ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Wednesday, March 1, 2017

មោឃភាព និងការលុបចោលអាពាហ៍ពិពាហ៍

សេចក្តីផ្តើម
យើងទាំងអស់គ្នាបានដឹងហើយថាសង្គមមួយអាចរីកចម្រើន ទៅបានអាស្រ័យទៅលើគ្រួសារដែលជាកោសិកា  នៃសង្គមជាតិទាំងមូល  ហើយគ្រួសារនេះអាចចេញជារូបរាងពេញលក្ខណៈច្បាប់បាន តាមរយៈការរៀបអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងនារីម្នាក់ដែលមានចំណងមនោសញ្ចេតនារវាងគ្នាដោយឈរលើមូលដ្ឋានស្ម័គ្រចិត្ត និងសមភាព ហើយបានគោរពតាមបទបញ្ញាត្តិច្បាប់នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។
នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នពលរដ្ឋខ្មែរភាគច្រើនមានការយល់ដឹង យ៉ាងទូលំទូលាយអំពីការរៀបអាពាហ៍ពិពាហ៍ ហើយពួកគេបានបំពេញយ៉ាងត្រឹមត្រូវតាមបទបញ្ញាតិច្បាប់ ។ ប៉ុន្តែទោះបីគេខិតខំធ្វើយ៉ាងណាដើម្បីបំពេញឲ្យបាននូវលក្ខខ័ណ្ឌក្នុងការរៀបអាពាហ៍ពិពាហ៍យ៉ាងណាក៏ដោយ បើការរស់នៅជាមួយគ្នាពុំមានសេចក្តីសុខ ហើយតែងតែកើតមានអំពើហឹង្សាក្នុងគ្រូសារ ឬ គូភាគីបានប្រព្រឹត្តនូវរឿងរាវពុំសមរម្យនាំឲ្យអាពាហ៍ពិពាហ៍អាចឈានដល់ការលែងលះគ្នាបាន ។ ប៉ុន្តែមានរឿងមួយចំនួនទៀតដែលយើងសង្កេតឃើញមានការយល់ច្រឡំក្នុងការអនុវត្តច្បាប់ និងពេលខ្លះបានបំពានច្បាប់ដោយសារតែមិនសូវយល់ច្បាស់អំពី ថាតើបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍យកគ្នាជាប្តីប្រពន្ធទៅ ចំណងអាពាហ៍ពិពាហ៍មានលក្ខណៈត្រឹមត្រូវតាមច្បាប់ ឬមានអនុភាពហើយឬនៅឡើយ ថាតើបើពុំត្រឹមត្រូវតាមបញ្ញត្តិច្បាប់ទេ ចំណងអាពាហ៍ពិពាហ៍មួយនេះនឹងទៅជាយ៉ាងណា ។
១. លក្ខខ័ណ្ឌក្នុងការបង្កើតអាពាហ៍ពិពាហ៍
ក. កំជាប់ពាក្យ
កំជាប់ពាក្យ គឺត្រូវបង្កើតឡើងតាមសេចក្តីសន្យារវាងបុរស នារី ថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានាពេលអនាគត និងដោយធ្វើពិធីកំជាប់ពាក្យ ។
ជាធម្មតាតាមប្រពៃណីខ្មែរយើង មុននឹងឈានចូលដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ ប្រជាពលរដ្ឋខ្មែរមានរៀបពិធីជាលំដាប់លំដោយច្រើនយ៉ាងដែលមានជាអាទិ៍ៈ
·      ពិធីមើលថ្ងៃ ខែ ឆ្នាំ មើលសមពង្សធាតុរបស់កូនខាងស្រី និង ខាងប្រុស
·      ពិធីចែចូវ
·      ពិធីស្តីដណ្តឹង
·      ពិធីជូនពេលកំជាប់ពាក្យ
ពិធីដែលបានរៀបរាប់ខាងលើ គេច្រើនធ្វើជាផ្លូវការធំដុំជាងគេគឺពេលភា្ជប់ពាក្យ ( កំជាប់ពាក្យ ) ។ ក៏ដូចនាពេលបច្ចុប្បន្ននេះដែរ គូរស្រករមុនពេលរៀបអាពាហ៍ពិពាហ៍គេច្រើនតែធ្វើកំជាប់ពាក្យទុកសិន ដើម្បីទុកឲ្យអ្នកទាំងពីរបានស្គាល់គ្នាច្បាស់ និង យល់ចិត្តគ្នាផង ។ ប៉ុន្តែខ្លះទៀតគេបានស្គាល់ចិត្តថ្លើមគ្នាហើយ គ្រាន់តែគេពុំចង់រៀបអាពាហ៍ពិពាហ៍ ឬ ពុំទាន់មានលទ្ធភាពរៀបអាពាហ៍ពិពាហ៍ គេក៏ធ្វើពិធីកំជាប់ពាក្យទុកដើម្បីជាការការពារ ក៏ដូចជាការហាមប្រាមដល់អ្នកណាដែលចង់មកចែចូវ ឬចង់ទាក់ទងភាគីម្ខាងទៀតឲ្យដឹងថាគេមានគូ ដណ្តឹងហើយ។
ពិធីនេះក៏សំខាន់ និង មានអនុភាពខ្លាំងក្លាដូចពិធីមង្គលដែរ ។ ដោយច្បាប់បានទទូលស្គាល់ថា បើក្នុងករណីដែលកំជាប់ពាក្យត្រូវបានរលាយ ភាគីដែលបានលើកជំនូននៅពេលកំជាប់ពាក្យ សង្ឃឹមថានឹងបានរៀបអាពាហ៍ពិពាហ៍ ប៉ុន្តែត្រូវបានភាគីម្ខាងទៀតកិច្ចកែ ដួច្នេះភាគីដែលបានចំណាយថ្លៃជំនូនអាចទាមទារឲ្យភាគីម្ខាងទៀតសងថ្លៃជំនូននោះមកវិញបាន ។ បានន័យថា ភាគីខាងប្រុស ដែលលើកជំនូនសម្រាប់ការភ្ជាប់ពាក្យទៅភាគីខាងកូនស្រី នឹងទទូលបានថ្លៃជំនួននោះត្រឡប់មកវិញ ពីខាងកូនស្រីដែលគេបានជាប់បង្គាប់ ។ ប្រសិនបើកំជាប់ពាក្យត្រូវបានរំលាយ ការរំលាយកំជាប់ពាក្យនេះ ដោយសារមានមូលហេតុណាមួយ ដែលកើតឡើងដោយភាគី ខាងប្រុស ឬ ខាងស្រីជាអ្នកបង្កើតឡើង ។ ប៉ុន្តែបើសិនជាមានភាគីណាម្ខាងបានបដិសេធ     