឡានលើផ្លូវកោងមិនទាន់ ឬដោយសារការខ្ជីខ្ជាររបស់ខ្លួនព្រោះបើកបរក្នុងល្បឿនលឿនហួសប្រមាណ ។ល។
និយាយជារួម ចារីនៃបទល្មើសពុំចង់ឱ្យព្យសនកម្មកើតមានដោយសារអំពើរបស់ខ្លួនទេ ដែលនេះជាលក្ខខ័ណ្ឌឱ្យគេចាត់ទុកជាបទល្មើសអចេតនា ។
២. កំហុសអចេតនាដោយជឿជាក់ ៖ កំហុសអចេតនាដោយជឿជាក់ជាកំហុសរបស់មនុស្សម្នាក់ក្នុងស្ថានភាពមើលឃើញជាមុនថា អំពើរបស់ខ្លួនអាចបង្កឱ្យមានអន្តរាយដល់សង្គម ប៉ុន្តែចារីនៅតែប្រព្រឹត្តដោយប្រថុយប្រថានដោយគិត ឬសង្ឃឹមថាអំពើរបស់ខ្លួនមិនបង្កជាការខូចខាតឡើយ គេឱ្យឈ្មោះថាកំហុស ជាយថាហេតុ ឬកំហុសដោយធ្វេសប្រហែសដោយមានមនសិកា ឬកំហុសធ្វេសប្រហែសធ្ងន់ធ្ងរ ។  ឧទាហរណ៍
·         អ្នកម៉ៅការម្នាក់ឱ្យកម្មករខ្លួនឡើងលើតួរន្ទាដែលធ្វើឡើងពុំសមស្របហើយដែលអាចបាក់ស្រុតបាន ។
·         មនុស្សម្នាក់បោះវត្ថុមានទម្ងន់ធ្ងន់តាមបង្អួចផ្ទះដោយមិនគិតថាមានអ្នកដើរនៅខានក្រោម ។ល។
៣. កំហុសលហុ ៖ កំហុសលហុសំដៅលើការរំលោភបំពានលើបញ្ញត្តិច្បាប់ បទបញ្ជានានា ឬវិន័យសង្គមណាមួយដោយមិនគិតពិការខូចខាតឡើយបានសេចក្តីថា ឱ្យតែប្រព្រឹត្តអំពើច្បាប់ហាមឃាត់ គេសន្មត់ថាកំហុសចារីតែម្តង ពោលគឺឱ្យតែមានអំពើជាសម្ភារៈគេនឹងផ្តន្ទាទោស ។បំណងរំលោភច្បាប់ ឬការប្រព្រឹត្តដោយអំពើដោយប្រុងប្រយ័ត្នមិនមែនជាឧបសគ្គដល់ការផ្តន្ទាទោសអំពើបំពានច្បាប់ឡើយ  ។  ឧទាហរណ៍  ការចតឡានខុសច្បាប់ជាដើម  ។     ករណីនេះព្រះរាជអាជ្ញាពុំចាំបាច់បង្ហាញភស្តុតាងពីកំហុសរបស់ចារីឡើយ ដោយគេសន្មត់ថាមានកំហុសនៅពេលដែលមានភាពសច្ចានុម័តគ្រប់គ្រាន់ ។
សលាកបត្រទី ៧        
មូលហេតុអត្តនោម័ត នៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌ
ក. ការផ្តល់និយមន័យនៃពាក្យដូចខាងក្រោម
v  វិបល្លាសផ្នែកស្មារតី គឺសំដៅទៅលើវិបត្តិ ដែលធ្វើឱ្យមានភាពវឹកវរដល់សកម្មភាពនៃសរសៃប្រសាទរបស់មនុស្ស ។ វិបល្លាសនេះអាចមានប្រភពមកពីជរាភាព គ្រោះថ្នាក់ ឬមកពីជម្ងឺណាមួយជាដើម ។ ដោយសារប្រព័ន្ធសរសៃប្រសាទមានសកម្មភាពមិនប្រក្រតី ចារីបានបាត់បង់នូវលទ្ធភាពយល់ដឹងពីពិភពខាងក្រៅជុំវិញខ្លួន ពុំអាចត្រួតពិនិត្យសកម្មភាពរបស់ខ្លួនបានទេ ។
v  ការបង្ខិតបង្ខំ          គឺជាការបង្ខិតបង្ខំលើផ្លូវកាយ សំដៅទៅលើវត្តមាននៃកម្លាំងណាមួយដែលធ្វើឱ្យចារីត្រូវតែប្រព្រឹត្តអំពើដោយខ្លួនពុំអាចឃាត់ឃាំងអំពើនោះបាន និងការបង្ខិតបង្ខំលើផ្លូវចិត្ត សំដៅលើកម្លាំងបង្ខំឆន្ទៈរបស់ចារី ការបង្ខិតបង្ខំផ្លូវចិត្ត អាចជាមូលហេតុនៃការមិនទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ តែក្នុងករណីដែលការបង្ខិតបង្ខំមានប្រភពមកពីខាងក្រៅចារី ពោលគឺការគាបសង្កត់ខាងក្រៅដែលជម្រុញឱ្យចារីប្រព្រឹត្តបទល្មើស ។
v  ការភាន់ច្រឡំពីច្បាប់ គឺជាការភាន់ច្រឡំលើវិធាននីតិណាមួយ មានន័យថាចារីមានការយល់ច្រឡំទៅលើអត្ថិភាព ឬអត្ថន័យនៃវិធាននីតិណាមួយ ។
v   អនីតិភាព  គឺភាពជាអនីតិជន ដែលមានអាយុក្រោម ១៨ ឆ្នាំ ដែលទទួលបាននូវការការពារពិសេសក្រោមអំណាចនៃច្បាប់ព្រហ្មទណ្ឌ ។
ខ. ធ្វើបរមាធិប្បាយ
១. ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌរបស់អនីតិជន ។
២. ការភាន់ច្រឡំ និងការទទួលខុសត្រូវព្រហ្មទណ្ឌ ។
ដំណោះស្រាយបរមាធិប្បាយ
១. ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌរបស់អនីតិជន
នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌត្រូវបានកំណត់ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅបានន័យក្រោមអាយុ១៨ឆ្នាំ គឺជាអនីតិជន ឬអនីតិភាពក្នុងការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ។​​ អនីតិជនដែលប្រព្រឹត្តបទល្មើសជាកម្មវត្ថុនៃវិធានការតាមដាន វិធានការអប់រំ វិធានការការពារ និងវិធានការឧបត្ថម ប៉ន្តែតុលាការអាចប្រកាសទណ្ឌកម្មព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី ១៤ ឆ្នាំឡើងទៅប្រសិនបើ កាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជនតម្រូវ ។
ដូចនេះអនីតិជនក្រោម ១៤ឆ្នាំ ឬអាចអនីតិជនពី១៤ឆ្នាំដល់១៨ឆ្នាំគ្មានអត្តាធិនភាពត្រូវស្ថិតក្រោមវិធានការតាមដាន វិធានការអប់រំ ការពារ និងវិធានការឧបត្ថម ដូចតទៅ៖
ក. ការប្រគល់អនីតិជនឱ្យទៅឪពុកម្តាយ អាណាព្យាបាល បុគ្គលដែលថែរក្សាអនីតិជននោះ ឬបុគ្គលណាផ្សេងទៀត ប្រសិនបើបុគ្គលនោះសក្តិសមនឹងទំនុកចិត្ត ។
ខ. ការប្រគល់អនីតិជនឱ្យទៅសសេវាសាធារណៈ ដែលសម្រាប់ទទួលបន្ទុកអនីតិជន ។
គ. ការប្រគល់អនីតិជនឱ្យទៅអង្គការឯកជន ដែលមាននីតិសប្បទាក្នុងការទទួលបន្ទុកអនីតិជន។
ឃ. ការប្រគល់អនីតិជនឱ្យទៅមន្ទីរពេទ្យ ឬស្ថាប័ណឯកទេស ។
ង. ការដាក់អនីតិជនឱ្យស្ថិតនៅក្រោមការការពាររបស់តុលាការ ក្នុងករណីនេះតុលាការចាត់តាំងបុគ្គលមួយរូបដែលទទួលភារកិច្ចធ្វើការតាមដាន អនីតិជន ។ បុគ្គលនេះផ្ញើររបាយការណ៍ស្តីពីកិរិយាមាយាទរបស់អនីតិជនឱ្យបានទៀងទាត់ដល់ព្រះរាជអាជ្ញា ។ បុគ្គលនេះផ្តលល់ពត៌មានដល់ព្រះរាជអាជ្ញា អំពីព្រឹត្តិការណ៍ទាំងអស់ដែលអាចនាំឱ្យមានការកែរប្រែនូវវិធានការនេះ ។
ជាគោលការណ៍មិនអាចឲ្យជនដែលមិនដឹងខុសត្រូវពីភាពធ្ងន់ធ្ងរនៃអំពើរបស់ខ្លួនឲ្យទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌនោះទេ ។ ប្រសិនបើកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជនតម្រូវក្រមព្រហ្មទណ្ឌអនុញ្ញាតឲ្យតុលាការប្រកាសទណ្ឌកម្មព្រហ្មទណ្ឌទៅអនីតិជនចាប់ពីអាយុ១៤ឆ្នាំឡើង ទើបបានដោយអនីតិជនត្រូវទទួលការផ្តន្ទាទោសដោយឡែក ។
     ២/ ការភាន់ច្រឡំ និងការទទួលខុសត្រូវព្រហ្មទណ្ឌ ។
ការភាន់ច្រឡំ គឺជាការភាន់ច្រឡំរបស់ជនល្មើសអំពីអត្ថន័យគតិយុត្ត  ឬបណ្តាស្ថានភាពជាក់ស្តែងរបស់អំពើដែលគេប្រព្រឹត្ត ។ ការភាន់ច្រឡំមានពីរគឺ ការភាន់ច្រឡំពីច្បាប់ និងការភាន់ច្រឡំខាងអំពើ ឬការភាន់ច្រឡំជាក់ស្តែង ។
                    ក. ការភាន់ច្រឡំពីច្បាប់ ជាការភាន់ច្រឡំលើវិធាននីតិណាមួយ មានន័យថាចារីមានការយល់ច្រឡំទៅលើអត្ថិភាព ឬអត្ថន័យនៃវិធាននីតិណាមួយ ។ ក្នុងករណីនេះចារីមានការយល់ច្រឡំពីចរិកផ្ទុយច្បាប់នៃអំពើរបស់ខ្លួន ការភាន់ច្រឡំពីច្បាប់មានរូបភាពដូចតទៅ៖
·         យល់ច្រឡំថាអំពើរបស់ខ្លួនពុំមែនជាបទល្មើស តែច្បាប់ចាត់ថាអំពើនោះជាបទល្មើស តាមគោលការណ៍ “គ្មាននរណាដែលមិនស្គាល់ ឬមិនយល់ដឹងពីច្បាប់ឡើយ” និយាយពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌក្នុងករណីនេះចារីពុំអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌដោយលើកសំអាងពីការមិនដឹងច្បាប់ឡើយ ។ តាមច្បាប់របស់ប្រទេសខ្លះ ក្នុងករណីមួយចនួនគេអនុញ្ញាតឱ្យលើកសំអាងពីការភាន់ច្រឡំពីច្បាប់ដើម្បីរួចពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ។ ឧទាហរណ៍១ ៖ ការសាងសង់លើដីដែលច្បាប់ហាមឃាត់មិនឱ្យសាងសង់ ប៉ុន្តែចារីយល់ច្រឡំថាច្បាប់អនុញ្ញាតឱ្យសាងសង់ ព្រោះអាជ្ញាធរបានចេញលិខិតអនុញ្ញាតឱ្យសាងសង់ ។ ឧទាហរណ៍២ ៖ ឈប់សំចតនៅទីកន្លែងដែលច្បាប់ហាមឃាត់មិនឱ្យចត ប៉ុន្តែពេលនោះពុំឃើញផ្លាកសញ្ញាហាមឃាត់ ដោយហេតុថា គេលួចដកចេញ ។
·         យល់ច្រឡំថាអំពើរបស់ខ្លួនជាបទល្មើស តែតាមពិតច្បាប់ពុំបានបញ្ញត្តិថា ជាបទល្មើសឡើយ ក្នុងករណីនេះពុំមានបញ្ហាចោទចំពោះចារីទេ ក្នុងករណីនេះមានន័យថា បើគ្មានច្បាប់ចែង ថាជាបទល្មើសក៏គ្មានការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌដែរ ។
ខ. ការភាន់ច្រឡំខាងអំពើ ឬការភាន់ច្រឡំជាក់ស្តែង
ការភាន់ច្រឡំខាងអំពើជាការយល់ច្រឡំរបស់មនុស្សម្នាក់ពីបណ្តាស្ថានភាពជាក់ស្តែងនៃអំពើរបស់ខ្លួន ។ ការភាន់ច្រឡំខាងអំពើ ឬជាក់ស្តែងមិនបណ្តាលឱ្យរួចផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌឡើយ ។ ឧទាហរណ៍ បុរស “ ក” ចង់សម្លាប់  “ខ” បែរជាទៅចាក់ត្រូវ “គ” វិញ (ការភាន់ច្រឡំលើកម្មវត្ថុល្មើស ។
ការភាន់ច្រឡំខាងអំពើ ឬអង្គហេតុដែលជាការភាន់ច្រឡំលើស្ថានភាពជាក់ស្តែងនៃទង្វើរបស់ខ្លួន ដែលនាំឲ្យបាត់បង់នូវកំហុសរបស់ខ្លួនតាមលក្ខខណ្ឌពីរយ៉ាងគឺៈ
·         ការភាន់ច្រឡំលើធាតុផ្សំសំខាន់នៃបទល្មើស ក្នុងករណីមានការយករបស់អ្នកដទៃ (ការលួច) នេះធ្វើឡើងដោយច្រឡំថាជារបស់ខ្លួន ។ ទង្វើកើតឡើងដោយពុំមានធាតុអត្តនោម័តទេ ។ ប៉ុន្តែការភាន់ច្រឡំកម្មវត្ថុនៃបទល្មើស (ការសម្លាប់ច្រឡំមនុស្ស) មិនមែនជាមូលហេតុនាំឲ្យបាត់បង់ធាតុផ្សំអត្តនោម័តនោះទេ ។
·         ការភាន់ច្រឡំដែលមិនអាចចៀសវាងបាន ក្នុងករណីខ្លះ ចារីតែងតែលើកសំអាងពីការភាន់ច្រឡំលើអាយុរបស់ជនរងគ្រោះ ឬការយល់ព្រមរបស់ជនរងគ្រោះ ដើម្បីឲ្យចៀសផុតពីការផ្តន្ទាទោស។ ឧទាហរណ៍ៈ ចំពោះបទរួមភេទជាមួយអនីតិជនអាយុក្រោម១៨ឆ្នាំ អាយុរបស់ជនរងគ្រោះតិចជាង ឬស្មើ ឬលើស ពី១៥ឆ្នាំជាកត្តាកំណត់ពីអតិភាពនៃបទល្មើស ។ ប្រសិនបើអាយុស្មើ ឬលើសពី១៥ឆ្នាំ បទល្មើសមិនអាចកើតមានឡើង ។ ប៉ុន្តែការភាន់ច្រឡំនេះអាចនាំឲ្យបាត់បង់ចរិតលក្ខណៈជាជនល្មើសបានលុះត្រាតែចៅក្រមធ្វើការវិនិច្ឆ័យលើកត្តាជាច្រើន ទើបអាចកំណត់ថា ការភាន់ច្រឡំពិតជាកើតមានដោយចៀសមិនបាន ពោលគឺមិនមានធាតុអត្តនោម័ត ។
         សលាកបត្រទី ៨          
 យុត្តិកម្មនៃបទល្មើស
ក. ការផ្តល់និយមន័យដូចខាងក្រោម
v ស្ថានភាពចំបាច់ឬករណីបន្ទាន់បង្ខំ គឺជាស្ថានភាពចាំបាច់របស់បុគ្គលម្នាក់ដែលឈានទៅដល់ការប្រព្រឹត្តបទល្មើសណាមួយ ដោយសារចារីមានបំណងស្តារផលប្រយោជន៍ មួយផ្សេងទៀតដែលត្រូវបានគំរាមគំហែងដោយមហន្តរាយបច្ចុប្បន្ន ឬហៀងនឹងកើតឡើង ។
v ការតតប           ៖ គឺជាអំពើតបតនឹងការវាយប្រហារអាចមានរូបភាពប្លែកៗគ្នាដូចជា ការសម្លាប់ ការវាយ ឬធ្វើឱ្យមានរបួស ។ ការប្រព្រឹត្តអំពើខ្លះមិនត្រូវបានចាត់ទុកជាអំពើតបត នៃកិច្ចការពារខ្លួនធម្មានុរូបទេដូចជា ការរំលោភសេពសន្តវៈ ឬការធ្វើទារុណកម្ម ជាដើម ។
v សេចក្តីបង្គាប់អនីត្យានុកូល          គឺមានន័យថាប្រសិនបើ          ការបង្គាប់បញ្ជាមានលក្ខណៈអនីត្យានុកូលយ៉ាងជាក់ស្តែង ច្បាប់តម្រូវឱ្យអ្នកទទួលបញ្ជាអនីត្យានុកូលទទួលទោសតាមបញ្ញត្តិច្បាប់ មានន័យថា វាជាការបង្គាប់បញ្ជាពីសំណាក់អាជ្ញាធរស្របច្បាប់ទៅកាន់អ្នកមានសមត្ថកិច្ចទទួលបញ្ជាឱ្យអនុវត្តនូវអំពើដែលច្បាប់មិនទទួលស្គាល់ ឬផ្ទុយពីគតិច្បាប់ ឬច្បាប់មិនបានបញ្ញត្តិឱ្យធ្វើ ។ ឧទាហរណ៍  ការបង្គាប់បញ្ជាមួយចំនួនដែលប៉ះពាល់ដល់អាយុជីវិតរបស់បុគ្គល ឬប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋាន ត្រូវចាត់់ទុកជាអនុត្យានុកូល ។
v យុត្តិកម្ម   គឺជាមូលហេតុបញ្ជាក់ថាត្រូវមូលហេតុ ឬសេចក្ដីដោះសាថា​ត្រឹមត្រូវ និងពេញច្បាប់ ឬជាសំអាងបញ្ជាក់ថាត្រឹមត្រូវ និងស្របតាមច្បាប់បញ្ញត្តិ ។ ឧទាហរណ៍ កិច្ចការពារធម្មានុរូបដូចជា ការតបតនឹងការវាយប្រហារ ស្ថានភាពចាំបាច់ដែលច្បាប់ទទួលស្គាល់  និងការបង្គាប់បញ្ជារបស់ច្បាប់ជាដើម ។
v សេចក្តីបង្គាប់របស់ច្បាប់     ៖ គឺជាការបង្គាប់បញ្ជាដែល អ្នកបញ្ជាឱ្យធ្វើ ជាអាជ្ញាធរធម្មានុរូប ឬអាជ្ញាធរស្របច្បាប់ ។
ខ. ធ្វើបរមាធិប្បាយ ៖  ការការពារខ្លួនស្របច្បាប់ ។
ដំណោះស្រាយបរមាធិប្បាយ
          អំពើរបស់បុគ្គលម្នាក់ដែលបន្តាប់ពីរងនូវការឈ្លានពានដោយអយុត្តិធម៌ក៏ធ្វើការតបតភា្លមៗចាំបាច់ដើម្បីការពារខ្លួនឯង ឬអ្នកដ៏ទៃ ឬក៏ការពារទ្រព្យសម្បត្តិណាមួយណា ហើយមានលក្ខណៈសមាមាត្រទៅនឹងអំពើឈ្លានពាននោះ ។ កិច្ចការពារជាធម្មានុរូបជាយុត្តិកម្មនៃបទល្មើស ។
          ជាការពិតដែលគេពុំអាចកាត់សេចក្តីរកយុត្តិធម៌ដោយខ្លួនឯងបានទេ ប៉ុន្តែជាការអយុត្តិធម៌ណាស់ ដែលមិនអនុញ្ញាតឱ្យបុគ្គលម្នាក់ការពារខ្លួនទប់ទល់នឹងការបំពានណាមួយមកលើខ្លួនបានទេ ព្រោះនេះជាធម្មជាតិរបស់មនុស្សក្នុងការបញ្ចេញប្រត្តិកម្មតបទៅនឹងការគំរាមគំហែងមកលើខ្លួន ហើយម្យ៉ាងទៀតការបំពារបំពានដែលកើត ឡើងបង្ហាញឱ្យឃើញពីអសកម្មភាពរបស់អំណាចសាធារណៈ ក្នុងការការពារបុគ្គល ស្ថិតនៅក្រោមអំណាចរបស់ខ្លួន ។ កិច្ចការពារស្របច្បាប់ ឬកិច្ចការពារជាធម្មានុរូបពុំត្រូវបានបញ្ញត្តិដោយច្បាប់ជាធរមានណាមួយឡើយ ។ ប៉ុន្តែជាក់ស្តែងការដាក់ទណ្ឌកម្មលើបុគ្គលដែលប្រព្រឹត្តបទល្មើសក្នុងគោលបំណងការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់តតិយជន ជារឿងអយុត្តិធម៌មិនអាចទទួលយកបានឡើយ ។
កិច្ចការពារស្របច្បាប់ត្រូវបានទទួលស្គាល់ដោយមាត្រា ៣៣ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ ស្តីពីការការពារស្របច្បាប់ចែងថា “បុគ្គលណាដែលប្រព្រឹត្តបទល្មើស ក្នុងសភាពការពារស្របច្បាប់ មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ ។ ការការពារស្របច្បាប់ត្រូវមានលក្ខខណ្ឌដូចខាងក្រោមនេះ ៖
ü បទល្មើសត្រូវចាត់ទុកថាត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ និងការពារទ្រព្យសម្បត្តិប្រឈមមុខ និងការឈ្លានពានមួយដែលមិនត្រឹមត្រូវ ។
ü បទល្មើស និងការឈ្លានពានត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា​ និងគ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់នឹងទម្ងន់នៃការឈ្លានពាន ​។”
      សលាកបត្រទី ៩    
 ប្រភេទនៃទោស
ក. ការផ្តល់និយមន័យដូចខាងក្រោម
v  ទោស គឺជាទណ្ឌកម្មដែលប្រកាសចៅក្រមព្រហ្មទណ្ឌដើម្បីផ្តន្ទាទោសចំពោះបទល្មើសណាមួយ ។
v  ពិន័យអន្តរការណ៍ គឺជាទណ្ឌកម្មមិនត្រូវបានចាត់ទុកជាទោសព្រហ្មទណ្ឌទេ តែជាទណ្ឌកម្មដែលមានលក្ខណៈប្រហាក់ប្រហែលនឹងទោសដែរ មានន័យថា វាជាការដាក់ពិន័យស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ណាមួយ ជាទណ្ឌកម្មមួយប្រភេទ តែពុំមែនជាទោសព្រហ្មទណ្ឌឡើយ ព្រោះជាទូទៅទោសព្រហ្មទណ្ឌស្ថិតនៅក្រោមសមត្ថកិច្ចរបស់តុលាការ ។
v  មូលទោស គឺសំដៅលើគ្រប់បទល្មើសទាំងអស់សុទ្ធតែត្រូវផ្តន្ទាទោសយ៉ាងហោចណាស់ដោយមូលទោសមួយ ។ មូលទោសមានការដាក់ពន្ធនាគារ និងការពិន័យ ។
v  អនុទោសឬទោសបន្ថែម គឺទោសដែលចៅក្រមមិនអាចសម្រេចដាច់តែឯងបានទេ គឺថាចៅក្រមនឹងសម្រេចអនុទោសណាមួយបាន លុះត្រាតែចៅក្រមបានសម្រេចមូលទោសណាមួយសិនព្រោះអនុទោសគ្រាន់តែជាកម្មវិបាករបស់មូលទោសតែប៉ុណ្ណោះ។
v  ទោសជំនួស គឺជាទោសដែលអាចត្រូវតុលាការយកមកប្រើប្រាស់ជំនួសចំពោះបទល្មើស ណាមួយ ។
v  ទោសប្រកាស  គឺទោសដែលប្រកាសដោយតុលាការសម្រាប់ផ្តន្ទាទោសជនណាម្នាក់ ។
ឧទាហរណ៍ បុគ្គល ខ ប្រព្រឹត្តបទល្មើសចោរកម្មដែលត្រូវទទួលទោសពី ៦ខែ ដល់ ៥ឆ្នាំ ។ នេះជាទោសបញ្ញត្តិដោយច្បាប់ ។ តុលាការសម្រេចផ្តន្ទាទោស ខ ឱ្យជាប់ពន្ធនាគារ ៣ឆ្នាំពីបទចោរកម្ម  ។ នេះគឺជាទោសប្រកាស ។
v  វិធានការសន្តិសុខ គឺជាវិធានការផ្នែកច្បាប់ មានលក្ខណៈប្រហាក់ប្រហែលនឹងទោសដែរ ប៉ុន្តែមានលក្ខណៈខុសពីទោស ។ ឧទាហរណ៍ ជនញៀនគ្រឿងញៀន ត្រូវផ្តន្ទាទោសដោយបទល្មើសណាមួយដែលខ្លួនប្រព្រឹត្ត ករណីនេះតុលាការ អាចបន្ថែមលើទោសនូវវិធានការព្យាបាល ។
ខ. ដោះស្រាយករណីសិក្សាដូចខាងក្រោម
          នៅថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១០ មីនា ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ដោយមូលហេតុបានប្រព្រឹត្តបទល្មើសលួច ។ មីនា មានអាយុ ១៧ ឆ្នាំ និងរស់នៅជាមួយឪពុកមា ព្រោះតែឪពុកម្តាយបង្កើតបានស្លាប់បាត់បង់ ជីវិតអស់ ។ មីនា ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៣ ខែ  តាមមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បទល្មើសលួច ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់មួយលានរៀលទៅប្រាំមួយលានរៀល ។
Ø  តើទោសដាក់ពន្ធនាគារចំនួន ៣ ខែ ជាទោសអ្វី? តើទោសដាក់ពន្ធនាគារ ៦ ខែ ដល់ ៣ ឆ្នាំជាទោសអ្វី?
Ø  តើអ្នកយល់យ៉ាងណាចំពោះការផ្តន្ទាទោស មីនា ដាក់ពន្ធនាគារចំនួន ៣ ខែ?
ដំណោះស្រាយ  
ü  ទោសដាក់ពន្ធនាគារចំនួន ៣ ខែ ជាទោសប្រកាស ។
ü  ទោសដាក់ពន្ធនាគារ ៦ ខែ ដល់ ៣ ឆ្នាំជាទោសបញ្ញត្តិដោយច្បាប់ ។
ü  ចំពោះការផ្តន្ទាទោស មីនា ដាក់ពន្ធនាគារចំនួន ៣ ខែ
ដាក់ពន្ធនាគារចំនួន ៣ ខែនេះ គឺជាការត្រឹមត្រូវដែលជាទោសប្រកាសចំពោះ អនីតិជនសម្រាប់ មីនា ដែលមានអាយុ ១៧ឆ្នាំ  ។
ដោយយោងតាមមាត្រា ១៦០ នៃក្រមព្រហ្មទណ្ឌចែងអំពីមូលទោសអនុវត្តចំពោះអនីតិជនអាយុ ១៤ ឆ្នាំឡើងទៅ ត្រង់វាក្យខណ្ឌទី ១ ចែងថា “ អតិបរិមានៃទោសដាក់ពន្ធនាគារត្រូវបន្ថយពាក់កណ្តាល ”។  
ដោយយោងតាមមាត្រា ១៦៤ នៃក្រមព្រហ្មទណ្ឌចែងអំពីការទទួលប្រយោជន៍នៃស្ថានទម្ងន់ទោសរបស់​    អនីតិជន ត្រង់វាក្យខណ្ឌទី ៣ ចែងថា “ ប្រសិនបើអប្បបរមានៃទោសដាក់ពន្ថនាគារស្មើ ឬ លើសពី ២ ឆ្នាំ និង      តិចជាង  ​៥ ឆ្នាំ នោះអប្បបរមា ត្រូវបន្ថយមកត្រឹម ៣ ខែ ។
ដូចនេះតាមអង្គហេតុ និងអង្គច្បាប់ខាងលើការប្រកាសទោសរបស់តុលាការ គឺទៅតាមទម្រង់ច្បាប់ដែលមានភាពត្រឹមត្រូវ ។ ការដាក់ពន្ធនាគារចំនួន ៣ ខែចំពោះ មីនាជាការប្រកាសទោសរបស់តុលាការចំពោះអនីតិជន ។ ការទទួលទោសដាក់ពន្ធនាគារចំពោះអនីតិជនចាប់ពី ១៤ឆ្នាំឡើងទៅ ត្រូវមានស្ថានសម្រាលទោស ឬត្រូវបន្ថយពាក់កណ្តាល ។


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម