ឯកសារដែលមានក្នុងគេហទំព័រ khmer6789.blogspot.com អ្នកស្រាវជ្រាវ និងសាធារណជនអាចទាញយកដោយពុំគិតថ្លៃ។​ គេហទំព័រ khmer6789.blogspot.com មានគោលបំណងចែកជូនដល់សាធារណជនសម្រាប់ជាការផ្សព្វផ្សាយ អប់រំ និងចងក្រងឯកសារនានាដ៏មានសារប្រយោជន៍ដើម្បីទុកជាការលើកកម្ពស់ការយល់ដឹង​ ការស្វែងយល់ និងសិក្សាស្រាវជ្រាវបន្ត។ មាត្រា១០នៃច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល អនុម័តថ្ងៃទី២១ ខែមករា ឆ្នាំ២០០៣ បានបញ្ញត្ដិនូវស្នាដៃដែលមិនស្ថិតនៅក្រោមកិច្ចការពារនៃច្បាប់នេះមានដូចជា៖ ក. រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និង លិខិតបទដ្ឋានផ្លូវការនានា។ ខ. ប្រកាស សេចក្ដីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ។ គ. សេចក្ដីសម្រេច សាលក្រម ឬ សាលដីកាផ្សេងៗរបស់តុលាការ។ ឃ. អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំនុច ក និង ចំណុចខ និង ចំណុច គ ខាងលើក្នុងមាត្រានេះគំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរករកឃើញ ឬ ទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយអត្ថាធិប្បាយ ពន្យល់ ឬ មានក្នុងស្នាដៃណាមួយក៏ដោយ៕
Related image
រីករាយទិវាសិទ្ធិនារី ០៨ មីនា សូមជូនពរ នារីគ្រប់រូបជូបនូវសេចក្តីសុខ សុភមង្គល សុខភាពមាំមួន សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់កាលវេលា យើងផ្តល់ឲ្យតម្លៃនារីជានិច្ច! Happy International Women's Day on March 08: Best Wish to all women had happiness, good healthy,more beautiful, success every time. we give girls the best value!

ផ្ទាំងពាណិជ្ជកម្ម

ស្វែងរកយើងនៅលើហ្វេសប៊ុក

ផ្ទាំងពាណិជ្ជកម្ម

Wednesday, March 1, 2017

កិច្ចការពារសិទ្ធិអ្នកបង្កាត់ពូជរុក្ខជាតិថ្មី

សេចក្តីផ្តើម

            ការបង្កើតនូវពូជថ្មីនៃដំណាំក៏ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃកម្មសិទ្ធិបញ្ញាដែរ ពីព្រោះនេះជាការរកឃើញថ្មីមួយនៃពូជដំណាំ ដែលកើតចេញពីគំនិតប្រាជ្ញារបស់អ្នកបង្កើត។ ការបង្កើតនូវពូជថ្មីនៃដំណាំ វាជាការងារដ៏លំបាកមួយដែលអ្នកបង្កាត់ពូជបានរកឃើញ។ បើសិនពូជនៃដំណាំទាំងនេះមិនត្រូវបានការពារទេនោះ តើត្រូវធ្វើដូចម្តេចទៅដើម្បីជម្រុញទឹកចិត្តឲ្យពួកគាត់បង្កើតនូវពូជដំណាំថ្មីដែលមានគុណភាពខ្ពស់ និងអាហារសម្បូរបែបដែលជាតម្រូវការរបស់ប្រជាជនទៅ? ដូច្នេះហើយដើម្បីដោះស្រាយបញ្ហានេះទើបផ្នែកមួយនៃកម្មសិទ្ធិបញ្ញាត្រូវបានបង្កើតឡើងដើម្បីការពារទៅលើពូជដំណាំទាំងនោះដែលគេហៅថាសិទ្ធិរបស់អ្នកបង្កាត់ពូជថ្មីនៃដំណាំ ឬសិទ្ធិអ្នកបង្កាត់ពូជរុក្ខជាតិថ្មី។ ការបង្កើតនូវបទដ្ឋានសម្រាប់ការពារសិទ្ធិអ្នកបង្កាត់ពូជថ្មីនៃដំណាំ គឺអាស្រ័យលើរដ្ឋនីមួយៗ ដែលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ពិសេសរដ្ឋដែលមានទំនាក់ទំនងជាមួយសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ។ ចំពោះប្រទេសកម្ពុជាវិញក៏បានបង្កើតនូវច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជថ្មីនៃដំណាំផងដែរដើម្បីការពារសិទ្ធិអ្នកបង្កាត់ពូជថ្មីនៃដំណាំ ឬសិទ្ធិអ្នកបង្កាត់ពូជរុក្ខជាតិថ្មី ដោយផ្អែកតាមអនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំឆ្នាំ១៩៩១ និងអត្ថបទច្បាប់ផ្សេងៗទៀតរបស់សហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ ក្នុងឋានៈជារដ្ឋដែលមានទំនាក់ទំនងជាមួយសហព័ន្ធអន្តរជាតិនេះ ដើម្បីជួយអភិវឌ្ឍផ្នែកច្បាប់ដោយផ្អែកអនុសញ្ញារបស់សហព័ន្ធអន្តរជាតិមួយនេះ[[1]]។ ការដែលប្រទេសកម្ពុជាបង្កើតនូវច្បាប់នេះឡើងដើម្បីគ្រប់គ្រង និងត្រួតពិនិត្យលើការបង្កាត់ពូជថ្មីនៃដំណាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ម៉្យាងវិញទៀតដើម្បីលើកទឹកចិត្តដល់អ្នកបង្កើត ឬបង្កាត់ពូជ និងការអភិវឌ្ឍពូជដំណាំដោយនិរន្តភាពដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ដូច្នេះ យើងនឹងធ្វើការសិក្សា និងបកស្រាយ ថាតើអ្វីទៅដែលហៅថាសិទ្ធិអ្នកបង្កាត់ពូជថ្មីនៃដំណាំ?     ថាតើអ្វីទៅជាកិច្ចការពារប្រភេទពូជថ្មីនៃដំណាំ? ថាតើប្រភេទរុក្ខជាតិថ្មីនេះអាចត្រូវបានការពារយ៉ាងដូចម្តេច? ហើយដើម្បីទទួលបាននូវកិច្ចការពារប្រភេទពូជរុក្ខជាតិថ្មី​ពីច្បាប់ តើម្ចាស់នៃពូជដំណាំនោះត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ? ថាតើការទទួលស្គាល់សមិទ្ធផលនៃការបង្កើតប្រភេទពូជរុក្ខជាតិថ្មី​មួយមានលក្ខណៈយ៉ាងណា? ថាតើសិទ្ធិអ្នកបង្កាត់ពូជរុក្ខជាតិថ្មីមានសុពលភាពយ៉ាងដូចម្ត៉េច បើអនុលោមតាមច្បាប់ជាធរមាន?
            ដើម្បីសិក្សាលើកិច្ចការពារសិទ្ធិអ្នកបង្កាត់ពូជរុក្ខជាតិថ្មី ដែលជាទិដ្ឋភាពមួយនៃកម្មសិទ្ធិបញ្ញាដែលបានរៀបរាប់ខាងលើគប្បីសិក្សា និងស្វែងយល់ពីដំណាក់កាលនីមួយៗ តាមការបកស្រាយដូចតទៅ ៖

ជំពូកទី១
សញ្ញាណទូទៅ
            ១.១.និយមន័យ
            ពូជ(Variety) សំដៅដល់រាល់ប្រភេទពូជដំណាំ ឬក្រុមផ្សេងៗ នៃប្រភេទពូជដំណាំណាមួយដែលមានលក្ខណៈដូចគ្នា និងធ្វើឲ្យឃើញថាប្លែកពីរុក្ខជាតិដទៃទៀតក្នុងប្រភេទពូជដំណាំតែមួយក្នុងលក្ខណៈមួយ ឬច្រើន ហើយដែលលក្ខណៈទាំងនេះនៅតែអារក្សាបាន ដើម្បីយកទៅប្រើប្រាស់ធ្វើជាពូជដំណាំបាន ឬការបង្កាត់ដោយសរីរាង្គដទៃទៀត។
            ម្យ៉ាងវិញទៀតពូជ(Variety) សំដៅដល់ក្រុមរុក្ខជាតិនៃចំណាត់ថ្នាក់តែមួយ ដែលគេស្គាល់តិចបំផុតទោះជាមិនបានបំពេញឲ្យបានពេញលេញនូវលក្ខខណ្ឌនៃការផ្តល់សិទ្ធិអ្នកបង្កាត់ពូជដំណាំក្តី ដែលអាច:
*     ត្រូវកំណត់ដោយការបង្ហាញចរិតលក្ខណៈ ដែលជាលទ្ធផលនៃគំរូហ្សែន ឬ បន្សំគំរូហ្សែន
*     ត្រូវខុសប្លែកពីក្រុមរុក្ខជាតិផ្សេងទៀត តាមរយៈការបង្ហាញយ៉ាងហោចណាស់នូវលក្ខណៈណាមួយនៃចរិតលក្ខណៈខាងលើហើយ
*     ត្រូវចាត់ទុកជាក្រុមមួយ ចំពោះលទ្ធភាពដែលអាចដាំដុះបន្ត ដោយមិនផ្លាស់ប្តូរ[[2]]
            ពូជដំណាំ(Seed) សំដៅដល់រាល់មេជីវិតបន្តពូជ(អូវ៉ុលពេញវ័យ)ដែលមានបំណែកអំព្រីយ៉ុង សារ-ធាតុចិញ្ចឹម និងសំបកការពារគ្រាប់ពូជ ឬសរីរាង្គដាំដុះមួយដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការសាប             ការបណ្តុះ ​ឬការដាំសម្រាប់ផលិតកម្មដំណាំ ទោះជាការបន្តពូជនោះធ្វើឡើងដោយភេទក្តី ឬអភេទក្តី។
            ពូជដំណាំដែលមានស្រាប់(Existing Variety) សំដៅដល់រាល់ប្រភេទពូជដំណាំទាំងឡាយណាដែលកំពុងត្រូវបានប្រើប្រាស់ និងធ្វើអាជីវកម្មទូទៅដោយពុំមានកម្មសិទ្ធិរបស់នរណាម្នាក់។
            ពូជថ្មីនៃដំណាំ(New variety) សំដៅដល់ពូជដំណាំទាំងឡាយណា ដែលទើបនឹងរកឃើញ និងអភិវឌ្ឍថ្មីៗ ដោយរុក្ខជម្រើសវិទូ ឬអ្នកបង្កាត់ពូជដំណាំ និងកាន់កាប់ផ្តាច់មុខយ៉ាងទូលំទូលាយក្នុងរយៈពេលមួយជាក់លាក់ ដែលច្បាប់បានកំណត់។
                អ្នកបង្កាត់ពូជ ឬរុក្ខជម្រើសវិទូ(Plant Breeder)សំដៅដល់រូបវ័ន្តបុគ្គល ឬនីតិបុគ្គលដែលធ្វើការអភិរក្ស អភិវឌ្ឍ ឬបង្កាត់ ពិសោធ សាកល្បង ជ្រើសរើស និងរំដោះពូជដំណាំ និងរុក្ខជាតិ ដើម្បីបុព្វហេតុបសិដ្ឋកម្មពូជដំណាំ ស្បៀង និងកសិកម្មប្រកបដោយនិរន្តរភាព។
          អ្នកបង្កាត់ពូជដំណាំ (Plant Breeder)សំដៅដល់៖
*    បុគ្គលដែលបង្កាត់ ឬរកឃើញ និងអភិវឌ្ឍពូជដំណាំ
*    បុគ្គលដែលជានិយោជកនៃបុគ្គល ដែលបានរៀបរាប់ខាងលើ ឬបុគ្គលដែលបានជួលឲ្យធ្វើការងារឲ្យគាត់ ដែលច្បាប់នៃភាគីហត្ថលេខីដែលពាក់ព័ន្ធបានចែងបែបនោះ
*    អ្នកទទួលសិទ្ធិពីបុគ្គលទី១ ឬបុគ្គលទី២ ដូចបានរៀបរាប់ខាងលើ តាមករណីនីមួយៗ[[3]]
          អ្នកបង្កាត់ពូជថ្មីនៃដំណាំ(Breeder of new variety) សំដៅដល់អ្នកបង្កាត់ពូជដែលកំណត់ដោយច្បាប់បានប្រើវីធីសាស្ត្រនានា ឬបង្កាត់ពូជដំណាំទាំងឡាយណា ដែលទើបនឹងរកឃើញ និងអភិវឌ្ឍថ្មីៗ។
           សិទ្ធិអ្នកបង្កាត់ពូជ  (Breeder’s rights) សំដៅដល់សិទ្ធិអ្នកបង្កាត់ពូជដំណាំដែលច្បាប់បានផ្តល់ឲ្យ។
          វិញ្ញាបនបត្របញ្ជាក់សិទ្ធិអ្នកបង្កាត់ពូជថ្មីនៃដំណាំ(Certificate for New Plant Variety Protection)សំដៅដល់លិខិតបញ្ជាក់សិទ្ធិអ្នកបង្កាត់ពូជថ្មីនៃដំណាំ ដែលផ្តល់ជូនរូបវន្តបុគ្គល ឬនីតិបុគ្គលនូវសិទ្ធិជាម្ចាស់ពូជថ្មីនៃដំណាំ និងចេញដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល[[4]]
            ១.២. ទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងកិច្ចការពារអ្នកបង្កាត់ពូជថ្មីនៃដំណាំ
            ចាប់តាំងពីសិទ្ធិមួយចំនួនដែលត្រូវបានគេចាត់ទុកថាជាកម្មសិទ្ធិបញ្ញាមក វាបានក្លាយទៅជាបញ្ហាដ៏កាន់តែស្មុគស្មាញដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា។ ជាហេតុកម្ពុជាត្រូវតែមានច្បាប់ជាក់លាក់ណាមួយដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនោះ។ គោលការណ៍ដែលទាក់ទងទៅនឹងកិច្ចការពារកម្មសិទ្ធិបញ្ញានេះត្រូវបានផ្អែកលើមូលដ្ឋានច្បាប់ ឬបទដ្ឋានគតិយុត្តិមួយចំនួនជាអាទិ៍ ៖ ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ដែលមាន ១៦ ជំពូកក្នុងនោះមាន ៧២ មាត្រាត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០០២ និងអនុក្រឹត្យសម្រាប់អនុវត្តត្រូវបានអនុម័តនៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០០៦ ច្បាប់នេះមានគោលបំណងការពារម៉ាក ពាណិជ្ជនាមដែលបានចុះបញ្ជីម៉ាកនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រឆាំងការប្រកួតប្រជែងមិនស្មោះត្រង់លើការបង្កើត ការប្រើប្រាស់ម៉ាក និងពាណិជ្ជនាម[[5]]។ ច្បាប់ស្តីពី    សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលដែលមាន ៨ ជំពូកក្នុងនោះមាន ៦៩ មាត្រាត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី ០៥ ខែ មិនា ឆ្នាំ​ ២០០៥ ច្បាប់នេះមានគោលបំណងធានាការគោរពសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងការពារនូវផលិតផល វប្បធម៌ជាស្នាដៃ អ្នកនិពន្ធ អ្នកសម្តែង ផលិតករហ្វូណូក្រាម និងអង្គភាពទូរផ្សាយ សំដៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវស្របច្បាប់លើផលិតផលវប្បធម៌ទាំងនេះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌[[6]] និង ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្មដែលមាន ៩ ជំពូកក្នុងនោះមាន ១៣៧ មាត្រាដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី ២២ ខែ មករា​ ឆ្នាំ ២០០៣ ច្បាប់នេះមានគោលដៅការពារតក្កកម្មដែលបានទទួលប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងការពារគំនូរឧស្សាហកម្មដែលបានចុះបញ្ជីនៅក្នុង       ព្រះរាជាណាចក្រកម្ពុជា និងសន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម[[7]]
            ក្រៅពីច្បាប់គោល ឬច្បាប់ជាមូលដ្ឋានដែលបានរៀបរាប់ខាងលើ អត្ថបទផ្នែកច្បាប់ទាំងនេះនឹងត្រូវអនុវត្តចំពោះបញ្ហានៃកិច្ចការពារកម្មសិទ្ធិបញ្ញាដូចជា៖ ការសម្គាល់ភូមិសាស្រ្ត (Geographical Indications) ការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានដែលចាត់ទុកជាការសម្ងាត់ (Trade Secrete and Undisclosed information) កិច្ចការពារសៀគ្វីបង្រួម កិច្ចការពារពូជរុក្ខជាតិថ្មីដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម និងឧស្សាហ-កម្ម កិច្ចការពារពាណិជ្ជនាម សេចក្តីប្រកាសដែលទាក់ទងទៅនឹងនីតិវិធីសម្រាប់ការអនុវត្តនៃកម្មសិទ្ធិបញ្ញា ការផ្តល់អាជ្ញាប័ណ្ណ និងសិទ្ធិពិសេស(Licensing and Franchising) ច្បាប់ស្តីពីកិច្ចការពារសញ្ញាផ្កាយរណប(Law on  Encrypted Satellite Signal Protection) និងច្បាប់ស្តីពីកិច្ចការពារ Traditional knowledge /Folklore ជាដើម។  លើសពីនេះព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកជាទ្វេភាគី និងពហុភាគីនៃលិខិតូបករណ៍អន្តរជាតិមួយចំនួនផងដែរ។ ការអនុវត្តជាក់ស្តែងនៃការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ប្រទេសកម្ពុជាបានក្លាយជាសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO) នៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៩៩៥ និងក្លាយជាភាគីនៃអនុសញ្ញាទីក្រុងប៉ារីសដើម្បីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម នៅថ្ងៃទី ២២ ខែ​ កញ្ញា ឆ្នាំ ១៩៩៨ ដែលបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ នៅក្រោមកាតព្វកិច្ចនៃអនុសញ្ញាទីក្រុងប៉ារីសដើម្បីការពារម៉ាកល្បីដោយការអនុវត្តនូវវិធានការបង្ក្រាបករណីជាច្រើននៃការរំលោភ និងការរៀបចំយន្ដការដ៏មានប្រសិទ្ធិភាពក្នុងការការពារអ្នកទទួលបានសិទ្ធិផ្តាច់មុខ នៅក្នុងការអនុវត្តកម្មសិទ្ធិបញ្ញារបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ នៅក្រោមកិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា ប្រទេសកម្ពុជានឹងក្លាយទៅជាសមាជិកនៃសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម អនុសញ្ញាប៊ែនដើម្បីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ អនុសញ្ញាទីក្រុងហ្សឺណែវដើម្បីកិច្ចការពារការផលិតនៃហ្វូណូក្រាម កិច្ចព្រមព្រៀងនីស(Nice) ដែលទាក់ទងនឹងចំណាត់ថ្នាក់អន្តរជាតិនៃទំនិញ និងសេវាកម្មសម្រាប់គោលបំណងនៃការចុះបញ្ជីនៃម៉ាក និង អនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារពូជថ្មីនៃដំណាំ(អនុសញ្ញាយូប៉ូវ)ជាដើម។  
            វិស័យកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា    ក៏ដូចជាប្រទេសនានានៅលើពិភពលោកកំពុងយកចិត្តទុកដាកយ៉ាងខ្លាំង នៅក្នុងនោះកិច្ចការពារប្រភេទពូជរុក្ខជាតិថ្មី គឺជាទិដ្ឋភាពមួយនៃកម្មសិទ្ធិបញ្ញាក៏ត្រូវបាននឹងកំពុងយកចិត្តទុកដាក់ផងដែរ។ លើសពីនេះមានអត្ថបទគតិយុត្តជាច្រើនដែលពាក់ព័ន្ធនឹងកិច្ចការពារប្រភេទពូជរុក្ខជាតិថ្មីត្រូវបានគេបង្កើតឡើង ប៉ុន្តែយើងសូមលើកយកតែអត្ថបទច្បាប់ក៏ដូចជាឯកសារគតិយុត្តមួយចំនួនដូចតទៅ៖
                        ១.២.១.ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
            ច្បាប់នេះត្រូវបានអនុម័ត និងចូលជាធរមាននៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០០៨ ដែលមានគោលដៅគ្រប់គ្រង និងត្រួតពិនិត្យការបង្កាត់ពូជ ការបញ្ចេញឲ្យប្រើ ការផលិត ការកែច្នៃ ការចុះបញ្ជី ការចែកចាយ ការនាំចូល-នាំចេញនូវពូជដំណាំ និងកិច្ចការពារពូជថ្មីនៃដំណាំក្នុងប្រទេសកម្ពុជា។ ច្បាប់នេះក៏មានគោលបំណងលើកទឹកចិត្ត និងការអភិវឌ្ឍពូជដំណាំដោយដោយនិរន្តភាព ដើម្បីផលប្រយោជនៃសង្គម សេដ្ឋកិច្ច និងបរិស្ថានផងដែរ[[8]]
                        ១.២.២.អនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ(UPOV)
            សហព័ន្ធអន្តរជាតិដើម្បីការការពារពូជថ្មីនៃដំណាំ(UPOV) គឺជាអង្គការអន្តររដ្ឋាភិបាលមួយដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ UPOV ដែលជាអក្សរកាត់ជាភាសាបារាំង “Union Internationale pour la Protection des Obtentions Végétales”  ដែលជាឈ្មោះរបស់អង្គការដែលបានបង្កើតអនុសញ្ញាអន្ដរជាតិ(UPOV)នេះ។ ភាសាអង់គ្លេស ភាសាបារាំង ភាសាអេស្ប៉ាញ និងអាល្លឺម៉ង់ គឺជាភាសាផ្លូវការ និងឯកសារជាច្រើនត្រូវបានបកប្រែ។ បើយោងតាមអនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារពូជថ្មីនៃដំណាំឆ្នាំ១៩៩១ មាត្រា២ បានលើកឡើងថាភាគីហត្ថលេខីនីមួយៗ ត្រូវផ្តល់ និងការការពារសិទ្ធិអ្នកបង្កាត់ពូជដំណាំ។មានន័យថាវាត្រូវបានគេបង្កើតឡើងដើម្បីក្នុងគោលបំណងគឺដើម្បីផ្តល់ និងការការពារសិទ្ធិអ្នកបង្កាត់ពូជដំណាំ។ ហើយអនុសញ្ញានេះមាន ៤២មាត្រា និង១០ជំពូក។
                      ១.២.៣.កិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា(TRIPS)
            កិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា គឺជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងទាំងឡាយរបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) ត្រូវបានអនុម័តនៅឆ្នាំ​១៩៩៤ ដែលបានបិទបញ្ចប់នៅក្នុងកិច្ចចរចាដែលមានឈ្មោះថា Uruguay Round នៅក្រោមអធិបតីអង្គការហ្គាត[[9]]        វាបានចូលជាធរមាននៅក្នុងឆ្នាំ ១៩៩៥ ដំណាលគ្នាជាមួយនឹងការបើកសម្ពោធរបស់អង្គការពាណិជ្ជកម្មពិភពលោក  ការបង្កើតនេះក៏ជាជាលទ្ធផលនៃ Uruguay Round ផងដែរ។ វិធាននៃកិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញាបង្ហាញពីថាតើអ្វីជាសិទ្ធិអ្នកនិពន្ធ ប្រកាសនីយបត្រតក្កកម្ម ពាណិជ្ជសញ្ញា ឈ្មោះភូមិសាស្រ្តដែលត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណផលិតផល គំនូរឧស្សាហកម្ម គំនូសបង្ហាញនៃសៀគ្វីបង្រួម និងព័ត៌មានដែលចាត់ទុកជាការសម្ងាត់ដូចជាការសម្ងាត់ពាណិជ្ជកម្មជាដើម។ កិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា និងកិច្ចព្រមព្រៀងដ៏ទៃផ្សេងទៀតរបស់អង្គការពាណិជ្ជកម្មពិភពលោកបានចងភ្ជាប់ចំនួន ១៥៧ ប្រទេសដែលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក។ កិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា មិនបានដាក់បញ្ញត្តិចំពោះ          អនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ ទៅកាន់ប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកឡើយ បើយោងតាមមាត្រា ២៧ កថាខណ្ឌទី៣()នៃកិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញាបានលើកឡើងថា សមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកគួរផ្តល់នូវការការពារនៃពូជរុក្ខជាតិដោយប្រកាសនីយបត្រតក្កកម្ម ឬដោយប្រព័ន្ធsui generis[[10]](ប្រព័ន្ធដោយឡែក)មានប្រសិទ្ធិភាពមួយ ឬដោយបន្សំនៃប្រព័ន្ធទាំងពីរ។  ដូចនេះកិច្ចព្រមព្រៀងTRIPSនេះអនុញ្ញាតឲ្យការពារបីប្រភេទ៖
*      តាមរយៈយន្តការប្រកាសនីយបត្រតក្កកម្ម
*      តាមរយៈប្រព័ន្ធពិសេស ឬដោយឡែកដែលទាក់ទងនឹងរុក្ខជាតិ
*      តាមរយៈបន្សំចូលគ្នាតាមពីររបៀបខាងលើ[[11]]
ជំពូកទី២
សិទ្ធិអ្នកបង្កាត់ពូជថ្មីនៃដំណាំ
            ២.១.លក្ខខណ្ឌដើម្បីទទួលកិច្ចការពារ
            ដូចគ្នាទៅនឹងការទទួលបាននូវប្រកាសនីយបត្រតក្កកម្មដែរ ដើម្បីទទួលបាននូវកិច្ចការពារចំពោះពូជដំណាំ គឺត្រូវតែថ្មីខុសប្លែកពីប្រភេទដំណាំដែលមានស្រាប់ មានឯកសណ្ឋានភាព និងស្ថេរភាព។ ហើយចំពោះតម្រូវការជាលក្ខខណ្ឌខាងលើអាចធ្វើការពិសោធនៅកន្លែង ដែលដាំដុះដំណាំទាំងនោះដោយមន្ត្រីដែលមានសមត្ថកិច្ចទូទៅនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
                        ២.១.១.ក្របខ័ណ្ឌនៃច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
            ដើម្បីទទួលបានកិច្ចការពារពូជដំណាំត្រូវមានលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖
*      ភាពថ្មី
*      ភាពខុសប្លែក
*      ឯកសណ្ឋានភាព
*      ស្ថេរភាព[[12]]
                       


                        ២.១.១.១.ភាពថ្មី
          ពូជដំណាំដែលអាចចាត់ទុកថាថ្មី លុះត្រាតែពុំទាន់បានដាក់លក់ ឬចរាចរលើទីផ្សារកន្លងមក ប៉ុន្តែដោយមានការឯកភាពពីអ្នកបង្កាត់ពូជ ពូជថ្មីនៃនោះត្រូវបានដាក់លក់ ឬចរាចរលើទីផ្សារ ក្នុងរយៈពេលមិនលើសពី១ឆ្នាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមិនលើសពី៦ឆ្នាំ ចំពោះដំណាំវល្លិ និងដំណាំឈើ និងមិនលើសពី៤ឆ្នាំ ចំពោះគ្រប់ដំណាំផ្សេងៗទៀត នៅក្រៅព្រះរាជាណាចក្រកម្ពុជា ដោយគិតមកដល់ថ្ងៃដាក់ពាក្យស្នើសុំសិទ្ធិការពារ[[13]] ក៏អាចត្រូវបានចាត់ទុកថាជាពូជដំណាំដែលថ្មីផងដែរ។ ដូចនេះភាពថ្មីនៃពូជដំណាំ គឺដូចគ្នាទៅនឹងភាពថ្មីនៃតក្កកម្មដែរ មានន័យថាពូជដំណាំនោះ គឺត្រូវតែថ្មីគ្មាននរណាម្នាក់មិនទាន់បានរកឃើញនៅឡើយទេ។
                        ២.១.១.២.ភាពខុសប្លែក
           ពូជដំណាំដែលចាត់ទុកថា មានភាពខុសប្លែកពីគេ លុះត្រាតែមានភាពខុសគ្នាដាច់ស្រឡះពីពូជឯ ទៀត ដែលគេស្គាល់ជាទូទៅ ត្រឹមកាលបរិច្ឆេទនៃការដាក់ពាក្យស្នើសុំសិទ្ធិ ឬកាលបរិច្ឆេទសិទ្ធិអាទិភាព[[14]]។ មានន័យថា ពូជដំណាំថ្មីនោះត្រូវមានលក្ខណៈខុសប្លែកពីពូជដំណាំ ដែលមានស្រាប់រួចមកហើយ និងមិនត្រូវបានគេស្គាល់មុនពេលដែលពូជដំណាំនោះបានចុះបញ្ជី។
                        ២.១.១.៣.ឯកសណ្ឋានភាព
          ពូជដំណាំដែលចាត់ទុកថាមានឯកសណ្ឋានភាព លុះត្រាតែអាចរក្សាឯកសណ្ឋានភាពគ្រប់គ្រាន់នូវចរិតលក្ខណៈពាក់ព័ន្ធរបស់ពូជ ទោះបីពូជដំណាំនោះ ត្រូវបានផលិតតាមរយៈភេទ ឬអភេទក្តី[[15]]។ មានន័យថាលុះត្រាតែអាចរក្សានូវរាង និងចរិតលក្ខណៈដំណាំដែលពាក់ព័ន្ធនឹងពូជ ទោះបីជាត្រូវបានផលិតតាមរយៈភេទ ឬអភេទក្តី ពោលគឺប្រភេទនៃដំណាំត្រូវមានរូបភាពតែមួយ។ ឧទាហរណ៍៖ ដូចជាពូជផ្លែស្វាយប៉ោម នៅពេលដែលគេយកពូជស្វាយទាំងនេះទៅដាំ វាត្រូវមានលក្ខណៈជាដើមស្វាយប៉ោមតែមួយ តែប្រសិនបើពូជនៃស្វាយប៉ោមទាំងនោះមិនអាចបង្កើតនូនលក្ខណៈដូចគ្នានោះទេ នោះវាមិនអាចបំពេញនូវលក្ខខណ្ឌនេះឡើយ។
                        ២.១.១.៤.ស្ថេរភាព
            ពូជដំណាំដែលចាត់ទុកថាមានស្ថេរភាព លុះត្រាតែចរិតលក្ខណៈចំាបាច់របស់វាគ្មានការប្រែប្រួលនៅគ្រប់ដំណាក់កាលនៃវដ្តលូតលាស់ និងជំនាន់នីមួយៗ[[16]]។ មានន័យថាពូជនៃដំណាំដែលស្ថិតនៅប្រភេទតែមួយត្រូវមានលទ្ធភាពបង្កើតភាពដូចគ្នានេះជារៀងរហូត។ ឧទាហរណ៍៖ ដូចជាស្វាយប៉ោមដដែរ ដំបូងឡើយពូជនៃដំណាំនេះត្រូវបានគេយកទៅដាំ ហើយវាបានក្លាយជាដើមស្វាយប៉ោមដែលផ្តល់ផ្លែជាស្វាយប៉ោម ក្រោយពេលរយៈពេល១ឆ្នាំពូជនៃដំណាំនេះត្រូវបានគេយកទៅដាំម្តងទៀត តែវាមិនមានលទ្ធភាពបង្កើតនូវលក្ខណៈដើមនោះទេ។ ដូច្នេះវាមិនអាចរក្សានូវស្ថេរភាពនៃពូជបានឡើយ។
            ក្នុងគោលបំណងពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យ មន្ត្រីកាន់កាប់បញ្ជីត្រូវបញ្ជូនឯកសារទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីសិក្សាវាយតម្លៃអំពីលទ្ធផលបច្ចេកទេស។
                        ២.១.២.ក្របខ័ណ្ឌនៃអនុសញ្ញាយូប៉ូវ
            លក្ខណៈវិនិច្ឆ័យនៃប្រភេទពូជរុក្ខជាតិថ្មីដែលអាចទទួលបាននូវកិច្ចការពារ៖
*      ភាពថ្មី(New Novelty)
*      ភាពខុសប្លែក(Distinct  ឬ Distinctness)
*      ឯកសណ្ឋានភាព(Uniform Uniformity)
*      ស្ថេរភាព (Stable Stability) [[17]]
*      ការដាក់ឈ្មោះពូជដំណាំ(Variety Denomination) [[18]]
                        ២.១.២.១.ភាពថ្មី
            ក.លក្ខណៈវិនិច្ឆ័យ
            ពូជដំណាំដែលចាត់ទុកថាថ្មី ត្រឹមកាលបរិច្ឆេទ ការដាក់ពាក្យស្នើសុំសិទ្ធិអ្នកបង្កាត់ពូជដំណាំលុះត្រាតែ ដែលអាចយកទៅដាំដុះបាន ឬបំណែកពូជដែលប្រមូលផលបានពីការដាំដុះពុំទាន់បានដាក់លក់ ឬដាក់បង្ហាញទៅបុគ្គលដ៏ទៃទៀតដោយអ្នកបង្កាត់ពូជដំណាំ ឬដោយអ្នកមានការយល់ព្រមពីអ្នកបង្កាត់ពូជដំណាំក្នុងគោលបំណងធ្វើអាជីវកម្មពូជដំណាំ៖
-      ក្នុងដែនដីនៃភាគីហត្ថលេខីដែលការដាក់ពាក្យស្នើសុំបានធ្វើក្នុងរយៈពេលមិនលើសពីមួយឆ្នាំមុនកាលបរិច្ឆេទនេះ
-      ក្រៅដែនដីភាគីហត្ថលេខី ដែលពាក្យស្នើសុំបានដាក់មុនរយៈពេល៤(បួន)ឆ្នាំ ឬក្នុងករណីដំណាំឈើឬដំណាំវល្លិ៍បានដាក់មុនរយៈពេល៦(ប្រាំមួយ)ឆ្នាំមុនកាលបរិច្ឆេទនេះ[[19]]
            ប៉ុន្តែក្នុងករណីមួយចំនួនសម្រាប់គោលបំណងនៃលក្ខណៈវិនិច្ឆ័យនេះ ភាគីហត្ថលេខីទាំងអស់ដែលជារដ្ឋសមាជិកនៃអង្គការតម្រូវអាចចាត់វិធានការរួមគ្នា ដើម្បីប្រៀបប្រដូចសកម្មភាព ដែលប្រព្រឹត្តលើដែនដីនៃរដ្ឋសមាជិករបស់អង្គការ ទៅនឹងសកម្មភាពដែលធ្វើឡើងក្នុងដែនដីរបស់ខ្លួនផ្ទាល់ ហើយបើធ្វើបែបនេះត្រូវជូនដំណឹងទៅអគ្គលេខាធិការ[[20]]
            ខ.ពូជដំណាំដែលបង្កើតថ្មី
            នៅពេលដែលភាគីហត្ថលេខីអនុវត្តអនុសញ្ញានេះចំពោះអំបូរ ឬប្រភេទពូជដំណាំមួយដែលភាគីហត្ថលេខីពីមុនបានអនុវត្តអនុសញ្ញានេះ[[21]] ឬច្បាប់មុន ភាគីនេះអាចចាត់ទុកពូជដំណាំដែលបង្កើតថ្មី ដែលមានត្រឹមកាលបរិច្ឆេទនៃការពង្រីកកិច្ចការពារចាបានបំពេញលក្ខខណ្ឌថ្មី ទោះបីការដាក់លក់ ឬដាក់បង្ហាញទៅអ្នកដ៏ទៃ ប្រព្រឹត្តទៅមុនការកម្រឹតរយៈពេលក៏ដោយ[[22]]
            ដូចនេះភាពថ្មី គឺជាការទាមទារឲ្យរុក្ខជាតិ ឬពូជដំណាំនោះថ្មី ហើយធានាថាប្រភទរុក្ខជាតិនេះមិនទាន់បានធ្វើអាជីវកម្មពីមុនមក។ នេះគឺត្រូវវាយតម្លៃដោយច្បាប់យ៉ាងជាក់ស្តែង  មិនមែនវាយតម្លៃដោយបច្ចេកទេសឡើយ។ ប្រភេទថ្មីនេះត្រូវទាមទារឲ្យមានឈ្មោះជាក់លាក់តាមប្រភេទរបស់វា មានការវាយតម្លៃតាមបច្ចកទេស៣ គឺភាពខុសប្លែក ឯកសណ្ឋានភាព និងស្ថេរភាព។
            ២.១.២.២.ភាពខុសប្លែក
            ពូជដំណាំដែលចាត់ទុកថាមានភាពខុសប្លែកពីគេ លុះត្រាតែមានភាពខុសគ្នាដាច់ស្រឡះពីពូជឯទៀត ដែលគេស្គាល់ជាទូទៅ ត្រឹមកាលបរិច្ឆេទនៃការដាក់ពាក្យស្នើសុំសិទ្ធិ ឬកាលបរិច្ឆេទសិទ្ធិអាទិភាព។ ដោយឡែកការដាក់ពាក្យស្នើសុំសិទ្ធិអ្នកបង្កាត់ពូជដំណាំ ឬការបញ្ចូលពូជដំណាំផ្សងក្នុងបញ្ចីពូជដំណាំជាផ្លូចការក្នុងប្រទេសណាមួយ ត្រូវចាត់ទុកថាបានធ្វើឲ្យពូជដំណាំជ្សេងនេះស្គាល់ជាទូទៅត្រឹមកាលបរិច្ឆេទនៃការដាក់ពាក្យស្នើសុំ លុះត្រាតែការដាក់ពាក្យនេះឈានដល់ការផ្តល់សិទ្ធិអ្នកបង្កាត់ពូជដំណាំ ឬឈានដល់ការបញ្ចូលពូជដំណាំនេះ ក្នុងបញ្ជីពូជដំណាំជាផ្លូវការ តាមករណីនីមួយៗ[[23]]
            ដូចនេះភាពពូជដំណាំត្រូវតែប្លែកពីគេ មានន័យថាប្រសិនបើប្លែកពីគេទាំងស្រុង គឺមិនមាននរណាម្នាក់ស្គាល់ពីមុនមករហូតដល់ពេលដាក់ពាក្យស្នើសុំ ការឲ្យនិយមន័យបច្ចេកទេសជាក់លាក់នៃភាពប្លែកពីការនេះ គឺស្ថិតនៅក្រោមការពិតពណ៌នាដោយជីវវិទ្យា។ វាជាការគ្រប់គ្រាន់ក្នុងការនិយាយថា អ្នកជំនាញបច្ចេកទេសម្នាក់ត្រូវបានគេទាមទារផ្តល់យោបល់លើបញ្ហានេះ។
                       
                        ២.១.២.៣.ឯកសណ្ឋានភាព
            ពូជដំណាំដែលចាត់ទុកថាមានឯកសណ្ឋានភាព លុះត្រាតែអាចរក្សាឯកសណ្ឋានភាពគ្រប់គ្រាន់នូវចរិតលក្ខណៈពាក់ព័ន្ធរបស់ពូជ លើកលែងតែមានការប្រែប្រួលលក្ខណៈនៃការដាំដុះ[[24]]
            ដូចនេះពូជដំណាំដែលមានឯកសណ្ឋានភាព ត្រូវមានឯកសណ្ឋានដូចគ្នាតែមួយ ប្រសិនបើមានការមិនដូចគ្នាអាចជាលក្ខណៈពិសេសបន្ថែមនៃការបណ្តុះ គឺវាត្រូវមានឯកសណ្ឋានដូចគ្នាតែមួយចំពោះលក្ខណៈរបស់វា។ ជារួមវាមានន័យថា ប្រភេទពូជរុក្ខជាតិត្រូវមានឯកសណ្ឋានដូចគ្នា ឬធម្មតាទៅតាមប្រភេទនៃវិធីបណ្តុះពូជ។
                        ២.១.២.៤.ស្ថេរភាព
            ពូជដំណាំដែលចាត់ទុកថាមានស្ថេរភាព លុះត្រាតែចរិតលក្ខណៈចំាបាច់របស់វា គ្មានការប្រែប្រួលនៅគ្រប់ដំណាក់កាលនៃវដ្តលូតលាស់ ឬក្នុងករណីរដ្ដដោយឡែកនៃការលូតលាស់ គឺប្រែប្រួលពេលបញ្ចប់    វដ្តនីមួយៗ[[25]]
            ដូចនេះពូជដំណាំដែលមានស្ថេរភាពត្រូវតែឋិតថេរ ឬមានស្ថេរភាព ប្រសិនបើមានលក្ខណៈមិនផ្លាស់ប្តូរបន្ទាប់ពីបណ្តុះបន្ត ឬក្នុងករណីពិសេសនៃការបណ្តុះឡើងវិញ។ ជារួមមានន័យថាប្រភេទផ្សេងៗគ្នា រក្សានៅលក្ខណៈដូចដើមបន្ទាប់ពីបណ្តុះឡើងវិញពីគ្រាប់ពូជ ឬតាមវិធីផ្សេង។ ជាការពិតលក្ខណៈវិនិច្ច័យបច្ចេកទេសត្រូវតែមានការត្រួតពិនិត្យមុនផ្តល់សិទ្ធិឲ្យម្ចាល់សិទ្ធិ។ ការត្រួតពិនិត្យបច្ចេកទេសនេះត្រូវធ្វើឡើងដោយអាជ្ញាធរមានសម្ថកិច្ច។
                        ២.១.២.៥.ការដាក់ឈ្មោះ
            ការដាក់ឈ្មោះពូជដំណាំអាចត្រូវបានគេធ្វើឡើងដោយអនុលោមតាមមាត្រា២០ នៃអនុសញ្ញាយូប៉ូវឆ្នាំ១៩៩១ប៉ុណ្ណោះ៖
v ការកំណត់ពូជដំណាំដោយការដាក់ឈ្មោះ ការប្រើប្រាស់ការដាក់ឈ្មោះ មានន័យថាពូជដំណាំត្រូវកំណត់ដោយការដាក់ឈ្មោះដែលនឹងក្លាយជាការកំណត់ប្រភេទពូជដំណាំ លើកលែងតែសិទ្ធិពីមុនរបស់      តតិយជនមិនអាចត្រូវបានប៉ះពាល់ឡើយ។
v ចរិតលក្ខណៈនៃការដាក់ឈ្មោះ មានន័យថាការដាក់ឈ្មោះត្រូវតែអាចសម្គាល់ពូជដំណាំបាន ហើយការដាក់ឈ្មោះមិនត្រូវ៖
*         មានសញ្ញាតែមួយលើកលែងការអនុវត្តពីមុននៃអនុសញ្ញាយូប៉ូវនេះ
*         នាំឲ្យយល់ខុស ឬបណ្តាលឲ្យភ័ន្តច្រឡំទៅនឹងចរឹតលក្ខណៈ តម្លៃ ឬអត្តសញ្ញាណនៃពូជដំណាំ ឬអត្តសញ្ញាណរបស់អ្នកបង្កត់ពូជដំណាំឡើយ
*         ដូចទៅនឹងឈ្មោះពូជដំណាំ ដែលមានរួចហើយក្នុងប្រភេទដំណំាតែមួយនៅក្នុងរដ្ឋជាភាគីហត្ថលេខី
v ការចុះបញ្ជីការដាក់ឈ្មោះ គឺការដាក់ឈ្មោះពូជត្រូវស្នើដោយអ្នកបង្កាត់ពូជដំណាំទៅអាជ្ញាធរ។
v ការដាក់ឈ្មោះដូចគ្នាក្នុងដែនដីភាគីហត្ថលេខីទាំងអស់ គឺពូជដំណាំមួយត្រូវបញ្ជូនទៅភាគីហត្ថលេខីទាំងអស់ក្រោមការដាក់ឈ្មោះតែមួយ។ អាជ្ញាធរនៃភាគីហត្ថលេខីនីមួយៗ ត្រូវចុះបញ្ជីការដាក់ឈ្មោះដែលបានបញ្ជូនមក លើកលែងតែយល់ថាការដាក់ឈ្មោះមិនសមស្របក្នុងដែនដីរបស់ខ្លួន ក្នុងករណីនេះ តម្រូវឲ្យអ្នកបង្កាត់ពូជដំណាំផ្តល់ឈ្មោះមួយផ្សេងទៀត[[26]] 
         ដូចនេះការដាក់ឈ្មោះពូជដំណាំគឺក្នុងគោលបំណងសម្រាប់សម្គាល់ ឬញែកពូជដំណាំមួយទៅនឹងពូជដំណាំមួយផ្សេងទៀត។ អ្នកបង្កាត់ពូជដំណាំត្រូវស្នើ និងសុំការអនុញ្ញាតដើម្បីដាក់ឈ្មោះពូជដំណាំដែលសមស្របសម្រាប់កំណត់ពូជដំណាំ។ ឧទាហរណ៍៖ ឈ្មោះ” Summer Snow” ជាឈ្មោះនៃរុក្ខជាតិរបស់ Rosa ដែលនៅក្នុងប្រទេសជាសមាជិកមួយនៃអនុសញ្ញាយូប៉ូវ[[27]]។ ឈ្មោះពូជថ្មីនៃដំណាំមួយចំនួនដូចខាងក្រោមត្រូវបានចាត់ទុកថាមិនសមស្រប៖
           ក- មិនអាចសម្គាល់ពូជដំណំាបាន
           ខ- មានសញ្ញាតែមួយ លើកលែងតែសញ្ញានេះ អាចសម្គាល់ពូជដំណាំបាន
           គ-នាំឲ្យសាធារណជនយល់ខុស ឬបណ្តាលឲ្យភាន់ច្រឡំទៅនឹងចរិតលក្ខណៈ ឬតម្លៃ ឬអត្តសញ្ញាណនៃពូជដំណាំ ឬអត្តសញ្ញាណរបស់អ្នកបង្កាត់ពូជដំណាំ
           ឃ-ដូចទៅនឹងឈ្មោះពូជដំណាំ ដែលមានរួចហើយក្នុងប្រភេទដំណំាតែមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬរដ្ឋជាភាគីហត្ថលេខី[[28]] 
           ង- ដូចទៅនឹងឈ្មោះពូជដំណាំ ដែលទទួលបានសិទ្ធិមុន។
           ម្យ៉ាងវិញទៀតមានតែឈ្មោះដែលបានប្រើក្នុងការស្នើសុំ ឬចុះបញ្ជីនៅរដ្ឋជាភាគីហត្ថលេខីទេ ដែលត្រូវប្រើសម្រាប់ការស្នើសុំ ឬចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជាលើកលែងតែឈ្មោះដែលមានន័យមិនសមស្របតាមប្រពៃណីវប្បធម៌របស់ប្រទេសកម្ពុជា អ្នកកាន់កាប់បញ្ជីអាចតម្រូវឲ្យផ្តល់ឈ្មោះថ្មីបាន[[29]]
            ២.២.ការចុះបញ្ជីស្នើសុំ
            អ្នកដាក់ពាក្យស្នើសុំការពារពូជថ្មីនៃដំណាំត្រូវមានសញ្ជាតិជាខ្មែរ ឬសញ្ជាតិបរទេស ប៉ុន្តែត្រូវមាននិវេសនដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬមានទីលំនៅអចិន្ត្រៃយ៍នៅរដ្ឋជាភាគីហត្ថលេខីនៃអនុសញ្ញាសហព័ន្ធអន្តរជាតិការពារពូជថ្មីនៃដំណាំ ឬនៅរដ្ឋណាមួយ ដែលមានបដិការយោគយល់គ្នាទៅវិញទៅមកជាមួយព្រះរាជាណាចក្រកម្ពុជា[[30]]
                        ២.២.១.ការដាក់ពាក្យសុំចំពោះពូជដំណាំក្នុងស្រុក
            សិទ្ធិរបស់អ្នកបង្កាត់ពូជថ្មីនៃដំណាំ ដើម្បីឲ្យសិទ្ធិនេះអនុវត្តបានតាមផ្លូវច្បាប់ ទាល់តែម្ចាស់សិទ្ធិពូជដំណាំដាក់ពាក្យសុំដើម្បីការពារពូជថ្មីនៃដំណាំនេះ។ ម្ចាស់ពូជដំណាំដាក់ពាក្យសុំត្រូវដាក់ពាក្យសុំជូនទៅមន្រ្តីកាន់កាប់បញ្ជីនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល តាមគំរូពាក្យសុំដែលបានកំណត់។ អ្នកដាក់ពាក្យសុំត្រូវបញ្ជាក់នូវព័ត៌មានចាំបាច់ ឯកសារ ឬពូជដំណាំតាមកាលបរិច្ឆេទ និងទីកន្លែងដែលកំណត់ដោយមន្រ្តីកាន់កាប់បញ្ជី។ មន្រ្តីកាន់កាប់បញ្ជីត្រូវចុះកាលបរិច្ឆេទទទួលពាក្យសុំ បន្ទាប់ពីបានបង់កម្រៃរួច ហើយគំរូពាក្យសុំឯកសារ ឬពូជដំណាំនឹងត្រូវកំណត់ដោយប្រកាសរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល[[31]]
                   ២.២.២.ការដាក់ពាក្យសុំចំពោះពូជដំណាំបរទេស
            ចំពោះពូជដំណាំដែលបានដាក់ពាក្យសុំនៅបរទេសរួចហើយ អ្នកដាក់ពាក្យសុំអាចប្រើប្រាស់សិទ្ធិអាទិភាពនៃពាក្យសុំលើកដំបូងនៅបរទេស សម្រាប់ពូជដំណាំដូចគ្នានៅប្រទេសណាមួយ​ដែលជាភាគីហត្ថលេខីនៃអនុសញ្ញាសហព័ន្ធអន្តរជាតិការពារពូជថ្មីនៃដំណាំ។ ប្រើប្រាស់សិទ្ធិអាទិភាពមានន័យថាជាសិទ្ធិក្នុងការដាក់ពាក្យសុំការពារទៅលើពូជដំណាំរបស់ខ្លួននៅប្រទេសមួយទៀត។ ដើម្បីប្រើប្រាស់នៃសិទ្ធិអាទិភាពរបស់ខ្លួន អ្នកដាក់ពាក្យសុំត្រូវប្រគល់ឯកសារចម្លងនៃសំណុំលិខិតស្នើសុំដែលបានដាក់ដំបូងបង្អស់ចំនូនមួយច្បាប់ និងត្រូវមានការបញ្ជាក់ថាត្រឹមត្រូវតាមច្បាប់ដើមដោយការិយាល័យដែលទទួលបន្ទុកសំណុំលិខិតស្នើសុំដំបូងបង្អស់ក្នុងរយៈពេល ៣ ខែ គិតចាប់ពីកាលបរិច្ឆេទនៃការដាក់ពាក្យសុំ។ មន្រ្តីកាន់កាប់បញ្ជីអាចផ្តល់ពេលវេលាសមស្របបន្ថែមទៀតសម្រាប់ការផ្តល់ពត៌មានឯកសារ ឬពូជដំណាំតាមការស្នើសុំ។ ចំពោះការទាមទារសិទ្ធិអាទិភាពនេះមិនបំពេញតាមលក្ខខណ្ឌខាងលើនោះទេ គឺត្រូវចាត់ទុកថាមិនបានធ្វើឡើយ[[32]]។ អ្នកដាក់ពាក្យសុំត្រូវបញ្ជាក់សិទ្ធិអាទិភាពនេះដោយប្រាប់អំពីកាលបរិច្ឆេទដែលខ្លួនបានស្នើសុំនៅបរទេសរួចមកហើយ និងអំពីអត្តសញ្ញាណនៃពូជដំណាំថ្មីឲ្យបានច្បាស់លាស់ក្នុងពាក្យដែលដាក់ជូនមន្រ្តីកាន់កាប់បញ្ជី ហើយសិទ្ធិអាទិភាពត្រូវមានរយៈពេល ១២ ខែ គិតចាប់ពីកាលបរិច្ឆេទដាក់ពាក្យលើកដំបូងបង្អស់[[33]]
            ក្រោយពីការពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យ និងខ្លឹមសារនៃពាក្យស្នើសុំថាត្រឹមត្រូវអស់ហើយ មន្រ្តីកាន់កាប់បញ្ជីត្រូវផ្តល់វិញ្ញាបនប័ត្របញ្ជាក់សិទ្ធិការពារពូជថ្មីនៃដំណាំ ហើយត្រូវបោះពុម្ពវិញ្ញាបនបត្របញ្ជាក់សិទ្ធិនោះក្នុងព្រឹត្តិបត្រផ្លូវការ[[34]]។ ក្រោយពីបានបោះពុម្ពវិញ្ញាបនបត្របញ្ជាក់សិទ្ធិការពារពូជដំណាំជាផ្លូវការហើយ បុគ្គលដែលពាក់ព័ន្ធអាចប្តឹងជំទាស់នូវសិទ្ធិការពារនេះ និងប្តឹងឧបាស្រ័យចំពោះសេចក្តីសម្រេចរបស់មន្រ្តីកាន់កាប់បញ្ជីក្នុងរយៈពេល៣ខែ[[35]]
          ២.៣.វិសាលភាពសិទ្ធិម្ចាស់នៃពូជដំណាំ
            សិទ្ធិរបស់អ្នកបង្កាត់ពូជថ្មីនៃដំណាំ គឺត្រូវបានការពារដោយច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ទៅលើពូជថ្មីនៃដំណាំដែលម្ចាស់នៃពូជ ឬរុក្ខជម្រើសវិទូ[[36]] នោះទើបបានរកឃើញ និងអភិវឌ្ឍថ្មី។ ការការពារនៃពូជដំណាំមានន័យថាជាការបង្ការកុំឲ្យតតិយជនធ្វើអាជីវកម្ម ប្រើប្រាស់ពូជដំណាំនោះដោយគ្មានការអនុញ្ញាតពីម្ចាស់នៃពូជដំណាំ។ ប្រសិនបើមានតតិយជនណាម្នាក់ធ្វើការរំលោភបំពាន ប្រើប្រាស់ និងធ្វើអាជីវកម្មដោយពុំមានការអនុញ្ញាតពីម្ចាស់បង្កាត់ពូជថ្មីនៃដំណាំនវទេ ម្ចាស់សិទ្ធិអាចប្តឹងទៅមន្ត្រីកាន់កាប់បញ្ជី ឬក៏អាចប្តឹងទៅតុលាការក្នុងរយៈពេលសមស្រប ដើម្បីឲ្យអ្នកបំពានជួសជុលសំណងខូចខាតទាំងឡាយដែលបានកើតឡើងពីការរំលោភបំពានរបស់ខ្លួន។ តែបើម្ចាស់សិទ្ធិដឹងអំពីការរំលោភបំពាននេះហើយមិនប្រើប្រាស់សិទ្ធិរបស់ខ្លួន ម្ចាស់សិទ្ធិនឹងបាត់បង់សិទ្ធិតវ៉ា។
            ម្ចាស់សិទ្ធិពូជថ្មីនៃដំណាំមានសិទ្ធិលក់ ឬផ្ទេរសិទ្ធិរបស់ខ្លួនបានឲ្យរូបវន្តបុគ្គល ឬនីតិបុគ្គលត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ និងត្រូវចុះហត្ថលេខាដោយភាគីពាក់ព័ន្ធ ហើយត្រូវកត់ត្រានៅក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដោយត្រូវជូនដំណឹងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ[[37]]
          វិសាលភាពនៃកិច្ចការពារម្ចាស់សិទ្ធិមានសិទ្ធិរារំាងបុគ្គលដទៃពី៖
*         ការផលិត ឬផលិតឡើងវិញ
*         ការដាក់លក្ខខណ្ឌក្នុងគោលបំណងនៃការដាំដុះ ឬពង្រីកពូជដំណាំ
*         ការដាក់លក់
*         ការលក់​ ឬចរាចរផ្សេងទៀត
*         ការនាំចេញ
*         ការនាំចូល
*         ការស្តុកទុកសម្រាប់គោលបំណងណាមួយខាងលើ[[38]]
សិទ្ធិជាម្ចាស់ពូជថ្មីនៃដំណាំក៏មានវិសាលភាពគ្រប់ដណ្តប់ផងដែរទៅលើពូជ៖
*         ដែលបានបង្កើតថ្មីដោយយកលក្ខណៈពិសេសសំខាន់ៗចេញពីពូជបានការពារ
*         ដែលពុំមានភាពខុសគ្នាដាច់ស្រឡះពីពូជបានការពារ
*         ដែលផលិតកម្របស់វាត្រូវការប្រើប្រាស់ឡើងវិញនូវពូជដែលបានការពារ[[39]]
            សិទ្ធិការពារពូជថ្មីនៃដំណាំ ពុំមានវិសាលភាពគ្របដណ្តប់ចំពោះករណីដូចខាងក្រោម៖
*      ការប្រើប្រាស់ក្នុងគោលបំណងពិសោធន៍
*      ការដំាសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងគ្មានបំណងធ្វើពាណិជ្ជកម្ម
*      ការប្រើប្រាស់ក្នុងគោលបំណងបង្កាត់ពូជដំណាំថ្មីផ្សេងទៀត [[40]]
            ម្ចាស់សិទ្ធិពូជថ្មីនៃដំណាំត្រូវបាត់បង់សិទ្ធិចំពោះបំណែកពូជនៃពូជដែលទទួលបានការការពារ ឬពូជដំណាំ ដែលត្រូវបានដាក់លក់ ឬចរាចរនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់សិទ្ធិ ឬមានការយល់ព្រមពីម្ចាស់សិទ្ធិ។ ប៉ុន្តែសិទ្ធិនេះនឹងមិនបាត់បង់ឡើយ ក្នុងករណីពូជ ឬបំណែកពូជ ដែលយកចេញពីពូជដែលបានការពារ ត្រូវបានយកទៅពង្រីកពូជបន្ត ឬនាំចេញទៅពង្រីកពូកក្នុងប្រទេសដែលមិនផ្តល់ការការពារ លើកលែងតែក្នុងគៅលបំណងយកទៅប្រើប្រាស់ចុងក្រោយ[[41]]
            ២.៤.រយៈពេលនៃការការពារ                     
            សុពលភាពសិទ្ធិការពារពូជថ្មីនៃដំណាំមានរយៈពេល២០(ម្ភៃ)ឆ្នាំ លើកលែងតែដំណាំដែលមានលក្ខ-ណៈពិសេសដូចជាដំណាំវល្លិ និងដំណាំឈើដែលត្រូវមានរយៈពេល២៥(ម្ភៃប្រាំ)ឆ្នាំ ក្រោយពីទទួលបានសិទ្ធិការពារលើពូជថ្មីនៃដំណាំនោះ[[42]]។ ក៏ដូចគ្នាផងដែរអនុសញ្ញាUPOV ការពារចំពោះម្ចាស់សិទ្ធិ(អ្នកបង្កាត់ពូជ ថ្មីនៃដំណាំ)មានសិទ្ធិប្រើប្រាស់ក្នុងរយៈពេលអប្បបរមាដូចតទៅ៖
*      រយៈពេល២៥(ម្ភៃប្រាំ)ឆ្នាំ ចំពោះដំណាំឈើ និងដំណាំវល្លិ
*      រយៈពេល២០(ម្ភៃ)ឆ្នាំចំពោះរុក្ខជាតិផ្សេងទៀត[[43]]
            ក្នុងរយៈពេលអនុវត្តនៃសិទ្ធិ ម្ចាស់សិទ្ធិពូជថ្មីនៃដំណាំមានកាតព្វកិច្ចផ្តល់សំណាកពូជដែលអាចដុះបាន ហើយមានចរិតលក្ខណៈដូចបានបញ្ចាក់ក្នុងសំណុំលិខិតស្នើសុំសិទ្ធិការពារតាមមត្រូវការរបស់អង្គភាពមានសមត្ថកិច្ច។ ម្យ៉ាងទៀតក្នុងគោលបំណងដើម្បីថែរក្សាពូជថ្មីនៃដំណាំ ម្ចាស់សិទ្ធិក៏មានកាតព្វកិច្ចផ្តល់ព័ត៌មាននានាដែលពាក់ព័ន្ធនឹងពូជថ្មីនៃដំណាំ និងបង្កភាពងាយស្រួលក្នុងការត្រួតពិនិត្យដល់អង្គភាពមានសមត្ថកិច្ច[[44]]
ជំពូកទី៣
កិច្ចការពារអ្នកបង្កាត់ពូជថ្មីនៃដំណាំ
          ៣.១.ការគ្រប់គ្រងពូជដំណាំ
                   ៣.១.១.បញ្ជីពូជដំណាំរបស់ជាតិ
          ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវរៀបចំឲ្យមានបញ្ជីពូជដំណាំរបស់ជាតិរួមមានទាំងពូជដែលមានស្រាប់ និងពូជថ្មីនៃដំណាំ[[45]] ពូជដំណាំដែលមានស្រាប់ អាចចុះក្នុងបញ្ជីពូជដំណាំរបស់ជាតិបាន ត្រូវផ្អែកលើលក្ខខណ្ឌជាអាទិ៍ដូចខាងក្រោមៈ
            ១. មានឈ្មោះសម្គាល់ជាក់លាក់ ដោយបង្ការកុំឲ្យភាន់ច្រឡំជាមួយប្រភេទពូជដំណាំមួយផ្សេងទៀតដែលបានចុះបញ្ជីរួចហើយ ឬបង្ការកុំឲ្យយល់ខុសចំពោះចរិតលក្ខណៈនៃពូជដំណាំនោះ
            ២. រក្សាទុកឈ្មោះដើមរបស់ពូជដំណាំ ក្នុងករណីជាពូជនាំចូលពីបរទេស
            ៣. មានភាពខុសគ្នាពីពូជដំណាំ ដែលបានចុះបញ្ជីរួចហើយ
            ៤. មានឯកសណ្ឋានភាពគ្រប់គ្រាន់ខាងចរិតលក្ខណៈប្រកបដោយស្ថេរភាព និងអាចធ្វើអត្តសញ្ញាណកម្មពូជបាន
            ៥.មានទិន្នន័យសាកល្បងច្បាស់លាស់ ធានាដោយមន្ទីរពិសោធន៍ អង្គភាពជំនាញ គ្រឹះស្ថានស្រាវជ្រាវសាធារណៈ​ ឬផ្នែកឯកជនធ្វើសេវាកម្មបច្ចេកទេសពូជដំណាំ ដែលទទួលស្គាល់ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ[[46]]
                  


                        ៣.១.២.វិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំ
          វិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំ សំដៅដល់លិខិតបញ្ជាក់ពីគុណភាពពូជដំណាំ ហើយផ្តល់ជូនរូបវន្តបុគ្គល ឬនីតិបុគ្គលក្រោមកម្មវត្ថុធ្វើអាជីវកម្មពូជដំណាំ និងចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
          រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានបំណងផលិតពូជដំណាំសម្រាប់ផ្គត់ផ្គង់លក់ ត្រូវដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គំរូពាក្យស្នើសុំ និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំណែកឯកម្រៃសេវាកម្មក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំ ត្រូវកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ[[47]]    
            ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសិទ្ធិព្យួរ ដកហូត ឬលុបចោលលិខិតអនុញ្ញាតធ្វើអាជីវកម្ម និងវិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំ ក្នុងករណីជាអាទិ៍ដូចខាងក្រោមៈ
            ១. លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញពីផលប៉ះពាល់ធ្ងន់ធ្ងរជាយថាហេតុដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន បណ្តាមកពីឥទ្ធិពលនៃការប្រើប្រាស់ពូជដំណាំនោះ
            ២. ពូជដំណាំ ដែលបានធ្វើអាជីវកម្មមានគុណភាពខុសពីពូជដំណាំដែលបានបញ្ជាក់ក្នុងវិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំ ឬលើសំបកវេចខ្ចប់ ឬស្លាកសញ្ញា
            ៣. អ្នកកាន់លិខិតអនុញ្ញាតធ្វើអាជីវកម្ម និងវិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំមិនគោរពតាមលក្ខខណ្ឌដែលកំណត់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ[[48]]
                    ៣.១.៣.អាជីវកម្មពូជដំណាំ
          អាជីវកម្មពូជដំណាំ សំដៅដល់ការផលិត ការកែច្នៃ ការបណ្តុះកូនដំណាំ ការនាំចេញ-នាំចូល និងចរាចរណ៍ពូជដំណាំ។ ហើយចរាចរណ៍ពូជដំណាំសំដៅដល់ការទិញលក់ ការចែកចាយ និងការស្តុកពូជដំណាំ។
            ការធ្វើអាជីវកម្មពូជដំណាំ ត្រូវមានលិខិតអនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ហើយការផ្ទេរសិទ្ធិទៅឲ្យបុគ្គលដទៃនូវលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មពូជដំណាំ ត្រូវតែមានកាយល់ព្រមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ[[49]]
            ហើយមន្ទីរពិសោធន៍ពូជដំណាំ ដែលស្ថិតក្រោមកម្មវត្ថុធ្វើអាជីវកម្មពូជដំណាំ ត្រូវមានអ្នកបច្ចេកទេសជំនាញក្សេត្រវិទ្យា ដែលទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ[[50]]
          ហាមឃាត់ការចរាចរណ៍លើទីផ្សារនូវពូជដំណាំទាំងឡាយដែលៈ
            ១. មិនមានការវេចខ្ចប់ ការវេចខ្ចប់មិនបានត្រឹមត្រូវ ឬក្លែងបន្លំសំបកវេចខ្ចប់
            ២. ហួសរយៈពេលកំណត់នៃការប្រើប្រាស់
            ៣. មិនបានបំពេញត្រឹមត្រូវនូវពត៌មានបញ្ជាក់លើសំបកវេចខ្ចប់ ឬស្លាកសញ្ញា
            ៤. មិនមានស្លាកសញ្ញាស្របតាមការកំណត់ក្លែងបន្លំស្លាកសញ្ញា ឬ ខូចខាតស្លាកសញ្ញា។
            ពត៌មានបញ្ជាក់លើសំបកវេចខ្ចប់ ឬស្លាកសញ្ញា ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ[[51]]
                   ៣.១.៤.ការត្រួតពិនិត្យគុណភាពពូជដំណាំ
            ការត្រួតពិនិត្យពូជដំណាំ សំដៅដល់ការត្រួតពិនិត្យគុណភាព និងការយកសំណាកពូជដំណាំមកវិភាគ ការស្រាវជ្រាវ  ការរុករក និងការបង្រ្កាបបទល្មើស។
            ពូជដំណាំ ដែលអនុញ្ញាតឲ្យធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានត្រូវតែជាពូជដំណាំមានគុណភាព និងត្រូវឆ្លងកាត់ការធ្វើពិសោធន៍ ឬការដាំសាកល្បងដោយអង្គភាពជំនាញ គ្រឹះស្ថានស្រាវជ្រាវ សាធារណៈ​ ឬផ្នែកឯកជនធ្វើសេវាកម្មបច្ចេកទេសពូជដំណាំ ដែលទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ[[52]]
            ការសិក្សាសាកល្បង ការយកសំណាក ការចាត់ថ្នាក់ ការកំណត់ស្តង់ដារគុណភាពពូជដំណាំ និងនីតិវិធីនៃការត្រួតពិនិត្យលើគុណភាពពូជដំណាំ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ[[53]]។ លទ្ធផលនៃការសាកល្បងពូជដំណាំណា ដែលមិនបានបំពេញតាមលក្ខខណ្ឌនៃ ស្តង់ដារគុណភាពពូជដំណាំ ត្រូវធ្វើចំណាត់ថ្នាក់ជាថ្មីក្រោមការត្រួតពិនិត្យ និងវាយតម្លៃរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ពូជដំណាំនោះមិនអាចដាក់តាំងលក់ជាពូជបានឡើយ[[54]]។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវដកហូតលិខិតអនុញ្ញាត និងបញ្ឈប់ការនាំចេញ នាំចូលពូជដំណាំ ក្នុងករណីរកឃើញថាពូជដំណាំនោះមិនស្របតាមស្តង់ដារគុណភាពពូជដំណាំ[[55]]
            អ្នកផលិតពូជដំណាំ និងអ្នកលក់ពូជដំណាំ ត្រូវទទួលខុសត្រូវចំពោះអ្នកប្រើប្រាស់ នូវគុណភាពពូជដំណាំរបស់ខ្លួនទៅតាមពត៌មានដែលបញ្ជាក់លើសំបកវេចខ្ចប់ ឬស្លាកសញ្ញា[[56]]
            ៣.២.ការនាំចេញ នាំចូលពូជដំណាំ និងការដឹកជញ្ជូនឆ្លងកាត់
                   ៣.២.១.ការនាំចេញ នាំចូលពូជដំណាំ
            ការនាំចេញ-នាំចូលពូជដំណាំ រួមទាំងការសាកល្បង ការសិក្សា និងការពិសោធន៍ត្រូវមានការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការផ្ទេរសិទ្ធិទៅឲ្យ បុគ្គលនូវលិខិតអនុញ្ញាតនាំចេញ​នាំចូលពូជដំណាំ ត្រូវមានការយល់ព្រមជាមុនពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ[[57]]។ សាកល្បងសំដៅដល់ការងារពិសោធន៍តាមដាននៅក្នុងថ្នាលពិសោធន៍ និងវិភាគ គុណភាពពូជដំណាំ នៅក្នុងមន្ទីពិសោធន៍។ ម្យ៉ាងវិញទៀតគុណភាពពូជដំណាំ សំដៅដល់លក្ខណៈវិនិច្ឆ័យបច្ចេកទេសនៃពូជដំណាំ ដែលមានជាអាទិ៍៖កម្រិតសំណើម កម្រិតដំណុះ ភាពសុទ្ធ សុខភាពដំណាំ។ល។
            រូបវន្តបុគ្គល ឬនីតិវិធីដែលនាំចូលពូជដំណាំត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោមៈ
            ១. ធ្វើប្រតិវេទន៍ទំនិញឲ្យបានត្រឹមត្រូវ
            ២. មានវិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំ ចេញដោយសមត្ថកិច្ចនៃប្រទេសនាំចេញ
            ៣. មានលិខិតអនុញ្ញាតឲ្យនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
            ៤. ជូនដំណឹងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទយ៉ាងតិច ១០ថ្ងៃនៃថ្ងៃធ្វើការ មុនពេលពូជដំណាំមកដល់ច្រកទ្វារនាំចូលនៃព្រំដែនព្រះរាជាណាចក្រកម្ពុជា
            ៥. បំពេញលក្ខខណ្ឌភូតគាមអនាម័យនៃព្រះរាជាណាចក្រកម្ពុជា[[58]]
            ការនាំចូលពូជដំណាំដែលបង្កគ្រោះថ្នាក់ ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវហាមឃាត់ដាច់   ខាត។ បញ្ជីឈ្មោះពូជដំណាំដែលបង្កគ្រោះថ្នាក់ ត្រូវកំណត់ដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ[[59]]
            រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលនាំចេញពូជដំណាំ ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោមៈ
            ១. ធ្វើប្រតិវេទន៍ទំនិញឲ្យបានត្រឹមត្រូវ
            ២. ត្រូវមានលិខិតអនុញ្ញាតឲ្យនាំចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
            ៣. ត្រូវជូនដំណឹងមកភ្នាក់ងារភូតគាមន៍អនាម័យដែលនៅជិតបំផុត យ៉ាងតិចមួយថ្ងៃ នៃថ្ងៃធ្វើការ មុនពេលពូជដំណាំមកដល់ច្រកទ្វារនាំចេញនៃព្រះរាជាណាចក្រកម្ពុជា
            ៤. មានវិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំ
            ៥. បំពេញលក្ខខណ្ឌភូតគាមន៍អនាម័យនៃប្រទេសនាំចូល[[60]]
                        ៣.២.២.ការដឹកជញ្ជូនឆ្លងកាត់
            រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលដឹកជញ្ជូនពូជដំណាំឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជាត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោមៈ
            ១. ធ្វើប្រតិវេទន៍ទំនិញឲ្យបានត្រឹមត្រូវ
            ២. មានវិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំចេញដោយសមត្ថកិច្ចនៃប្រទេសនាំចេញ
            ៣. ត្រូវជូនដំណឹងយ៉ាងតិច ប្រាំថ្ងៃនៃថ្ងៃធ្វើការ មុនពេលពូជដំណាំមកដល់ច្រកទ្វារនាំចូល ដោយបញ្ជាក់កាលបរិច្ឆេទ និងច្រកទ្វារនាំចេញមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
            ៤. ធានាគុណភាពសុវត្ថិភាពនៃសំបកវេចខ្ចប់ មធ្យោបាយផ្ទុកពូជដំណាំ និងអនាម័យនៃមធ្យោបាយដឹកជញ្ជូន
            ៥. ពុំមានចម្លងមកជាមួយនូវសមាសភាពចង្រៃភូតគាមអនាម័យ និងបណ្តាសមាសភាពចង្រៃ[[61]] បង្កគ្រោះថ្នាក់ដទៃទៀតដែលអាចឆ្លងរាលដាលនៅតាមផ្លូវដឹកជញ្ជូនឆ្លងកាត់[[62]]
            ក្នុងពេលដឹកជញ្ជូនឆ្លងកាត់ ប្រសិនបើមានរបើកស្លាកសុវត្ថិភាព ធ្លុះធ្លាយកុងតឺន័រ ឬសម្ភារៈវេចខ្ចប់ម្ចាស់ពូជដំណាំ ឬអ្នកតំណាំងទទួលខុសត្រូវត្រូវរាយការណ៍ជាបន្ទាន់មកភ្នាក់ងារភូតគាមអនាម័យ[[63]]ដែលនៅជិតបំផុត និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការសមស្រប[[64]]។ ភ្នាក់ងារភូតគាមអនាម័យមានសមត្ថកិច្ច មានសិទ្ធិចូលរួមបំពេញភារកិច្ចនៅតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ នៅទូទាំងប្រទេសកម្ពុជា[[65]]
           


            ៣.៣.ទណ្ឌកម្មពិន័យ និងព្រហ្មទណ្ឌនៃអំពើរំលោភសិទ្ធិអ្នកបង្កាត់ពូជដំណាំ
                   ៣.៣.១.បទល្មើសលើការការពារពូជថ្មីនៃដំណាំ
            រាល់វិវាទ ដែលបានកើតឡើងពាក់ព័ន្ធទៅនឹងការអនុវត្តជំពូកទី២ ស្តីពីការការពារពូជថ្មីនៃដំណាំ នៃ ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨ និងបទបញ្ជាទាំងឡាយ ត្រូវប្តឹងទៅមន្រ្តីកាន់កាប់បញ្ជីការពារពូជថ្មីនៃដំណាំ។ មន្រ្តីកាន់កាប់បញ្ជីត្រូវផ្តល់ឱកាសសម្រាប់សវនាការដល់ភាគីនាំ បណ្តឹងនៅចំពោះមុខខ្លួនមុនពេលអនុវត្តអំណាចឆន្ទានុសិទ្ធិដែលបានប្រគល់ឲ្យដោយច្បាប់នេះ និងដោយបទបញ្ជាទាំងឡាយចំពោះភាគី[[66]]។ ម្ចាស់សិទ្ធិពូជថ្មីនៃដំណាំ អាចប្តឹងទៅតុលាការមានសមត្ថកិច្ចឲ្យជួសជុលសំណងតាមនីតិវិធីដូចខាងក្រោម៖
*    ធ្វើបណ្តឹងវេណី ឬស្នើសុំដីកាបណ្តោះអាសន្ន ដើម្បីហាមឃាត់ការប្រព្រឹត្ត ឬការបន្តការប្រព្រឹត្តអំពើរំលោភបំពានលើសិទ្ធិអ្នកបង្កាត់ពូជដំណាំ
*    ស្នើសុំការផាកពិន័យការរឹបអូស ឬការបំផ្លាញចោលពូជដំណាំ ដែលបាន
*    ផលិតល្មើសលើសិទ្ធិអ្នកបង្កាត់ពូជដំណាំ និង
*    ស្នើសុំឲ្យសងការខូចខាតជាទឹកប្រាក់[[67]]
            បុគ្គលណាមួយដែលផ្តល់ពត៌មានមិនពិត នៅក្នុងឯកសារដែលដាក់សុំការពារពូជថ្មីនៃដំណាំត្រូវផ្តន្ទាទោសពិន័យជាប្រាក់ព៏ ១.០០០.០០០(មួយលាន)រៀលទៅ ៥.០០០.០០០(ប្រាំលាន)រៀល ឬត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ៦ ខែ ឬត្រូវផ្តន្ទាទោសទាំងពីរខាងលើ។ ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសទ្វេដង[[68]]
            បុគ្គលណាមួយដែលរំលោភដោយចេតនាលើសិទ្ធិការពារពូជថ្មីនៃដំណាំ ដូចមានចែងក្នុងមានត្រា ១៥ ជំពូកទី២ នៃច្បាប់នេះ​ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ រៀល ទៅ ២០.០០០.០០០ រៀល ឬត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ ឬត្រូវផ្តន្ទាទោសទាំងពីរខាងលើ។ ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសទ្វេដង[[69]]
            ក្នុងករណីបុគ្គលណាមួយ ត្រូវបានផ្តន្ទាទោសតាមបញ្ញត្តិនៃផ្នែកនេះ តុលាការមានសមត្ថកិច្ចអាចបញ្ជាឲ្យធ្វើការរឹបអូសទុកជាសម្បត្តិរដ្ឋ ឬបំផ្លាញចោលនូវពូជដំណាំដែលរំលោភបំពាន វត្ថុតាង និងសម្ភារៈឧបករណ៍ដែលយកមកប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស[[70]]
                   ៣.៣.២.បទល្មើសលើអាជីវកម្មពូជដំណាំ
            ទណ្ឌកម្មក្នុងបទល្មើសអាជីវកម្មពូជដំណាំមានៈ ពិន័យអន្តរការណ៍ ការឃាត់ទុកវត្ថុតាង ការរឹបអូសវត្ថុតាង ការបំផ្លាញវត្ថុតាង ការតម្រូវឲ្យជួសជុលការខូចខាត ការដកហូត ឬព្យួរលិខិតអនុញ្ញាតធ្វើអាជីវកម្ម លិខិតអនុញ្ញាតនាំចូល នាំចេញពូជដំណាំវិញ្ញាបនប័ត្របញ្ជាក់គុណភាពពូជដំណាំ ទោសពិន័យ និងទោសដាក់ពន្ធនាគារ។ ការពិន័យអន្តរការណ៍លើបទល្មើសពូជដំណាំ ការឃាត់ទុកវត្ថុតាង ការដកហូត ឬព្យួរលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្ម លិខិតអនុញ្ញាតនាំចូល នាំចេញពូជដំណាំ និងវិញ្ញាបនប័ត្របញ្ជាក់គុណភាពពូជដំណាំ ជាសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងករណីជនល្មើសមិនព្រមអនុវត្តតាមការសម្រេចរបស់សមត្ថកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបញ្ជូនសំណុំរឿងប្តឹងទៅតុលាការ។
ហើយការរឹបអូស និងបំផ្លាញវត្ថុតាង ការជួសជុលលើការខូចខាត​ ទោសពិន័យ និងទោសដាក់ពន្ធនាគារ​ជាសមត្ថកិច្ចរបស់តុលាការ[[71]]។ ចំណែកឯបែបបទនៃការពិន័យអន្តរការណ៍ និងតម្លៃទីផ្សារពូជដំណាំជា      មូលដ្ឋានសម្រាប់អនុវត្តការពិន័យអន្តរការណ៍ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ[[72]]
            ប្រាក់ពិន័យសម្រាប់ផ្តល់ជារង្វាន់លើកទឹកចិត្តដល់អ្នកមានស្នាដៃបង្រ្កាបបទល្មើស និងកម្រិតកំណត់សម្រាប់មូលនិធិជាតិអភិវឌ្ឍន៍ពូជដំណាំ ត្រូវកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ[[73]]។ មូលនិធិជាតិអភិវឌ្ឍន៍ពូជដំណាំ គឺជាគ្រិះស្ថានសធារណៈរដ្ឋបាលដែលត្រូវស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បង្កើតឡើងដើម្បីទ្រទ្រង់ដល់ការស្រាវជ្រាវ និងអភិវឌ្ឍពូជដំណាំក្នុងគោលដៅលើកកម្ពស់ផលិតភាពកសិកម្ម[[74]]
            អ្នកកាន់កាប់លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្ម លិខិតអនុញ្ញាតឲ្យនាំចេញ នាំចូលពូជដំណាំណា ដែលផ្ទេរសិទ្ធិទៅឲ្យបុគ្គលដទៃ​ ដោយគ្មានការយល់ព្រមជាមុនពីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ត្រូវទទួលពិន័យព្យួរលិខិតអនុញ្ញាតឲ្យនោះក្នុងរយៈពេលមួយឆ្នាំ។ ក្នុងករណីមិនរាងចាលត្រូវដកហូតជាស្ថាពរនូវលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្ម ឬលិខិតនាំចេញ នាំចូលពូជដំណាំ និងត្រូវពិន័យអន្តរការណ៍ [[75]]។ ហើយការពិន័យអន្តរការណ៍ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ចំនួនពី ៥០០.០០០ រៀល ទៅ ៥.០០០.០០០ រៀល ចំពោះបុគ្គលណាដែលបានប្រព្រឹត្តបទល្មើសណាមួយដូចខាងក្រោមៈ
            ១. មិនធ្វើនិយតកម្មស្របតាមច្បាប់នេះនូវពូជដំណាំដេលបានចុះបញ្ជីក្រោមបទប្បញ្ញត្តិនានាក្នុងរយៈពេល ៦ខែ ក្រោយច្បាប់នេះចូលជាធរមាន
            ២. គ្មានអ្នកបច្ចេកទេសជំនាញក្សេត្រវិទ្យា ដែលទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំការនៅមន្ទីរពិសោធន៍ពូជដំណាំរបស់ខ្លួន
            ៣. ធ្វើការនាំចេញ នាំចូល ឬដឹកជញ្ជូនពូជដំណាំឆ្លងកាត់ដោយៈ
*      មិនធ្វើប្រតិវេទន៍ទំនិញឲ្យបានត្រឹមត្រូវ
*      មិនជូនដំណឹងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
*      មិនរាយការណ៍ជាបន្ទាន់មកភ្នាក់ងារភូតគាមអនាម័យក្នុងពេលដឹកជញ្ជូនឆ្លង
*      កាត់មានរបើកស្លាកសុវត្ថិភាព ចុះធ្លាយកុងតឺន័រ ឬសម្ភារៈវេចខ្ចប់ ដើម្បីចាត់វិធានការសមស្រប
*      មិនបានបំពេញលក្ខខណ្ឌភូតគាមអនាម័យ
*      មិនមានការវេចខ្ចប់ត្រឹមត្រូវ ឬខូចខាតសម្ភារៈវេចខ្ចប់ ឬស្លាកសញ្ញា។
            ក្នុងករណីមិនរាងចាលត្រូវទទួលពិន័យអន្តរការណ៍ទ្វេដង ឬបញ្ជូនសំណុំរឿងទៅតុលាការ[[76]]
            ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ចំនួនពី ២ដង នៃតម្លៃវត្ថុតាងពិតប្រាកដលើទីផ្សារ ចំពោះបុគ្គលណាដែលបានប្រព្រឹត្តបទល្មើសណាមួយដូចខាងក្រោមៈ
            ១. ធ្វើអាជីវកម្មពូជដំណាំ ឬនាំចូលពូជដំណាំដើម្បីធ្វើការសិក្សាពិសោធន៍ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
            ២. ធ្វើអាជីវកម្មពូជដំណាំដោយគ្មានវិញ្ញាបនប័ត្របញ្ជាក់គុណភាពពូជដំណាំ
            ៣. យកផលិតផលដែលបាននាំចូល ដើម្បីបម្រើឧស្សាហកម្ម ការប្រើប្រាស់ ឬគោលបំណងផ្សេងៗទៀតទៅប្រើប្រាស់ជាពូជដំណាំ ឬកែច្នៃ ដើម្បីប្រើប្រាស់ជាពូជដំណាំ
            ៤. ធ្វើការនាំចេញ ឬនាំចូលពូជដំណាំដោយៈ
*      គ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
*      គ្មានវិញ្ញាបនប័ត្របញ្ជាក់គុណភាពពូជដំណាំ។
            ៥. ធ្វើការដឹកជញ្ជូនឆ្លងកាត់ដោយគ្មានវិញ្ញាបនប័ត្របញ្ជាក់គុណភាពពូជដំណាំចេញដោយសមត្ថកិច្ចនៃប្រទេសនាំចេញ
            ៦. ធ្វើអាជីវកម្ម ឬចរាចរលើទីផ្សារនូវពូជដំណាំដែលៈ
*      ពុំមានគុណភាពទៅតាមពត៌មាន ដែលចែងលើសំបកវេចខ្ចប់ ឬស្លាកសញ្ញា
*      ហួសរយៈពេលកំណត់នៃការប្រើប្រាស់
*      មិនមានស្លាកសញ្ញា ស្របតាមការកំណត់។
            ក្នុងករណីមិនរាងចាល ត្រូវពិន័យអន្តរការណ៍ទ្វេដង និងត្រូវដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្ម លិខិតអនុញ្ញាតនាំចេញ នាំចូល ឬវិញ្ញាបនប័ត្របញ្ជាក់គុណភាពដំណាំ ឬបញ្ជូនសំណុំរឿងទៅតុលាការ[[77]]
            ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ១ ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ៥.០០០.០០០ ទៅ ១០.០០០.០០០ រៀល ឬត្រូវផ្តន្ទាទោសណាមួយនៃទោសទាំងពីរ និងត្រូវដកហូតលិខិតអនុញ្ញាត វិញ្ញាបន    បត្របញ្ជាក់គុណភាពពូជដំណាំ បំផ្លាញចោលវត្ថុតាង ឬ​រឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ ចំពោះបុគ្គលណាដែលបានប្រព្រឹត្តបទល្មើសណាមួយដូចខាងក្រោមៈ
            ១. នាំចូលពូជដំណាំចង្រៃបង្កគ្រោះថ្នាក់មកក្នុងព្រះរាជាណាចក្រកម្ពុជា
            ២. នាំចេញពូជដំណាំដោយបំពានបម្រាមរបស់រដ្ឋនៅពេលដែលព្រះរាជាណាចក្រកម្ពុជាមានតម្រូវការជាចាំបាច់
            ៣. ក្លែងបន្លំគុណភាពពូជដំណាំ។
            ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេដង ដោយពុំទាន់គិតពីការទទួលខុសត្រូវរដ្ឋប្បវេណីថែមទៀត ក្នុងករណីមានផលប៉ះពាល់ដល់សុខភាពសាធារណៈ​​ឬខូចខាតក្សេត្របរិស្ថាន[[78]]
                   ៣.៣.៣.បទល្មើសដោយមន្ត្រីអនុវត្តច្បាប់
            ភ្នាក់ងារអធិការកិច្ច ឬមន្ត្រីរូបណា ដែលមានការធ្វេសប្រហេស ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពបទបញ្ញាត្តិនៃច្បាប់នេះ ត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាល និង/ឬចោទប្រកាន់ចំពោះមុខតុលាការ។ ភ្នាក់ងារអធិការកិច្ច ឬមន្ត្រីរូបណា ដែលសមគំនិតនឹងអ្នកប្រព្រឹត្តបទល្មើស ឬជួយសម្រួលដល់ការប្រព្រឹត្តបទល្មើសនេះ ត្រូវផ្តន្ទាទោសដូចចារីដែរ[[79]]


សេចក្តីសន្និដ្ឋាន
727
            ឆ្លងតាមការសិក្សាទាក់ទងនឹងប្រធានបទនេះដែរ យើងសង្កេតឃើញថា ដើម្បីជម្រុញ និងលើកទឹកចិត្តឲ្យមាននូវការខិតខំបង្កើតនូវប្រភេទដំណាំ ក៏ដូចជារុក្ខជាតិថ្មី ច្បាប់ជាតិ ក៏ដូចជាអន្តរជាតិត្រូវបានបង្កើតឡើង ដើម្បីជាឧបករណ៍ដ៏សំខាន់ក្នុងការផ្ដល់កិច្ចការពារទៅលើការរកឃើញនូវថ្មីទាក់ទងនឹងដំណាំថ្មី  ការគ្រប់គ្រង ក៏ដូចជាយន្តការសំខាន់ៗ នានា សម្រាប់អនុវត្តទៅលើសកម្មភាពទាំងឡាយដែលទាក់ទងនឹងពូជដំណាំថ្មីដែលរកឃើញ។  លើសពីនេះទៅទៀត ម្ចាស់សិទ្ធិត្រូវបានផ្ដល់ឲ្យនូវការសិទ្ធិដូចមានចែងក្នុងច្បាប់ស្ដីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨ អនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ(UPOV)ឆ្នាំ១៩៩១  ដែលជាកត្តាជម្រុញលើកទឹកចិត្តឲ្យ កាន់តែមានការបង្កើតថ្មីនូវពូជដំណាំដទៃទៀត។ កិច្ចការពារពូជរុក្ខជាតិថ្មី ឬកិច្ចការពារពូជថ្មីនៃដំណាំ គឺអាចធ្វើទៅបានចំពោះប្រភេទពូជរុក្ខជាតិថ្មី ដើម្បីការពារផលប្រយោជន៍របស់អ្នកបង្កាត់ពូជរុក្ខជាតិ ក៏ដូចជាជម្រុញឲ្យមានប្រភេទពូជរុក្ខជាតិថ្មីសម្រាប់វិស័យកសិកម្ម សាកវប្បកម្ម និងរុក្ខជាតិ។ ការជម្រុញឲ្យមានប្រភេទរុក្ខជាតិផ្សេងៗគ្នានេះ គឺជាកត្តាចាំបាច់ណាស់ ដើម្បីធ្វើឲ្យមានគុណភាពនៃរុក្ខជាតិគ្រប់ប្រភេទ។ ការបង្កាត់ពូជរុក្ខជាតិប្រភេទថ្មី ទាមទារឲ្យមានការវិនិយោគក្នុងលក្ខខណ្ឌជំនាញពិសោធន៍ប្រភពសម្ភារៈ ថវិកា និងពេលវេលា។ សិទ្ធិផ្តាច់មុខក្នុងវិស័យប្រភេទពូជរុក្ខជាតិថ្មីផ្តល់ភាពជោគជ័យដល់អ្នកបង្កាត់ពូជ      រុក្ខជាតិមានឱកាសសមរម្យទទួលតម្លៃ និងអត្ថប្រយោជនៃ៍ជាច្រើនដើម្បីវិនិយោគបន្ថែម។ ក្នុងករណីគ្មានសិទ្ធិអ្នកបង្កាត់ពូជនេះគោលបំណងខាងលើមិនអាចសម្រេចបានទេ គ្មានអ្វីការពារលើគ្រាប់ពូជដំណាំរបស់អ្នកបង្កាត់ពូជឡើយ ជាហេតុធ្វើឲ្យបាត់ចំណូលដល់អ្នកបង្កាត់ពូជ។ ម្យ៉ាងវិញទៀតការពារអ្នកបង្កាត់ពូជរុក្ខជាតិថ្មី មានគោលបំណងដើម្បីធានាការបង្កើតបន្តនៃប្រភេទរុក្ខជាតិថ្មី ដោយការពារផលប្រយោជន៍របស់អ្នកបង្កាត់ពូជរុក្ខជាតិ និងដើម្បីធានាផ្គត់ផ្គង់គ្រាប់ពូជពិតឬសុទ្ធ។ ចំណែកលក្ខខណ្ឌដើម្បីទទួលកិច្ចការពារពូជរុក្ខជាតិថ្មីនេះ ដូចគ្នាទៅនឹងការទទួលបាននូវប្រកាសនីយបត្រតក្កកម្មដែរ ដើម្បីទទួលបាននូវកិច្ចការពារចំពោះពូជដំណាំ គឺត្រូវតែថ្មីខុសប្លែកពីប្រភេទដំណាំដែលមានស្រាប់ មានឯកសណ្ឋានភាព និងស្ថេរភាព។ ហើយចំពោះតម្រូវការជាលក្ខខណ្ឌខាងលើអាចធ្វើការពិសោធនៅកន្លែង ដែលដាំដុះដំណាំទាំងនោះដោយមន្ត្រីដែលមានសមត្ថកិច្ចទូទៅនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
            សរុបសេចក្តីមកពូជរុក្ខជាតិថ្មីនេះ នឹងត្រូវបានទទួលកិច្ចការពារដោយគ្រាន់តែបំពេញតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ និងត្រូវមានទទួលការការពារពីច្បាប់យ៉ាងតឹងរ៉ឹងជាទិ៍ ជនដែលបំពាននឹងបញ្ញត្តច្បាប់អាចនឹងត្រូវបានទទួលទណ្ឌកម្មវិន័យនិងព្រហ្មទណ្ឌផងដែរ។


ឯកសារយោង

          ១. ឯកសារច្បាប់
        ក.ច្បាប់ជាតិ និងបទដ្ឋានពាក់ព័ន្ធ
v  ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ ២០០៨។
v  ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មឆ្នាំ ២០០២។
          ខ.ច្បាប់អន្តរជាតិ
v  អនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំឆ្នាំ១៩៩១(UPOV)
v  កិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញាឆ្នាំ១៩៩៤(TRIPS)។
          ២. សៀវភៅ
v  ខាំ  សុមករា.២០១១.នីតិកម្មសិទ្ធិបញ្ញា.ភ្នំពេញ៖Cambodia Business Association
v  នី វិចិត្រ .២០១៣. នីតិកម្មសិទ្ធិបញ្ញាកម្ពុជា . មេរៀនសម្រាប់ថ្នក់បរិញ្ញាបត្រឆ្នាំទី៤.សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
v  លឹម យូសូ.គ្មានកាលបរិច្ឆេទ.នីតិកម្មសិទ្ធិបញ្ញា.ឯកសារបណ្តុះបណ្តាល.អគ្គនាយកដ្ឋានកម្មសិទ្ធិបញ្ញា។
៣. វចនានុក្រម
v  វចនានុក្រមរបស់សម្តេចសង្ឃ ជួន ណាតវចនានុក្រមតាមបទដ្ឋានគតិយុត្តខ្មែរ,Khmer Law.com, ឆ្នាំ២០០១១។
v  វចនានុក្រមពាក្យច្បាប់អង់គ្លេស-ខ្មែរនិងខ្មែរ-អង់គ្លេស(English-Khmer and Khmer-English Legal dictionary), គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។                 
          ៤. គេហទំព័រ
v  http://cambodiaip.gov.kh/TemplateTwo.aspx?parentId=45&menuid=46&childMasterMenuId=46 (ចូលទស្សនាថ្ងៃទី២០ខែធ្នូឆ្នាំ២០១៤)។
v  http://www.wipo.int/wipolex/en/other_treaties/text.jsp?file_id=305907 (ចូលទស្សនាថ្ងៃទី២០ខែធ្នូឆ្នាំ២០១៤)។



[1] States and intergovernmental organizations which have been in contact with the Office of the Union for assistance in the development of laws based on the UPOV Convention
[2] អនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ(UPOV)ឆ្នាំ១៩៩១, កថាខណ្ឌទី៦នៃមាត្រា១។
[3] អនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ(UPOV)ឆ្នាំ១៩៩១, កថាខណ្ឌទី៤នៃមាត្រា១។
[4] យោងតាមព្រះរាជក្រម នស/រកម/១២១៣/០១៨ បានប្តូរឈ្មោះក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ទៅជាក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
[5]ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ឆ្នាំ២០០១,មាត្រា១។
[6]ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលឆ្នាំ២០០៣,មាត្រា១។
[7]ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្មឆ្នាំ២០០២,មាត្រា១។
[8] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា១ និង២។
[9] GATT (The General Agreement on Tariffs and Trade) មានន័យកិច្ចព្រមព្រៀងទូទៅស្ដីពីពន្ធ និងពាណិជ្ជកម្ម។
[10] Sui generisគឺជាពាក្យឡាតាំងត្រូវបានគេប្រើនៅក្នុងបរិបទច្បាប់ដែលមានន័យថា(នៃប្រភេទផ្ទាល់ខ្លួនរបស់វា ឬ of its own kind )
[11] កិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញាឆ្នាំ១៩៩៤,កថាខណ្ឌទី៣ ចំណុច ខ នៃមាត្រា៣៧។
[12] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៦។
[13] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ ២០០៨,មាត្រា៧។
[14] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ ២០០៨,មាត្រា៨។
[15] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ ២០០៨,មាត្រា៩។
[16] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ ២០០៨,មាត្រា១០។
[17] អនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ(UPOV)ឆ្នាំ១៩៩១,កថាខណ្ឌទី១នៃមាត្រា៥។
[18] អនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ(UPOV)ឆ្នាំ១៩៩១,កថាខណ្ឌទី២នៃមាត្រា៥។
[19] អនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ(UPOV)ឆ្នាំ១៩៩១, កថាខណ្ឌទី១នៃមាត្រា៦។
[20] អនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ(UPOV)ឆ្នាំ១៩៩១, កថាខណ្ឌទី៣នៃមាត្រា៦។
[21] សំដៅដល់បច្ចុប្បន្នភាពនៃអនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ(UPOV)ឆ្នាំ១៩៩១។
[22] អនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ(UPOV)ឆ្នាំ១៩៩១, កថាខណ្ឌទី២នៃមាត្រា៦។
[23] អនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ(UPOV)ឆ្នាំ១៩៩១, មាត្រា៧។
[24] អនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ(UPOV)ឆ្នាំ១៩៩១,មាត្រា៨។
[25] អនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ(UPOV)ឆ្នាំ១៩៩១,មាត្រា៩។
[26] អនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ(UPOV)ឆ្នាំ១៩៩១,មាត្រា២០។
[27] អនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ(UPOV)ឆ្នាំ១៩៩១។
[28] ភាគីហត្ថលេខី(Contracting party) សំដៅដល់ប្រទេស ឬអង្គការអន្តរជាតិ ដែលេជាភាគីនៃអនុសញ្ញាសហព័ន្ធអន្តរជាតិការពារពូជថ្មីនៃដំណាំហៅកាត់ថាយូប៉ុស(UPOV)ឆ្នាំ១៩៩១។   
[29] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំា និងសិទ្ធិអ្នកបន្តពូជដំណាំឆ្នាំ២០០៨,មាត្រា២៦។
[30] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំា និងសិទ្ធិអ្នកបន្តពូជដំណាំឆ្នាំ២០០៨,មាត្រា១៣។
[31] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំា និងសិទ្ធិអ្នកបន្តពូជដំណាំឆ្នាំ២០០៨,មាត្រា២៣។
[32] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំា និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា២៥។         
[33] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំា និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា២៤ និង អនុសញ្ញាយ៉ូប៉ូវឆ្នាំ១៩៩១,មាត្រា១១។
[34] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំា និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៣០។        
[35] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំា និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៣២​ និង៣៣។         
[36] រុក្ខជម្រើសវិទូ(Plant Breeder)គឺជារូបវ័ន្តបុគ្គល ឬនីតិបុគ្គលដែលធ្វើការអភិរក្ស អភិវឌ្ឍ ឬបង្កាត់ ពិសោធ សាកល្បង ជ្រើសរើស និងរំដោះពូជដំណាំ និងរុក្ខជាតិ ដើម្បីបុព្វហេតុបសិដ្ឋកម្មពូជដំណាំ ស្បៀង និងកសិកម្មប្រកបដោយនិរន្តរភាព។      
[37] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំា និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា១៤។         
[38] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា ១៥។
[39] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា ១៥ កថាខណ្ឌទី ៤។
[40] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨, មាត្រា១៦។
[41] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា១៧។
[42] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា១៩។
[43] អនុសញ្ញាសហព័ន្ធអន្តរជាតិដើម្បីការការពារប្រភេទពូជថ្មីនៃដំណាំ(UPOV)ឆ្នាំ១៩៩១,មាត្រា១៩។
[44] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា១៨។
[45] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៣៩។
[46] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៤០។
[47] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៤១។
[48] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៥០។
[49] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៤២។
[50] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៤៣។
[51] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៤៤។
[52] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៤៥។
[53] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៤៦។
[54] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៤៧។
[55] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៥៤។
[56] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៤៨។
[57] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៥១។
[58] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៥២។
[59] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៥៣។
[60] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៥៦។
[61] សមាសភាពចង្រៃ សំដៅដល់គ្រប់សត្វ និងរុក្ខជាតិ ទោះជាងាប់ ឬរស់ក៏ដោយឲ្យតែក្នុងដំណាំក់កាលលូតលាស់ណាមួយវាអាចបង្កគ្រោះថ្នាក់ ឬបំផ្លាញដំណាំ ដូចជាសត្វល្អិត  ចៃ កណ្ដុរ ខ្យង បក្សី សរីរៈដែលបង្កជំងឺដល់ដំណាំ និងស្មៅចង្រៃ។
[62] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៥៨។
[63]លក្ខខណ្ឌភូតគាមន៍អនាម័យសំដៅដល់លក្ខខណ្ឌទាមទាររបស់សមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសនីមួយៗ ដើម្បីបង្ករទប់ស្កាត់ការឆ្លងរាលដាលចូលមកប្រទេសណាមួយនូវសមាសភាពចង្រៃតាមសកម្មភាពនាំចេញនូវទំនិញ។
[64] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៥៩។
[65] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៦៦។
[66] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៦៩។
[67] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៧០។
[68] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៧១។
[69] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៧២។
[70] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៧៣។
[71] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៧៤។
[72] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៧៥។
[73] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៧៦។
[74] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៦១។
[75] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៧៧។
[76] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៧៨។
[77] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៧៩។
[78] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៨០។
[79] ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឆ្នាំ២០០៨,មាត្រា៨១។

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ផ្ទាំងពាណិជ្ជកម្ម