កំជាប់ពាក្យដែលបានភ្ជាប់រវាងភាគីចោលដោយគ្មានមួលហេតុត្រឹមត្រូវ  ភាគីម្ខាងទៀតក៏អាចទាមទារសំណងនៃការខូចខាត ដែលកើតឡើងដោយការបដិសេធចោលនោះបាន  ។  បានន័យថាភាគីខាងស្រី ឬ ភាគីខាងប្រុសបានធ្វើការបដិសេធ ឬ សុំលុបចោលការភ្ជាប់ពាក្យនេះដោយពុំបញ្ជាក់មូលហេតុច្បាស់លាស់ និង មានហេតុផលដែលមិនសមស្របសម្រាប់បញ្ជាក់ទៅភាគីម្ខាងទៀត នោះភាគីដែលទទូលរងគ្រោះពីការបដិសេធរបស់ភាគីម្ខាងទៀត ឬ ការបដិសេធនោះធ្វើឲ្យប៉ះពាល់ដល់កិត្តយស និង ផ្លូវចិត្តភាគីរងគ្រោះ ភាគីនេះអាចធ្វើ ការទាមទារសំណងជម្ងឺចិត្ត ឬ ការខូចខាត កេរិ៍្តឈ្មោះ និង ការបាត់បង់ផ្សេងៗទៀតបានពីភាគីដែលធ្វើការបដិសេធនោះដោយការដាក់ពាក្យបណ្តឹង ។ ការធ្វើបណ្តឹងត្រូវធ្វើនៅក្នុងអំឡុងពេល ១​ឆ្នាំ គិតចាប់ពីពេលដែលកំជាប់ពាក្យនោះត្រូវបានរំលាយ ។
តាមភាពជាក់ស្តែងការប្តឹងសុំសំណងនៃកំជាប់ពាក្យ គេអាចធ្វើនៅត្រឹមមន្រ្តីអត្រនុកូលដ្ឋាននៃលំនៅដ្ឋានរបស់ភាគី ឬ អាចប្តឹងទៅតុលាការ បើសិនពុំមានការព្រមព្រៀងគ្នានៅត្រឹមភូមិ សង្កាត់ ។
ខ. លក្ខខណ្ឌនៃអាពាហ៍ពិពាហ៍
ការរៀបអាពាហ៍ពិពាហ៍ គឺជាការរៀបជំនូនពិធីឬប្រារព្ធពិធីមួយដែលមានការចូលរួមពីភ្ញៀវកិត្តយសសាច់ញាតិ ដើម្បីជាការទទូលដឹងឭថា បុរស និង នារីមួយគូនេះបានព្រមព្រៀងស្រឡាញ់គ្នា សុខចិត្តរួមរស់ជាមួយគ្នាជាប្តីប្រពន្ធរហូតដល់ចាស់ស្លាប់ ។
រីឯការរៀបអាពាហ៍ពិពាហ៍តាមបទបញ្ញាត្តិច្បាប់ គឺជាកិច្ចសន្យាដ៏ឧឡារិកមួយធ្វើឡើងដោយបុរស់ម្នាក់ និង នារីម្នាក់ដែលប្តេជ្ញាថាខ្លួននឹងរួមសាមគ្គសង្វាសជាមួយគ្នាតាមបញ្ញាត្តិច្បាប់ ហើយដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួន ។ អាពាហ៍ពិពាហ៍ និងមានអានុភាពពេញលក្ខណៈច្បាប់បានលុះត្រាតែអាពាហ៍ពិពាហ៍នោះ ធ្វើឡើងស្របតាមក្បួនខ្នាតដែលមានចែងក្នុងច្បាប់ ។
តាមអត្ថន័យខាងលើ បានឆ្លុះបញ្ចាំងឲ្យឃើញថាការរៀបអាពាហ៍ពិពាហ៍នេះ ទោះតាមលក្ខខ័ណ្ឌណាក៏ដោយ តាំងពីបុរាណរហូតមកដល់បច្ចុប្បន្នគេនៅតែយកច្បាប់ជាតិជាធំ ដើម្បីគ្រប់គ្រងការរៀបអាពាហ៍ពិពាហ៍នេះឲ្យ សមស្រប និង មានអនុភាពតាមលក្ខខណ្ឌច្បាប់ ។
ការរៀបអាពាហ៍ពិពាហ៍ដែលសមស្របលុះត្រាតែ ធ្វើឡើងស្របតាមក្បួនខ្នាតដែលមានចែងក្នុងបញ្ញាត្តិ ច្បាប់ ។ ដោយមានការរៀបចំចាត់ចែងកំណត់ក្នុងច្បាប់នេះ គឺបញ្ជាក់យ៉ាងច្បាស់ឲ្យយើងឃើញថា លក្ខខ័ណ្ឌវិនិច្ឆ័យក្នុងការរៀបអាពាហ៍ពិពាហ៍ត្រូវតែគោរពទៅតាមលក្ខខ័ណ្ឌពីរយ៉ាងគឺ លក្ខខ័ណ្ឌគ្រឹះ និងលក្ខខ័ណ្ឌទម្រង់ ។
ខ.១. លក្ខខ័ណ្ឌគ្រឹះនៃការរៀបអាពាហ៍ពិពាហ៍
លក្ខខណ្ឌគ្រឹះ ជាលក្ខខ័ណ្ឌចាំបាច់បំផុត សម្រាប់ឈានចូលក្នុងការរៀបអាពាហ៍ពិពាហ៍របស់បុគ្គលពីរនាក់ដែលត្រូវក្លាយជាប្តី ប្រពន្ធនឹងគ្នា និង ត្រូវបំពេញដើម្បីឲ្យសមស្របមុនឈានដល់លក្ខខ័ណ្ឌទម្រង់ ។
          ខ.១.១.អាយុ
សមត្ថភាព ជាកត្តាចំបងក្នុងការសម្រេចចិត្តធ្វើអ្វីមួយពិសេសក្នុងរឿងអាពាហ៍ពិពាហ៍ ព្រោះបើសមត្ថភាពពុំត្រូបានច្បាប់អនុញ្ញាតទេ ជននោះពុំអាចរៀបអាពាហ៍ពិពាហ៍បានឡើយ ។
សមត្ថភាព សំដៅលើអាយុគ្រប់លក្ខខណ្ឌរៀបអាពាហ៍ពិពាហ៍ដែលច្បាប់បានផ្តល់ឲ្យនូវសិទ្ធ និង កាតព្វកិច្ចព្រោះអាយុមានសារៈសំខាន់ដែលទាមទារឲ្យច្បាប់ទទួលស្គាល់ថាការរៀបអាពាហ៍ពិពាហ៍នេះ គឺពិតជាស្របតាមច្បាប់ដោយគោរពតាមគោលការណ៍ស្ម័គ្រចិត្ត ដែលភាគីទាំងសងខាងមានឆន្ទៈថាពិតជាចង់រៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ដោយគ្មានការបង្ខំឡើយ ។ ដោយសារអាយុមានសារៈសំខាន់ ច្បាប់ក៏បានកំណត់ឲ្យបុរស និង នារី អាចរៀបអាពាហ៍ពិពាហ៍បានបើៈ
v  នីតិជន
បុរស និង នារី​ ដែលមានអាយុ ១៨ ឆ្នាំអាចរៀបអាពាហ៍ពិពាហ៍បាន ។ ប៉ុន្តែក្នុងករណីដែលភាគីម្ខាងមានអាយុតិចជាង ១៦ ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍បានដោយមានការយល់ព្រមពីឪពុកម្តាយ ឬ អាណាព្យាបាល   អនីតិជននោះ ។
ចំណែកច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ចែងថាអាចរៀបអាពាហ៍ពិពាហ៍បាន បុរសចាប់ពីអាយុ ២០ឆ្នាំឡើង នារីចាប់ពីអាយុ១៨ឆ្នាំឡើង។ ក្នុងករណីពិសេសបុរស ដែលមានអាយុមិនទាន់ដល់ ២០ឆ្នាំនិងនារីដែលមានអាយុមិនទាន់ដល់១៨ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ បានប្រសិនបើនារីមានផ្ទៃពោះ ហើយមានការអនុញ្ញាតពី ឪពុកម្ដាយ ឬអ្នកអាណាព្យាបាល។
v  អនីតិជន
អនីតិជនគឺជាជនដែលមិនទាន់គ្រប់អាយុតាមច្បាប់កំណត់ ។
អនីតិជនអាចរៀបអាពាហ៍ពិពាហ៍បានក្នុងករណី៖
·      ដែលភាគីម្ខាងក្នុងចំណោមភាគីដែលមានបំណងរៀបអាពាហ៍ពិពាហ៍ជាអនីតិជន អនីតិជននោះចាំបាច់ត្រូវមានការយល់ព្រមពីសំណាក់ឪពុកម្តាយ ឬអាណាព្យាបាលសម្រាប់អនីតិជននោះ ។
·      បើអ្នកដែលមានអំណាចមេបាណាម្នាក់មិនយល់ព្រមទេ គ្រាន់តែមានការយល់ព្រមពីសំណាក់អ្នកដែលមានអំណាចព្យាបាលម្ខាងទៀតជាការគ្របើគ្រាន់ហើយ ។
·      ក្នុងករណីអ្នកដែលមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជន បានបដិសេធការយល់ព្រមដោយគ្មានមូលហេតុសមរម្យ អនីតិជនដែលមានបំណងរៀបអាពាហ៍ពិពាហ៍ អាចទាមទារទៅតុលាការឲ្យសម្រេចសេចក្តីជំនួសការយល់ព្រមនោះបាន ។
v  ជននៅក្រោមអាណាព្យាបាលទូទៅ
          ចំពោះជននៅក្រោមអាណាព្យាបាលទូទៅ អាចរៀបអាពាហ៍ពិពាហ៍បាន ក្នុងករណីដែលមានសមត្ថភាពបង្ហាញឆន្ទៈក្នុងកម្រឹតអប្បរិមា (មានបំណង់ចង់អាចរៀបអាពាហ៍ពិពាហ៍ដោយខ្លួនឯង គ្មាននរណាបង្ខិតបង្ខំ) ដែលចាំបាច់ដើម្បីរៀបអាពាហ៍ពិពាហ៍។ក្នុងករណីនេះចាំបាច់មានការយល់ព្រមពីអាណាព្យាបាលទូទៅឡើយ ។
ខ.១.២.ការហាមឃាត់មិនឲ្យមានទ្វេពន្ធភាព
          ដោយស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវសិទ្ធពេញទីដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការសម្រេចចិត្តជ្រើសរើសគូស្រករដោយឈរលើគោលការណ៍ស្ម័គ្រចិត្តដោយសេរី ប្តីមួយប្រពន្ធមួយជាដាច់ខាត ។ ការហាមទ្ធេពន្ធភាពនេះមានចែងក្នុងច្បាប់ស្តីពីឯកពន្ធភាពដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ២០០៦ នាសម័យប្រជុំរដ្ឋសភាលើកទី ៥ នីតិកាលទី ៣ ។
          ច្បាប់នេះគឺផ្តល់សេរីភាពដល់បុរស នារី ឲ្យមានភាពស្មើគ្នាក្នុងការសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ដោយមានដែនកំណត់ គឺបុរស ឬនារី ដែលមានសហព័ទ្ធហើយ ពុំអាចរៀបអាពាហ៍ពិពាហ៍ថ្មីទៀតបានឡើយប្រសិនបើចំណងអាពាហ៍ពិពាហ៍មុនមិនទាន់រលាយ ។ ការហាមឃាត់បែបនេះ ក្នុងគោលបំណងការពារសេចក្តីថ្លៃថ្នូរ និងដើម្បីពង្រឹងភាពសុខដុមរម្យនាដល់សុភមង្គលក្នុងគ្រួសារ និងជាការហាមមិនឲ្យមានសហព័ទ្ធណាម្នាក់អាចទៅរៀបអាពាហ៍ពិពាហ៍ថ្មីទៀតជាមួយអ្នកផ្សេងបានតាមទំនើងចិត្តពុំខ្លាចក្រែងរអែង។
          អាស្រ័យដោយមានច្បាប់ឯកពន្ធភាព បុរសនិងនារី ជាសហព័ទ្ធដែលមិនមានចំណងអាពាហ៍ពិពាហ៍ហើយត្រូវមានការចុះបញ្ជីអាពាហ៍ពិពាហ៍ចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានឲ្យបានត្រឹមត្រូវផងដែរ ។
                             ខ.១.៣.អំឡុងពេលហាមមិនឲ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀត
          ការហាមឃាត់នេះសំដៅទៅលើនារី ដែលពុំអាចរៀបអាពាហ៍ពិពាហ៍ថ្មីទៀតបានឡើយ ប្រសិនបើអំឡុងពេល ១២០ ថ្ងៃពុំទាន់បានកន្លងផុតគិតចាប់ពីថ្ងៃដែលអាពាហ៍ពិពាហ៍មុនត្រូវបានរំលាយ ឬលុបចោល។ ក្នុងករណីដែលនារីស្ថិតនៅក្នុងអំឡុងវិធវភាពនេះអាចរៀបអាពាហ៍ពិពាហ៍បាន ប្រសិនបើនារីមានផ្ទៃពោះនៅមុនពេលដែលអាពាហ៍ពិពាហ៍មុនត្រូវបានរំលាយ ឬលុបចោល ហើយបានសំរាលកូន ឬចំពោះករណីមានលិខិតបញ្ជាក់ពីការគ្មានផ្ឬៃពោះពីវេជ្ជបណ្ឌិត។ការទុកឲ្យនារីស្ថិតក្នុងភាពមេម៉ាយ១២០ ថ្ងៃនេះគឺច្បាប់មានការធូរស្រាលច្រើនខុសពីមុន ដែលពីមុនទុករហូតដល់ទៅ ៣០០ថ្ងៃ ទើបច្បាប់អនុញ្ញាតឲ្យ ការកំណត់រយៈពេលនោះដើម្បីកុំឲ្យមានការពាក់ព័ន្ធរញេរញ៉ៃរពីបញ្ហាកូនដែលអាចមានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ត្រូវបានរំលាយឬលុបចោលនេះ។
                            
ខ.១.៤. ការហាមឃាត់អាពាហ៍ពិពាហ៍រវាងញាតិលោហិត និងញាតិពន្ធ
          ញាតិលោហិត គឺជាញាតិដែលជាប់ពីកំណើតដូចជាឪពុកម្តាយ និងកូនជាដើម ។
          ញាតិពន្ធ គឺសំដៅទៅលើសាច់ថ្លៃដែលជាចំណងខាងផ្លូវច្បាប់ដែលមានឡើងរវាង ប្តី ឬប្រពន្ធ និងញាតិរបស់សហព័ន្ធខ្លួន ។
ឧទាហរណ៍ៈ ឪពុកក្មេក ម្តាយក្មេក កូនប្រសារ ជីដូនជីតាក្មេក ចៅប្រសារ និងបងប្អូនថ្លៃ ។
សាខាញាតិ គឺញាតិដែលបែងចែកជាមែកធាងពីអ្នកបង្កើតរួមដូចជា មីងមា ក្មួយ បងប្អូនបង្កើត និង បងប្អួនជីដូនមួយ ។
v  ញាតិលោហិត ៖ អាពាហ៍ពិពាហ៍មិនអាចធ្វើបានឡើយរវាងញាតិលោហិតផ្ទាល់ ឬ សាខាញាតិលោហិតក្នុងបីថ្នាក់ រាប់ទាំងថ្នាក់ទីបីផង ។
v  ញាតិពន្ធ ៖ អាពាហ៍ពិពាហ៍មិនអាចធ្វើបានឡើយរវាងញាតិពន្ធនៃខ្សែរផ្ទាល់ ឬសាខាញាតិពន្ធនៅក្នុងបីថ្នាក់ រាប់ទាំងថ្នាក់ទីបីផងដែរ ។ ប៉ុន្តែបើសហព័ទ្ធណាម្ខាងបានទទួលមរណៈភាព សហព័ទ្ធដែលនៅរស់អាចរៀបអាពាហ៍ពិពាហ៍ជាមួយបុគ្គលដែលធ្លាប់ជាសាខាញាតិពន្ធ នៅក្នុងបីថ្នាក់បាន ។
          ការហាមឃាត់ទាំងអស់ខាងលើនេះ គឺច្បាប់បានកំណត់ដើម្បីបំពេញក្នុងលក្ខខណ្ឌរៀបអាពាហ៍ពិពាហ៍ព្រោះអាពាហ៍ពិពាហ៍ជាព្រឹត្តិការណ៍មួយដែលនឹងបង្កើតគ្រួសារថ្មីក្នុងសង្គម ។ ច្បាប់បានហាមឃាត់ជាច្រើនលើបញ្ហារៀបអាពាហ៍ពិពាហ៍ដូចជា មិនឲ្យមានបញ្ហាខាងស្មារតី ឆ្កូតលីលា វិកលចរិក អសមត្ថភាពខាងផ្លូវភេទ ឬមានជម្ងឺមើសមិនសះជាជាដើម នេះជាការជះឥទ្ធិពល អាក្រក់ដល់គ្រួសារបើបុគ្គលទាំងពីរនោះបានត្រៀមរៀបអាពាហ៍ពិពាហ៍ ។
                    ខ.២. លក្ខខណ្ឌទមម្រង់នៃការរៀបអាពាហ៍ពិពាហ៍
                             ខ.២.១. ការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍
          ការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ត្រូវធ្វើនៅឃុំសង្កាត់ខាងរបស់នារី   ដែលមានមន្រ្តីអត្រានុកូលដ្ឋានទទួលដឹងឮ និងជាអាជ្ញាធរមានសមត្ថកិច្ច ។ ការទទួលពាក្យសុំរៀបអាពាហ៍ពិពាហ៍នោះមន្ត្រីអត្រានុកូលដ្ឋានត្រូវពិនិត្យមើលជាមុន មុននឹងអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ដោយផ្អែកទៅតាមច្បាប់ដែលបានកំណត់ស្តីពីលក្ខខណ្ឌផ្សេងៗក្នុងការរៀបអាពាហ៍ពិពាហ៍ ។
          តាមការរៀបរាប់មកខាងលើ បើអាពាហ៍ពិពាហ៍ពុំគោរពតាមលក្ខខ័ណ្ឌទាំងអស់នេះទេ ពាក្យសុំរៀបអាពាហ៍ពិពាហ៍ពុំអាចទទួលយកបានឡើយ ។
                             ខ.២.២. ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍
          បុរស និងនារី ដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ជាផ្លូវការ ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃឃុំ ឬសង្កាត់ខាងលំនៅដ្ឋានសាមីខ្លួនខាងនារី ។ បុរសនារីដែលបានមកសុំច្បាប់រៀបអាពាហ៍ពិពាហ៍ត្រូវភ្ជាប់មកជាមួយនូវ៖
§  សំបុត្រកំណើតដែលចេញដោយមេឃុំ
§  សៀវភៅរបស់សាមីខ្លួន
§  លិខិតបញ្ជាក់ពីគ្រូពេទ្យដែបញ្ជាក់ថាគ្មានគត៌
§  លិខិតបញ្ជាក់ការយល់ព្រមពីឪពុកម្តាយ អាណាព្យាបាល( ករណីអនាគតគូស្រករជាអនីតិជន)
§  លិខិតបញ្ជាក់ការយល់ព្រមពីមន្ត្រីអត្រានុកូលដ្ឋាន
§  លិខិតបញ្ជាក់ពីភាពនៅលីវ ឬមេម៉ាយ ឬពោះម៉ាយរបស់សាមីខ្លួនទាំងពីរ ។
លិខិតបញ្ជាក់ពីភាពនៅលីវ ឬមេម៉ាយ ឬពោះម៉ាយរបស់សាមីខ្លួនទាំងពីរត្រូវចេញដោយមេឃុំ ឬចៅសង្កាត់របស់សាមីខ្លួនទាំងពីរហើយការបញ្ជាក់នោះ​ ប្រសិនបើករណីមេម៉ាយ ឬពោះម៉ាយដោយប្តី ឬប្រពន្ធស្លាប់ត្រូវភ្ជាប់មកជាមួយសាលក្រមរបស់តុលាការ ។
បន្ទាប់ពីមន្ត្រីអត្រានុកូលដ្ឋានពិនិត្យបានម៉ត់ចត់នូវពាក្យសុំរបស់សាមីខ្លួន ដោយផ្អែកលើលក្ខខ័ណ្ឌ ដែលច្បាប់បានបញ្ញតិ្ត មន្ត្រីអត្រានុកូលដ្ឋានត្រូវចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ដែលត្រូវធ្វើការបិទផ្សាយជាសាធារណៈដូចខាងក្រោម ៖
·         មួយច្បាប់បិទផ្សាយជាសាធារណៈនៅលំនៅដ្ឋានរបស់សាមីខ្លួននារី ។
·         មួយច្បាប់បិទផ្សាយជាសាធារណៈនៅសាលាឃុំ ឬសង្កាត់របស់សាមីខ្លួននារី និងមួយច្បាប់រក្សាទុកជាឯកសារនៅសាលាឃុំ ឬសង្កាត់របស់ខ្លួន ។
·         ពីរច្បាប់ទៀតត្រូវផ្ញើទៅជូនមន្ត្រីអត្រានុកូលដ្ឋានខាងប្រុស ដើម្បីបិទផ្សាយជាសាធារណៈនៅលំនៅដ្ឋានរបស់សាមីខ្លួនខាងប្រុស ហើយមួយច្បាប់ទៀតផ្ញើជូនទៅសាលាឃុំ ឬសង្កាត់របស់សាមីខ្លួនខាងប្រុស ។
v  ការប្រកាសផ្សាយ
ក្នុងប័ណ្ណប្រកាសផ្សាយអាពាហ៍ពិពាហ៍ មន្ត្រីអត្រានុកូលដ្ឋានត្រូវសរសេរអំពី ៖
  1. ត្រកូល ឈ្មោះ អាយុ សញ្ជាតិ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត មុខរបរ និង នៃអនាគតប្ដី  ឬប្រពន្ធ
  2. ត្រកូល ឈ្មោះ អាយុ សញ្ជាតិ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត មុខរបរ និងទីលំនៅបច្ចុប្បន្នឪពុកម្តាយនៃអនាគតប្ដី ឬប្រពន្ធ បើឪពុក  រឺម្ដាយស្លាប់ត្រូវដាក់ថាស្លាប់ផង
  3. រយ:ពេលប្ដឹងជំទាស់
v  រយៈពេលប្រកាសផ្សាយ
ប័ណ្ណប្រកាសផ្សាយអាពាហ៍ពិពាហ៍ត្រូវបិទផ្សាយជាសាធារណៈក្នុងរយៈពេល ១០ថ្ងៃ មុនថ្ងៃរៀបអាពាហ៍ពិពាហ៍ ដើម្បីអោយជនដែលមានប្រយោជន៍ ក្នុងរឿងនេះដឹងឮ ហើយអាចប្ដឹងជំទាស់នឹងអាពាហ៍ពិពាហ៍នោះបាន ប្រសិនបើមានការមិនយល់ព្រមស្រប  និងអាពាហ៍ពិពាហ៍នោះ  ។  ផុតរយៈពេល១០ថ្ងៃនេះពិធីអាពាហ៍ពិពាហ៍អាចធ្វើទៅបានបើគ្មានការប្ដឹងជំទាស់ ។ ក្នុងករណីមានការប្ដឹងជំទាស់អាពាហ៍ពិពាហ៍អាចធ្វើទៅបានលុះត្រាតែ បណ្តឹងជំទាស់អាពាហ៍ពិពាហ៍បានដោះស្រាយរួចរាល់ជាមុនសិន ដោយយោងតាមច្បាប់អាពាហ៍ពិពាហ៍ និងគ្រូសារបានបញ្ញតិ្ត។
អាពាហ៍ពិពាហ៍នឹងអាចចាត់ទុកជាត្រឹមត្រូវតាមតាមលក្ខណៈច្បាប់បាន លុះត្រាតែបុរស និងនារី ដែលស្ម័គ្រចិត្តយកគ្នាជាប្ដីប្រពន្ធចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ខាងលំនៅរបស់នារី ។ កិច្ចសន្យាត្រូវចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍ ហើយ ត្រូវចុះហត្ថលេខាដោយមន្ត្រីអត្រានុកូលដ្ឋាន ប្ដីប្រពន្ធ និងសាក្សីគ្រប់អាយុការពីរនាក់ ។
២. បច្ច័យគតិយុត្តិនៃការរៀបអាពាហ៍ពិពាហ៍ផ្ទុយច្បាប់
បច្ច័យគតិយុត្តិនៃការរៀបអាពាហ៍ពិពាហ៍ផ្ទុយច្បាប់ គឺជាលទ្ធផលនៃការរៀបអាពាហ៍ពិពាហ៍ដែលពុំបានធ្វើឡើងពុំស្របច្បាប់ក្បួនខ្នាតត្រឹមត្រូវ មានលក្ខណៈផ្ទុយពីច្បាប់ ។ ការរៀបអាពាហ៍ពិពាហ៍ដែលស្របច្បាប់ចាំបាច់ត្រូវតែបំពេញឲ្យបានគ្រប់លក្ខខណ្ឌត្រឹមត្រូវ ទើបច្បាប់ទទួលស្គាល់ ប្រសិនបើពុំអាចបំពេញឲ្យបានត្រឹមត្រូវទេ អាពាហ៍ពិពាហ៍នោះនឹងទទួលនូវទណ្ឌកម្ម ដូចជាធ្វើឲ្យអាពាហ៍ពិពាហ៍នោះរងនូវមោឃភាព ឬលុបចោលដោយច្បាប់ ។ ចំពោះបច្ច័យគតិយុត្តិនៃការរៀបអាពាហ៍ពិពាហ៍ផ្ទុយច្បាប់នេះ នៅចំណុចមោឃភាពពីមុនគេបែងចែកមោឃភាពនេះជាពីរ គឺមោឃភាពដាច់ខាត និងមោឃភាពមិនដាច់ខាត ។
ចំពោះក្រមរដ្ឋប្បវេណី២០០៧ បានកំណត់បច្ច័យគតិយុត្តិនៃការរៀបអាពាហ៍ពិពាហ៍ផ្ទុយច្បាប់នេះត្រឹមមោឃភាព និងការលុបចោលដែលការលុបចោលនេះប្រៀបបីដូចជាមោឃភាពមិនដាច់ខាតដែរ ។
ក. មោឃភាពនៃអាពាហ៍ពិពាហ៍
មោឃភាពនៃអាពាហ៍ពិពាហ៍នេះ គឺជាការប្តឹងដែលធ្វើឡើងដោយភាគីណាមួយ ឬញាតិសន្តានរបស់  ភាគី​ឬតំណាងអយ្យការដែលយល់ឃើញថា អាពាហ៍ពិពាហ៍នោះមានលក្ខណៈប៉ះពាល់ដល់ច្បាប់ហាមឃាត់ហើយបានធ្វើបណ្តឹងទៅតុលាការដើម្បីសុំមោឃៈអាពាហ៍ពិពាហ៍នោះចោល​ ។ បណ្តឹងមោឃភាពនោះមានតែតុលាការទេ ទើបមានសិទ្ធិសម្រេចលើបណ្តឹងនេះ ។
មោឃភាពបានបង្ហាញតាមរយៈមាត្រា៩៥៨ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ ដោយបញ្ជាក់ នូវមូលហេតុ គ្មានឆន្ទៈរៀបអាពាហ៍ពិពាហ៍ ការភាន់ច្រឡំលើមនុស្ស ការបង្ខំ និងមូលហេតុផ្សេងៗទៀត ។ លើសពីនេះទៅទៀតមោឃភាពកើតឡើងដោយសារមូលហេតុ ភាគីមិនបានដាក់ពាក្យសុំរៀបការកង្វះខាតលើការជូនដំណឹង សាធារណៈការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ ឬមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ ។ អត្ថបទគតិយុត្តនេះ ក៏បានសម្រួល និង បន្ធូរបន្ថយផងដែរ ប្រសិនបើគ្រាន់តែមានវិការៈតែបន្តិចបន្តួចលើនីតិវិធី នោះអនុភាពនៃអាពាហ៍ពិពាហ៍ អាចសម្រេចទៅបាន ដោយមិនមានទណ្ឌកម្មឡើយ ។
អាពាហ៍ពិពាហ៍ដែលស្របច្បាប់ពុំអាចមោឃភាពបានទេ វាលែងតែអាពាហ៍ពិពាហ៍នេះសាមីខ្លួនបានប្រព្រឹត្តខុស នាំឲ្យអាពាហ៍ពិពាហ៍ត្រូវបានចាត់ទុកជាមោឃៈភាព ដោយសារតែមានមូលហេតុដូចក្នុងករណីខាងក្រោម ៖
          ក.១. គ្មានឆន្ទៈរៀបអាពាហ៍ពិពាហ៍
ការរៀបអាពាហ៍ពិពាហ៍ដែលគ្មានឆន្ទៈ រវាងភាគីដោយសារភ័ន្តច្រឡំលើមនុស្ស ការបង្ខំ និងមូលហេតុ     ផ្សេងៗទៀតដែលនាំឲ្យអាពាហ៍ពិពាហ៍នឹងត្រូវជាមោឃៈភាពបាន ។
v  ការភ័ន្តច្រឡំអាចជាការច្រឡំចំពោះបុគ្គលដែលមានថានៈតួនាទី ឬចំពោះបុគ្គលដែលមានមុខមាត់     ស្រដៀងគ្នា ។
v  ចំពោះការបង្ខំ អាចជាការបង្ខំខាងផ្លូវកាយ ឬផ្លូវចិត្តរបស់ភាគីដែលត្រូវបានគេបង្ខំឲ្យរៀបអាពាហ៍ពិពាហ៍ ការរៀបអាពាហ៍ពិពាហ៍ដោយការបង្ខំនេះអាចចាត់ទុកជាមោឃៈបាន និង មានរយៈពេលសម្រាប់ប្តឹងសុំលុបអាពាហ៍ពិពាហ៍នោះចោល បើការប្តឹងនោះបានធ្វើក្នុងរយ់ពេល ៦ខែគិតពីថ្ងៃដែលគេលែងបង្ខំនោះមក ។
          ក.២.អាពាហ៍ពិពាហ៍ដែលមិនបានគោរពតាមនីតិវិធី
ការរៀបអាពាហ៍ពិពាហ៍ដែលគូរភាគីពុំបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ដូចជា ការជូនដំណឹងជា   សាធារណៈ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ ឬមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ដែលគោរពតាមបញ្ញាតិ្តស្តីពីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ ។ ប៉ុន្តែប្រសិនបើគ្រាន់តែមានវិការៈតែបន្តិចបន្តួចលើនីតិវិធីប៉ុណ្ណោះទេអានុភាពនៃ អាពាហ៍ពិពាហ៍មិនត្រូវបានរារាំងដោយហេតុនោះឡើយ ។
ខ. ការលុបចោលអាពាហ៍ពិពាហ៍
          ការលុបចោលអាពាហ៍ពិពាហ៍ គឺជាការលុបចោលអាពាហ៍ពិពាហ៍ដែលមិនត្រឹមត្រូវ មិនស្របច្បាប់ ឬអាពាហ៍ពិពាហ៍នោះធ្វើផ្ទុយពីលក្ខន្តិកៈនៃការរៀបអាពាហ៍ពិពាហ៍ ។ ការលុបចោលអាពាហ៍ពិពាហ៍ត្រូវយោងទៅតាមបញ្ញាតិ្តដែលច្បាប់បានចែង ព្រោះជាការធ្វើឲ្យប៉ះពាល់យ៉ាងធំធេង​ទាំងផ្លូវកាយ ផ្លូវចិត្ត​និងកិត្តិយសដល់    គូភាគីឪពុកម្តាយ និងញាតិសន្តានទាំងសងខាងទៀតផង ។ ប៉ុន្តែការលុបចោលអាពាហ៍ពិពាហ៍នេះក៏មានសារៈសំខាន់ដែរ  ប្រសិនអាពាហ៍ពិពាហ៍នោះធ្វើឲ្យប៉ះពាល់យ៉ាងធំធេង​ ក្នុងករណីនេះភាគីនីមួយៗ ឪពុកម្តាយ ញាតិសន្តានរបស់ជននោះ ​ឬតំនាងអយ្យការអាចទាមទារទៅតុលាការឲ្យលុបចោលអាពាហ៍ពិពាហ៍នោះបានដោយមូលហេតុត្រឹមត្រូវ ។
ខ.១.មូលហេតុនៃការលុបចោលអាពាហ៍ពិពាហ៍
មូលហេតុនៃការលុបចោលនេះបានបញ្ញត្តក្នុងក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ វាមានដូចជា៖ការមិនគោរពលក្ខខ័ណ្ឌអាយុរៀបការ ការបំពានលើលក្ខខណ្ឌហាមឃាត់ចំពោះអាពាហ៍ពិពាហ៍រវាងញាតិ ទ្វេពន្ធភាព ការគោរពវិធវភាព(តាមក្រមថ្មី ១២០ ថ្ងៃ) ការឆបោក ឬគំរាម ។
ភាគីនីមួយៗ ញាតិសន្តានរបស់ជននោះ សហព័ន្ធរបស់ភាគី ឬសហព័ន្ធមុន ឬតំណាងអយ្យការអាចទាមទារទៅតុលាការឲ្យលុបចោលបាន បើបុគ្គលនោះបានប្រព្រឹត្តផ្ទុយទៅនឹងច្បាប់កំណត់ ។
          ការលុបចោលនេះវាមិនមាន អភិសូន្យដាច់ខាតនោះទេ ។ អាពាហ៍ពិពាហ៍ដែលផ្ទុកទៅដោយមូលហេតុដែលបានបញ្ជាក់ខាងលើ អាពាហ៍ពិពាហ៍វាប្រែក្លាយជាអាពាហ៍ពិពាហ៍ដែលច្បាប់អាចទទួលយកបានដូចជាករណី៖
ខ.១.១.ចំពោះអាពាហ៍ពិពាហ៍រវាងញាតិដែលច្បាប់ហាមឃាត់
បើនៅក្រោយពេលដែលភាគីណាម្ខាងបានទទួលមរណៈភាពហើយ តំណាងអយ្យការ ពុំអាចទាមទារឲ្យលុបបានចោលអាពាហ៍ពិពាហ៍នោះបានឡើយ ។
ខ.១.២.ការរលត់សិទ្ធិលុបចោលអាពាហ៍ពិពាហ៍ដែលភាគីមិនទាន់គ្រប់អាយុ
ក្រោយពេលជនដែលមិនទាន់គ្រប់អាយុរៀបអាពាហ៍ពិពាហ៍ បានគ្រប់អាយុហើយ ជននោះក៏នៅតែអាចទាមទារឲ្យលុបចោលអាពាហ៍ពិពាហ៍នោះបាន នៅក្នុងអំឡុងពេល ៣ ខែ ចាប់ពីពេលដែលជននោះបានគ្រប់អាយុ ។ ម៉្យាងវិញទៀត ប្រសិនបើជននោះបានធ្វើ សច្ចានុមតិលើអាពាហ៍ពិពាហ៍ដែលត្រូវលុបចោល នោះបន្ទាប់ពីបានគ្រប់អាយុរៀបអាពាហ៍ពិពាហ៍ ។
ខ.១.៣.ការលុបចោលអាពាហ៍ពិពាហ៍ធ្វើនូវអំឡុងពេលហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀត
ពុំអាចទាមទារឲ្យលុបចោលអាពាហ៍ពិពាហ៍បានឡើយប្រសិនបើរយៈពេល១២០ថ្ងៃបានកន្លងផុតគិតចាប់ពីថ្ងៃដែលអាពាហ៍ពិពាហ៍មុនបានរំលាយ ឬលុបចោល ឬប្រសិនបើនារីមានផ្ទៃពោះក្រោយពីរៀបអាពាហ៍ពិពាហ៍ថ្មី​     ទៀត។
ខ.១.៤.ការលុបចោលនូវអាពាហ៍ពិពាហ៍ដោយការឆបោក  ឬគំរាម
សិទ្ធិលុបចោលនូវអាពាហ៍ពិពាហ៍ដោយ​​​​​ការឆបោក ឬគំរាមនេះត្រូវរលត់បើភាគីបានរកឃើញការឆបោក   ឬ បើអំឡុងបីខែបានកន្លងផុតក្រោយពីបានរួចផុតពីការគំរាមឬបើបានធ្វើសច្ចានុម័តលើអាពាហ៍ពិពាហ៍ដោយការ    ឆបោកឬគំរាមនោះ ។
តាមការរៀបរាប់ខាងលើ ការលុបចោលនូវអាពាហ៍ពិពាហ៍ពុំមានលក្ខណៈដាច់ខាតទេ ប្រសិនបើនៅក្រោយពេលភាគីណាម្ខាងបានទទួលមរណៈភាពហើយ តំណាងអយ្យការពុំអាចទាមទារឲ្យលុបចោលអាពាហ៍ពិពាហ៍នោះបានឡើយ ។
ខ.១.៥.ការលុបចោលនូវអាពាហ៍ពិពាហ៍ដែលផ្ទុយច្បាប់ឯកពន្ធភាព(ការហាមឃាត់មិនឲ្យមានទ្វេពន្ធភាព)
អាពាហ៍ពិពាហ៍ដែលផ្ទុយច្បាប់ឯកពន្ធភាព គឺជាការរៀបអាពាហ៍ពិពាហ៍របស់បុគ្គលម្នាក់ ដែលស្ថិតក្នុងស្ថានភាពនៅជាប់ចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយនៅឡើយ ហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មីមួយទៀត អាពាហ៍ពិពាហ៍នោះត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទទ្វេពន្ធភាព ព្រោះជាចំណងអាពាហ៍ពិពាហ៍ដែលបុរសមានប្រព្ធពីរ ឯស្រី្តមានប្តីពីរ ។ ក្នុងករណីដែលអាពាហ៍ពិពាហ៍ធ្វើផ្ទុយនឹងច្បាប់បញ្ញាតិ្តនេះ សហព័ទ្ធរបស់ភាគីក៏អាចទាមទារឲ្យលុបចោលអាពាហ៍ពិពាហ៍នោះបានដែរ ។
កាលបើអាពាហ៍ពិពាហ៍នោះជាប់ក្នុងបទទ្វេពន្ធភាព បុគ្គលដែលប្រព្រឹត្តល្មើសនឹងបញ្ញត្តិនេះត្រូវជាប់ទោសព្រហ្មទណ្ឌដាក់ពន្ធនាគារ ៦ខែដល់ ១ឆ្នាំ និងផ្តន្តាទោសពិន័យជាប្រាក់ពី ២០០.០០០ រៀល ឬផ្តន្តាទោសណាមួយនៃទោសទាំងពីរ ។
ខ.១.៦. ទាស់មុខស្មន់(អាពាហ៍ពិពាហ៍រវាងញាតិលោហិត ឬញាតិពន្ធ)
ជាការរៀបអាពាហ៍ពិពាហ៍រវាងញាតិពន្ធ​ ឬ​​ ញាតិលោហិត​ក្នុងថ្នាក់​ដែលច្បាប់ហាមឃាត់ ។ ការរស់នៅក្នុងអាពាហ៍ពិពាហ៍ខាងលើអាចចាត់ទុកថាស្មន់ហើយជាប់ពិរុទ្ធក្នុងបទស្មន់ដោយសារ៖
·         បុរស និងស្ត្រីដែលជាប់ចំណងអាពាហ៍ពិពាហ៍ជាញាតិលោហិត ឬញាតិពន្ធក្នុងខ្សែផ្ទាល់គ្រប់ថ្នាក់ ទោះចំណងនោះមានខាន់ស្លាក្តី ឥតខាន់ស្លាក្តី ឬជាសាច់ចិញ្ជឹមក្តី បានរួមសេវនកិច្ចជាមួយគ្នា ។
·         បុរស និងស្ត្រីដែលជាប់ចំណងសាខាញាតិនឹងគ្នា ទោះសាខាញាតិនោះមានខាន់ស្លាក្តី ឥតខាន់ស្លាក្តី ឬជាសាច់ចិញ្ជឹមក្តី រួមឪពុកម្តាយក្តី រួមម្តាយក្តី  ជាញាតិលោហិតក្តី ឬញាតិពន្ធក្តីរហូតដល់ថ្នាក់ទីបី រាប់ ទាំងថ្នាក់នេះផងបានរួមសេវនកិច្ចជាមួយគ្នា ។ ប៉ុន្តែចាត់ទុក ប្រសិនបើសហព័ទ្ធណាម្នាក់ស្លាប់ហើយសហព័ទ្ធដែលនៅរស់រួមសេវនកិច្ចជាមួយសាខាញាតិពន្ធថ្នាក់ទី ពីរ ឬ ទីបី ។ តែបើជាប់បទល្មើសស្មន់ត្រូវទទួលរងនូវទណ្ឌកម្មខាងផ្នែកព្រហ្មទណ្ឌដាក់ពន្ធនាគារពី ១ ខែ ដល់ ១ឆ្នាំ និងផ្តន្តាទោសពិន័យជាប្រាក់ពី ២០០.០០០ រៀលដល១០០០.០០០ រៀល ឬផ្តន្តាទោសណាមួយនៃទោសទាំងពីរ ។
ខ.២. អានុភាពនៃការលុបចោលអាពាហ៍ពិពាហ៍
          ក្រោយពីបានរៀបអាពាហ៍ពិពាហ៍រួចរាល់ហើយ ប្តី និងប្រពន្ធ តែងតែទទួលបាននូវអនុភាពពីការរៀបអាពាហ៍ពិពាហ៍ជាច្រើនទាំងទ្រព្យសម្បត្តិ និងសិទ្ធិផ្សេងៗ ក្នុងការរួមចំណែកគ្រប់គ្រងគ្រួសារ ប៉ុន្តែអានុភាពនោះនឹងរលត់បាត់ទៅវិញ បើអាពាហ៍ពិពាហ៍នោះ ត្រូវលុបចោលហើយនាំឲ្យអស់សិទ្ធិ ឬអានុភាពដូចខាងក្រោម ៖
§  ការលុបចោលអាពាហ៍ពិពាហ៍ពុំមានអានុភាពទៅលើអតីតភាពឡើយ ។
§  ភាគីដែលមិនដឹងអំពីមូលហេតុនៃការលុបចោលនៅពេលរៀបអាពាហ៍ពិពាហ៍ ប្រសិនបើទទួលទ្រព្យសម្បត្តិដោយការរៀបអាពាហ៍ពិពាហ៍នោះត្រូវសងទ្រព្យសម្បត្តិនោះត្រឹមកម្រឹតនៃ ដែលបានទទួល ។
§  ភាគីដែលបានដឹងអំពីមូលហេតុនៃការលុបចោលនៅពេលរៀបអាពាហ៍ពិពាហ៍ ត្រូវសងផលប្រយោជន៍ទាំងអស់ដែលបានទទួលដោយការរៀបអាពាហ៍ពិពាហ៍នោះ ។ ប៉ុន្តែប្រសិនបើភាគីម្ខាងទៀតសុច្ចរិតវិញ ត្រូវទទួលខុសត្រូវចំពោះសំណងនៃការខូចខាតដែលបានទាមទារនោះ ។
ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ និងទទួលបានអានុភាពពីការរៀបអាពាហ៍ពិពាហ៍មក ប្តី ប្រព្ធអាចរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ប៉ុន្តែអាពាហ៍ពិពាហ៍នោះត្រូវគោរពតាមបញ្ញត្តិច្បាប់ទើបពុំអាចត្រូវមោឃៈ ឬលុបចោល ដោយច្បាប់បាន ។

សេចក្តីសន្និដ្ឋាន

មោឃភាពត្រូវបានគេបែងចែកជាពីរ គឺមោឃភាពដាច់ខាត និងមោឃភាពមិនដាច់ខាត ។ ចំពោះក្រមរដ្ឋប្បវេណីឆ្នាំ  ២០០៧ បានកំណត់បច្ច័យគតិយុត្តិនៃការរៀបអាពាហ៍ពិពាហ៍ផ្ទុយច្បាប់នេះ ត្រឹមមោឃភាព និងការលុបចោលដែលការលុបចោលនេះប្រៀបបីដូចជាមោឃភាពមិនដាច់ខាតដែរ ។ ដូចនេះយើងអាចនិយាយបានថា មោឃភាពនៃអាពាហ៍ពិពាហ៍ គឺជាមោឃភាពដាច់ខាត ចំណែកឯមោឃភាពមិនដាច់ខាត គឺជាការលុបចោលអាពាហ៍ពិពាហ៍ ។
ការលុបចោលអាពាហ៍ពិពាហ៍ គឺជាការលុបចោលអាពាហ៍ពិពាហ៍ដែលមិនត្រឹមត្រូវ មិនស្របច្បាប់ ឬអាពាហ៍ពិពាហ៍នោះធ្វើផ្ទុយពីលក្ខន្តិកៈនៃការរៀបអាពាហ៍ពិពាហ៍ ។ ការលុបចោលអាពាហ៍ពិពាហ៍ត្រូវយោងទៅតាមបញ្ញាតិ្តដែលច្បាប់បានចែង ព្រោះជាការធ្វើឲ្យប៉ះពាល់យ៉ាងធំធេង​ទាំងផ្លូវកាយ ផ្លូវចិត្ត​និងកិត្តិយសដល់គូភាគីឪពុកម្តាយ និងញាតិសន្តានទាំងសងខាងទៀតផង ។ ប៉ុន្តែការលុបចោលអាពាហ៍ពិពាហ៍នេះក៏មានសារៈសំខាន់ដែរ  ប្រសិនអាពាហ៍ពិពាហ៍នោះធ្វើឲ្យប៉ះពាល់យ៉ាងធំធេង​ ក្នុងករណីនេះភាគីនីមួយៗ ឪពុកម្តាយ ញាតិសន្តានរបស់ជននោះ ​ឬតំនាងអយ្យការអាចទាមទារទៅតុលាការឲ្យលុបចោលអាពាហ៍ពិពាហ៍នោះបានដោយមូលហេតុត្រឹមត្រូវ ។ មូលហេតុបណ្តាលឲ្យលុបចោលអាពាហ៍ពិពាហ៍ដោយសារមូលហេតុដូចតទៅ៖
v  ចំពោះអាពាហ៍ពិពាហ៍រវាងញាតិដែលច្បាប់ហាមឃាត់
v  ការរលត់សិទ្ធិលុបចោលអាពាហ៍ពិពាហ៍ដែលភាគីមិនទាន់គ្រប់អាយុ
v  ការលុបចោលអាពាហ៍ពិពាហ៍ធ្វើនូវអំឡុងពេលហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀត
v  ការលុបចោលនូវអាពាហ៍ពិពាហ៍ដោយការឆបោក  ឬគំរាម
v  ការលុបចោលនូវអាពាហ៍ពិពាហ៍ដែលផ្ទុយច្បាប់ឯកពន្ធភាព(ការហាមឃាត់មិនឲ្យមានទ្វេពន្ធភាព)
v  ទាស់មុខស្មន់(អាពាហ៍ពិពាហ៍រវាងញាតិលោហិត ឬញាតិពន្ធ)
 ចំណែកឯមោឃភាពនៃអាពាហ៍ពិពាហ៍វិញ គឺជាការប្តឹងដែលធ្វើឡើងដោយភាគីណាមួយ ឬញាតិសន្តានរបស់ភាគី​ឬតំណាងអយ្យការដែលយល់ឃើញថា អាពាហ៍ពិពាហ៍នោះមានលក្ខណៈប៉ះពាល់ដល់ច្បាប់ហាមឃាត់ហើយបានធ្វើបណ្តឹងទៅតុលាការដើម្បីសុំមោឃៈអាពាហ៍ពិពាហ៍នោះចោល​ ។ បណ្តឹងមោឃភាពនោះ    មាតែតុលាការទេ ទើបមានសិទ្ធិសម្រេចលើបណ្តឹងនេះ ។ មូលហេតុបណ្តាលឲ្យមោឃភាពនៃអាពាហ៍ពិពាហ៍ដោយសារមូលហេតុដូចតទៅ៖
ü  គ្មានឆន្ទៈរៀបអាពាហ៍ពិពាហ៍
ü  អាពាហ៍ពិពាហ៍ដែលមិនបានគោរពតាមនីតិវិធី


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម