សេចក្តីផ្តើម
ជាទូទៅនីតិវិធីត្រៀម
គឺជាដំណាក់កាលដើមមួយនៃនីតិវិធីរដ្ឋប្បវេណី ដែលធ្វើឡើងដើម្បីផ្តល់ ឱកាសដល់តុលាការក្នុងការរៀបចំនូវសេចក្តីអះអាងរបស់ភាគីដើម្បីបំភ្លឺនូវចំណុចវិវាទនៃរឿងក្តី
ដែលគូភាគីមិនយល់ស្របគ្នា និងរៀបចំភស្តុតាងដែលទាក់ទងទៅនឹងចំណុចវិវាទនៃរឿងក្តីនោះ
ដើម្បីអាចធ្វើការវិនិច្ឆ័យរឿងក្តីនៅក្នុងនីតិវិធីនៃការទាញហេតុផលដោយផ្ទាល់មាត់ឲ្យបានល្អិតល្អន់។
លើសពីនេះទៅទៀត ចំពោះនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល
គឺជានីតិវិធីនៃការត្រៀមរៀបចំសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់ ដើម្បីលើកកម្ពស់ និងសម្រួលដល់ការជម្រះក្តីនៅក្នុងការទាញហេតុផលដោយផ្ទាល់មាត់។
នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលមានគោលបំណងធ្វើការបំភ្លឺអំពីចំណុចវិវាទរវាងគូភាគី
ដោយរៀបចំជាមុននូវសេចក្តីអះអាងរបស់ភាគី
និងធ្វើការរៀបចំនូវភស្តុតាងពាក់ព័ទ្ធនឹងចំណុចវិវាទដែលត្រូវធ្វើការត្រួត ពិនិត្យ។ នៅក្នុងការទាញហេតុផលដោយផ្ទាល់មាត់
ភាគីនីមួយៗតែងតែតវ៉ាចំពោះការលើកឡើងនូវអង្គហេតុទាំងអស់របស់ភាគីម្ខាងទៀត
ហើយតែងតែព្យាយាមដាក់ភស្តុតាងទាំងឡាយណាដែលខ្លួនគិតថាមានប្រយោជន៍ នឹងធ្វើឲ្យមានការលំបាកក្នុងការស្វែងរកការពិត។
នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលត្រូវធ្វើឡើងនៅកាលបរិច្ឆេទដែលភាគីទាំងសងខាងអាចចូលរួមបាន
ហើយនីតិវិធីនេះពុំចាំបាច់បើកជាសាធារណៈនោះទេ។ នីតិវិធីត្រៀមនេះ មិនសំដៅដល់តុលាការ
ទទួលបន្ទុកធ្វើការស៊ើបសួរដោយសកម្មទៅលើបណ្តឹងនោះឡើយ គឺត្រូវតែតម្រូវឲ្យមានគូភាគីបំភ្លឺចំណុចវិវាទរបស់ខ្លួនដែលបានលើកឡើង
មិនស្របគ្នាតែប៉ុណ្ណោះ និងធ្វើកិច្ចការត្រៀមមួយចំនួន ដូចជាការត្រៀមដាក់មធ្យោបាយតទល់
ឬការពារខ្លួន។ នៅក្នុងការអនុវត្តបច្ចុប្បន្ន នីតិវិធីនៃការស៊ើបអង្កេតអនុញ្ញាតឲ្យមានការស៊ើបសួរទៅលើសាក្សី
ឬទៅលើភាគីទាំងពីរ ហើយលទ្ធផលនៃការសាកសួរនោះត្រូវបានគេចាត់ទុកថាជាមូលដ្ឋាន
នៃការសម្រេចសេចក្តីនាពេលសវនាការខាងមុខ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ
នីតិវិធីថ្មីគឺមិនអនុញ្ញាតឲ្យមានការសាកសួរទៅលើសាក្សី និងលើគូភាគីឡើយ
នៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល។ យ៉ាងណាមិញតុលាការអាចចេញដីកាសម្រេចដែលទាក់ទងនឹងការស្នើសុំឲ្យពិនិត្យភស្តុតាង
និងអាចពិនិត្យភស្តុតាងជាឯកសារបាន។ ចំណុចនេះចង់បញ្ជាក់ថាតុលាការមិនអាចធ្វើការសាកសួរទៅលើភស្តុតាងថាដើម្បីរៀបចំណុចវិវាទនៃរឿងក្តីឲ្យបានត្រឹមត្រូវភាគច្រើនគេត្រូវការភស្តុតាងជាឯកសារ
ហេតុដូច្នេះហើយបានជាគេអនុញ្ញាតឲ្យតុលាការពិនិត្យភស្តុតាងជាឯកសារនៅក្នុងកម្រិតចាំបាច់ដើម្បីរៀបចំចំណុចវិវាទនៃរឿងក្តីប៉ណ្ណោះ។
នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលមានគោលដៅផ្តោតយ៉ាងសំខាន់ផងដែរ គឺឲ្យតុលាការទទួលបាននូវព័ត៌មានទាក់ទងនឹងចំណុចមួយចំនួនដូចជា
ថាតើភាគីអះអាងពីអ្វីខ្លះ ថាតើទទួលស្គាល់ចំណុចណាខ្លះ ថាតើបដិសេធចំណុចណាខ្លះ។
ជាគោលការណ៍
តុលាការត្រូវធ្វើការផ្សះផ្សាជាលើកដំបូងសិន នៅក្នុងនីតិវិធីត្រៀមសម្រាប់ទាញហេតុផល។ ទោះបីជាបញ្ញត្តិនៃក្រមរដ្ឋប្បវេណីនេះ បានតម្រូវឲ្យតុលាការត្រូវតែធ្វើការសាកល្បងក្នុងការផ្សះផ្សាគូភាគីទំនាស់ក៏ពិតមែន
ក៏ប៉ុន្តែការដែលតុលាការសម្រេចចិត្តថានឹងត្រូវផ្សះផ្សា ឬ/និងមិនត្រូវផ្សះផ្សានោះ គឺអាស្រ័យទៅលើស្ថានភាព
និងគោលបំណងរបស់គូភាគីនៃរឿងក្តីនីមួយៗ សម្រាប់ឲ្យតុលាការធ្វើការពិចារណាយកធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តសាកល្បងធ្វើការផ្សះផ្សា
ឬមិនត្រូវផ្សះផ្សាវិវាទនោះ។ ក្នុងករណីដែលអនុញ្ញាតឲ្យធ្វើបែបនេះ
ពីព្រោះថាបើសិនណាតុលាការសម្រេចចិត្តសាកល្បងធ្វើការផ្សះផ្សា
ហើយមិនបានសម្រេចនៅខណៈនោះក៏ដោយ ក៏នៅតែអាចសាកល្បងធ្វើការផ្សះផ្សាម្តងទៀតបានដែរ
នៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណីបានបញ្ញត្តិយ៉ាងច្បាស់ថាតុលាការអាចសាកល្បងធ្វើការផ្សះផ្សាម្តងទៀតបានដែរ
នៅក្នុងក្រមនីតិវិធីរដ្ឋវេប្បវេណី បានបញ្ញត្តិយ៉ាងច្បាស់ថា តុលាការអាចសាកល្បងធ្វើការផ្សះផ្សាបានទោះបីបណ្តឹងនោះស្ថិតក្នុងដំណាក់កាលណាក៏ដោយ។
បើប្រៀបធៀបទៅនឹងនីតិវិធីដែលតុលាការកម្ពុជាបានអនុវត្តកន្លងមកនោះមានបញ្ញត្តិស្តីពីគោលការណ៍ដែលត្រូវធ្វើការផ្សះផ្សាជាមុនដាច់ខាត
។ ដើម្បីឲ្យការផ្សះផ្សាទទួលបាននូវលទ្ធផលល្អ
ចៅក្រមអាចប្រើប្រាស់នូវវិធីសាស្រ្តសមរម្យផ្សេងៗ របស់ខ្លួនបានតាមឆន្ទានុសិទ្ធិមានដូចជា
តុលាការអាចស្នើឲ្យភាគីម្ខាងចេញទៅក្រៅបន្ទប់នៅខណៈពេលដែលតុលាការព្យាយាមបញ្ចុះបញ្ចូលភាគីម្ខាងទៀត
ទោះបីជាយ៉ាងណាក៏ដោយចំពោះការសម្រេចចិត្តឲ្យភាគីម្ខាងចេញក្រៅបន្ទប់ មិនអាចឲ្យភាគីម្ខាងនោះមានកើតមន្ទិលសង្ស័យថាតុលាការមានភាពលំអៀង។
ដូច្នេះដើម្បីចៀសវាងនូវបញ្ហានេះជាការប្រសើរបំផុតនោះ តុលាការតម្រូវឲ្យមានការយល់ព្រមពីគូភាគីជាមុនសិន។
សម្រាប់កាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ត្រូវបានតុលាការធ្វើការកំណត់ដែលមានរយៈពេលចំនួន(៣០ថ្ងៃ)
បន្ទាប់ពីពាក្យបណ្តឹងបានដាក់ចូលទៅតុលាការ។ លើសពីនេះទៅទៀត
នៅពេលបញ្ចប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផល
ដោយបានបញ្ចប់នូវការរៀបចំចំណុចវិវាទនៃរឿងក្តី
និងភស្តុតាងហើយនោះតុលាការត្រូវធ្វើការបញ្ជាក់ជាមួយភាគីទាំងសងខាងអំពីលទ្ធផលនៃការរៀបចំនេះ
ដើម្បីឲ្យមានឯកភាពគ្នា
ព្រមទាំងអង្គហេតុដែលត្រូវបំភ្លឺដើម្បីត្រៀមធ្វើការពិនិត្យលើភស្តុតាងឲ្យបានល្អិតល្អន់
នៅពេលធ្វើការត្រៀមសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់នាខណៈពេលខាងមុខ។
មិនត្រឹមតែប៉ុណ្ណោះទេនៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល តុលាការអាចចេញដីកាសម្រេចដែលទាក់ទងនឹងការស្នើសុំឲ្យពិនិត្យភស្តុតាង
ឬដីកាសម្រេចផ្សេងៗ ទៀតដែលអាចសម្រេចបានក្រៅពីកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់
និងអាចពិនិត្យភស្តុតាងជាឯកសារ ដោយមានកម្រិតចាំបាច់ដើម្បីរៀបចំចំណុចវិវាទនៃរឿងក្តី
និងភស្តុតាង។ តាមធម្មតាចំពោះការពិនិត្យភស្តុតាងត្រូវធ្វើឡើងក្នុងនីតិវិធីនៃការទាញហេតុផលផ្ទាល់មាត់
ដែលត្រូវធ្វើជាសាធារណៈ ក៏ប៉ុន្តែការពិនិត្យភស្តុតាងជាឯកសារ ត្រូវធ្វើឡើងដោយការអានឯកសារនោះដោយចៅក្រម
ហេតុដូចនេះហើយបើសិនជាប្រៀបធៀបទៅនឹងការសាកសួរសាក្សីជាដើមមិនសូវមានទំនាក់ទំនងខ្លាំងនឹងគោលការណ៍បើកជាសាធារណៈទេ
ម៉្យាងវិញទៀតនោះ ដើម្បីរៀបចំចំណុចវិវាទនៃរឿងក្តីឲ្យបានត្រឹមត្រូវ។
ចំពោះដីកាសម្រេចនេះ
តុលាការអាចចេញនូវដំណាក់កាលមួយដែលអង្គហេតុត្រូវបានបំភ្លឺបញ្ជាក់ និងភាពចាំបាច់នៃការស្នើសុំឲ្យមានការសាកសួរលើសាក្សីត្រូវបានគេបញ្ជាក់។
ភាគីដែលស្នើសុំឲ្យមានការសាកសួរទៅលើសាក្សីត្រូវភ្ជាប់ជាមួយឯកសារដែលកំណត់អំពីចំណុចដែលត្រូវសួរ។
ចំពោះចំណុចសំខាន់ដែលត្រូវប្រាប់ទៅភាគីអំពីការប៉ាន់ប្រមាណលើពេលវេលាចាំបាច់នៃការពិនិត្យលើភស្តុតាងនិងសាក្សីនោះ។
តួយ៉ាងនៅក្រោយពេលដែលការបញ្ចប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលហើយនោះ ភាគីនីមួយៗ មិនអាចដាក់មធ្យោបាយតទល់
ឬ ការការពារខ្លួនបានតទៅទៀតទេពីព្រោះមានន័យថា
វាប្រៀបដូចជាការបញ្ចប់នីតិវិធីអញ្ចឹងដែរ។
ដូច្នេះតុលាការត្រូវធ្វើការបញ្ជាក់ដោយប្រុងប្រយ័ត្នទៅភាគីថាតើបានដាក់នូវមធ្យោបាយតទល់
ឬការពារសមរម្យដើម្បីស្នើសុំឲ្យមានការបញ្ជាក់នូវអង្គហេតុណាមួយ ឬភាពមិនច្បាស់លាស់នៃផ្នែកគតិយុត្តិ
ឬសុំឲ្យភាគីដាក់នូវមធ្យោបាយតទល់ ឬការពារខ្លួន។ ជាចុងក្រោយនេះនៅពេលដែលនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល
បានចប់សព្វគ្រប់អស់ហើយនោះ
តុលាការត្រូវធ្វើកាលបរិច្ឆេទដើម្បីធ្វើការទាញហេតុផលដោយផ្ទាល់មាត់ ហើយត្រូវកោះហៅគូភាគីឲ្យមកចូលរួម។
ដូចដែរបានរៀបរាប់ខាងលើមកហើយនោះ
ឃើញថាបញ្ហាក៏ដូចជាចម្ងល់មួយចំនួនត្រូវបានគេលើកឡើងថាតើអ្វីទៅជាការទាញហេតុផលដោយផ្ទាល់មាត់
ធ្វើក្នុងគោលបំណងអ្វី ហើយមានភាពចាំបាច់យ៉ាងដូចម្តេច ថាតើនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់មានដំណើការយ៉ាងដូចម្តេច
ហើយការបញ្ចប់នីតិវិធីនៃការទាញហេតុផលផ្ទាល់មាត់នេះយ៉ាងណាវិញ ។ ដូចដើម្បីឲ្យកាន់តែលំអិតជាងនេះទៅទៀតគប្បីធ្វើការបកស្រាយទៅតាមដំណាក់កាលនីមួយៗដូចតទៅ៖
ជំពូកទី១ ៖ សញ្ញាណទូទៅនៃការទាញហេតុផលដោយផ្ទាល់មាត់
ជំពូកទី២ ៖ ដំណើការនៃនៃនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់
ជំពូកទី៣ ៖ ការធ្វើកំណត់ហេតុស្តីពីការទាញហេតុផលដោយផ្ទាល់មាត់
ជំពូកទី៤ ៖ ការបញ្ចប់នីតិវិធីនៃការទាញហេតុផលផ្ទាល់មាត់
ដូច្នេះសូមធ្វើការបកស្រាយយ៉ាងលំអិតដូចតទៅនេះ៖
ជំពូកទី១
សញ្ញាណទូទៅនៃការទាញហេតុផលដោយផ្ទាល់មាត់
១.១.ដំណើការទូទៅនៃការទាញហេតុផលដោយផ្ទាល់មាត់
ជាគោលការណ៍ដើម្បីធ្វើការចេញសាលក្រមទៅលើបណ្តឹងណាមួយ
តុលាការចាំបាច់ត្រូវតែឆ្លងកាត់នូវដំណាក់កាត់នូវដំណាក់កាលទាញហេតុផលដោយផ្ទាល់មាត់
ដើម្បីឲ្យភាគីធ្វើការអះអាងដោយផ្ទាល់ដោយគោរពនូវគោលការណ៍ចំពោះមុខ និងសវនាការជាសាធារណៈក្នុងនីតិវិធីនៃការទាញហេតុផលដោយផ្ទាល់មាត់នេះ[1]។
ជាការពិតណាស់
ភាគីត្រូវទទួលឱកាសញ្ចេញមតិរបស់ខ្លួន អំពីចំណុចដែលនឹងវិនិច្ឆ័យដោយ
តុលាការនៅក្នុងបណ្តឹង
ហើយឆ្លើយតបនឹងមតិដែលថ្លែងដោយភាគីម្ខាងទៀតមុនពេលដែលតុលាការសម្រេចសេចក្តី។
ដូច្នេះភាគីនៃបណ្តឹងមានសិទ្ធិទាមទារឲ្យមានឱកាសបញ្ចេញមតិរបស់ខ្លួន
និងឆ្លើយតបនឹងមតិដែលថ្លែងដោយភាគីម្ខាងទៀត។ ការធានាសិទ្ធិទាមទារឲ្យសាកសួរ ជាគោលការណ៍មូលដ្ឋានមួយនៃប្រព័ន្ធនីតិវិធីបណ្តឹងនៅក្នុងនីតិរដ្ឋប្រជាធិបតេយ្យសម័យទំនើប។
ដើម្បីធានាឲ្យមានប្រសិទ្ធិភាពនូវសិទ្ធិទាមទារឲ្យសាកសួរគូភាគីមានវត្តមាននៅកាលបរិច្ឆេទនីមួយៗ
និងចំពោះមុខទៅវិញទៅមក។ រួចកាលដែលតុលាការកោះហៅភាគីតែម្ខាង និងសួរមតិយោបល់នៅកាលបរិច្ឆេទ
និងទីកន្លែងដែលភាគីម្ខាងទៀតដែល អវត្តមាននោះនឹងនាំឲ្យមានភាពលំអៀងក្នុងការវិនិច្ឆ័យ។
ហេតុដូច្នេះទោះបីជាក្នុងករណីណាក៏ដោយ តុលាការត្រូវគោរពគោលការណ៍ចំពោះមុខ។
នៅក្នុងនីតិវិធីនៃការទាញហេតុផលដោយផ្ទាល់មាត់
ភាគីត្រូវធ្វើសេចក្តីថ្លែងការណ៍អំពីលទ្ធផលនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល។
ជាគោលការណ៍ទោះបីជាការអះអាងអង្គហេតុរបស់ភាគីក្តីការរៀបចំចំណុចវិវាទក្តី
និងការពិនិត្យភស្តុតាងជាឯកសារក្តី គេតម្រូវធ្វើនៅក្នុងនីតិវិធីនៃការទាញហេតុផលដោយផ្ទាល់មាត់
ប៉ុន្តែដើម្បីឲ្យនីតិវិធីមានភាពងាយស្រួលទើបចំណុចទាំងបីនេះ
គេធ្វើនៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលឲ្យហើយ បន្ទាប់មកឈានមកដល់ដំណាក់កាលនៃការទាញហេតុផលដោយផ្ទាល់មាត់
គេគ្រាន់តែធ្វើសេចក្តីថ្លែងការណ៍អំពីលទ្ធផលនៃនីតិវិធីត្រៀមនោះ
វាជាការគ្រប់គ្រាន់ហើយដើម្បីឲ្យគេចាត់ទុកថាការងារទាក់ទងទាំងបីចំណុចខាងលើនេះ បានធ្វើនៅក្នុងកាលបរិច្ឆេទនៃការទាញហេតុផលផ្ទាល់មាត់ផងដែរ
ទោះបីជាមិនបានធ្វើម្តងទៀត នៅកាលបរិច្ឆេទនៃការទាញហេតុផលផ្ទាល់មាត់ក៏ដោយ។
ដូច្នេះដើម្បីកុំឲ្យមានភាពច្រំដែលទើបលទ្ធផលនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល គេឲ្យធ្វើត្រឹមតែសេចក្តីថ្លែងការណ៍ប៉ុណ្ណោះ។
ជាទូទៅ
សេចក្តីថ្លែងការណ៍នេះត្រូវធ្វើឡើងដោយគូភាគី។ ប៉ុន្តែដោយសារសេចក្តីថ្លែងការណ៍នេះមិនមែនជាសកម្មភាពនៃបណ្តឹង
យើងមិនចាំបាច់ដាក់កំហិតដាច់ខាតឲ្យតែភាគីជាអ្នកអះអាងនោះទេ។ ម៉្យាងវិញទៀតដោយសារគ្រប់សកម្មភាពការងារ
ដែលបានធ្វើនៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលសុទ្ធតែមាននៅក្នុងកំណត់ហេតុនៃនីតិវិធីត្រៀមនោះស្រាប់
ដូច្នេះអ្នកណាម្នាក់ដូចជាដើមចោទ ឬចុងចម្លើយ ឬតុលាការក៏អាចធ្វើសេចក្តីថ្លែងការណ៏នេះបានដែរ។
ក្នុងករណីនេះបើគ្មានសមត្ថភាពក្នុងការធ្វើ
សេចក្តីថ្លែងការណ៍អំពីលទ្ធផលនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលនោះទេ
តុលាការសង្ខេបលទ្ធផលនៃនីតិវិធីត្រៀមសម្រាប់ទាញហេតុផលនោះបាន ហើយសួរបញ្ជាក់ភាគីថាតើយល់ព្រម
ឬទេ ក្រោយដែលតុលាការបានលើករួចហើយ។ តុលាការអាចលើកដូចនេះបានព្រោះតុលាការដឹងថាអ្វីដែលជាចំណុចវិវាទ
ហើយភស្តុតាងដែលត្រូវគេសម្រេចយកដើម្បីពិនិត្យ។
ម៉្យាងវិញទៀតសេចក្តីថ្លែងការណ៍នេះក៏អាចធ្វើឡើងដោយភាគីម្ខាងក៏បានដោយតុលាការត្រូវសួរបញ្ជាក់ទៅកាន់ភាគីទៀតថាតើឯកភាព
ឬអត់[2]។
ចំពោះសេចក្តីថ្លែងការណ៍
អាចធ្វើឡើងដោយសង្ខេបទៅលើការអះអាងអំពីអង្គហេតុនៃការដាក់ ភស្តុតាងចំពោះលទ្ធផលនៃការពិនិត្យភស្តុតាងជាឯកសារ
និងលទ្ធផលនៃការរៀបចំចំណុចវិវាទដែលបាន
ធ្វើឡើងនៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលហើយនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍អំពីលទ្ធផលនៃការពិនិត្យភស្តុតាងជាឯកសារនេះ
ពុំមែនសំដៅទៅលើលទ្ធផលនៃការពិនិត្យភស្តុតាងជាឯកសារដែលមានទាំងស្រុងនោះទេ
នោះជាលទ្ធផលនៃការពិនិត្យភស្តុតាងជាឯកសារដែលត្រូវពិនិត្យទៅតាមភាពចាំបាច់
ក្នុងដំណាក់កាលនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលតែប៉ុណ្ណោះ[3]។
សរុបសេចក្តីមកឃើញថាមានតែអំណះអំណាង
ដែលធ្វើឡើងនៅក្នុងការទាញហេតុផលដោយផ្ទាល់មាត់ និងភស្តុតាងដែលត្រូវបានពិនិត្យទេ
ទើបអាចយកធ្វើជាមូលដ្ឋាននៅក្នុងការចេញសាលក្រមបាន។ ហេតុដូច្នោះហើយទើបបានជាមាត្រា ១១៩
កថាខណ្ឌទី១ នៃក្រមខាងលើនេះឲ្យមានការបង្ហាញលទ្ធផលនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល
ក្នុងដំណាក់កាលដំបូងនៃការទាញហេតុផលផ្ទាល់មាត់។ ជាគោលការណ៍ចំពោះមធ្យោបាយតទល់
ឬការពារខ្លួនថ្មីមិនអាចដាក់ក្រោយពីការបញ្ចប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលបានឡើយ[4]។
ក៏ប៉ុន្តែចំពោះមធ្យោបាយតទល់ ឬការពារខ្លួនថ្មីនេះអាចដាក់ក្រោយពីការបញ្ចប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលបាន
ដោយមានលក្ខណៈដូចខាងក្រោម៖
តុលាការត្រូវការស្រាវជ្រាវដោយឆន្ទានុសិទ្ធិរបស់ខ្លួន។
ដូចជាករណីក្រោយពីបានពិនិត្យភស្តុតាង
នៅក្នុងកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ហើយ បើយល់ឃើញថាត្រូវការជាចាំបាច់ពិសេសនោះ
តុលាការអាចធ្វើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលជាថ្មីម្តងទៀតបានដោយដីកាសម្រេច[5]។
នេះបញ្ជាក់ឲ្យឃើញថាតាមលទ្ធផលនៅក្រោយពេលដែលបានធ្វើការពិនិត្យភស្តុតាងរួចហើយ បានរកឃើញចំណុចវិវាទសំខាន់ថ្មីផ្សេងដែលមានការស្មុគស្មាញក្នុងការដោះស្រាយនៅក្នុងកាលបរិច្ឆេទធ្វើការទាញហេតុផលដោយផ្ទាល់មាត់នោះ
តុលាការអាចបើកធ្វើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលម្តងទៀតបាន។
ចំពោះដីកាសម្រេចខាងលើមិនអាចប្តឹងទាស់បានឡើយ។
នៅក្នុងការដាក់មធ្យោបាយថ្មីនេះ
មិនធ្វើឲ្យមានការយឺតយ៉ាវដល់នីតិវិធីបណ្តឹងទេ។ ដូចជានៅក្នុងរឿងណាមួយ
ដែលភាគីបានសុំដាក់មធ្យោបាយថ្មីដល់តុលាការក្រោយពេលបញ្ចប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផល
ឬក្នុងនីតិវិធីនៃការទាញហេតុផលដោយផ្ទាល់មាត់ ក្នុងគោលបំណងធ្វើឲ្យយឺតដល់នីតិវិធីនៃបណ្តឹង
ឬក៏នីតិវិធីនៃការចេញសាលក្រមនោះ តុលាការត្រូវពិនិត្យហើយសម្រេចពុំអនុញ្ញាតឲ្យភាគីនោះដាក់មធ្យោបាយថ្មីនោះបានឡើយ។
ករណីដែលភាគីបានធ្វើសេចក្ដីបញ្ចប់ដំបូងថាខ្លួនមិនអាចដាក់មធ្យោបាយនោះមុនពេលបញ្ចប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលដោយគ្មានកំហុសធ្ងន់ធ្ងរឡើយ។
បានសេចក្ដីថាប្រសិនបើភាគីបានជូនដំណឹងជាមុនដល់តុលាការថាភស្ដុតាងទាក់ទងនឹងរឿងក្ដីរបស់ខ្លួន
ខ្លួនបានវង្វេងបាត់ ឬពុំទាន់រកឃើញដោយប្រការផ្សេងៗ ដែលពុំអាចប្រគល់ជូនដល់តុលាការ
នៅមុនពេលបញ្ចប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលបានទេ
តុលាការអាចទទួលយកមធ្យោបាយថ្មីនោះបាន។ ក្នុងករណីដែលមានការដាក់នូវមធ្យោបាយតទល់
ឬការពារខ្លួនថ្មី ដូចដែលមានចែងក្នុងមាត្រា ១០៨ វាក្យខ័ណ្ឌទី២ ខាងលើនេះ
នោះភាគីអាចអះអាងបន្ថែមទៀតអំពីអង្គហតុ និងដាក់ភស្តុតាងមកទៀតបាន
នៅក្នុងនីតិវិធីនៃការទាញហេតុផល ដោយផ្ទាល់មាត់។ លើសពីនេះទៅទៀត
ភាកីអាចដាក់ឯកសារត្រៀម ដែលជាការអះអាងថ្មី ឬស្នើសុំឲ្យមានការពិនិត្យនូវភស្តុតាងថ្មី
បន្ទាប់ពីបញ្ចប់នីតិវិធីត្រៀមសម្រាប់ទាញហេតុផល។ ទាំងនេះវាស្ថិតនៅលើ តុលាការក្នុងការសម្រេចថាតើអនុញ្ញាតឲ្យមានការដាក់នូវការអះអាងថ្មី
ឬមិនអនុញ្ញាតនៅកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់។
ក្នុងករណីដែលតុលាការសម្រេចអនុញ្ញាតឲ្យដាក់នូវការអះអាងថ្មី ភាគីនោះនឹងធ្វើការអះអាងនៅក្នុងការទាញហេតុផលដោយផ្ទាល់មាត់បាន។
ផ្ទុយទៅវិញ បើសិនជាតុលាការមិនអនុញ្ញាតឲ្យដាក់នូវការអះអាងថ្មី ភាគីនោះ
មិនអាចធ្វើការអះអាងថ្មីនោះបានឡើយ។
តុលាការមានសិទ្ធិសម្រេចថាតើត្រូវពិនិ្យលើភស្តុតាងថ្មី
ឬមិនពិនិត្យនៅក្នុងកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ដោយផ្អែកលើមូលដ្ឋានដូចបានលើកឡើងខាងលើគឺពុំមែនផ្អែកទៅលើឆន្ទានុសិទ្ធិ
របស់តុលាការនោះឡើយ។
១.២.កត្តាចាំបាច់នៃការទាញហេតុផលដោយផ្ទាល់មាត់
មុននឹងចេញសាលក្រមពីបណ្តឹង
តុលាការចាំបាច់ត្រូវឆ្លងកាត់ការទាញហេតុផលដោយផ្ទាល់មាត់ដើម្បីស្តាប់ការអះអាងដោយផ្ទាល់ដោយផ្អែកលើគោលការណ៍ចំពោះមុខ
និងគោលការណ៍នៃការជម្រះក្តីជាសាធារណៈជាមុនសិន[6]។
ការទាញហេតុផលផ្ទាល់មាត់
គឺជានីតិវិធីជម្រះក្តីម៉្យាងដែលនៅក្នុងនោះ ភាគីនៃបណ្តឹងក៏ដូចជាតុលាការត្រូវធ្វើសេចក្តីថ្លែងការណ៍ដោយផ្ទាល់មាត់នៅក្នុងសវនាការ
ដែលបើកចំហរជាសាធារណៈ។ តាម រយៈការទាញហេតុផលដោយផ្ទាល់មាត់នេះ
ភាគីវិវាទត្រូវទទួលបាននូវសិទ្ធិបញ្ចាញមតិរបស់ខ្លួនអំពីចំណុច
ដែលត្រូវវិនិច្ឆ័យដោយតុលាការនៅក្នុងបណ្តឹងនោះ ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ភាគីម្ខាងទៀតមុនពេលតុលាការសម្រេចសេចក្តី។
ដូច្នេះភាគីបណ្តឹងមានសិទ្ធិទាមទារឲ្យមានការបញ្ចេញមតិរបស់ខ្លួន និងឆ្លើយតបទៅនឹងមតិដែលថ្លែងការណ៍ដោយភាគីម្ខាងទៀត។
លើសពីនេះទៅទៀតនីតិវិធីនេះមានកម្មវត្ថុនៅក្នុងការធានាឲ្យបាននូវតុលាការ ដែលចេញសាលក្រមថាពិតជាបានស្តាប់ការអះអាងរបស់គូភាគីដោយផ្ទាល់ដើម្បីជាមូលដ្ឋាននៅក្នុងការស្វែងរកការពិត។
នេះគឺជាគោលការណ៍ទូទៅនៅក្នុងនីតិវិធីរដ្ឋប្បវេណីរបស់បណ្តាប្រទេសមួយចំនួន ដែលកាន់របបប្រជាធិបតេយ្យខុសគ្នានៅត្រង់ថាវិសាលភាពនៃការជម្រះក្តីជា សាធារណៈតាមរយៈនីតិវិធីនៃការទាញហេតុផលដោយផ្ទាល់មាត់នេះ
មានលក្ខណៈផ្សេងៗគ្នា ពីប្រទេសមួយទៅប្រទេសមួយតែប៉ុណ្ណោះ។
ជាគោលការណ៍
ការទាញហេតុផលដោយផ្ទាល់មាត់ ត្រូវធ្វើឡើងនៅកាលបរិច្ឆេទ
ដែលភាគីទាំងសងខាងមានវត្តមានបាន និងនៅសាលសវនាការជាសាធារណៈ[7]។
ក្នុងករណីដែលភាពជាសាធារណៈនេះ បណ្តាលឲ្យខូចសណ្តាប់ធ្នាប់សាធារណៈនោះ
តុលាការអាចធ្វើការទាញហេតុផលដោយផ្ទាល់មាត់ដោយមិនបើកចំហជាសាធារណៈបាន
ដោយតុលាការត្រូវកត់អំពីហេតុការណ៍នោះ ព្រមទាំងមូលហេតុនៅក្នុងកំណត់ហេតុស្តីពីការទាញហេតុផលដោយផ្ទាល់មាត់[8]។
១.៣.កាលបរិច្ឆេទនៃការទាញហេតុផលផ្ទាល់មាត់លើកទី១
១.៣.១.លទ្ធផលនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល
នៅក្នុងកាលបរិច្ឆេទនៃការទាញហេតុផលផ្ទាល់មាត់
ជាដំបូងភាគីត្រូវធ្វើសេចក្តីថ្លែងការណ៍អំពី
លទ្ធផលនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលជាមុនសិន[9]។
នេះជាសេចក្តីថ្លែងការណ៍ដែលត្រូវដាក់ជូនទៅតុលាការទាំងអស់នូវរាល់សកម្មភាព
ដែលបានធ្វើនៅក្នុងនីតិវិធីត្រៀមសម្រាប់ទាញហេតុផលដោយចាត់ទុកថាសកម្មភាពទាំងអស់នោះ
បានធ្វើឡើងដូចជាកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ដែរ
ក្នុងគោលបំណងដើម្បីជាឯកសារមូលដ្ឋានក្នុងការចេញសាលក្រម។
ទោះបីជាតុលាការ
និងភាគីទាំងសងខាងបានដឹងអំពីសកម្មភាពទាំងឡាយដែលបានធ្វើនៅក្នុងនីតិវិធីត្រៀមទាញហេតុផលក៏ដោយ
ក៍នីតិវិធីនេះពុំអាចត្រូវបានគេចាត់ទុកថាជាការទាញហេតុផលដោយផ្ទាល់មាត់នោះដែរ
ដោយមួលហេតុថានីតិវិធីត្រៀមសម្រាប់ទាញហេតុផលពុំបានធ្វើឡើងជាសាធារណៈ
ហើយម៉្យាងទៀតចៅក្រមដែលចេញសាលក្រមមិនមែនជាចៅក្រមដែលបានដឹកនាំនីតិវិធីត្រៀមសម្រាប់ទាញហេតុផលទៀតផង
ដូចនេះនីតិវិធីនេះមិនអាចក្លាយឯកសារមូលដ្ឋាននៃការចេញសាលក្រមនោះបានទេ។
ការធ្វើសេចក្តីថ្លែងការណ៍ពុំចំាបាច់ឲ្យតុលាការ ព្រមទាំងគូភាគីត្រាប់នូវរាល់សកម្មភាពដែលខ្លួនបានធ្វើនៅក្នុងនីតិវិធីត្រៀមសម្រាប់ទាញហេតុផលឡើងវិញដដែលឡើយ
គឺគ្រាន់តែធ្វើសេចក្តីថ្លែងការណ៍ជាសង្ខេបទៅលើសកម្មភាព ដែលបានធ្វើរួចហើយទុកជាស្រេច។
ក្នុងអំឡុងពេលដែលធ្វើសេចក្តីថ្លែងការណ៍អំពីលទ្ធផលនៃនីតិវិធីត្រៀមសម្រាប់ទាញហេតុផល
ត្រូវមានការបញ្ជាក់ឲ្យបានច្បាស់លាស់អំពីអង្គហេតុដែលត្រូវបញ្ជាក់ ព្រមទាំងភស្តុតាងដែលនឹងត្រូវពនិត្យក្នុងនីតិវិធីនៃការទាញហេតុផលផ្ទាល់មាត់
បើនិយាយឲ្យចំទៅគឺជាចំណុចវិវាទដែលធ្វើឡើងនៅពេលទាញហេតុផលផ្ទាល់មាត់ជាបន្តបន្ទាប់[10]។
ដោយឡែកប្រសិនបើក្នុងករណីភាគីទាំងសងខាង
យល់ឃើញថាខ្លួនពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើសេចក្តីថ្លែងការណ៍នោះ តុលាការអាចពន្យល់សង្ខេបអំពីលទ្ធផលនៃនីតិវិធីត្រៀមសម្រាប់ទាញហេតុផលហើយសួរទៅកាន់ភាគីថាស្រប
ឬមិនស្រប
ប្រសិនបើភាគីស្របអាចចាត់ទុកថាភាគីទាំងសងខាងបានធ្វើសេចក្តីថ្លែងការណ៍អំពីលទ្ធផលនៃនីតិវិធីត្រៀមសម្រាប់ទាញហេតុផលបាន។
ក៏ប៉ុន្តែប្រសិនបើករណីដែលពាក្យបណ្តឹង
មិនបានបំពេញគ្រប់លក្ខខ័ណ្ឌដំបូងនៃបណ្តឹងទេ ដោយមានភាពផ្ទុយនឹងច្បាប់
ហើយនិងចំណុចខ្វះខាតដែលមិនអាចកែតម្រូវបាននោះ
តុលាការអាចចេញសាលក្រមលើបណ្តឹងនោះចោលតែម្តង
ដោយពុំចាំបាច់ឆ្លងកាត់ការទាញហេតុផលដោយផ្ទាល់មាត់ឡើយ[11]។
១.៣.២.សកម្មភាពដែលអាចធ្វើនៅពេលទាញហេតុផល
ក្រោយពីការធ្វើសេចក្តីថ្លែងការណ៍ស្តីអំពីលទ្ធផល
នៃនីតិវិធីត្រៀមទាញហេតុផលរួចរាល់ហើយ
តុលាការត្រូវបន្តរនីតិវិធីនៃការជម្រះក្តីដោយការទាញហេតុផលដោយផ្ទាល់មាត់តាមរយៈការពិនិត្យភស្តុតាងការសាកសួរសាក្សី
ឬធ្វើកោសល្យវិច័យទៅលើភស្តុតាងជាអាទិ៍។ ជាគោលការណ៍ នៅក្នុងពេលទាញហេតុផលផ្ទាល់មាត់ច្បាប់បានអនុញ្ញាតឲ្យមានការដាក់ពាក្យសុំ
និងការអះអាងរបស់គូរភាគីទាំងសងខាងគ្រប់ពេលវេលាទាំងអស់នៅក្នុងដំណាក់កាលនៃនីតិវិធីទាញហេតុផលផ្ទាល់មាត់។
បណ្តឹងទាំងអស់នោះមានដូចជាភាគីអាចអះអាងពីអង្គហេតុបាន[12]
ភាគីអាចនឹងដាក់ឯកសារត្រៀមនឹងធ្វើសេចក្តីថ្លែងការណ៍បាន[13]
ភាគីអាចស្នើដាក់ភស្តុតាង[14]។
បន្ទាប់ពីនោះ ចៅក្រមក៏អាចចេញនូវសេចក្តីសម្រេច និងបន្តសកម្មភាពមួយចំនួនផងដែរដូចជា៖ ដីការសម្រេចទទួលយក
ឬមិនទទួលយកស្តីពីការស្នើរសុំពិនិត្យភស្តុតាង (ករណីដែលច្បាប់បានអនុញ្ញាតឲ្យស្នើរដាក់ការពិនិត្យភស្តុតាង)[15]។
រួមទាំងសកម្មភាពដ៍ទៃៗទៀតដូចជា៖ ការដកពាក្យបណ្តឹងការសះជា ការបោះបង់នូវការទាមទារ ការទទួលស្គាល់នួវការទាមទារ
និងការសារភាពជាអាទិ៍[16]។
ក្រៅពីនោះ ភាគីអាចនឹងត្រូវបានអនុញ្ញាតដោយតុលាការ ដើម្បីធ្វើការទាញហេតុផលចុងក្រោយ មុននឹងបញ្ចប់នីតិវិធីទាញហេតុផលផ្ទាល់មាត់[17]។
ក្នុងការដឹកនាំកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់
តុលាការអាចអនុវត្តសិទ្ធិដឹកនាំ បណ្តឹង
និងសិទ្ធបំភ្លឺបានដូចគ្នាទៅនិងនីតិវិធីត្រៀមសម្រាប់ទាញហេតុផលផងដែរ។
ជំពូកទី២
ដំណើការនៃនៃនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់
ជាទូទៅចំពោះការទាញហេតុផលដោយផ្ទាល់មាត់ត្រូវគោរពទៅតាមមូលដ្ឋានគ្រឹះសំខាន់ៗ
ចំនួនបួនគឺទី១ការអះអាងអង្គហេតុរបស់ភាគី ទី២ ការរៀបចំចំណុចវិវាទ ទី៣
ការពិនិត្យភស្តុតាងនិងទី៤ ការវិនិច្ឆ័យ។ ក៏ប៉ុន្តែតាមការអនុវត្តជាក់ស្តែងដើម្បីឲ្យមានភាពងាយស្រួលក្នុងនីតិវិធីនៃការដោះស្រាយរឿងក្ដី
គេបានរៀប ចំឲ្យធ្វើការអះអាងអង្គហេតុរបស់ភាគី(១)
និងធ្វើការរៀបចំចំណុចវិវាទ(២) នៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល
ហើយការពិនិត្យភស្តុតាងទាក់ទងទៅនឹងផ្នែកពិនិត្យភស្តុតាងជាឯកសារក៏គេបានធ្វើរួចហើយដែរនៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល។
ដូច្នេះគឺមានតែការពិនិត្យភស្តុតាង(៣) ដែលទាក់ទងទៅនឹងផ្នែកពិនិត្យភស្តុតាងជាឯកសារ ដើម្បីងាយស្រួលក្នុងការរៀបចំចំណុចវិវាទ
និងភស្តុតាងចំពោះផ្នែកដែលក្រៅអំពីការ ពិនិត្យភស្តុតាងជាឯកសារ (ដូចជាការសាកសួរសាក្សីជាដើម) និងការវិនិច្ឆ័យ(៤)ប៉ុណ្ណោះទេ
ដែលគេត្រូវធ្វើនៅក្នុងនីតិវិធីនៃការទាញហេតុផលដោយផ្ទាល់មាត់។
២.១.ការពិនិត្យភស្តុតាងដោយសមូហវិធី
ទាក់ទងទៅនឹងការពិនិត្យភស្តុតាងដោយសមូហវិធីនេះ
វាត្រូវតែមានភាពចាំបាច់សម្រាប់ធ្វើការត្រួតពិនិត្យ
ដែលត្រូវបានធ្វើបែងចែកជាវិធានបីប្រភេទ៖
វិធានទី១៖ អង្គហេតុមួយដែលត្រូវបានអះអាងដោយភាគីទាំងសងខាង
នឹងក្លាយជាមួលដ្ឋាននៃសាលក្រម (ការអះអាងរបស់ភាគីនាំឲ្យមានបន្ទុក)[18]។
វិធានទី២៖
អង្គហេតុដែលត្រូវបានទទួលស្គាល់ដោយភាគីទាំងសងខាង នឹងក្លាយជាមូលដ្ឋាននៃសាលក្រម(អត្តពន្ធភាពនៃការទទួលស្គាល់)[19]។
វិធានទី៣៖ អង្គហេតុដែលត្រូវបានបដិសេធដោយភាគីម្ខាង
អង្គហេតុនោះនឹងបង្កើតជាប្រភពនៃ ភស្តុតាងទោល
ដែលភាគីស្នើសុំឲ្យមានការពិនិត្យភស្តុតាងនោះ
(ការហាមឃាត់ការពិនិត្យភស្តុតាងដោយឆន្ទានុសិទ្ធិរបស់តុលាការ)[20]។
ចំណុចនេះទៀតសោតអនុញ្ញាតឲ្យតុលាការធ្វើការពិនិត្យភស្តុតាងដោយឆន្ទានុសិទ្ធិ ប៉ុន្តែជាគោលការណ៍ការពិនិត្យភស្តុតាងត្រូវធ្វើឡើងតាមការស្នើសុំឲ្យពិនិត្យរបស់ភាគី។
ម៉្យាងវិញទៀត វិធានទី៣ត្រូវបានគេបំពេញ
និងអនុវត្តន៍ក្នុងក្រមនីតិវិធីរដ្ឋប្បវេណី ដោយសារខ្លឹមសារនៃមាត្រា១២៤ ចំណុចទី២
ហាក់ដូចជាមានន័យចង្អៀត ព្រោះមាត្រានេះបានកំណត់ថា តុលាការមិនអាចធ្វើការពិនិត្យភស្តុតាងដោយឆន្ទានុសិទ្ធិរបស់ខ្លួនបានទេ
បើគ្មានការចាំបាច់នោះ។ ចំពោះពាក្យ “ការស្នើសុំ” ក្នុងមាត្រា១៣៨ ស្តីពីវិធីសាកសួរសាក្សី មាត្រា១៤៣ ចំណុចទី១
ស្តីពីការស្នើសុំឲ្យធ្វើកោសល្យវិច័យ ចំណុចធ្វើកោសល្យវិច័យ មាត្រា ១៤៨ កថាខណ្ឌទី១
ស្តីពីការស្នើសុំឲ្យពិនិត្យភស្តុតាងជាឯកសារ និងមាត្រា ១៦១ ស្តីពីការស្នើសុំឲ្យត្រួតពិនិត្យនៃក្រមនីតិវិធីរដ្ឋប្បវេណី
សុទ្ធតែមានខ្លឹមសារបង្កប់នូវគោលការណ៍នៃការពិនិត្យភស្តុតាងដែលស្នើសុំឡើងដោយភាគី។
យោងតាមមាត្រា៩០ កថាខណ្ឌទី១ នៃក្រមនីតិវិធីចែងថាតុលាការមានសិទ្ធិស្នើសុំឲ្យភាគីបញ្ជាក់នូវភស្តុតាង
ចំណែកឯមាត្រា៩២ នៃក្រមនីតិវិធីរដ្ឋប្បវេណី កំណត់អំពីករណីកិច្ចស្រាវជ្រាវរបស់ភាគី។
តុលាការត្រូវធ្វើឲ្យការពិនិត្យភស្តុតាងអាចប្រព្រឹត្តទៅជាបន្ទាន់នៅកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ដំបូង
បន្ទាប់ពីបានបញ្ចប់ការរៀបចំចំណុចវិវាទ និងភស្តុតាងរួចហើយ ការសាកសួរសាក្សី
ឬសាមីភាគីអាចធ្វើបានត្រូវធ្វើដោយសមូហវិធី។
ចំពោះការសាកសួរទៅលើសាក្សីដែលជាសកម្មភាពសំខាន់បំផុត
ក្នុងចំណោមការពិនិត្យភស្តុតាងត្រូវធ្វើដោយសមូហវិធី។ ហេតុដូច្នេះហើយ
ភស្តុតាងជាឯកសារដែលត្រូវប្រើប្រាស់ក្នុងការសាកសួរសាក្សីជាដើមចាំបាច់ត្រូវដាក់ជូនទៅតុលាការក្នុងអំឡុងពេលសមរម្យ
មុនកាលបរិច្ឆេទសម្រាប់ការពិនិត្យភស្តុតាងដោយសមូហវិធី ដើម្បីឲ្យភាគីម្ខាងទៀតអាចរៀបចំបាន។
ភាគីដែលស្នើសុំឲ្យពិនិត្យភស្តុតាងបានដាក់ឯកសារដែលកត់ត្រាពីសំណួរ
ចង់សួរមកតុលាការតែងការពារផលប្រយោជន៍របស់ខ្លួនជានិច្ច
អ្វីដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួនពុំបានសរសេរចូលទេ ចម្លើយរបស់សាក្សី ឬភាគី គឺជាភស្តុតាងដើម្បីឲ្យតុលាការធ្វើការវិនិច្ឆ័យសេចក្តី។
ហេតុនេះវាចាំបាច់ណាស់ចំពោះតុលាការ ដែលត្រូវរៀបចំនូវសេចក្តីព្រាងអំពីការពិនិត្យរបស់ខ្លួនដោយផ្ទាល់ដើម្បីដំណើរការពិនិត្យភស្តុតាងដោយសមូហវិធីទទួលបាននូវលទ្ធផលខ្ពស់។
តុលាការមិនត្រូវពឹងផ្អែកតែលើចំណួរចម្លើយរបស់ភាគី ដែលបានប្រគល់មកឲ្យតុលាការទេ។
ទន្ទឹមគ្នានេះដែរ តើភាគី និង តុលាការមានតួនាទីយ៉ាងណាសួរសាក្សីដោយចៅជាអ្នកសួរ?
ចំពោះតុលាការធ្វើការសាកសួរទៅលើសាក្សី
អំពីអង្គហេតុវិវាទប្រកបដោយជំហរអព្យាក្រឹត្យ និងធ្វើការវាយតម្លៃប្រកបដោយការជឿជាក់លើចម្លើយរបស់សាក្សី
ដោយពិចារណាគ្រប់ចម្លើយរបស់សាក្សីដែលបានផ្តល់នៅក្នុងលំដាប់ធ្វើដោយចៅក្រម
និងដោយភាគីរួមទាំងភស្តុតាងផ្សេងៗទៀត។ ចំពោះសាក្សី គឺជា តតិយជនដែលត្រូវតុលាការបង្គាប់ឲ្យធ្វើសេចក្តីរាយការណ៍របស់សាក្សីជូនតុលាការស្តីពីអង្គហេតុ
នៃអតីតកាលដែលខ្លួនបានជួបប្រទះដោយខ្លួនឯងនៅក្រៅបណ្តឹង។ សេចក្តីថ្លែងការណ៍របស់សាក្សីគេហៅថាចម្លើយជាកសិណសាក្សី
ហើយការពិនិត្យភស្តុតាងដើម្បីយកចម្លើយជាជាកសិណសាក្សីនោះធ្វើជាធនធានភស្តុតាង គឺជាការសាកសួរសាក្សី។នៅប្រទេសកម្ពុជាជនដែលស្ថិតនៅក្រោមសិទ្ធិជំនុំជម្រះនៃព្រះរាជាណាចក្រកម្ពុជា
មានករណីកិច្ចត្រូវមកបង្ហាញខ្លួននៅចំពោះតុលាការ ដែលស្ថិតនៅក្រោមសិទ្ធិជំនុំជម្រះនៃព្រះរាជាណាចក្រកម្ពុជាមានករណីកិច្ចត្រូវមកបង្ហាញខ្លួននៅចំពោះតុលាការ
ដែលជាគោលការណ៍ត្រូវធ្វើ ហើយត្រូវឆ្លើយជាកសិណសាក្សី។
ក្នុងករណី ដែលសាក្សីមិនមាននៅចំពោះមុខតុលាការតាមការកោះហៅដោយគ្មានមូលហេតុត្រឹមត្រូវទេ
តុលាការអាចបង្គាប់ឲ្យនាំខ្លួនសាក្សីនោះបាន។ សាក្សីត្រូវរាយការណ៍នូវអង្គហេតុដែលខ្លួនបានជួបផ្ទាល់
ហើយមិនអាចឲ្យអ្នកផ្សេងមកជំនួសបានឡើយ។ ម៉្យាងវិញទៀត សាក្សីអាចបដិសេធក្នុងការផ្តល់ចម្លើយជាកសិណសាក្សីបាន
ចំពោះចំណុចដែលធ្វើឲ្យសាមីខ្លួន សហព័ទ្ធរបស់សាក្សី
ឬញាតិដទៃទៀតទទួលរងគ្រោះនូវការចោទប្រកាន់ពីបទអាជ្ញា ឬទទួលការផ្តន្ទាទោស
ឬចំពោះចំណុចដែលត្រូវជាការសុំនៅក្នុងមុខនាទីរបស់សាក្សី គឺសិទ្ធិបដិសេធនូវការផ្តល់ចម្លើយជាកសិណសាក្សី[21]។
ជាគោលការណ៍ ការសាកសួរសាក្សី
ត្រូវតែធ្វើឡើងនៅតុលាការដែលចាត់ការបណ្តឹងនោះ
ឬតុលាការដែលបានទទួលពាក្យបណ្តឹងនៅក្នុងសាលសវនាការដែលបើកឡើងជាសាធារណៈ ក៏ប៉ុន្តែ
នៅក្នុងករណីដែលសាក្សីមិនអាចបង្ហាញខ្លួនទៅចំពោះមុខតុលាការ ដោយសារជំងឺ
ឬដោយសារចាស់ជរានោះ តុលាការអាចធ្វើការសាកសួរជាពិសេសក្រៅតុលាការបា[22]។
ព្រមជាមួយគ្នាដែរ ទាក់ទងទៅនឹងការសាកសួរភាគី យើងដឹងហើយថាការសាកសួរភាគី
វាគឺជាការពិនិត្យភស្តុតាង ដែលធ្វើឡើងដោយតុលាការ ដើម្បីទទួលបាននូវធនធានភស្តុតាង
ដោយយកសាមីភាគីមកធ្វើជាវិធីភស្តុតាង ដោយធ្វើឲ្យសេចក្តីថ្លែងការណ៍អំពីអង្គហេតុដែលខ្លួនបានជួបផ្ទាល់នោះ
តាមពាក្យសុំ ឬដោយឆន្ទានុសិទ្ធិរបស់តុលាការ។ ការសាកសួរភាគី
គឺជានីតិវិធីដែលមានគោលបំណងទទួលយកនូវធនធានភស្តុតាង ដោយយកសាមីភាគីធ្វើជាកម្មវត្ថុនៃការ ពិនិត្យ។ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់ភាគី
ក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬក្នុងការទាញហេតុផលផ្ទាល់មាត់។
ផ្ទុយទៅវិញក្រោមគោលការណ៍នៃការទាញហេតុផលទោះជាធ្វើសេចក្តីថ្លែងការណ៍អំពីអង្គហេតុណាមួយនៅពេលសាកសួរភាគីក៏ដោយ
តែប្រសិនបើមិនបានអះអាងក្នុងការទាញហេតុផលរបស់ភាគីទេ
តុលាការមិនអាចយកមកពិចារណាជាធនធានសម្រាប់ធ្វើការវិនិច្ឆ័យក្នុងការចេញសាលក្រមបានឡើយ។
នីតិវិធីដើម្បីយកសេចក្តីថ្លែងការណ៍របស់អ្នកតំណាងដែលច្បាប់បានកំណត់របស់អសមត្ថជនក្នុងការធ្វើបណ្តឹងដូចជាអនីតិជន
ជននៅក្រោមអាណាព្យាបាលជាដើម (អ្នកមានអំណាចមេបា និងអ្នកអាណាព្យាបាល)
ឬអ្នកតំណាងដែលតំណាងឲ្យនីតិបុគ្គល (នាយកប្រតិបត្តិសហគ្រាសជាដើម) មកធ្វើជាធនធាន ភស្តុតាងមិនមែនត្រូវធ្វើការសាកសួរសាក្សីទេ
គឺត្រូវធ្វើតាមនីតិវិធីសាកសួរភាគី ដោយចាត់ទុកថាជនទាំងនោះមានលក្ខណៈប្រហាក់ប្រហែលនឹងសាមីភាគីដែរ[23]។
ចំណែកការធ្វើកោសល្យវិច័យវិញនោះ
វាគឺជាការពិនិត្យភស្តុតាងមួយប្រភេទដើម្បីបង្រ្គប់នូវចំណេះដឹងរបស់ចៅក្រមដែលបង្គាប់ឲ្យតតិយជនដែលមានបច្ចេកទេសផ្តល់នូវបទពិសោធន៍ជំនាញ
និងចំណេះ ឬការវាយតម្លៃលើចំណុចណាមួយដោយផ្អែកលើបទពិសោធន៍ និងចំណេះដឹងនោះ។
ការធ្វើកោសល្យវិច័យជាប្រភេទមួយនៃការពិនិត្យភស្តុតាង
ដូច្នេះកោសល្យវិច័យក៏មានលក្ខណៈដូចគ្នាទៅនឹងការពិនិត្យទៀតដែរ
ជាគោលការណ៍ត្រូវធ្វើឡើងដោយការស្នើសុំរបស់ភាគី ប៉ុន្តែតុលាការអាចបង្គាប់ដោយឆន្ទានុសិទ្ធិរបស់ខ្លួនបានបើយល់ឃើញថាចាំបាច់បន្ថែមទៀត។
មុននឹងតុលាការកំណត់នូវចំណុចដែលត្រូវធ្វើកោសល្យវិច័យ
ត្រូវយោងតាមឯកសារស្នើសុំរបស់ភាគី
តុលាការក៏ត្រូវសួរយោបល់ពីភាគីម្ខាងទៀតដើម្បីផ្តល់ឱកាសឲ្យភាគីនោះបញ្ចេញនូវមតិយោបល់របស់ខ្លួនផងដែរ។
ចំពោះការធ្វើកោសល្យវិច័យ អ្នកធ្វើកោសល្យវិច័យត្រូវធ្វើឡើងដោយតុលាការ
ហើយតុលាការត្រូវធ្វើការជ្រើសតាំងអ្នកធ្វើកោសល្យវិច័យដោយកុំឲ្យមានភាពលំអៀង[24]។
២.២.ការវិនិច្ឆ័យ
សាលក្រម គឺជាការសម្រេចសេចក្តី
ដែលតុលាការធ្វើលិខិតសាលក្រមដែលមានលក្ខណៈគ្រប់គ្រាន់ ទៅតាមទម្រង់ដែលច្បាប់បានកំណត់ ដោយផ្អែកលើការទាញហេតុផលដោយផ្ទាល់មាត់[25]។
ដីកាសម្រេច គឺជាការសម្រេចសេចក្តីដែលតុលាការ ឬចៅក្រមអាចធ្វើដោយមិនឆ្លងកាត់តាមការទាញហេតុផលដោយផ្ទាល់មាត់
ហើយមិនមែនជាសាលក្រមឡើយ[26]។
ចំណុចដែលត្រូវវិនិច្ឆ័យដោយសាលក្រមមានដូចជា៖
តុលាការមិនអាចចេញសាលក្រមចំពោះការទាមទារទាំងអស់ដែលភាគីបានសុំ។
តុលាការត្រូវចេញសាលក្រមចំពោះចំណុចណាដែលភាគីមិនបានសុំឡើយ។
តុលាការត្រូវសម្រេចសេចក្តីអំពីករណីកិច្ចទទួលបន្ទុកប្រាក់ប្រដាប់ក្តី
ទោះបីជាគ្មានពាក្យសុំរបស់ ភាគីក៏ដោយ[27]។
ក្នុងការចេញសាលក្រម តុលាការត្រូវវិនិច្ឆួ័យទទួលស្គាល់
ឬមិនទទួលស្គាល់ថាការអះអាងអំពី
អង្គហេតុមាន ឬគ្មានភាពពិត ដោយគិតពិចារណាយ៉ាងហ្មត់ចត់នូវលទ្ធផលនៃការពិនិត្យភស្តុតាង
និងដំណើរការ និងខ្លឹមសារនៃការទាញហេតុផលដោយផ្ទាល់មាត់តាមជំនឿទុកចិត្តដោយសេរីរបស់ខ្លួន[28]។
បើតុលាការខកខានមិនបានធ្វើការវិនិច្ឆ័យលើការទាមទារផ្នែកណាមួយ
ផ្នែកនៃការទាមទារដែលខកខាននោះត្រូវបានចាត់ការបន្តនៅតុលាការនោះតទៅទៀត[29]។
នៅក្នុងការវិនិច្ឆ័យដោយផ្ទាល់ដោយយោងតាមគោលការណ៍រវិនិច្ឆ័យដោយផ្ទាល់ដែលមានចែងក្នុងក្រមនីតិវិធីរដ្ឋប្បវេណីបានកំណត់ដូចតទៅ៖
មានតែចៅក្រមដែលបានធ្វើការទាញហេតុផលដោយផ្ទាល់មាត់ដែលជាមូលដ្ឋាននៃសាលក្រមនោះតែប៉ុណ្ណោះ
ទើបអាចចេញសាលក្រមបាន។
ក្នុងករណីដែលមានការផ្លាស់ប្តូរចៅក្រមនៅមុនពេលបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់
ភាគីត្រូវធ្វើសេចក្តីថ្លែងការណ៍នូវលទ្ធផលនៃការទាញហេតុផលដោយផ្ទាល់មាត់ដែលបានធ្វើពីមុនមក។
ក្នុងករណីដែលចៅក្រមទទួលបន្ទុកមានតែម្នាក់ត្រូវបានផ្លាស់ប្តូរ
ឬករណីដែលចៅក្រមក្នុងក្រុមប្រឹក្សាជំនុំជម្រះ ត្រូវបានផ្លាស់ប្តូរលើសពីពាក់កណ្តាល
ប្រសិនបើភាគីដាក់ពាក្យសុំសាកសួរសាក្សីដែលបានសាកសួរពីមុនរួចហើយ
តុលាការត្រូវសាកសួរសាក្សីនោះឡើងវិញ[30]។
បើយល់ឃើញថា ត្រូវបញ្ចប់ការវិនិច្ឆ័យដោយផ្អែកលើលទ្ធផលដែលបានមកពីការទាញហេតុផលដោយផ្ទាល់មាត់
និងការពិនិត្យលើភស្តុតាង
តុលាការត្រូវការបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់ហើយចេញសាលក្រមចុងក្រោយ។ ប៉ុន្តែបើយល់ឃើញថា
ត្រូវបញ្ចប់ការវិនិច្ឆ័យចំពោះការទាមទារមួយក្នុងចំណោមការទាមទារច្រើនដែលត្រូវបានបញ្ចូលគ្នា
តុលាការអាចចេញសាលក្រមសម្រេចដល់អង្គសេចក្តីចំពោះការទាមទារតែមួយនោះបាន ។
លើសពីនេះបើយល់ឃើញថា មានការចាំបាច់ដើម្បីចេញសាលក្រមចុងក្រោយ
តុលាការអាចបង្គាប់ឲ្យធ្វើការទាញហេតុផលដោយផ្ទាល់មាត់ដែលត្រូវបានបញ្ចប់ហើយនោះ
សារជាថ្មីវិញបាន[31]។
ជំពូកទី៣
ការធ្វើកំណត់ហេតុស្តីពីការទាញហេតុផលដោយផ្ទាល់មាត់
តុលាការត្រូវឲ្យក្រឡាបញ្ជីធ្វើកំណត់ហេតុស្តីពីការទាញហេតុផលដោយផ្ទាល់មាត់
នៅគ្រប់កាលបរិច្ឆេទនីមួយៗ[32]
ហើយក្នុងកំណត់ហេតុនោះត្រូវសរសេរទាំងចំណុចដែលជារូបមន្ត[33]
និងចំណុចដែលជាសារធាតុ[34]។
៣.១.ការសាកសួរសាក្សី
៣.១.១.ការសាកសួរសាក្សីរបស់តុលាការ
សាក្សី គឺជាតតិយជនដែលបានឃើញហេតុការណ៍វិវាទរបស់គូភាគីនៃបណ្តឹង។ ដូចនេះ
សាក្សីជាសក្ខីភាពដ៏សំខាន់នៅក្នុងដំណើរការស្វែងរកការពិតរបស់តុលាការ។
តុលាការមានឆន្ទានុសិទ្ធិក្នុងការសាកសួរសាក្សីគ្រប់ពេលវេលាទាំងអស់នៅក្នុងដំណើរការជម្រះក្តីដូចជា៖
សួរសាក្សីអំពីអង្គហេតុវិវាទប្រកបដោយជំហរអព្យាក្រិត្យ
ធ្វើការវាយតម្លៃប្រកប ដោយការជឿជាក់លើចម្លើយរបស់សាក្សី ដោយពិចារណាគ្រប់ចម្លើយរបស់សាក្សីដែលបានឆ្លើយនៅពេលសួរដោយចៅក្រម
និងដោយភាគី
ចៅក្រមអាចសួរសាក្សីបានស្តីពីអង្គហេតុណាមួយដែលនូវតែមិនច្បាស់លាស់
(ការសាកសួរបន្ថែមទៅលើសាក្សី)
តុលាការនឹងធ្វើការវាយតម្លៃអំពីភាពដែលអាចជឿទុកចិត្តបាននៃការសាកសួរសាក្សីដោយពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយនូវចម្លើយនៃការសារសួរចម្បង
និងការសួរតបហើយ និងពិចារណាដល់ភស្តុងផ្សេងៗ ទៀត។
តូនាទីសំខាន់របស់តុលាការក្នុងការសាកសួរសាក្សីនោះ
គឺមិនបង្ខំចិត្តទទួលយកចម្លើយសាក្សីថាជាការពិត។ តុលាការត្រូវប្រើជំនាញ និងវិចារណញាណ
នៅក្នុងការវិនិច្ឆ័យថាតើចម្លើយរបស់សាក្សីជាចម្លើយពិត ឬមិនពិតចម្លើយរបស់សាក្សី
ជាចម្លើយប្រឌិត ដែលលាយឡំនឹងចម្លើយពិត
ឬក៏ជាចម្លើយដែលសាក្សីប្រឌិតឡើងទាំងស្រុងតែម្តង។
គោលដៅចម្បងនៃការសួរសាក្សី
គឺដើម្បីឲ្យសាក្សីធ្វើសេចក្តីថ្លែងការណ៍នូវអង្គហេតុពិតដែលខ្លួនបានដឹងតាមរយៈការពិសោធន៍របស់ខ្លួននៅចំពោះមុខតុលាការ
ហើយចម្លើយរបស់សាក្សី គឺជាភស្តុតាង។
៣.១.២.ការសាកសួរសាក្សីរបស់ភាគីស្នើសុំឲ្យសាកសួរសាក្សី
សួរសាក្សីអំពីអង្គហេតុវិវាទដែលតុលាការមិនបានសួរ
សួរសំណួរស្តីពីអង្គហេតុដែលបង្កើននូវទំនុកចិត្តលើចម្លើយរបស់សាក្សី
ភាគីនឹងសួរសាក្សីអំពីអង្គហេតុ ដែលគាត់ចងបញ្ជាក់សាក្សី
ដោយផ្តោត់ទៅលើសំណួរណាដែលមានលក្ខណៈគ្រប់គ្រាន់ត្រឹមតែប្រយោជន៍សម្រាប់អង្គហេតុរបស់គាត់
ហើយគាត់នឹងមិនសួរសំណួរណា ដែល បណ្តាលឲ្យខូចប្រយោជន៍សម្រាប់អង្គហេតុរបស់គាត់ឡើយ។
សរុបមកចម្លើយរបស់សាក្សី
គឺគ្រាន់តែផ្តល់នូវការបញ្ជាក់ចំពោះតែភាគីដែលនៅក្នុងរឿងក្តីនោះតែប៉ុណ្ណោះ។
៣.១.៣.ការសាកសួរសាក្សីរបស់ភាគីម្ខាងទៀត
ធ្វើសំណួរឲ្យសាក្សីឆ្លើយខុសពីចម្លើយនៅពេលដែលសួរដោយចៅក្រម និងដោយភាគីដែលស្នើសុំសាកសួរសាក្សី
សួរពីអង្គហេតុដែលកាត់បន្ថយនូវការទុកចិត្តលើចម្លើយរបស់សាក្សីនោះ
ភាគីមានបំណងធ្វើយ៉ាងឲ្យភស្តុងតាងតាមរយៈការសាកសួរដោយផ្ទាល់ទទួលនូវបរាជ័យ។
ភាគីម្ខាងទៀត និងសាកសួរសាក្សីដើម្បីស្វែងរកកំហុស
ឬឲ្យនិយាយឲ្យខុសពីការពិតដែលសាក្សីបានឆ្លើយក្នុងការសាកសួរដោយផ្ទាល់មាត់(ការសាកសួររបស់ភាគីស្នើសុំឲ្យសាកសួរសាក្សី)។
ពោលគឺធ្វើយ៉ាងណាដើម្បីតុលាការកាត់បន្ថយនូវការជឿទុកចិត្តលើសាក្សីនោះ។
៣.២.នីតិវិធីនៃការសាកសួរសាក្សី
ប្រព័ន្ធនៃការសាកសួរចំពោះមុខ មានបំណងស្វែងរកនូវការពិតតាមរយៈការសាកសួរសាក្សីតទល់គ្នា
នៅក្នុងលំដាប់ដែលធ្វើការសាកសួរដោយភាគី និងតុលាការ។
ចំណុចនេះខុសគ្នានឹងភស្តុតាងជាឯកាសារ គឺសេចក្តីថ្លែងការណ៍របស់សាក្សីនេះ
នឹងក្លាយទៅជាភស្តុតាងយ៉ាងសំខាន់សម្រាប់ស្វែងរកការពិតពីសាក្សីដូច្នេះដើម្បីរក្សាតម្លាភាពនៃការសាកសួរទាំងអស់នៅក្នុងអំឡុងពេលជំនុំជម្រះ
ត្រូវប្រតិបត្តិតាមនីតិវិធីមានដូចខាងក្រោម៖
៣.២.១.ការសួរអំពីអត្តសញ្ញាណរបស់សាក្សី
ប្រធានក្រុមប្រឹក្សាត្រូវធ្វើការសាកសួរសាក្សីនូវសំណួរមួយចំនួន
ដើម្បីបញ្ជាក់នូវអត្តសញ្ញាណរបស់សាក្សី ដូចជាសួរឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាស័យដ្ឋាន
និងមុខរបរជាដើម។ ទោះជាគ្មានបញ្ញត្តិណាកំណត់ពីនីតិវិធីនេះក៏ដោយ ក៏គេចាត់ទុកថាវាជាការសំខាន់ដើម្បីកុំឲ្យភាន់ច្រឡំលើអត្តសញ្ញាណរបស់បុគ្គល។
៣.២.២.សម្បថ
តុលាការត្រូវឲ្យសាក្សីធ្វើសម្បថ[35]។
សម្បថត្រូវធ្វើមុនពេលសាកសួរ[36]។
ទម្រង់នៃការធ្វើសម្បថត្រូវធ្វើតាមឧបសម្ព័ននៃនីតិវិធីក្នុងការធ្វើសម្បថ[37]។
ការធ្វើសម្បថធ្វើឡើងក្រោមការដឹកនាំរបស់ក្រឡាបញ្ជីមួយរូប
ហើយការស្បថនោះ ត្រូវធ្វើចំពោះមុខវត្ថុសក្តិសិទ្ធិ
ដែលស្ថិតនៅទីកន្លែងនៃតុលាការនីមួយៗ ឬនៅទីកន្លែងណាមួយតាមការព្រមព្រៀងរបស់ គូភាគីក្នុងករណីដែលពុំមានការចុះសម្រុងគ្នាទេ
តុលាការជាអ្នករើសទីកន្លែងសម្បថ។
ក្រោយពីបានធើ្វសម្បថរួចក្រឡាបញ្ជីត្រូវធ្វើកំណត់ហេតុស្តីពីសម្បថនោះ
ដោយមានសេចក្តីបញ្ជាក់ថាត្រឹមត្រូវ ហើយសេចក្តីបានចេញវាចាឲ្យស្បថយ៉ាងណាត្រូវកត់ក្នុងកំណត់ហេតុយ៉ាងនោះផងដែរ។
ដោយឡែកទោះបីជាជនសាក្សីនោះ មានជំនឿផ្សេងពីសាសនាព្រះពុទ្ធក៏ដោយក៏ត្រូវធ្វើសម្បថតាមនីតិវិធីក្នុងការធ្វើសម្បថនេះដូចគ្នា។
៣.២.៣.ការសាកសួរសាក្សី
ជាគោលការណ៍ ការសាកសួរសាក្សីម្នាក់ត្រូវតាមលំដាប់លំដោយ
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ភាគីដែលបានស្នើសុំឲ្យសាកសួរសាក្សី
នឹងបន្ទាប់មកភាគីម្ខាងទៀត[38]។
ប៉ុនែ្តការសាកសួរសាក្សីតាមលំដាប់នេះ អាចផ្លាស់ប្តូរបានដោយយោងតាមមាត្រា ១៣៨
កថាខណ្ឌទី ៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី។ ឧទាហរណ៍ បើសិនជាភាគីមានតំណាងដោយអាណត្តិជាមេធាវី
ភាគីនោះអាចទាមទារក្រុមប្រឹក្សាជំនុំជម្រះធ្វើការសាកសួរសាក្សីមុនប្រធានក្រុមប្រឹក្សាជំនុំជំម្រះបាន។
ក្នុងករណីនេះ ភាគីម្ខាងជាអ្នកសាកសួរបន្ទាប់ ហើយចុងក្រោយគេ
គឺប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
ការសាកសួរសាក្សីបើសិនតុលាការយល់ឃើញ មានភាពចាំបាច់តុលាការអាចអនុញ្ញាតឲ្យសាក្សីដែលបម្រុងនឹងបានសាកសួរ
ឬសាក្សីដែលសាកសួរហើយឲ្យនៅសវនាការ[39]។
ទន្ទឹមនឹងនោះនៅពេលដែលតុលាការយល់ឃើញថាសាក្សីពុំអាចឆ្លើយឲ្យបានគ្រប់គ្រាន់នៅចំពោះមុខតុលាការដោយមូលហេតុថា
សាក្សីមានការភ័យខ្លាចទៅលើអ្នកអង្កេតការណាម្នាក់នោះ
តុលាការអាចបង្គាប់ឲ្យអ្នកអង្កេតការនោះចេញក្រៅ
សវនាការនៅពេលដែលសាក្សីឆ្លើយ[40]។
តុលាការអាចបង្គាប់ឲ្យសាកសួរសាក្សីផេ្សងៗទៀត
នៅក្នុងពេលតែមួយបានប្រសិនយល់ឃើញថាមានភាពចំាបាច់[41]។
៣.២.៤.ការកម្រឹតការសាកសួរសាក្សី
មុននឹងធ្វើការសាកសួរសាក្សី
ភាគីត្រូវដាក់ឯកសារដែលបានកំណត់អំពីចំណុចដែលត្រូវសាកសួរ[42]។
បើទោះបីជានៅក្នុងការសាកសួរសាក្សីតម្រូវឲ្យមានភ្ជាប់សំណួរដែលត្រូវសួរក៏ដោយ
ក៏វាមិនមានន័យថា សំណួរទាំងអស់នោះត្រូវគេរិតត្បិតឲ្យមានក្នុងបញ្ជីសំណួរនោះទេ។
ចំពោះសំណួរដែលបានកំណត់បើអាចធ្វើបានត្រូវធ្វើដាច់ដោយឡែក និងច្បាស់លាស់[43]។
បើពុំដូច្នេះទេសាក្សីអាចផ្តល់ចម្លើយវែងហួសហេតុ ប្រាស់ចាកទៅនឹងចំណុចដែលពាក់ព័ន្ធនឹងចំណុចវិវាទ
ដែលធ្វើឲ្យចៅក្រមពិបាកក្នុងការស្វែងរកការពិត។ លើសពីនោះទៅទៀត
ប្រសិនបើពុំមានមូលហេតុត្រឹមត្រូវទេមិនត្រូវសួរសំណួរនាំមុខឡើយ[44]
ពីព្រោះថាប្រសិនបើសំណួររបស់អ្នកសាកសួរមានត្រឹមតែ”បាទ ឬ ចាស” នោះតុលាការមានផលលំបាកនឹងបង្កើតជំនឿទៅចម្លើយរបស់សាក្សីណាស់
ដូច្នេះហើយចំាបាច់ត្រូវតែតម្រូវឲ្យសាក្សីឆ្លើយដោយពាក្យសំដីរបស់ខ្លួនឯង។ ប៉ុន្តែចំពោះសំណួរដែលពាក់ព័ន្ធនឹងចំណុចដែលគ្មានវិវាទអាចសួរសំណួរនាំមុខបាន។
នៅពេលសាកសួរសាក្សីមិនត្រូវស្តីបន្ទោសឲ្យសាក្សីមិនយល់ពីគោលបំណងនៃសំណួរ
ឬក៏មិនបានឆ្លើយឲ្យចំទៅនឹងគោលបំណងនោះទេ
ត្រូវប្តូរសំណួរដើម្បីឲ្យសាក្សីយល់ដោយឆ្លើយចំ។
សាក្សីមិនអាចឆ្លើយដោយយកឯកសារមកអានធ្វើជាមូលដ្ឋានបានឡើយ[45]
ព្រោះការសារសួរសាក្សីគឺផ្អែកទៅលើការចង់ចាំរបស់សាក្សីប៉ុណ្ណោះ។
ប្រសិនបើច្បាប់អនុញ្ញាតឲ្យមានការសាកសួរបែបនេះទៅវាអាចនឹងមានការងាយស្រួលនឹងឆ្លើយក្លែងបន្លំបាន។
៣.២.៥.ករណីយកិច្ចពេលធ្វើជាសាក្សី
គ្រប់ប្រជាពលរដ្ឋទាំងអស់របស់រដ្ឋត្រូវមានករណីកិច្ចចូលខ្លួនទៅតុលាការ
ដើម្បីឆ្លើយជាកសិណសាក្សី នៅពេលដែលតុលាការត្រូវសាកសួរជនណាមួយជាសាក្សី។
ក្នុងករណីដែលសាក្សីមិនព្រមចូលខ្លួនមកតុលាការដោយគ្មានមូលហេតុត្រឹមត្រូវ
តុលាការអាចពិន័យជាប្រាក់លើសពី ១,០០០,០០០ (មួយលាន)រៀលដោយដីកាសម្រេច[46]។
ចំពោះការសារសួរសាក្សីជាមន្រ្តីរាជការ
ឬអតីតមន្ត្រីរាជការអំពីកិច្ចការសម្ងាត់ក្នុងមុខនាទីនោះ
តុលាការត្រូវទទួលការយល់ព្រមពីសំណាក់ស្ថាប័នដែលគ្របគ្រងលើសាក្សីនោះ[47]។ ឧទាហរណ៍ចំពោះសមាជិករដ្ឋសភា
ត្រូវទទួលការយល់ព្រមពីរដ្ឋសភាទាំងមូល(២/៣) ចំណែកសមាជិករដ្ឋាភិបាលត្រូវមានការយល់ព្រមពីគណៈរដ្ឋមន្ត្រី។
ការយល់ព្រមពីសំណាក់ស្ថាប័នដែលគ្រប់គ្រងលើសាក្សីនោះមិនអាចបដិសេធបានឡើយ លើកលែងតែក្នុងករណីដែលធ្វើឲ្យខូចប្រយោជន៍សាធារណៈ
ឬបណ្តាលឲ្យមានឧបសគ្គធ្ងន់ធ្ងរក្នុងការបំពេញការងាររដ្ឋ[48]។
សាក្សីមានសិទ្ធិបដិសេធការផ្តល់ចម្លើយជាកសិណសាក្សី ប្រសិនជាការផ្តល់ចម្លើយជាកសិណសាក្សីនោះទក់ទងនឹងហេតុដែលធ្វើឲ្យសាក្សី
ឬសហព័ទ្ធរបស់សាក្សី ឬញាតិឯទៀតរបស់សាក្សី អាចទទួលរងនូវការចោទប្រកាន់អំពីបទអាជ្ញា
ឬទទួលការផ្តន្ទាទោស[49]។
សាក្សីដែលបដិសេធនូវការផ្តល់ចម្លើយជា កសិណសាក្សីត្រូវធ្វើសេចក្តីបញ្ជាក់ដំបូងដែលធ្វើឡើងដោយភស្តុតាងដែលអាចពិនិត្យភ្លាមៗបាន[50]។
ចំណែកឯតុលាការវិញ
ត្រូវសម្រេចដោយយកសេចក្តីនោះជាមូលដ្ឋាន។ តុលាការអាចសាកសួរសាក្សីនៅក្រៅតុលាការបាន
ក្នុងករណីដែលសាក្សីគ្មានករណីកិច្ចចូលខ្លួនទៅតុលាការដែលទទួលបណ្តឹង ឬ
ការការពារខ្លួនរបស់សាក្សីបណ្តាលឲ្យមានការចំណាយទៅពេលវេលា ឬសោហ៊ុយមិនសមរម្យ
ឬក្នុងករណីដែលគូភាគីពុំមានការតវ៉ា បើយោងទៅតាមមាត្រា ១៣៦ កថាខណ្ឌទី ១
នៃក្រមនីតិវិធីរដ្ឋប្បវេណី។ នៅពេលធ្វើការសាកសួរនៅក្រៅតុលាការ
គេអនុញ្ញាតឲ្យចៅក្រមម្នាក់ចំណោមចៅក្រមក្នុងក្រុមប្រឹក្សាជំនុំជម្រះ (ចៅក្រមដែលទទួលបញ្ជា)
ឬចៅក្រមណាដែលមានកន្លែងនៅក្បែរលំនៅដ្ឋានរបស់សាក្សី(ចៅក្រមទទួលការប្រគល់សិទ្ធិ)បំពេញកិច្ចការនេះ[51]។
៣.៣.ការសាកសួរគូភាគី
សេចក្តីថ្លែងការណ៍ស្តីពីការសាកសួរភាគី
គឺជាសកម្មភាពដែលតុលាការធ្វើការសាកសួរទៅកាន់សាមីភាគីនូវអ្វីដែលខ្លួនបានជួបប្រទះផ្ទាល់ពីមុនតាមពាក្យសុំ
ឬឆន្ទានុសិទ្ធិរបស់តុលាការ។ ការសាកសួរនេះមានគោលបំណងស្វែងរកធនធាននៃភស្តុតាងបន្ថែម
ដោយយកសាមីភាគីជាកម្មវត្ថុនៃការពិនិត្យ។ ជាគោលការណ៍នីតិវីធីនៃការសាកសួរភាគី
ក៏ដូចគ្នាទៅនឹងការសាកសួរសាក្សីផងដែរ
មានន័យថានីតិវីធីនៃការសាកសួរទំាងត្រូវអនុវត្តតាមបទបញ្ញាត្តិស្តីពីការសាកសួរសាក្សី[52]។
តុលាការមានសិទ្ធិតម្រូវឲ្យភាគីស្បថ
ឬមិនស្បថតាមឆន្ទានុសិទ្ធិរបស់តុលាការ[53]។
ប្រសិនបើតុលាការតម្រូវឲ្យភាគីស្បថ តុលាការត្រូវឲ្យសាមីភាគីទាំងអស់ស្បថគ្រប់ៗគ្នា
ដើម្បីឲ្យមានសមភាពរវាងគូភាគីនៅក្នុងបណ្តឹង។ ក្នុងករណីដែលភាគីមិនព្រមចូលខ្លួន
ឬបដិសេធនូវការធ្វើសម្បថ ឬផ្តល់ចម្លើយដែលគ្មានមូលដ្ឋានច្បាស់លាស់
នោះតុលាការអាចទទួលស្គាល់ថា សេចក្តីអះអាងអំពីការសាកសួររបស់ភាគីម្ខាងទៀតគឺជាការពិត
អាចទទួលយកបាន[54]។
ម៉្យាងទៀតប្រសិនបើភាគីដែលបានស្បថបានបន្លំសេចក្តីថ្លែងការណ៍
តុលាការអាចពិន័យជាប្រាក់មិនលើសពី ២លានរៀលបានដោយដីកាសម្រេច[55]។
យោងតាមភាពខុសគ្នាជាសារធាតុដែលបានពន្យល់នៅក្នុងចំនុចខាងលើនេះ
អ្នកតំណាងដោយអាណត្តិអាចធ្វើការអះអាងជំនួសគូភាគីបាន តែមិនអាចធ្វើសេចក្តីថ្លែងការណ៍ជំនួសភាគីនៅក្នុងការសាកសួរសាមីភាគីបាន។
៣.៤.កោសលវិច័យ
កោសលវិច័យ
គឺជាភស្តុតាងដែលតុលាការបង្គាប់ឲ្យតតិយជន ដែលមានជំនាញឯកទេស បច្ចេកទេស
និងចំណេះដឹងផ្សេងៗ មកវិនិច្ឆ័យទៅលើអង្គហេតុជាក់ស្តែងដែលជាបញ្ហានៅក្នុងបណ្តឹង
ដោយផ្អែកទៅលើជំនាញឯកទេល បច្ចេកទេស និងចំណេះដឹងដែលខ្លួនមាន។ ជាគោលការណ៍
ការពិនិត្យភស្តុតាងតាមរយៈ ការធ្វើកោសលវិច័យ ត្រូវធ្វើឡើងតាមការស្នើសុំរបស់គូភាគី
ក៏ប៉ុន្តែបើករណីដែលមានការចាំបាច់ តុលាការអាចបង្គាប់ឲ្យធ្វើកោសលវិច័យដោយឆន្ទានុសិទ្ធិ[56]។
អ្នកធ្វើកោសលវិច័យដើរតួនាទីជាសាក្សីផង
និងជាអ្នកជំនួយការរបស់តុលាការផង។
ដូច្នេះតុលាការគឺជាអ្នកជ្រើសតាំងអ្នកធ្វើកោសលវិច័យ ដោយសមភាពផ្អែកទៅលើមាត្រា១៤៤
កថាខណ្ឌទី៣ និងមាត្រា ១៤៥។ ក្នុងករណី
ដែលមានហេតុរារាំងដល់សច្ចៈភាពនៃការធ្វើកោសលវិច័យនៃអ្នកជំនាញ
ភាគីអាចប្តឹងផាតចោលអ្នកធ្វើកោសលវិច័យបាន[57]។
៣.៥.ការត្រួតពិនិត្យ
ការត្រួតពិនិត្យ
គឺជាកាត្រួតពិនិត្យនូវភិនភាគ ឬលក្ខណៈនៃវត្ថុដោយចៅក្រម ដោយប្រើវិញ្ញាណទាំង
ប្រាំរបស់ខ្លួន (ចក្ខុវិញ្ញាណ សោតវិញ្ញាណ កាយវិញ្ញាណ ឃានវិញ្ញាណ ជីវ្ហាវិញ្ញាណ)
ដើម្បីទទួលបាននូវធនធានភស្តុតាងនៅក្នុងការវិនិច្ឆ័យ[58]។
វត្ថុ ឬមនុស្សដែលជាកម្មវត្ថុនៃការត្រួតពិនិត្យនោះ គេហៅថាវត្ថុដែលត្រូវពិនិត្យ។
ជំពូកទី៤
ការបញ្ចប់នីតិវិធីនៃការទាញហេតុផលផ្ទាល់មាត់
បើតុលាការយល់ឃើញថា
ត្រូវបញ្ចប់ការវិនិច្ឆ័យដោយផ្អែកលើលទ្ធផល ដែលបានមកពីការទាញហេតុផលដោយផ្ទាល់មាត់
និងការពិនិត្យលើភស្តុតាងនានានៃរឿងក្តីរួចមកនោះ
តុលាការត្រូវបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់ ហើយធ្វើការចេញសាលក្រមចុងក្រោយ[59]។
ទោះបីក្រោយពីការបញ្ចប់ការទាញហេតុផលផ្ទាល់មាត់ហើយក៏ដោយ បើតុលាការយល់ឃើញថាមានការចាំបាច់ដើម្បីចេញសាលក្រមចុងក្រោយនោះ
តុលាការអាចបង្គាប់ឲ្យធ្វើការទាញហេតុផលដោយផ្ទាល់មាត់សារជាថ្មីបាន[60]។
តុលាការអាចអនុញ្ញាតឲ្យភាគីនីមួយៗ
ធ្វើការទាញហេតុផលចុងក្រោយបានមុនពេលនៃការបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់[61]។
ចំពោះការទាញហេតុផលចុងក្រោយ គឺជាហេតុផលមួយដែលត្រូវបានគេបង្ហាញបន្ទាប់ពីការពិនិត្យភស្តុតាង
ហើយវាត្រូវបានគេសរសេរនូវយោបល់របស់ភាគី ដែលបានអះអាង
គឺមានលក្ខណៈគ្រប់គ្រាន់ដោយមានការបំភ្លឺនូវ ភស្តុតាង ឬការអះអាងរបស់ភាគីជំទាស់
មិនត្រូវបានបំភ្លឺដោយ ភស្តុតាងកាលបរិច្ឆេទ នៃការប្រកាសសាលក្រមនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលមួយខែ
(១ខែ) ដោយគិតចាប់ថ្ងៃដែលបានបញ្ចប់នូវការទាញហេតុផលដោយផ្ទាល់មាត់។
ប៉ុន្តែចំពោះរឿងក្តីដែលមានភាគីស្មុគស្មាញខ្លាំង ឬមានកាលៈ
ទេសៈពិសេសផ្សេងទៀតការប្រកាសសាលក្រមអាចកំណត់អំឡុងពេលផ្សេងពីនេះ[62]។
សេចក្តីសន្និដ្ឋាន
សរុបសេចក្តីមក
ការទាញហេតុផលផ្ទាល់មាត់ គឺជានីតិវិធីជម្រះក្តីម៉្យាងដែលនៅក្នុងនោះ ភាគីនៃ បណ្តឹងក៏ដូចជាតុលាការត្រូវធ្វើសេចក្តីថ្លែងការណ៍ដោយផ្ទាល់មាត់នៅក្នុងសវនាការ
ដែលបើកចំហរជាសាធារណៈ ប៉ុន្តែបើក្នុងករណីដែលភាពជាសាធារណៈនេះ បណ្តាលឲ្យខូចសណ្តាប់ធ្នាប់សាធារណៈនោះ
តុលាការអាចធ្វើការទាញហេតុផលដោយផ្ទាល់មាត់ដោយមិនបើកចំហជាសាធារណៈបាន។ នីតិវិធីនៃការទាញហេតុផលផ្ទាល់មាត់នេះ នៅក្នុងនីតិវិធីចាស់គេហៅថាសវនាការ។
តាមរយៈការទាញហេតុផលដោយផ្ទាល់មាត់នេះ
ភាគីវិវាទត្រូវទទួលបាននូវសិទ្ធិបញ្ចាញមតិរបស់ខ្លួន អំពីចំណុចដែលត្រូវវិនិច្ឆ័យដោយតុលាការនៅក្នុងបណ្តឹងនោះ
ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ភាគីម្ខាងទៀតមុនពេលតុលាការសម្រេចសេចក្តី។
ដូច្នេះភាគីបណ្តឹងមានសិទ្ធិទាមទារឲ្យមានការបញ្ចេញមតិរបស់ខ្លួន
និងឆ្លើយតបទៅនឹងមតិដែលថ្លែងការណ៍ដោយភាគីម្ខាងទៀត។
លើសពីនេះទៅទៀតនីតិវិធីនេះមានកម្មវត្ថុនៅក្នុងការធានាឲ្យបាននូវតុលាការ
ដែលចេញសាលក្រមថាពិតជាបានស្តាប់ការអះអាងរបស់គូភាគីដោយផ្ទាល់ដើម្បីជាមូលដ្ឋាននៅក្នុងការស្វែងរកការពិត។
ហើយជាគោលការណ៍ ការទាញហេតុផលដោយផ្ទាល់មាត់នេះត្រូវធ្វើឡើងនៅកាលបរិច្ឆេទ
ដែលភាគីទាំងសងខាងមានវត្តមានបាន និងនៅសាលសវនាការជាសាធារណៈ។ ម្យ៉ាងវិញទៀត ជាទូទៅចំពោះការទាញហេតុផលដោយផ្ទាល់មាត់នេះត្រូវគោរពទៅតាមមូលដ្ឋានគ្រឹះសំខាន់ៗ
ចំនួនបួនគឺការអះអាងអង្គហេតុរបស់ភាគី ការរៀបចំចំណុចវិវាទ ការពិនិត្យភស្តុតាង និងការវិនិច្ឆ័យ។
ក៏ប៉ុន្តែតាមការអនុវត្តជាក់ស្តែងដើម្បីឲ្យមានភាពងាយស្រួលក្នុងនីតិវិធីនៃការដោះស្រាយរឿងក្ដី
គេបានរៀបចំឲ្យធ្វើការអះអាងអង្គហេតុរបស់ភាគី និងធ្វើការរៀបចំចំណុចវិវាទនៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលវិញ។ដូច្នេះនៅក្នុងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់
តុលាការនឹងត្រូវធ្វើការពិនិត្យភស្តុតាងដោយសមូហវិធីនិងការវិនិច្ឆ័យប៉ុណ្ណោះ។ ទាក់ទងទៅនឹងការពិនិត្យភស្តុតាងដោយសមូហវិធីនេះ
វាត្រូវតែមានភាពចាំបាច់សម្រាប់ធ្វើការត្រួតពិនិត្យទៅលើអង្គហេតុមួយដែលត្រូវបានអះអាងដោយភាគីទាំងសងខាង
ដែលនឹងក្លាយជាមួលដ្ឋាននៃសាលក្រម អង្គហេតុដែលត្រូវបានទទួលស្គាល់ដោយភាគីទាំងសងខាងដែលនឹងក្លាយជាមូលដ្ឋាននៃសាលក្រម
និងអង្គហេតុដែលត្រូវបានបដិសេធដោយភាគីម្ខាង ហើយអង្គហេតុនោះនឹងបង្កើតជាប្រភពនៃភស្តុតាងទោល
ដែលភាគីស្នើសុំឲ្យមានការពិនិត្យភស្តុតាងនោះ។ ហើយក្នុងពេលតុលាការវិនិច្ឆ័យ បើតុលាការយល់ឃើញថា
ត្រូវបញ្ចប់ការវិនិច្ឆ័យដោយផ្អែកលើលទ្ធផលដែលបានមកពីការទាញហេតុផលដោយផ្ទាល់មាត់
និងការពិនិត្យលើភស្តុតាងនានានៃរឿងក្តីរួចមកនោះ តុលាការត្រូវបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់
ហើយធ្វើការចេញសាលក្រមចុងក្រោយ។ ទោះបីក្រោយពីការបញ្ចប់ការទាញហេតុផលផ្ទាល់មាត់ហើយក៏ដោយ
បើតុលាការយល់ឃើញថាមានការចាំបាច់ដើម្បីចេញសាលក្រមចុងក្រោយនោះ
តុលាការអាចបង្គាប់ឲ្យធ្វើការទាញហេតុផលដោយផ្ទាល់មាត់សារជាថ្មីបាន។ ដូចនេះ ការទាញហេតុផលដោយផ្ទាល់មាត់នេះ
ត្រូវបានបញ្ចប់ដោយការចេញសាលក្រមចុងក្រោយរបស់តុលាការមានសមត្ថកិច្ច។
ឯកសារយោង
១. ក្រម និងច្បាប់
- សេចក្តីកំណត់ចំពោះមាត្រានីមួយៗ
នៃក្រមនីតិវិធីរដ្ឋប្បវេណីឆ្នាំ ២០០៧
- ក្រមនីតិវិធីរដ្ឋប្បវេណីឆ្នាំ
២០០៦
២. សៀវភៅមេរៀន
- អាត ច័ន្ទដារា និង សុង ប៊ុនឃៀង,គោលការណ៍ទូទៅនៃនីតិក្រមទាំងបួន,២០១៤។
- គង់ ស្រ៊ីម,នីតិវិធីរដ្ឋប្បវេណី,គ្មានកាលបរិច្ឆេទ.ឯកសារមេរៀនសម្រាប់ឆ្នាំទី៤។
៣.សារណាបញ្ចប់ការសិក្សា
§
មាស
សម្បត្តិ និង ហេង ស្រីនាង,ដំណើរការក្តីរដ្ឋប្បវេណីនៅសាលាដំបូង,២០០៩.សារណាបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
§
កែវ
សំអាង និង សាយ សុវញ្ចរ៉ា,នីតិវិធីបណ្តឹងរដ្ឋប្បវេណីនៅសាលាដំបូង,២០១០.សារណាបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
§
ប៉ែន
និរ័ត្ន និង រស់ ចិត្រា,ដំណើរការរឿងក្តីរដ្ឋប្បវេណីនៅសាលាដំបូងរាជធានីភ្នំពេញ,២០១៣.សារណាបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យន័រតុន
។
៤.វចនានុក្រម
- វចនានុក្រមរបស់សម្តេចសង្ឃ ជួន ណាត
- វចនានុក្រមតាមបទដ្ឋានគតិយុត្តខ្មែរ,Khmer
Law.com, ឆ្នាំ២០០១១។
- វចនានុក្រមពាក្យច្បាប់អង់គ្លេស-ខ្មែរនិងខ្មែរ-អង់គ្លេស(English-Khmer and Khmer-English
Legal dictionary), គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
- វចនានុក្រមរបស់លោកចៅក្រម ហ៊ីង
ធីឬទ្ធិ
[1]មាត្រា
១១៤ កថាខណ្ឌទី ១ នៃក្រមនីតិវិធីរដ្ឋប្បណី ឆ្នាំ ២០០៦។
[2] មាត្រា ១១៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[3] មាត្រា ១០៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[4] មាត្រា ១០៨ វាក្យខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[5] មាត្រា ១១៦ កថាខណ្ឌទី៤ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[6] មាត្រា ១១៤ កថាខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[7] មាត្រា ១១៥ កថាខណ្ឌទី ១ និង ទី ២ វាក្យខណ្ឌទី ១ នៃក្រមនីតិវិធីរដ្ឋប្បណី
ឆ្នាំ ២០០៦។
[8] មាត្រា ១១៥ កថាខណ្ឌទី ២ វាក្យខណ្ឌទី ២ និងមាត្រា ១១៨ កថាខណ្ឌទី ១
ចំណុច(ច) នៃក្រមនីតិវិធីរដ្ឋប្បណី ឆ្នាំ
២០០៦។
[9] មាត្រា ១១៦ កថាខណ្ឌទី ១ នៃក្រមនីតិវិធីរដ្ឋប្បណី ឆ្នាំ ២០០៦។
[10] មាត្រា ១១៦ កថាខណ្ឌទី ២ នៃក្រមនីតិវិធីរដ្ឋប្បណី ឆ្នាំ ២០០៦។
[11] មាត្រា ៨១ នៃក្រមនីតិវិធីរដ្ឋប្បណី ឆ្នាំ ២០០៦។
[12] មាត្រា ១១៦ កថាខណ្ឌទី ៣ នៃក្រមនីតិវិធីរដ្ឋប្បណី ឆ្នាំ ២០០៦។
[13] មាត្រា ១០១ កថាខណ្ឌទី ១ នៃក្រមនីតិវិធីរដ្ឋប្បណី ឆ្នាំ ២០០៦។
[14] មាត្រា ១១៦ កថាខណ្ឌទី ១ នៃក្រមនីតិវិធីរដ្ឋប្បណី ឆ្នាំ ២០០៦។
[15] មាត្រា ១២៦ នៃក្រមនីតិវិធីរដ្ឋប្បណី ឆ្នាំ ២០០៦។
[16] មាត្រា ១១១ នៃក្រមនីតិវិធីរដ្ឋប្បណី ឆ្នាំ ២០០៦។
[17] មាត្រា ១១៦ កថាខណ្ឌទី ៥ នៃក្រមនីតិវិធីរដ្ឋប្បណី ឆ្នាំ ២០០៦។
[18] មាត្រា
៩៥ នៃក្រមនីតិវិធីរដ្ឋប្បណី ឆ្នាំ ២០០៦។
[19] មាត្រា
១២៣ ចំណុចទី២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[20] មាត្រា
១២៤ ចំណុចទី២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[21] មាត្រា ១៣៤ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[22] មាត្រា ១៣៨ កថាខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[23] មាត្រា ១៤២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[24] មាត្រា ១៤៤ ៣ និងមាត្រា ១៤៥ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[25] មាត្រា
១៧៩ កថាខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[26] មាត្រា
១៧៩ កថាខណ្ឌទី២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[27] មាត្រា
១៨២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[28] មាត្រា
១៨៤ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[29] មាត្រា
១៨៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[30] មាត្រា
១៨៥ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[31] មាត្រា
១៨០ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[32] មាត្រា ១១៧ វាក្យខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[33] មាត្រា ១១៨ វាក្យខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[34] មាត្រា ១១៩ វាក្យខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[35] មាត្រា
១៣៧ កថាខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណីឆ្នាំ ២០០៦។
[36] មាត្រា
១៣៧ កថាខណ្ឌទី៤ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[37] មាត្រា
១៣៧ កថាខណ្ឌទី៥ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[38] មាត្រា
១៣៨ កថាខណ្ឌទី៥ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[39] មាត្រា
១៣៨ កថាខណ្ឌទី៨ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[40] មាត្រា
១៣៨ កថាខណ្ឌទី៩ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[41] មាត្រា
១៣៨ កថាខណ្ឌទី១០ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[42] មាត្រា
១៣៨ កថាខណ្ឌទី២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[43] មាត្រា
១៣៧ កថាខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[44] មាត្រា
១៣៩ កថាខណ្ឌទី២ ចំណុច ខ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[45] មាត្រា
១៣៨ កថាខណ្ឌទី៧ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[46] មាត្រា
១៣២ កថាខណ្ឌទី៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[47] មាត្រា
១៣៣ កថាខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[48] មាត្រា
១៤១ កថាខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[49] មាត្រា ១៣៣ កថាខណ្ឌទី៣
នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[50] មាត្រា
១៣៤ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[51] មាត្រា
១៣១ នៃក្រមនីតិវិធីរដ្ឋប្បវេណីឆ្នាំ ២០០៦។
[52] មាត្រា ១៤១ កថាខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណីឆ្នាំ
២០០៦។
[53] មាត្រា ១៤០ កថាខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ
២០០៦។
[54] មាត្រា ១៤០ កថាខណ្ឌទី២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ
២០០៦។
[55] មាត្រា ១៤០ កថាខណ្ឌទី៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ
២០០៦។
[56] មាត្រា ១២៤ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ
២០០៦។
[57] មាត្រា ១៤៥ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ
២០០៦។
[58] មាត្រា
១៦១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[59] មាត្រា ១៨០ កថាខណ្ឌទី ១ នៃក្រមនីតិវិធីរដ្ឋប្បណី ឆ្នាំ ២០០៦។
[60] មាត្រា ១៨០ កថាខណ្ឌទី៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
[61] មាត្រា ១១៦ កថាខណ្ឌទី ៥ នៃក្រមនីតិវិធីរដ្ឋប្បណី ឆ្នាំ ២០០៦។
[62] មាត្រា ១៨៧ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ ២០០៦។
No comments:
Post a Comment