ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Wednesday, March 1, 2017

វិការៈនៃការបង្ហាញឆន្ទៈ

សេចក្តីផ្តើម
        ជាទូទៅ កិច្ចសន្យាដែលត្រូវបានបង្កើតឡើងដោយការព្រមព្រៀងរបស់គូភាគីមានកម្មវត្ថុស្របច្បាប់ហើយធ្វើឡើងដោយសមត្ថជន នោះកិច្ចសន្យានឹងមានអានុភាពអនុវត្ត ។ ប៉ុន្តែនៅក្នុងករណីមួយចំនួនកិច្ចសន្យាដែលបានបំពេញគ្រប់លក្ខខណ្ឌខាងលើ នៅតែវាត្រូវបានគេលុបចោល ដោយសារមានវិការៈតាមរូបភាពមួយចំនួនដូចជាការភាន់ច្រឡំ ការឆបោក ឬការគម្រាម ការកេងចំនេញហួសហេតុជាដើម ។ ដូនេះថាតើការបង្កើតកិច្ចសន្យាបែបណាទើបមានសុពលភាព ឬថាតើមានលក្ខខណ្ឌអ្វីខ្លះក្នុងការបង្កើតកិច្ចសន្យាដែលមានអានុភាពចាប់បង្ខំឲ្យភាគីអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីកិច្ចសន្យាមួយនឹងមិនត្រូវបានគេលុបចោលវិញ។
              I.     ការបង្កើតកិច្ចសន្យា
កិច្ចសន្យាមានអានុភាពដោយសារសំណើរ និងស្វីការត្រូវគ្នា[1] ។ ទន្ទឹមនឹងនេះ កិច្ចសន្យាបានបង្កើតឡើងនៅពេលដែលដំណឹងអំពីស្វីការ បានមកដល់អ្នកស្នើ​​ [2]
ក.សំណើ
សំណើ គឺជាការបង្ហាញឆន្ទៈជាឯកតោភាគី ដើម្បីសុំបង្កើតកិច្ចសន្យាដែលភ្ជាប់មកជាមួយនូវចំណងគតិយុត្តក្នុងករណីដែលភាគីម្ខាងទៀតបានផ្តល់ស្វីការតបចំពោះសំណើនោះ ។ សំណើអាចធ្វើឡើងដោយមានកំណត់អំលុងពេល ឬគ្មានកំណត់ អំឡុងពេលសម្រាប់ស្វីការបាន ។ អានុភាពនៃសំណើត្រូវកើតឡើងនៅពេលដែលសំណើនោះបានដល់ភាគីម្ខាងទៀត ។ ប៉ុន្តែអានុភាពត្រូវបាត់ បង់ទៅវិញនៅពេលដែលដំណឹងអំពីការដកសំណើវិញបានដល់ភាគីម្យ៉ាងទៀត ក្នុងពេលជាមួយគ្នានិងពេលសំណើដល់ ឬដល់មុនពេលសំណើដល់ ។
សំណើដែលមានកំណត់អំឡុងពេលសម្រាប់ស្វីការ ត្រូវបាត់បង់អានុភាពដោយស្វ័យប្រវត្តិ បើអ្នកស្នើមិនទទួលដំណឹងអំពីស្វីការក្នុងរយៈពេលកំណត់នោះ នៅពេលដែលផុតអំឡុងពេលសម្រាប់ស្វីការ ឬពេលអ្នកស្នើបានទទួលដំណឹងបដិសេធសំណើពីភាគីម្ខាងទៀតក្នុងអំឡុងពេលសម្រាប់ស្វីការ សំណើនោះក៏គ្មានអានុភាពដែរ ។
ចំពោះសំណើមិនកំណត់អំឡុងពេលសម្រាប់ស្វីការ ត្រូវបាត់បង់អានុភាពនៅពេលដែលគួភាគីទទួលសំណើមិនបានយល់ព្រមភ្លាមៗ ក្នុងស្ថានភាពដែលគូរភាគីកំពុងនិយាយគ្នាហើយអាច ឆ្លើយតបភ្លាមៗបាន ។ អ្នកស្នើមិនអាចដកសំណើវិញ  ក្នុងអំឡុងពេលសមរម្យបានទេ ប្រសិនបើ គូភាគីធ្វើសំណើដែលមិននិយាយគ្នា ។ លុះត្រាតែអ្នកស្នើជូនដំណឹងអំពីការដកវិញបានទៅដល់   ភាគីម្ខាងទៀតមុនពេលភាគីនោះជូនដំណឹងអំពីស្វីការទើបការដកសំណើនោះមានអានុភាព ។ កិច្ចសន្យាត្រូវបានកើតឡើងនៅពេលដែលអ្នកទទួលសំណើរយល់ព្រមចំពោះអ្នកស្នើ ។
ខ.ស្វីការ
ស្វីការ គឺជាការបង្ហាញឆន្ទៈយល់ព្រមរបស់អ្នកទទួលសំណើដល់អ្នកស្នើ  ។  នៅពេលដែល ស្វីការបានដល់អ្នកស្នើស្វីការនោះ ត្រូវមានអានុភាពហើយការជូនដំណឹងអំពីការដកស្វីការវិញមាន      លក្ខណៈដូចសំណើដែរ ។ បើស្វីការបានដាក់លក្ខណខណ្ឌ ឬកែប្រែសារធាតុផ្សេងៗ  នៃសំណើ ស្វីការនោះក្លាយជាសំណើថ្មី ​​ ។  ប៉ុន្តែបើលក្ខណខណ្ឌ ឬការកែប្រែនោះមិនធ្វើឲ្យមានការកែប្រែសារធាតុរបស់សំណើទេ ស្វីការនោះមានសុពលភាពក្នុងករណីដែលអ្នកស្នើមិនបានតវ៉ាភ្លាមៗ  ។
           II.     វិការៈក្នុងការបង្ហាញឆន្ទៈ
វិការៈ គឺជាការប្រែប្រួលចាកពីភាពប្រក្រតី ។ [3]
វិការៈក្នុងការបង្ហាញឆន្ទៈ គឺជាការបង្ហាញឆន្ទៈដែលខុសពីភាពប្រក្រតីបណ្តាលឲ្យកិច្ចសន្យាអាចត្រូវបាន ភាគីណាមួយ ឬគូភាគីមានសិទ្ធិលុបចោល ឬអាចលុបចោលបានបាន ដោយហេតុថាការបង្ហាញឆន្ទៈមានវិការៈ ។  វិការៈក្នុងការបង្ហាញឆន្ទៈ ស្តែងឡើងក្នុងករណីខាងក្រោម ៖
*      ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការភាន់ច្រឡំ ។
*      ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការឆបោក ឬការគម្រាមកំហែង ឬការបង្ហាញការមិនពិតរបស់ភាគីម្ខាងទៀត ។
*      ការបង្ហាញឆន្ទៈ ត្រូវបានធ្វើឡើងដោយអំពើឆ្លៀតឪកាសដោយមានគោលបំណងកេងយកចំណេញហួសហេតុ ។
ក.ការភាន់ច្រឡំ
ការភាន់ច្រឡំ មានន័យថានៅក្នុងករណីដែលអ្នកបង្ហាញឆន្ទៈបានធ្វើការបង្ហាញឆន្ទៈដែលមានលក្ខណៈខុសគ្នាទៅនឹងឆន្ទៈពិតរបស់ខ្លួន ហើយគេក៏មិនបានដឹងអំពីភាពខុសគ្នានេះ នៅពេលដែលគេធ្វើការបង្ហាញឆន្ទៈឡើយ ។
១. ការភាន់ច្រឡំអំពីចំណុចសំខាន់ៗនៃកិច្ចសន្យា
កិច្ចសន្យាដែលបានបង្កើតឡើងហើយអាចលុបចោលបាន ប្រសិនបើកិច្ចសន្យានោះ ត្រូវបានធ្វើឡើងដោយភាគីម្ខាង មានការភាន់ច្រឡំទៅលើចំណុចសំខាន់ៗនៃកិច្ចសន្យា និងខណៈដែលភាគីម្ខាងទៀតបានសិ្ថតក្នុងស្ថានភាពដែលអាចដឹងបានអំពីការភាន់ច្រឡំនេះ ។ [4]
២. ការភាន់ច្រឡំទៅលើចំណុចនៃកិច្ចសន្យា ដែលភាគីយល់ឃើញថាសំខាន់
កិច្ចសន្យាដែលបានបង្កើតឡើងហើយអាចលុបចោលបាន ប្រសិនបើកិច្ចសន្យានោះ មានការភាន់ច្រឡំទៅលើចំណុចនៃកិច្ចសន្យា ដែលភាគីយល់ឃើញថាសំខាន់ ឬចំណុចដែលខ្លួនយល់ឃើញថាសំខាន់ក្នុងការបង្កើតកិច្ចសន្យា ខណៈដែលភាគីម្ខាងទៀតបានសិ្ថតក្នុងស្ថានភាពដែលអាចដឹងបានអំពីការភាន់ច្រឡំនេះ និងការភាន់ច្រឡំរបស់អ្នកបង្ហាញឆន្ទៈ ។ [5]
៣. ការភាន់ច្រឡំដោយភាគីទាំងសងខាង
នៅក្នុងករណីនសការភាន់ច្រឡំដោយភាគីទាំងសងខាង អ្នកបង្ហាញឆន្ទៈអាចលុបចោលកិច្ចសន្យាបានទោះបីជាភាគីម្ខាងទៀត មិនបានដឹងអំពីការភាន់ច្រឡំនេះក៏ដោយ ។ នៅក្នុងការណីនេះគូភាគីទាំងសងខាងមានការភាន់ច្រឡំដូច្នេះ ភាពចាំបាច់នៅក្នុងការការពារភាគីម្ខាងទៀត គឺមានកម្រឹតទាប ដែលខុសពីករណីដែលមានតែភាគីម្ខាងមានការភាន់ច្រឡំ ។ ដូច្នេះវាមិនមានភាពចាំបាច់ក្នុងការពិចារណាទៅលើលទ្ធភាពក្នុងការដឹងរបស់ភាគីម្ខាងទៀតទេ ។ [6]
ខ.ការឆបោក
ការបង្ហាញឆន្ទៈដោការឆបោក មានន័យថាបុគ្គលណាម្នាក់ ឬតតិយជនបានធ្វើឲ្យអ្នកបង្ហាញឆន្ទៈមានការភាន់ច្រឡំដោយសារមធ្យោបាយឆបោក ហើយអ្នកបង្ហាញឆន្ទៈ បានបង្ហាញឆន្ទៈរបស់ខ្លួន ដោយខុសពីឆន្ទៈពិតប្រាកដរបស់ខ្លួន និងមិនបានដឹងពីភាពខុសគ្នានេះ នៅពេលដែលគាត់ធ្វើការបង្ហាញឆន្ទៈ ។
លក្ខខណ្ឌដើម្បីកំណត់ថាវាការឆបោកនោះ គឺមិនមានចែងក្នុងក្រមរដ្ឋប្បវេណីច្បាស់លាស់ ប៉ុន្តែយើងអាចកំណត់បាននូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម ៖
*      ភាគីម្ខាងទៀត ឬតតិយជនមានគោលបំណងឆបោក
*      សកម្មភាពឆបោកនោះ ត្រូវបានទទួលស្គាល់ថាខុសច្បាប់
*      អ្នកបង្ហាញឆន្ទៈ បានភាន់ច្រឡំដោយសារសកម្មភាពឆបោក
*      អ្នកបង្ហាញឆន្ទៈ បានបង្ហាញឆន្ទៈដោយមានវិការៈ ដោយសារតែការកាន់ច្រឡំនោះ
១. គោលបំណងឆបោក
          គោលបំណងឆបោក សំដៅលើភាគីម្ខាងទៀត ឬតតិយជនមានគោលបំណងធ្វើឲ្យអ្នកបង្ហាញឆន្ទៈមានការភាន់ច្រឡំ និងបង្ហាញឆន្ទៈដោយមានវិការៈដោយសារតែការភាន់ច្រឡំនោះ ។ “ គោលបំណងធ្វើឲ្យអ្នកបង្ហាញឆន្ទៈមានការភាន់ច្រឡំមានន័យថាភាគីម្ខាងទៀត ឬ តតិជនបានដឹងថាសកម្មភាពរបស់ខ្លួនគឺជាសកម្មភាពឆបោក និងអ្នកបង្ហាញឆន្ទៈនឹងមានការភាន់ច្រឡំដោយសារសកម្មភាពឆបោករបស់ខ្លួន ។ ទន្ទឹមនឹងនេះគោលបំណងធ្វើឲ្យអ្នកបង្ហាញឆន្ទៈបង្ហាញឆន្ទៈដោយវិការៈដោយការភាន់ច្រឡំគឺចាំបាច់តម្រូវឲ្យមាន ។
២. ភាពខុសច្បាប់នៃសកម្មភាពឆបោក
       ភាពខុសច្បាប់មានន័យថា សកម្មពឆបោករបស់ភាគីម្ខាងទៀតឬ តតិជនត្រូវតែជាសកម្មភាពផ្ទុយច្បាប់ និងមិនអាចទទួលយកបានក្នុងសង្គម ។ ទន្ទឹមនឹងនេះសកម្មភាពទាំងនោះត្រូវបានចាត់ទុកថា ខុសច្បាប់ មិនត្រឹមតែក្នុងករណីដែលបង្ហាញពត៌មិនពិតនោះទេ គឺថែមទាំងលាក់ពត៌មាន ឬក៏រក្សាភាពស្ងមស្ងាត់ក្នុងករណីដែលជននោះមានកាតព្វកិច្ចបង្ហាញពត៌មានជាដើម ។
៣. អត្ថិភាពនៃការភាន់ច្រឡំ
ដើម្បីចាត់ទុកជាការឆបោក គឺតម្រូវឲ្យមាន អ្នកបង្ហាញឆន្ទៈ មានការភាន់ច្រឡំ ដោយសារសកម្មភាពឆបោករបស់ភាគីម្ខាងទៀត ឬ តតិយជន ។ ដូចនេះ នៅពេលករណីនៃការឆបោក ភាពចាំបាច់ក្នុងការការពារអ្នកបង្ហាញឆន្ទៈ គឺខ្ពស់ជាងករណីនៃការភាន់ច្រឡំ ។ ដូច្នេះ ទោះបីជាភាគីម្ខាងទៀត បានធ្វើសកម្មភាពដោយសុចរិតទាក់ទងនឹងការឆបោក ឬក៏ក្រមរដ្ឋប្បវេណី អនុញ្ញាតឲ្យលុបចោលកិច្ចសន្យានោះបាន។
៤. ទំនាក់ទំនង ហេតុ និង ផល
          វាតម្រូវឲ្យមានទំនាក់ទំនងហេតុ និង ផល រវាងសកម្មភាពឆបោករបស់ភាគីម្ខាង ឬរបស់តតិយជន និងការបង្ហាញឆន្ទៈ របស់អ្នកបង្ហាញឆន្ទៈ ។
៥.អានុភាព
          មានអានុភាពមួយចំនួន នៅពេលដែលអ្នកបង្ហាញឆន្ទៈ បានបង្ហាញឆន្ទៈ ដោយសារការឆបោករបស់ភាគីម្ខាងទៀត ឬ របស់ តតិយជន ។
១. អ្នកបង្ហាញឆន្ទៈ​ដោយមានការឆបោក អាចលុបចោលកិច្ចសន្យាបាន ដោយសំអាងថាការបង្ហាញឆន្ទៈរបស់ខ្លួនមាវិការៈ  ។ [7]
២. ផ្ទុយទៅវិញអ្នកបង្ហាញឆន្ទៈ មិនអាចអះអាងពីការលុបចោលដោយសំអាងថា ការបង្ហាញឆន្ទៈរបស់ខ្លួនមានវិការៈបានទេ ប្រសិនបើតតិយជន បានធ្វើសកម្មភាពដោយសុចរិត និងគ្មានកំហុស ។
គ. ការគំរាមគំហែង
ការបង្ហាញឆន្ទៈដោយមានការគំរាមគំហែង សំដៅទៅលើការណីដែលអ្នកបង្ហាញឆន្ទៈបានបង្ហាញឆន្ទៈរបស់ខ្លួនដែលផ្ទុយនឹងគោលបំណងរបស់ខ្លួនដែលបង្កឡើងនូវភាពភ័យខ្លាចពីភាគីម្ខាងទៀត ឬតតិយជន ។
លក្ខខណ្ឌនៃការគំរាមកំហែង គឺមានដូចខាងក្រោម៖
*      ភាគីម្ខាងទៀត ឬតតិយជនមានគោលបំណងធ្វើឲ្យអ្នកបង្ហាញឆន្ទៈ ធ្វើការបង្ហាញឆន្ទៈរបស់ខ្លួនដោយមានការភ័យខ្លាច ។
*      សកម្មភាពបង្ខំ ត្រូវបានទទួលស្គាល់ថាខុសច្បាប់ ។
*      សកម្មភាពបង្ខំ ធ្វើឲ្យអ្នកបង្ហាញឆន្ទៈខ្លាច ។
*      អ្នកបង្ហាញឆន្ទៈ បានបង្ហាញឆន្ទៈរបស់ខ្លួនដោយសារការភ័យខ្លាចនោះ ។
បុគ្គលដែលបានបង្ហាញឆន្ទៈរបស់ខ្លួនដោយសារការគំរាមគំហែងនោះអាចលុបចោលកិច្ចសន្យាបាន ។[8]
          ផ្ទុយទៅវិញ វាមិនមានបញ្ញត្តិច្បាប់ណាដើម្បីការពារតតិយជន ទោះបីជាតតិយជនបានបង្កើតទំនាក់ទំនងក្នុងកិច្ចសន្យាដោយផ្អែកលើកិច្ចសន្យាដែលអាចត្រូវបានគេលុបចោលនោះ។ ដូច្នេះអ្នកបង្ហាញឆន្ទៈអាចអះអាងពីអានុភាពនៃការលុបចោលចំពោះតតិយជនបាន ទោះបីជាតតិយជននោះជាជនសុចរិតក៏ដោយ ។ មូលហេតុដែលមិនមានបញ្ញត្តិសំរាប់ការពារតតិយជនទាក់នឹងការគំរាមកំហែង គឺថាអ្នកបង្ហាញឆន្ទៈ បានបង្ហាញឆន្ទៈរបស់ខ្លួនដោយគ្មានការភាន់ច្រឡំ ដែលមានលក្ខណៈខុសគ្មាពីការភាន់ច្រឡំ ឬការឆបោក ដូច្នេះអ្នកបង្ហាញឆន្ទៈត្រូវបានគេការពារច្រើនជាងនៅក្នុងការណីនៃការឆបោក ឬការភាន់ច្រឡំ ។
ឃ. ព័ត៌មានមិនពិត
ព័ត៌មានមិនពិតសំដៅលើករណីដែលហេតុដែលត្រូវបានលើកឡើងដោយភាគី ដែលជាមូលដ្ឋាននៅក្នុងការបង្កើតកិច្ចសន្យាគឺខុសពីការពិត ។ ទន្ទឹមនិងនេះ ប្រសិនបើ អ្នកបង្ហាញឆន្ទៈ បានដឹងថាហេតុនោះ មិនមែនចាការពិតនោះខ្លួន នឹងមិនបង្ហាញឆន្ទៈទេ ។
នៅក្នុងករណីនៃព័ត៌មានមិនពិត គេតម្រូវឲ្យភាគីម្ខាងទៀតមិនបានដឹងចាហេតុដែលគាត់បានលើកឡើងនោះមិនមែនជាការពិត ។ ប្រសិនបើគាត់បានដឹងថាហេតុនោះខុសពីការពិត ត្រូវបានគេចាត់ទុកថាជាការឆបោក ។ លក្ខខណ្ឌនៃព័ត៌មានមិនពិតមានដូចខាងក្រោម ៖
*      ហេតុដែលភាគីម្ខាង បានលើកឡើងដែលជាមូលដ្ឋាននៅក្នុងការបង្កើតកិច្ចសន្យា គឺខុសពីការពិត
*      ប្រសិនបើ អ្នកបង្ហាញឆន្ទៈបានដឹងថាហេតុនោះ មិនមែនជាការពិតខ្លួននឹងមិនបង្ហាញឆន្ទៈទេ
*      ភាគីម្ខាងទៀតមិនបានដឹងថាហរតុដែលខ្លួនបានបង្ហាញនោះ មិនមេនជាការពិត ។
ង. ការរំលោភបំពានលើស្ថានភាព
ការរំលោភបំពានលើស្ថានភាពសំដៅលើកេណីដែលភាគីបានធ្វើការចុះកិច្ចសន្យាដោយឆ្លាតឪកាស ដែលភាគីម្ខាងទៀតកំពុងជួបប្រទះនូវការលំបាកខាងផ្នែកសេដ្ឋកិច្ច  ឬសង្គម ឬបានប្រើមិនត្រឹមត្រូវនូវស្ថានភាពផ្សេងទៀត ដែលភាគីម្ខាងទៀតមិនអាចប្រឆាំងតតបបានទេ ។ នោក្នុងករណីនេះ ភាគីដែលបានរំលោភបំពានលើស្ថានភាពមិនត្រូបានកេចាត់ទុកថាបានគំរាមគំហែងឡើយ ព្រោះគាត់មិនបានប្រើវិធានការបង្ខំ ។ ក៏ប៉ុន្តែដើម្បីបង្កើតជាការរំលោភបំពានលើស្ថានភាព វាមានភាពចាំបាច់ដែលភាគីម្ខាងទៀត ឆ្លៀតឪកាស នៃស្ថានភាពទន់ខ្សោយ របស់អ្នកបង្ហាញឆន្ទៈ ។
លក្ខខណ្ឌនៃការរំលោភបំពានលើស្ថានភាពមានដូចខាងក្រោម ៖
*      អ្នកបង្ហាញឆន្ទៈស្ថិតនៅក្នុងស្ថានភាព ដែលមានការលំបាកក្នុងការបដិសេដចំពោះការទាមទាររបស់  ភាគីម្ខាងទៀត ព្រោះភាគីម្ខាងទៀត បានប្រើអំណាចផ្នែកសេដ្ឋកិច្ច ឬឋានៈក្នុងសង្គមជាដើម ដែលមានលក្ខណៈខ្ពស់ជាង
*      ភាគីម្ខាងទៀតបានប្រើឋានៈរបស់ខ្លួន ដើម្បីទទួលបានប្រយោជន៍មិនត្រឹមត្រូវ
*      អ្នកបង្ហាញឆន្ទៈ បានបង្ហាញឆន្ទៈរបស់ខ្លួន ព្រោះគាត់មិនអាចបដិសេដការទាមទាររបស់ភាគីម្ខាងទៀត ដោយសារឋានៈរបស់ខ្លួនទាបជាង ។
ច. អំពើកេងចំណេញហួសហេតុ
អំពើកេងចំណេញហួសហេតុសំដៅលើករនីដែលភាគីម្ខាង បានធ្វើកិច្ចសន្យាដោយឆ្លៀតឪកាសដែលភាគីម្ខាងទៀតកំពុងជួបប្រទះការលំបាក់ផ្នែកសេដ្ឋកិច្ច ឬ ភាពល្ងង់ខ្លៅ ឬការខ្វះការពិសោធន៍ហើយបានកេងចំនេញយ៉ាងសន្ធឹកសន្ធាប់ពីកិច្ចសន្យានេះ ។
កោលបំណងនៃបញ្ញត្តិនេះ គឺដើម្បីការពារភាគីម្ខាងនៃកិច្ចសន្យា ដុចជាអ្នកប្រើប្រាស់ពីអ្នកផលិតនូវផលិតផលយ៉ាងសន្ធឹកសន្ធាប់ ដែលប៉ុនប៉ងកេងយកចំនេញយ៉ាងសន្ថឹកសន្ធាប់ ដោយឆ្លៀតឪកាស នូវភាពល្ងង់ខ្លៅ ឬខ្វះបទពិសោធន៍របស់អ្នកប្រើប្រាស់ ។
លក្ខខណ្ឌនៃអំពើកេងចំណេញហួសហេតុមានដូចខាងក្រោម ៖
*      អ្នកបង្ហាញឆន្ទៈ ស្ថិតក្នុងស្ថនភាពការលំបាកផ្នែកសេដ្ឋកិច្ច ឬ ភាពល្ងង់ខ្លៅ ឬការខ្វះការពិសោធន៍
*      ភាគីម្ខាងទៀត បានធ្វើកិច្ចសន្យាដោយឆ្លៀតឪកាស ដែលភាគីម្ខាងទៀត កំពុងជួបប្រទះការលំបាកផ្នែកសេដ្ឋកិច្ច ឬ ភាពល្ងង់ខ្លៅ ឬការខ្វះការពិសោធន៍
*      ភាគីម្ខាងទៀត បានកេងយកចំនេញយ៉ាងសន្ថឹកសន្ធាប់ពីកិច្ចសន្យា ។
        III.     សុពលភាពនៃកិច្ចសន្យា
កិច្ចសន្យាដែលចាត់ទុកថាត្រឹមត្រូវតាមគតិច្បាប់ លុះត្រាតែភាគីទាំងសងខាងគោរពនូវលក្ខខណ្ឌគ្រិះ និងលក្ខខណ្ឌទម្រង់នៅក្នុងដំណាក់កាលបង្កើតកិច្ចសន្យានោះ ។
ក.លក្ខខណ្ឌគ្រីះ
កិច្ចសន្យាមានសុពលភាពនៅពេលដែលគូភាគីបានបំពេញលក្ខខណ្ឌដូចខាងក្រោម៖
v  ការព្រមព្រៀង
            ការព្រមព្រៀង គឺជាឆន្ទៈរបស់គូភាគីក្នុងការបង្កើតកិច្ចសន្យាដោយពិតប្រាកដ​ និង ដោយសេរីគ្មានការគំរាមគំហែង ឆបោក​ឬក្លែងបន្លំពីភាគីណាឡើយ ។  ការព្រមព្រៀង ៖
-        មិនត្រូវមានវិការៈ
*      ការបន្លំចេញពីភាគីម្ខាងដែលជាអ្នកលក់ ឬអ្នកជួលដែលបន្លំទៅលើសារពើពន្ធនៃវត្ថុ
*      ការភ័ន្តច្រឡំអាចចេញពីអ្នកលក់ ឬអ្នកទិញដែលរួចមានការភ័ន្តច្រឡំទៅលើបុគ្គល ឬសារធាតុនៃវត្ថុ
*      ហឹង្សា ត្រូវកើតឡើងចំពោះគូភាគី ហើយចែកជា ២ ប្រភេទ៖
-        រូបកាយ
-        ផ្លូវចិត្ត
ការប្រើហឹង្សា ចំពោះអតិថិជន ដែលមិនមែនជាគូភាគីមិនត្រូវរាប់បញ្ចូលនោះទេ ។
v  សមត្ថភាព
សមត្ថភាព គឺជាលក្ខណៈសម្បត្តិរបស់បុគ្គលម្នាក់ៗ  ដែលអាចក្លាយជាម្ចាស់សិទ្ធិ និង កាតព្វកិច្ចដែលអាចវិនិច្ឆ័យបាន អំពីលទ្ធផលនៃសកម្មភាពរបស់ខ្លួនដែលអាចធ្វើឲ្យសកម្មភាពរបស់ខ្លួនមានអានុភាពតាមផ្លូវច្បាប់ ។
-        គោលការណ៍ ៖ កិច្ចសន្យាត្រូវធ្វើឡើងដោយនីតិជន ដែលគ្មានវិបល្លាសស្មារតី (មានន័យថាមានបញ្ហាខួរក្បាល)និងធ្វើឱ្យកិច្ចសន្យានោះមានសុពលភាព ។ ផ្ទុយទៅវិញ បើសិនកិច្ចសន្យានោះ ធ្វើឡើងដោយអនីតិជន ឬជនមានវិបល្លាសស្មារតី កិច្ចសន្យានឹងគ្មានសុពលភាព ។
-        អញ្ញត្តកម្ម ៖ អនីតិជន ដែលបានចុះកិច្ចព្រមព្រាងហើយ ប្រសិនបើមានការយល់ព្រម ឬការអនុញ្ញាតពីឪពុក ម្តាយ ឬអាណាព្យាបាល កិច្ចសន្យានោះ នឹងមានសុពលភាពឡើងវិញ ។
ករណីដែលអនីតិជនមានអត្ថាធិនភាព គឺមានសិទ្ធិ និងកាតព្វកិច្ចដូចនីតិជនដែរ ដែលអាចចុះកិច្ចសន្យា ហើយធ្វើឱ្យកិច្ចសន្យានោះមានសុពលភាព ដោយមិនចាំបាច់មានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាលនោះទេ
v  កម្មវត្ថុ គឺជាខ្លឹមសារសំខាន់នៃកិច្ចសន្យាដែលកម្មវត្ថុនោះត្រូវតែជាក់លាក់  ដែលអាចធ្វើទៅបាន ឬបំពេញបាន និង ស្របច្បាប់  មិនប៉ះពាល់ដល់របៀបរៀបរយសាធារណៈ  ឬទំនៀមទំលាប់ល្អរបស់ប្រពៃណី ។
ករណីកិច្ចសន្យាមានសុពលភាព ប្រសិនបើភាគីណាមួយមិនបានបំពេញកាតាលិក ឬកាតព្វកិច្ចដែលមានចែងក្នុងកិច្ចសន្យា ភាគីផ្សេងៗ ទៀតអាចប្រើប្រាស់យន្តការតុលាការ ដើម្បីសុំរំលាយកិច្ចសន្យា ឬប្តឹងសុំរឹបអូសទ្រព្យសម្បត្តិយកមកលក់ឡៃឡុង ក្នុងករណីដែលភាគីនោះគ្មានប្រាក់សង ឬប្តឹងដាក់ពន្ធនាគារបង្ខំលើរូបកាយ ប្រសិនភាគីនោះមិនព្រមអនុវត្តកាតពវកិច្ចទៀត
ការបង្ហាញឆន្ទៈដោយមិនពិតប្រាកដ និងដោយសេរីត្រូវវៀរចាកនូវវិការៈក្នុងការបង្ហាញឆន្ទៈដូចជា៖ ការភ័ន្តច្រឡំ ការឆបោក ការគំរាមកំហែង ការបង្ហាញការមិនពិត  ឬការកេងចំណេញហួសហេតុ  ។
អ្នកបង្ហាញឆន្ទៈអាចលុបចោលកិច្ចសន្យាបានដោយហេតុថា មានការបង្ហាញឆន្ទៈនោះមានវិការៈ ក្នុងករណីដូចខាងក្រោម៖
*       ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការភ័ន្តច្រឡំ ។
*       ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការឆបោក ឬការគំរាមកំហែង ឬការបង្ហាញការមិន ពិតរបស់ភាគីម្ខាងទៀត ។
*       ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយអំពើឆ្លៀតឪកាសដោយមានគោលបំណងកេងចំណេញហួសហេតុ​  ។[9]
ខ.លក្ខខណ្ឌទម្រង់    
កិច្ចសន្យាមានអានុភាពទៅបានលុះត្រាតែ​ មានភាគីនៃកិច្ចសន្យាធ្វើឡើងជាលាយលក្ខណ៍អក្សរក្រោមទម្រង់ជាលិខិតយថាភូត ។
កិច្ចសន្យាដែលភាគីម្ខាងទទួលករណីកិច្ចធ្វើអនុប្បទាននូវកម្មសិទ្ធិអចលន វត្ថុ ឬករណីកិច្ចធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើអចលនវត្ថុនិងមានអានុភាពលុះត្រាតែបានធ្វើលិខិតយថាភូត ។ [10]
        IV.     ការអនុវត្តកិច្ចសន្យា
កូនបំណុលត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយសុចរិត  និងស្មោះត្រង់ឲ្យស្របទៅតាមខ្លឹម សារនៃកិច្ចសន្យា ។  នៅពេលភាគីបានបំពេញកាតព្វកិច្ចរួចរាល់ហើយ បណ្តាលអោយកាតព្វកិច្ចនោះរលត់ ។
ករណីយកិច្ចរបស់កូនបំណុលក្នុងការអនុវត្តកាតព្វកិច្ច៖
១.កូនបំណុលត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួនអោយស្របទៅតាមខ្លឹមសារនៃកិច្ចសន្យា និងគោលការណ៍នៃភាពសុចរិត និងភាពស្មោះត្រង់ ។
២.ការអនុវត្តកាតព្វកិច្ចរបស់ខ្លួនអោយស្របទៅតាមខ្លឹមសារនៃកិច្ចសន្យា និងគោលការណ៍នៃភាពសុចរិត និងភាពស្មោះត្រង់ ត្រូវចាត់ទុកជាការសងដែលនាំឲ្យ កាតព្វកិច្ចរលត់ ។[11]
ប្រសិនបើកូនបំណុលមិនព្រមអនុវត្តកាតព្វកិច្ចដោយស្ម័គ្រចិត្តទេ ម្ចាស់បំណុលអាចប្តឹងទៅ តុលាការដើម្បីទាមទាឲ្យអនុវត្ត  ។ ប៉ុន្តែបើគូភាគីបានស្រុះស្រួលគ្នាថាមិនទាមទារឲ្យអនុវត្តតាមផ្លូវតុលាការទេ ម្ចាស់បំណុលមិនអាចប្តឹងតុលាការបានឡើយ ។
សិទ្ធិរបស់ម្ចាស់បំណុលក្នុងការទាមទារឲ្យកូនបំណុលអនុវត្តកាតព្វកិច្ចដូចជា៖
១. ម្ចាស់បំណុលអាចទាមទារអោយកូនបំណុលអនុវត្តកាត្វកិច្ចតាមផ្លូវតុលាការ  ។ 
២. ទោះបីជាម្ចាស់បំណុល អាចទាមទារអោយកូនបំណុលអនុវត្តកាត្វកិច្ចតាមផ្លូវតុលាការក៏ដោយម្ចាស់បំណុលមិនអាចទាមទារអោយអនុវត្តតាមផ្លូវតុលាការបានឡើយក្នុងករណីមានការព្រមព្រៀងរវាងភាគីនៃកិច្ចសន្យាថាមិនទាមទារអោយអនុវត្តតាមផ្លូវតុលាការ ។
៣.ទោះបីជាមានការកម្រិតនូវសិទ្ធិទាមទារ ឲ្យអនុវត្តតាមផ្លូវតុលាការដោយសារមានករណីខាងលើនេះក៏ដោយ ប្រសិនបើកូនបំណុលបានអនុវត្តកាតព្វកិច្ចដោយស្ម័គ្រចិត្តហើយ ម្ចាស់បំណុលអាចទទួល និង រក្សាទុកនូវតាវលិកនេះ ដោយចាត់ទុកថាជាការសងបាន ។ [12]
ចំពោះកិច្ចសន្យាអញ្ញមញ្ញ ភាគីដែលត្រូបអនុវត្តកាតព្វកិច្ចមុនមានសិទ្ធិមិនអនុវត្តកាតព្វកិច្ច របស់ខ្លួន បើមានការបារម្មណ៍ថាភាគីម្ខាងទៀតប្រាកដជាមិនអនុវត្តទេ ។ ប៉ុន្តែបើភាគីនោះបានដាក់ប្រតិភោគ ឬមានវិធានការផ្សេងៗទៀត ដើម្បីរំលត់ក្តីបារម្មណ៍នោះហើយបញ្ញត្តិនេះ មិនអនុវត្តទេ ។

ឯកសារយោង

·        ក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា
·        នីតិកាតព្វកិច្ច         សាស្ត្រចារ្យ គង់ សុភ័ក្ត្រ   សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
·        ការបកស្រាយក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា






[1] មាត្រា ៣៣៦ នៃក្រមរដ្ឋប្បវេណីឆ្នាំ​២០០៧
[2] មាត្រា ៣៤០ នៃក្រមរដ្ឋប្បវេណីឆ្នាំ​២០០៧
[3] សន្ទានុក្រម ១៣៥​ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧
[4] មាត្រា ៣៤៦ កថាខណ្ឌទី ១ នៃក្រមរដ្ឋប្បវេណី ២០០៧
[5] មាត្រា ៣៤៦ កថាខណ្ឌទី ២ នៃក្រមរដ្ឋប្បវេណី ២០០៧
[6] មាត្រា ៣៤៦ កថាខណ្ឌទី ៣ នៃក្រមរដ្ឋប្បវេណី ២០០៧
[7] មាត្រា ៣៤៧ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី ២០០៧
[8] មាត្រា ៣៥០នៃក្រមរដ្ឋប្បវេណី ២០០៧
[9] មាត្រា ៣៤៥ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[10] មាត្រា ៣៣៦ កថាខណ្ឌទី២នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[11] មាត្រា៣៨៤  នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧
[12] មាត្រា៣៨៥  នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម